អាជ្ញាធរ​ខេត្តមណ្ឌលគិរី​រង​ការ​ចោទ​ថា អសមត្ថភាព​ការពារ​ព្រៃ​ឈើ​នៅ​តំបន់​ភ្នំអារក្ស ដែល​សំបូរ​សត្វព្រៃ

0:00 / 0:00

ភ្នំ​ធម្មជាតិ​មួយ​កន្លែង ដែល​ជា​ជម្រក​យ៉ាង​សំខាន់​របស់​សត្វព្រៃ និង​ជា​កន្លែង​ប្រតិបត្តិ​ជំនឿ​សាសនា របស់​​ជនជាតិ​ដើម​ភាគ​តិច​ព្នង ជា​ច្រើន​គ្រួសារ​នៅ​ខេត្ត​មណ្ឌលគិរី បន្ត​ទទួល​រង​ការ​ឈូស​ឆាយ​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ ដើម្បី​ទន្ទ្រាន​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធិ​ខុសច្បាប់។ ប្រជា​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​បាន​ទម្លាក់​កំហុស បញ្ហា​នេះ​ថា ជា​ការ​បណ្ដែត​បណ្ដោយ​របស់​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​ដែល​មិន​ខ្វល់ ទប់ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ។

ជនជាតិ​ដើម​ភាគ​តិច​ព្នង​រាប់​រយ​គ្រួសារ​នៅ​ភូមិឡៅកា សង្កាត់​សុខដុម ក្រុងសែន​មនោរម្យ​ ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្តមណ្ឌលគិរី ស៊ើប​អង្កេត​ការ​ឈូស​ឆាយ ព្រៃ​ជុំវិញ​ចង្កេះភ្នំ និង​ខ្នង​ភ្នំ​ធម្មជាតិ​មួយ​កន្លែង ដែល​ជា​អត្តសញ្ញាណ​វប្បធម៌​ភូមិ​កំណើត​របស់​ពួកគាត់​ជា​យូរលង់​មក​ហើយ។

អ្នកភូមិ​ចាត់​ទុក​សកម្មភាព​ឈូស​ឆាយ​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​នេះ​ថា ជា​ការ​បំផ្លាញ​អត្តសញ្ញាណ​វប្បធម៌​របស់​ជន​ជាតិ​ដើម​ភាគ​តិច និង​ជា​ការ​ប្រមាថ​មើល​ងាយ ដល់​ព្រលឹង​ដូនតា​របស់​ពួកគាត់។

ប្រធាន​បណ្ដាញ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ខេត្តមណ្ឌលគិរី លោកស្រី ភ្លឹក ភីរម្យ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៦ វិច្ឆិកា​ថា ក្រុម​ឈ្មួញ​ដែល​ពួក​លោក​ស្រី មិន​ស្គាល់​ឈ្មោះ​ បាន​យក​គ្រឿង​ចក្រ​ឈូស​ឆាយ​ ព្រៃ​តាម​ចង្កេះ​ភ្នំ ឆ្មា​ឥត​ទ្រុប ឬ​ហៅ​ជា​ភាសា​ខ្មែរ​ថា ភ្នំគម្របសាសន៍ អស់​ប្រមាណ ១០ ហិកតារ នៅ​រយៈ​ពេល​៣ ខែ​ចុង​ក្រោយ​នេះ។

លោកស្រី​ថា ព្រៃឈើ​នៅ​តំបន់​នោះ ជា​ជម្រក​សត្វ​ព្រៃ​រួមមាន ទោច ក្ងោក ឈ្លូស និង​ស្វា​ជាដើម កំពុង​ប្រឈម​ការ​បាត់បង់​ទី​ជម្រក។ ចំណែក​អាជ្ញាធរ​ខេត្តមណ្ឌលគិរី នៅតែ​បណ្ដោយ​ឱ្យ​ក្រុម​ឈ្មួញ ​បំផ្លាញ​ធន​ធាន​ធម្មជាតិ​ដដែលៗ ដោយ​មិន​ខ្វល់​ពី​ទុក្ខ​វេទនា របស់​ជន​ជាតិ​ដើម​ភាគ​តិច៖

« ដោយសារ​កន្លែង​ហ្នឹង​វា​ព្រៃ វា​ប៉ះពាល់​លើ​សត្វ​ផ្សេងៗ សត្វ​ជ្រូក​ព្រៃ ឈ្លូស សូម្បី​ក្ងោក​ក៏​ប៉ះពាល់​ដែរ ក្នុង​ហ្នឹង »

ភ្នំ​គម្រប​សាសន៍ ឬ​ហៅ​ជា​ភាសា​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ថា ភ្នំឆ្មា​ឥតទ្រុប ឋិត​ក្នុង​ភូមិឡៅកា សង្កាត់​សុខដុម ជា​ផ្នែក​មួយ​នៃ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំព្រេច គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន។ អ្នកភូមិ​ថា ភ្នំនេះ​មាន​ទឹក​ជ្រោះ អម​ដោយ​ដើម​ឈើ​ធំៗ ប្រភេទ​សុក្រំ ឈើ​ទាល ជ័រចុង និង គគីរ ជាដើម​ ដែល​ដុះ​តាម​ជម្រាល​ភ្នំ ចង្កេះភ្នំ និង​ខ្នងភ្នំ កំពុង​ទទួល​រង​ការ​កាប់​បំផ្លាញ។

តំណាង​សហគមន៍ លោកស្រី ភ្លឹក ភីរម្យ បារម្ភ​ថា សត្វ​ទោច​ព្រៃ និង​ក្ងោក​ មាន​នៅ​សេសសល់​តិចតួច​បំផុត ដែល​កំពុង​រស់នៅ តំបន់​នោះ​កំពុង​ប្រឈម​គ្រោះថ្នាក់។ លោកស្រី​បន្ត​ថា ថ្មីៗនេះ ​ពួក​ស្រី​បាន​ចុះ​ដល់​ទីតាំង​ឈូស​ឆាយ ប្រទះ​ឃើញ ដើម​ឈើ​ធំៗ ដែល​ជា​កន្លែង​សត្វ​ទោច លោត​លេង​កម្សាន្ត ត្រូវ​បាន​គេ​កាប់​ផ្ដួល​ធ្វើ​អាជីវកម្ម។ រីឯ​ដើមឈើ​ខ្លះ​ទៀត ត្រូវ​បាន​គេ​ដុត​កម្ទេច​ចោល ឱ្យ​ក្លាយ​ជា​វាល​រហោឋាន ហើយ​មក​ទល់​ពេល​នេះ សកម្មភាព​ឈូស​ឆាយ​បាន​ផ្អាក​ហើយ ៖

« សត្វ​ទោច​អស់​ហើយ នៅ​ភូមិឡៅកា មាន​កន្លែង​ហ្នឹង​មួយ​គត់ មាន​សត្វ​ទោច​ ចប់​ហើយ​បើ​សិន​ជា​ធ្វើ​គ្នា​មិន​ដឹង​នៅ​ណា​ទេ សត្វ។ ការពារ​របស់​អាជ្ញាធរ​ខ្សោយ​ណាស់​ ខ្សោយ​ក្នុង​ការ​ការពារ »

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​ប្រធាន​មន្ទីរ​បរិស្ថាន ខេត្តមណ្ឌលគិរី លោក កែវ សុភគ៌ និង អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​មណ្ឌលគីរី លោក នាង វណ្ណៈ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី ១៦ វិច្ឆិកា ដោយ​ទូរស័ព្ទ​ហៅ​ចូល តែ​គ្មាន​អ្នក​លើក។

ប៉ុន្តែ​ចៅ​សង្កាត់​រង​សុខដុម លោក ពៅ សុផាត ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា អាជ្ញាធរ​ឃុំ​ពុំ​ទាន់​ទទួល​ដំណឹង ជុំវិញ​ការ​ឈូស​ឆាយ​ព្រៃឈើ នៅ​តំបន់​ភ្នំ​នេះ​នៅ​ឡើយ​ទេ។ លោក​បដិសេធ​ឆ្លើយ​សំណួរ​ផ្សេង​ទៀត ដោយ​អះអាង​ថា មេភូមិ​មិន​បាន​រាយការណ៍​មក​អាជ្ញាធរ​ឃុំ៖

« ខ្ញុំ​អត់​បាន​រាយការណ៍​ជូន​ទេ បើ​ចង់​ដឹង​ការ​ពិត ខាង​បងប្អូន​ជន​ជាតិ​ដើម​ហ្នឹង​ គាត់​និយាយ​កន្លែង​ណា ? ឱ្យ​ដឹង ចាំ​បាច់​ទៅ​រាយការណ៍​ដល់​ណា ? នៅ​មូលដ្ឋាន​អត់​ដឹង​ផង »

ជុំវិញ​រឿង​នេះ មន្ត្រី​អង្កេត​សិទ្ធិ​មនុស្ស​នៃ​អង្គការ​អាដហុក​ប្រចាំ​ខេត្តមណ្ឌលគិរី លោក គ្រើង តុលា យល់​ថា អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​នៅ​តែ​ប្រព្រឹត្ត​កំហុស​ដដែលៗ​ ដោយ​ពុំ​បាន​ការពារ​ធនធាន​ធម្មជាតិ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ស្រប​តាម​ច្បាប់​នោះ​ឡើយ។ លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្ត​គួរ​ដោះស្រាយ​រឿង​នេះ​ជា​បន្ទាន់ ដើម្បី​សង្គ្រោះ​សត្វ​ព្រៃ និង​ធនធាន​ធម្មជាតិ បន្សល់​ចុង​ក្រោយ៖

« ខ្ញុំ​គិត​ថា​នេះ​ជា​កំហុស​របស់​អាជ្ញាធរ​ ដែល​គាត់​ធ្វេស​ប្រហែស​មិន​យក​ចិត្ត​ទុកដាក់ បម្រើ​ពលរដ្ឋ ខ្ញុំ​គ្រាន់​តែ​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​គាត់​បម្រើ​ ការពារ​ និង​បំពេញ​បន្ថែម​ជូន​ពលរដ្ឋ​ឱ្យ​គ្រប់គ្រាន់ »

ប្រជា​សហគមន៍​ជន​ជាតិ​ដើម​ភាគតិច​ព្នង​បន្ថែម​ថា ពេល​នេះ​សម្បត្តិ​ធម្មជាតិ រួមមាន ព្រៃភ្នំ ទឹកជ្រោះ បឹង និង​អូរ​ធម្មជាតិ​ជាដើម​ កំពុង​ឋិត​ក្នុង​ភាព​ផុយ​ស្រួល​នៅ​ឡើយ ដោយសារ​តែ​អាជ្ញាធរ​ខេត្តមណ្ឌលគិរី អស់​សមត្ថភាព​ការពារ​ធនធាន​ធម្មជាតិ​ទាំង​នោះ​ឱ្យ​បាន​គង់វង្ស។

បន្ថែម​ពី​នេះ អាជ្ញាធរ​តែងតែ លាក់បាំង​ព័ត៌មាន​ ពី​សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃភ្នំ​ដែល​ទី​កន្លែង​គោរព​ជំនឿ និង​រក​ផល​អនុផល​ព្រៃឈើ​របស់​ជន​ជាតិ​ដើម​ភាគ​តិច​នេះ​តាំង​ពី​បុរាណ​មក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។