សកម្មជន​ព្រៃឈើ លោក ឆន ផល្លា នៅ​រក្សា​ជំហរ​ការពារ​ព្រៃឈើ ក្រោយ​ពី​ចេញពី​ពន្ធនាគារ

ដោយ យ៉ង ចាន់តារា
2023.10.21
សកម្មជន​ព្រៃឈើ លោក ឆន ផល្លា នៅ​រក្សា​ជំហរ​ការពារ​ព្រៃឈើ ក្រោយ​ពី​ចេញពី​ពន្ធនាគារ សកម្មជន​ការពារ​ព្រៃឈើ​ខេត្ត​រតនគិរី លោក ឆន ផល្លា។
រូប៖ ផ្ដល់ឱ្យ

សកម្មជន​ការពារ​ព្រៃឈើ​ខេត្ត​រតនគិរី លោក ឆន ផល្លា ដែល​ជាប់​ពន្ធនាគារ​ជាង ២​ឆ្នាំ ដោយសារតែ​ចេញមុខ​ការពារ​ធនធាន​ធម្មជាតិ នៅ​រក្សា​ជំហរ ជា​អ្នក​ការពារ​ព្រៃឈើ​ដដែល​បន្ទាប់​ពី​លោក​ចេញ​ពី​ពន្ធនាគារ។ សកម្មជន​ការពារ​ព្រៃឈើ​រូប​នេះ សង្កេត​ឃើញ​ថា ក្នុង​ពេល​លោក ជាប់​ពន្ធនាគារ​សកម្មភាព​កាប់​ឈើ​មានតម្លៃ និង​ទន្ទ្រានព្រៃ ក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់ បាន​កើត​មាន​យ៉ាង​ពេញ​ទំហឹង។

សកម្មជន​ព្រៃឈើ​ខេត្តរតនគិរី លោក ឆន ផល្លា ប្ដេជ្ញា​ថា ប្តូរជីវិត​មិន​រាថយ ចំពោះ​ការងារ​ស្ម័គ្រចិត្ត​ការពារ​ព្រៃឈើ ដោយ​គ្មាន​ប្រាក់ខែ ក្នុង​បំណង​ការពារ​ភោគទ្រព្យ​ជាតិ​ដែល​ជា​ប្រភព​សេដ្ឋកិច្ច​របស់​សហគមន៍ និង​ជម្រក​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​ទំពូន។

សកម្មជន​ការពារ​ព្រៃឈើ វ័យ ៤៣ ឆ្នាំ​រូប​នេះ បាន​ស្ម័គ្រចិត្ត​ការពារ​ព្រៃឈើ​តាំងពី​ឆ្នាំ​២០១៦ ហើយ​លោក​ប្រឈម​ឧបសគ្គ​ជាច្រើន​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដែល​ទទួល​សំណូក​ពី​បទ​ល្មើស​ព្រៃឈើ ជា​ថ្នូរ​អនុញ្ញាត​ឱ្យ​មាន​ជំនួញ​ឈើ​ឆ្លងដែន ដឹកជញ្ជូន​ទៅ​កាន់​ប្រទេស​វៀតណាម។

លោក ឆន ផល្លា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី២០ តុលា​ថា ក្នុងពេលដែល​សមត្ថកិច្ច​ចាប់ខ្លួន​លោក ដាក់​ពន្ធនាគារ ដែនជម្រកសត្វព្រៃ​លំផាត់ នៅ​ចំណុច​ភ្នំ​អាត និង​ព្រៃ​នៅ​តំបន់​ផ្សេងទៀត​ក្បែរ​នោះ បាន​ក្លាយ​ជា​វា​ល្វឹងល្វើយ​អស់​រាប់ពាន់​ហិកតារ។ លោក​ចាំ​ថា ព្រៃឈើ​នៅ​តំបន់​នោះ កាល​ពី​លោក មិន​ទាន់​ជាប់​ពន្ធនាគារ នៅ​សល់​ច្រើន។

លោក ឆន ផល្លា៖ «ខ្ញុំ​នៅតែ​បន្ត​ក្នុង​ការ​តស៊ូ​ការពារ​ធនធាន​ធម្មជាតិ សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​អត់​រាថយ​ទេ។ ពេល​តុលាការ ខេត្ត​រតនគិរី ឃុំខ្លួន​ខ្ញុំ ដោយ​ប្រឌិត​រឿង​មិន​ពិត ដាក់​ពន្ធនាគា ២ ឆ្នាំ ១៦​ថ្ងៃ»។

កន្លងទៅ​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ​បាន​ប្រកាស​ច្រានចោល​សាលក្រម​សាលាដំបូង​ខេត្តរតនគិរី​ប្រឆាំង​នឹង​លោក ឆន ផល្លា ចំនួន​ពីរ​សំណុំរឿង ក្រោម​បទ​ចោទ «​កាប់​រាន​ដីព្រៃ ឈូស​ឆាយ និង​ហ៊ុមព័ទ្ធ​កាន់កាប់​ដីព្រៃ​» និង «​ផ្ដើមគំនិត​កាប់​គាស់ រុករាន​ដី​ព្រៃ ឆ្ការ ដុត និង​ឈូស​ឆាយ​ដី​ព្រៃ​ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ​» ដែល​ត្រូវ​ជាប់ពន្ធនាគារ​សរុប ១១ ឆ្នាំ ក្រោម​បណ្តឹង​របស់​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​រតនគិរី។

សាលាឧទ្ធរណ៍​ប្រចាំ​តំបន់​ខេត្ត​ត្បូងឃ្មុំ ចាត់ទុក​សាលក្រម​របស់​សាលាដំបូង​ខេត្តរតនគិរី ជា​អសារ​បង់ ដោយ​លើក​ហេតុផល​ថា រក​មិនឃើញ​កំហុស​ដូច​ការចោទប្រកាន់​ឡើយ។

សកម្មជន​ការពារ​ព្រៃឈើ លោក លោក ឆន ផល្លា ធ្លាប់​ប្ដឹង​បរិហារ​អាជ្ញាធរ​ពាក់ព័ន្ធ​ឈ្មួញ​ឈើ និង​មន្ត្រី​ជំនាញ ទៅ​តុលាការ​ខេត្តរតនគិរី ចំនួន ៧​សំណុំរឿង​មក​ហើយ ក្នុង​នោះ​មាន​៣​សំណុំរឿង​សាលាដំបូង​ខេត្ត​នេះ តម្កល់​ឥត​ចាត់ការ។ សំណុំរឿង​ទាំងនោះ ភាគច្រើន​ជា​បណ្ដឹង​បរិហារ​អាជ្ញាធរ​ពាក់ព័ន្ធ​ពី​បទ​អនុគ្រោះ បទល្មើស​ឧក្រិដ្ឋ​ព្រៃឈើ និង​មិន​ទប់ស្កាត់​ការ​កាប់​រាន​ព្រៃ​ខុសច្បាប់។

កាលពី​ខែ កក្កដា ឆ្នាំ ២០២០ អាជ្ញាធរ​មូលដ្ឋាន​ខេត្តរតនគិរី​បាន​កៀរគរ​ក្រុម​ពលរដ្ឋ​រាប់​រយ​នាក់​ព្រួត​គ្នា​វាយ​លោក ឆន ផល្លា បណ្តាល​ឱ្យ​របួសធ្ងន់​ដើម្បី​គំរាម​បង្ខំ​ឱ្យ​លោក​ដក​ពាក្យបណ្ដឹង​ពី​តុលាការ​។ ក្រុម​ពលរដ្ឋ​ដែល​លើកគ្នា​វាយ ភាគច្រើន ជា​អ្នកទទួល​ប្រយោជន៍​ពី​ការ​កាប់​ទន្ទ្រានព្រៃ​សាធារណ​របស់​រដ្ឋ​ដែល​ដឹកនាំ​ដោយ អភិបាលស្រុក​លំផាត់​លោក នូ ថេរ មេឃុំ​សេ​ដា លោក អង់ ប៊ុនធៀង ក្រុមប្រឹក្សាឃុំ​និង​មេភូមិ​។ ក្រោយមក​លោក ឆន ផល្លា និង​ក្រុម​គ្រួសារ បាន​ប្ដឹង​ជន​ដៃដល់ និង​អាជ្ញាធរ​ទាំងនេះ​ទៅ​សមត្ថកិច្ច ក៏ប៉ុន្តែ​គ្មាន​ចំណាត់ការ​នោះ​ឡើយ។

ប្រពន្ធ​សកម្មជន​ការពារ​ព្រៃឈើ លោក ឆន ផល្លា គឺ​លោកស្រី ខាំ សាឡុង ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោកស្រី​គាំទ្រ​ការងារ​របស់​ប្តី​លោកស្រី ព្រោះ​ភារកិច្ច​នេះ ជា​គំរូ​ភាព​មួយ​ដាស់​ស្មារតី​យុវជន​ជំនាន់​ក្រោយ​។ លោកស្រី​ថា អំឡុង​ពេល​ប្តី​របស់​លោកស្រី ជាប់ពន្ធនាគារ សកម្មភាព​កាប់​ឈើ និង​ទន្ទ្រានព្រៃ ក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់ កើតឡើង​បែប​អនាធិបតេយ្យ ដែល​កម្រ​មាន​ពលរដ្ឋ​ណា​ហ៊ាន​ចេញមុខ​ការពារ​ព្រៃឈើ​នោះ​ឡើយ។

លោកស្រី ខាំ សាឡុង៖ «ខ្ញុំ​អត់​ខ្លាច​ទេ​ប្អូន ព្រោះ​យើង​ជា​អ្នកការពារ​ពិតប្រាកដ ទោះបី​យើង​ខ្លាច ក៏​យើង​ស្លាប់​ដែរ។ ព្រោះ​យើង​មនុស្ស​ស្អាតស្អំ​ស្មោះត្រង់​យើង​ការពារ​ព្រៃឈើ​បន្តិចបន្តួច ទុក​កូនចៅ​រកស៊ី​កន្លែង​ហ្នឹង​។ បន្ទាប់ពី​គេ​ចាប់ ឆន ផល្លា ដាក់​ពន្ធនាគារ គេ​កាប់​បំផ្លាញ​អស់រលីង​ហើយ គ្មាន​សល់​ទេ»

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អភិបាល​ខេត្ត​រតនគិរី​លោក ញ៉ែម សំអឿន និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត លោក ផុន ខេមរិន បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី ២០ តុលា ដោយ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង តែ​គ្មាន​អ្នកទទួល។

ជុំវិញ​រឿង​នេះ មន្ត្រី​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា សង្កេត​ឃើញ​ថា ពលរដ្ឋ​ដែល​លះបង់​ការពារ​ប្រយោជន៍​ជាតិ បែរជា​មានទោស​ក៏ប៉ុន្តែ​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ បែរជា​គ្មាន​ទោស​ទៅវិញ​។ លោក​ថា ល្មម​ដល់​ពេល​ដែល​អាជ្ញាធរ​គួរ​ប្តូរ​ផ្លាស់​វប្បធម៌​ដ៏​អាក្រក់​នេះ ហើយ​ងាក​មក​លើកទឹកចិត្ត ពលរដ្ឋ​ការពារ​ព្រៃឈើ។

លោក ស៊ឹង សែនករុណា៖ «សមត្ថកិច្ច​អាជ្ញាធរ និង​តុលាការ គួរតែ​មាន​ភាព​ខ្មាសអៀន​ក្នុង​ការ​ដាក់​ទុក្ខ​ទោស លើ​អ្នក​ដែល​គាត់ មាន​ភាព​សកម្ម​ក្នុង​ការ​ជួយ ធ្វើ​ការងារ​សង្គម​ជាតិ។ មានតែ​អ្នក​បំផ្លាញ ធ្វើអំពើ​ល្មើសច្បាប់​ទៅវិញ​ទេ គួរតែ​នៅក្នុង​ពន្ធនាគារ»

កន្លង​ទៅ ប្រជា​សហគមន៍​ភូមិ​សមុទក្រោម រក​ឃើញ​ឈើមូល​នៅ​តំបន់​ភ្នំ​អាត និង​ភ្នំ​ម៉ាហាត ក្បែរ​គ្នា​រាប់ពាន់​ដើម ត្រូវ​គេ​អារ​រំលំ​ដឹកជញ្ជូន​ទៅ​ប្រទេស​វៀតណាម​។ ពួកគាត់​រក​ឃើញ​ឯកសារ​ទុកជា​ភស្តុតាង ដែល​ជា​កិច្ចសន្យា​រវាង​មេភូមិ រួម​ជាមួយ​ប្រធាន​សហគមន៍​ភូមិ​សមុទ្រ​ក្រោម ដែល​បាន​ផ្ដិត​មេដៃ លក់​ដើមឈើ និង​ព្រៃឈើ​ចាប់ពី​ជើងភ្នំ​អាត រហូត​កំពូលភ្នំ ទៅ​ឲ្យ​ឈ្មោះ ម្រិម ធើប មាន​តម្លៃ ១ ម៉ឺន ៥ ពាន់​ដុល្លារ អាមេរិក (១៥.០០០)

ពួកគាត់​អះអាង​ថា ឧក្រិដ្ឋកម្ម​ព្រៃឈើ​ទាំងនេះ​មាន​ពាក់ព័ន្ធ​អាជ្ញាធរ​មូលដ្ឋាន​មន្ត្រី​ជំនាញ និង​ឈ្មួញ​ឈើ​សរុប ៩​នាក់។ ប៉ុន្តែ​មក​ទល់​ពេល​នេះ សំណុំរឿង​ដែល​ប្រជា​សហគមន៍​ខំ​ស្រាវជ្រាវ និង​ប្រមូល​ភស្តុតាង​ក៏ប៉ុន្តែ​គ្មាន​ចំណាត់ការ​ពី​សំណាក់​អាជ្ញាធរ​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។