សហគមន៍ព្រៃឡង់ខេត្តកំពង់ធំព្រួយបារម្ភជាថ្មីទៀត ពីការកើនឡើងបទល្មើសព្រៃឈើ ក្នុងតំបន់ព្រៃការពារដោយអនុក្រឹត្យ នៅគ្រាដែលឆ្មាំឧទ្យានុរក្ស របស់ក្រសួងបរិស្ថាន បានរារាំង និងគំរាមពួកគេមិនឱ្យចុះល្បាតព្រៃឡង់បន្តទៀត។ សហគមន៍ចាត់ទុកការគំរាមនេះ ជាការរឹតត្បិតសេរីភាពអ្នកអភិរក្សព្រៃឈើខុសច្បាប់ និងផ្ដល់ឱកាសឱ្យក្រុមជនល្មើសបន្តសកម្មភាពកាប់ឈើកាន់តែច្រើនឡើង។
អ្នកសម្របសម្រួលសហគមន៍ព្រៃឡង់ ខេត្តកំពង់ធំ លោក ហឿន សុភាព ប្រាប់អាស៊ីសេរីនៅថ្ងៃទី១០ កុម្ភៈថា នាយកដែនជម្រកសត្វព្រៃឡង់ខេត្តកំពង់ធំ លោក លី ស្រេង បានហាមពួកគេមិនឱ្យចុះល្បាតព្រៃឡង់ជាដាច់ខាត ហើយប្រសិនបើសហគមន៍មិនអនុវត្តតាមទេ មន្ត្រីជំនាញនឹងចាប់ខ្លួន។ លោកថា ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ សហគមន៍ព្រៃឡង់ខេត្តកំពង់ធំ ខកខានមិនបានចុះល្បាតព្រៃនោះទេ ព្រោះភ័យខ្លាចការគំរាមចាប់ខ្លួន របស់មន្ត្រីបរិស្ថាន។ ពួកគេស្នើឱ្យក្រសួងបរិស្ថានពិនិត្យករណីនេះឡើងវិញ និងមេត្តាបើកចិត្តទូលាយផ្ដល់លទ្ធភាពឱ្យសហគមន៍ចូលរួមការពារព្រៃស្របតាមរដ្ឋធម្មនុញ្ញ៖ «មិនអាចឱ្យយើងចុះបានទេ ប្រសិនជាយើងចុះក្នុងព្រៃគេនឹងចាប់ខ្លួនគេនិយាយដូច្នេះតែម្តង។ ខ្ញុំគិតថា រឿងទង្វើការឆ្លើយតបពីក្រុមបរិស្ថាន ( មន្ត្រីបរិស្ថាន ) ទាំងអស់នេះ គឺជាទង្វើមួយខុសលើច្បាប់។ ការចូលរួមចុះល្បាត ការចូលរួមឃ្លាំមើល ការការពារធនធានធម្មជាតិ ដូចជា មិនមានច្បាប់ណា ហាមឃាត់មិនឱ្យពលរដ្ឋចូលល្បាតទេ ចូលរួមការពារទេ » ។
លោក ហឿន សុភាព បន្ថែមថា ការហាមឃាត់សហគមន៍ព្រៃឡង់មិនឱ្យចុះល្បាតព្រៃ គឺផ្តល់ឱកាស ឱ្យក្រុមជនល្មើសនៅតែបន្តសកម្មភាពកាប់ឈើធ្វើអាជីវកម្មឥតស្រាកស្រាន្ត។ លោកថា ការរឹតត្បិតពួកគេមិនឱ្យចុះល្បាតព្រៃ ជាទង្វើផ្ទុយពីអនុសាសន៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ សហការជាមួយពលរដ្ឋចូលរួមការពារព្រៃឈើ។ ទន្ទឹមនឹងនេះ ការរារាំងនេះ ក៏ជាការលាក់បាំងព័ត៌មានពីបទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់ ដែលកំពុងកើតមានទាំងយប់ថ្ងៃ៖ «ប្រជាពលរដ្ឋមួយចំនួនកំពុងតែលួចកាប់ឈើ ទង្វើទាំងអស់នេះ ដែលគេមិនចង់ឱ្យយើងឃើញ ហើយវាស្របទៅនឹងរបាយការណ៍ ពួកខ្ញុំឃើញថា យើងចូលទៅចាប់បានម៉ាស៊ីនអារឈើ យើងចាប់បានគោយន្ត ជូនកាលយើងឃើញឈើថ្មីៗ ដែលកំពុងដួល។ សកម្មភាព ដែលគេមិនចង់ឱ្យយើងធ្វើ ខ្ញុំគិតថា ការរឹតត្បិត ប្រសិនបើមានសកម្មភាពពួកខ្ញុំនឹងចេញរបាយការណ៍។ របាយការណ៍ទាំងអស់ហ្នឹងហើយ ដែលគេមិនចង់ឱ្យយើងចូលទៅ វាបានរបាយការណ៍មួយចំនួនឃើញបទល្មើសកំពុងធ្វើ។ អ៊ីចឹងបានជាមានការរារាំងរឹតត្បិតសកម្មភាពរបស់ពួកខ្ញុំទាំងអស់ » ។
អាស៊ីសេរីបានព្យាយាមទាក់ទង នាយកដែនជម្រកសត្វព្រៃឡង់ខេត្តកំពង់ធំ លោក លី ស្រេង ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាននៅថ្ងៃទី១០ កុម្ភៈ។
ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា ក៏មិនអាចទាក់ទងបានដែរ ដោយសារលោកមិនទទួលទូរស័ព្ទនៅថ្ងៃដដែលនេះ។
អនុប្រធានបណ្ដាញយុវជនកម្ពុជា លោក សរ ម៉ូរី ចាត់ទុកថា ការគំរាម និងហាមសហគមន៍ព្រៃឡង់មិនឱ្យចុះល្បាត គឺជារូបភាពគំរាមកំហែងលើសិទ្ធិសេរីភាព សហគមន៍ព្រៃឡង់ដែលកំពុងបំពេញបេសកកម្មការពារព្រៃឈើស្របតាមច្បាប់។ លោកថា បញ្ហានេះ គឺជាចេតនាលាក់បាំងព័ត៌មាន បង្ហាញអំពីភាពអសកម្មរបស់មន្ត្រីបរិស្ថាន ក្នុងការការពារព្រៃឡង់ ខណៈបច្ចុប្បន្នបើទោះបីព្រៃឡង់ បានដាក់បញ្ចូលជាដែនជម្រកសត្វព្រៃក្តី ក៏ប៉ុន្តែសកម្មភាពកាប់ឈើធ្វើអាជីវកម្មនៅតែបន្តកើតមានច្រើន ហើយយន្តការអនុវត្តច្បាប់ របស់មន្ត្រីបរិស្ថាន ដែលឈរជើងការពារព្រៃនៅតំបន់នោះ គឺគ្មានប្រសិទ្ធភាពនោះទេ៖ «ព្រៃឡង់គំរាមកំហែងទាំងការកាប់ឈើ ខុសច្បាប់ដើម្បីអាជីវកម្មផង និងគំរាមកំហែងក្នុងការកាប់ទន្ទ្រាន យកដីពីឈ្មួញអ្នកមានលុយមានអំណាចមួយចំនួនផង ហើយគម្រប់ព្រៃឡង់ពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែរួមតូចទៅៗ។ អ៊ីចឹងចាំបាច់ណាស់ ត្រូវការចូលរួមពីសហគមន៍មូលដ្ឋានបន្ថែមទៀត ក្នុងការជួយការងារមន្ត្រីឧទ្យានុរក្ស។ ខ្ញុំលើកទឹកចិត្តឱ្យមន្ត្រីឧទ្យានុរក្ស គួរតែស្វាគមន៍ចំពោះការចូលរួមរបស់សហគមន៍ក្នុងការពារព្រៃឡង់ » ។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមថា សហគមន៍ព្រៃឡង់បានត្អូញត្អែរថា ព្រៃឡង់នៅតែទទួលរងការកាប់បំផ្លាញព្រៃឈើទាំងយប់ថ្ងៃ។ លោកចាត់ទុកសកម្មភាពល្បាតព្រៃរបស់សហគមន៍ព្រៃឡង់ គឺជាផ្នែកមួយរួមចំណែក ជួយទប់ស្កាត់ វិនាសកម្មព្រៃឈើក្នុងតំបន់ព្រៃឡង់។ លើសពីនេះលោកបារម្ភថា ប្រសិនបើសហគមន៍ព្រៃឡង់ មិនបានចុះល្បាតព្រៃដូចសព្វមួយដងទេ អនាគតព្រៃឡង់ដែលនៅសេសសល់ខ្លះនេះនឹងរលាយសាបសូន្យ។
ព្រៃឡង់ឋិតក្នុងចន្លោះខែត្រចំនួនបួន គឺខែត្រក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខែត្រកំពង់ធំ ត្រូវរដ្ឋាភិបាលប្រកាសបង្កើតជាដែនជម្រកសត្វព្រៃកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ មានផ្ទៃដីជាង ៤សែនហិកតារ (៤៣១.៦៨៣) ឋិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ដែលមានកាតព្វកិច្ចធានាគាំពារបរិស្ថាន និងការអភិរក្សជីវចម្រុះ។ សហគមន៍ការពារព្រៃឡង់រកឃើញថា បច្ចុប្បន្នផ្នែកខ្លះនៃព្រៃឡង់បានជំនួសមកវិញនូវដំណាំដំឡូង ស្វាយចន្ទី និងកៅស៊ូ ដែលគ្រប់គ្រងដោយក្រុមហ៊ុនឯកជន និងបុគ្គលឯកជន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។