អ្នកឃ្លាំមើលបរិស្ថានបានស្ដីបន្ទោសដល់អាជ្ញាធររបបក្រុងភ្នំពេញថា អសមត្ថភាពក្នុងការគ្រប់គ្រងទើបបណ្ដោយឱ្យមានការនាំចូលកាកសំណល់ពីបរទេសចំនួន ៨៣កុងតឺន័រ ទម្ងន់ប្រមាណ ១.៦០០តោន ចូលមកដល់កំពង់ផែខេត្តព្រះសីហនុ ដោយពុំមានការទប់ស្កាត់ជាមុន។ ការនាំចូលការសំណល់ទ្រង់ទ្រាយធំ ជាលើកទី២ នេះ អាជ្ញាធរខ្មែរគ្រោងនឹងដឹកបញ្ជូនចេញពីប្រទេសកម្ពុជាទៅប្រទេសដើមវិញ ក្នុងពេលខាងមុខនេះក្រោយពីត្រួតពិនិត្យរួច។ ប៉ុន្តែអាជ្ញាកម្ពុជានៅមិនទាន់អាចបញ្ជាក់បានថា តើកាកសំណល់សំរាមទាំងនេះនាំចូលមកពីប្រទេសណា ក្រុមហ៊ុនបរទេសណាដឹកចូលមក និងសមត្ថកិច្ចណាមួយដែលអនុញ្ញាតឱ្យនាំចូលមកកម្ពុជា។
នាយកប្រតិបត្តិអង្គការកែច្នៃ និង អនាម័យសហគមន៍ហៅកាត់ថា អង្គការស្ការ៉ូ លោក ហេង យ៉ុនគូរ៉ា ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី១៦ កក្កដាថា របបក្រុងភ្នំពេញមានការធ្វេសប្រហែសមិនបានគិតគូរដល់សុខភាពប្រជាពលរដ្ឋ ទើបបណ្ដែតបណ្ដោយឱ្យមានការនាំចូលកាកសំណល់សំរាមយ៉ាងច្រើនសន្ធឹកសន្ធាប់ចូលមកប្រទេសកម្ពុជា។
លោកបញ្ជាក់ថា កាកសំណល់ដែលនាំចូលក្នុងកំពង់ផែក្រុងព្រះសីហនុនេះ មានផលប៉ះពាល់ខ្លាំងណាស់ដល់សុខភាពមនុស្ស និងជីវសាស្ត្រចម្រុះនៅក្នុងទឹកសមុទ្រ ប្រសិនបើកយកមកចាក់ចោលក្នុងប្រទេសកម្ពុជាមែននោះ៖ «ជួនកាលខាងអាជ្ញាធរព្រំដែនហ្នឹងគាត់អត់មានសមត្ថភាពក្នុងការគ្រប់គ្រងពិនិត្យ ឬក៏មានសមត្ថភាពពិនិត្យទប់ស្កាត់កាកសំណង់ប្លាស្ទិកហ្នឹង។ ប្រសិនបើយើងរកឃើញខុសបច្ចេកទេសអីខាងអង្គការយើងសំណូមពរថា គួរតែបញ្ជូនទៅប្រទេសដើមវិញ គឺបង់ថ្លៃ បង់ខាត ពិន័យយ៉ាងម៉េចប្រទេសដើមវិញត្រូវទទួលខុសត្រូវ»។
របបក្រុងភ្នំពេញកាលពីថ្ងៃទី១៦ កក្កដា បានរកឃើញកាកសំណល់សំរាមដែលបានវេចខ្ចប់ដាក់នៅក្នុងកុងតឺន័រចំនួន៨៣ មានទម្ងន់សរុបចំនួន ១.៦០០តោន បានដឹកចេញពីក្រៅប្រទេសមកកាន់កំពង់ផែឆ្នេរសមុទ្រនៃក្រុងព្រះសីហនុ។
អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភត្រា បញ្ជាក់ថា ក្រោយពីបើកកុងតឺន័រសមត្ថកិច្ចបានរកឃើញថា ជាប្រភេទសំរាមប្លាស្ទិកតែលោកមិនបានបញ្ជាក់ថា ក្រុមហ៊ុនណាដែលជាអ្នកទទួលខុសត្រូវ ហើយបាននាំចូលមកពីប្រទេសណានោះទេ ដោយលោកអះអាងថា គឺដោយសារតែក្រុមហ៊ុននាំចូលកាកសំណល់ទាំងនោះបានកែប្រែឯកសារដើមដោយមិនបានបញ្ជាក់ថា ជាប្រភេទទំនិញអ្វីមួយច្បាស់លាស់ ដោយគ្រាន់តែបានបញ្ជាក់ថា ជាប្រភេទទំនិញកែច្នៃប៉ុណ្ណោះ។
លោកមានប្រសាសន៍ថា អាជ្ញាធរមានគម្រោងនឹងបញ្ជូនចេញកាកសំណល់ទាំងនោះទៅប្រទេសដើមវិញនៅក្នុងពេលឆាប់ៗខាងមុខនេះ ដោយមិនទុកនៅក្នុងប្រទេសកម្ពុជាទេ។
លោក នេត្រ ភត្រា បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតជាដាច់ខាតក្នុងការនាំចូលសំណល់ប្លាស្ទិកមកកែច្នៃកម្ពុជាក៏ដូចជាសំណល់ផ្សេងៗទៀត ហើយកម្ពុជាមិនមែនជាធុងសំរាមសម្រាប់ការបោះចោលបច្ចេកវិជ្ជាហួសសម័យនោះទេ។ លោកបញ្ជាក់ថា រដ្ឋាភិបាលជំទាស់ជានិច្ចនូវការនាំចូលកាកសំណល់ប្លាស្ទិក និងប្រេងម៉ាស៊ីនមកកែច្នៃគ្រប់ប្រភេទនៅកម្ពុជា៖ «សមត្ថកិច្ចបាននឹងកំពុងកំណត់ថា តើទំនិញហាមឃាត់ទាំងនេះមកពីប្រភពណា ហើយនឹងត្រូវបញ្ជូនទៅប្រទេសដើមវិញ ហើយនឹងធ្វើការផាកពិន័យដល់ក្រុមហ៊ុនដែលបាននាំចូលនោះតាមច្បាប់ដែលមានជាធរមាន។ក្រសួងបរិស្ថាន និងសមត្ថកិច្ចបាននឹងកំពុងតែធ្វើការស៊ើបអង្កេតនឹងស៊ីជម្រៅបន្ថែមទៀតដើម្បីស្វែងរកប្រភពនិងឫសគល់ដែលនាំឱមានការនាំចូលសំរាមមកកាន់កម្ពុជានេះ»។
កាលពីឆ្នាំ១៩៩៨ របបក្រុងភ្នំពេញបានរកឃើញកាកសំណល់ផ្ទុកសារធាតុពុលប្រមាណជិត ៣ពាន់តោន បានដឹកតាមនាវារបស់ក្រុមហ៊ុនចិនតៃវ៉ាន់មួយមកចាក់ចោលនៅក្រុងព្រះសីហនុអស់រយៈពេលជាច្រើនខែ ទើបរបបក្រុងភ្នំពេញសម្រេចដឹកជញ្ជូនចេញត្រឡប់ទៅប្រទេសដើមវិញក្រោយពីមានការរិះគន់យ៉ាងខ្លាំងពីសង្គមស៊ីវិល និង ប្រជាពលរដ្ឋដែលភ័យខ្លាចពីផលប៉ះពាល់ដល់សុខភាពដែលបានភាយចេញពីកាកសំណល់ជាតិពុលទាំងនោះ។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី១៦ កក្កដា ថា កាកសំណល់ប្លាស្ទិកជិត ២ពាន់តោនដែលបានដឹកចូលមកកាន់កម្ពុជាលើកនេះក្រុមជំនាញនឹងធ្វើសន្និសីទកាសែតនៅថ្ងៃទី១៧ កក្កដា នេះថាតើជាប្រភេទកាកសំណល់អ្វីខ្លះ មុននឹងសម្រេចបញ្ជូនចេញពីប្រទេសកម្ពុជា៖ «ទាក់ទងនឹងចំណាត់ការយើងរង់ចាំទាំងអស់គ្នាតែជាទស្សនៈរបស់ខ្ញុំគឺមិនត្រូវទុកនៅកម្ពុជាទេ បើសិនយើងរកឃើញស្រាវជ្រាវចេញពីប្រទេសណាគឺយើងត្រូវដឹកទៅប្រទេសហ្នឹងវិញ»។
របបក្រុងភ្នំពេញកាលពីខែវិច្ឆិកា ឆ្នាំ២០១៥ បានចេញអនុក្រឹត្យថ្មីមួយស្ដីពីការគ្រប់គ្រងកាកសំណល់។ អនុក្រឹត្យនេះតម្រូវឱ្យម្ចាស់អាជីវកម្ម សហគ្រាស និងប្រជាពលរដ្ឋ នឹងត្រូវពិន័យជាប្រាក់ពី ១ម៉ឺនរៀល ទៅ ២០ម៉ឺនរៀល (គឺប្រមាណ ២,៥ ទៅ ៥០ដុល្លារអាមេរិក) ប្រសិនបើមានការបោះចោល ឬដុតសំរាម នៅតាមទីសាធារណៈ និងមិនអនុវត្តន៍តាមគោលការណ៍ណែនាំពីការបែងចែក និងទុកដាក់សំណល់ឱ្យបានត្រឹមត្រូវ។
តែទោះជាយ៉ាងណាការនាំចូលកាកសំណល់ជិត ២០០០តោនមកកាន់ប្រទេសកម្ពុជាពីក្រៅប្រទេសលើកនេះ ក្រុមសកម្មជនបរិស្ថានដាក់មន្ទិលសង្ស័យទៅលើអាជ្ញាធរមានសមត្ថកិច្ចថា អាចជាប់ពាក់ព័ន្ធនឹងការទទួលយកសំណូកទើបអនុញ្ញាតឱ្យនាំចូលសំរាមមកដល់ប្រទេសកម្ពុជាបាន។
សកម្មជនបរិស្ថានចាត់ទុកថា ចំណាត់ការ និងតម្លាភាពរបស់អាជ្ញាធរខ្មែរនៅមានកម្រិតក្នុងការគ្រប់គ្រប់ការនាំចូលនៅកាកសំណល់គ្រប់ប្រភេទពីបរទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។