សកម្មជនបរិស្ថាននិយាយថា បញ្ហាកាកសំណល់បរទេស ដែលគេយកមកចាក់ចោលនៅក្រុងព្រះសីហនុ គឺគ្រាន់តែជារឿងធ្វើប្រជាភិថុតិរបស់របបក្រុងភ្នំពេញដើម្បីទាក់ទាញការចាប់អារម្មណ៍ពីប្រជាពលរដ្ឋ ក្រោយពីការបាក់ដួលរលំអគារចិនសម្លាប់មនុស្សជាច្រើននាក់។ មន្ត្រីរបបក្រុងភ្នំពេញបានច្រានចោលការលើកឡើងនេះ ដោយចាត់ទុកថា គ្រាន់តែជាការលើកឡើងគ្មានមូលដ្ឋានពិតប្រាកដ និងជាការទម្លាក់ការទទួលខុសត្រូវមកលើរដ្ឋាភិបាល។
ស្ថាបនិកនៃអង្គការមាតាធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ហៅអាឡិច ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី១៧ កក្កដាថា ការអះអាងរបស់របបក្រុងភ្នំពេញថា គ្រោងនឹងបញ្ជូនសំរាមទៅប្រទេសអាមេរិក និងប្រទេសកាណាដាវិញ មិនអាចទៅរួចទេ ដោយសារតែប្រទេសទាំងពីរមានច្បាប់យ៉ាងតឹងរ៉ឹងបំផុតមិនអាចទទួលយកសំរាមដែលបាននាំចេញពីប្រទេសរបស់ខ្លួនវិលចូលវិញទេ៖ «សូមឱប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន ចៀសវាងប្រើពាក្យសំដីណាមួយដែលប្រជាភិថុតិ ដែលបោកប្រាស់ប្រជាពលរដ្ឋយើង កុំកុហកគេ។ រដ្ឋាភិបាលអាមេរិកមិនល្ងង់រហូតដល់អនុញ្ញាតឱនាំចូលសំរាមនាំចេញមកវិញទេ។ អាហ្នឹងគឺពិបាកមែនទែន»។
របបក្រុងភ្នំពេញកាលពីថ្ងៃទី១៦ កក្កដា បានរកឃើញកាកសំណល់សំរាមប្លាស្ទិកដែលបានវេចខ្ចប់យ៉ាងមានរបៀបរៀបរយ ដាក់នៅក្នុងកុងតឺន័រចំនួន៨៣ មានទម្ងន់សរុបចំនួន ១.៦០០តោន បានដឹកចេញពីក្រៅប្រទេសមកកាន់កំពង់ផែឆ្នេរសមុទ្រនៃក្រុងព្រះសីហនុ។
មន្ត្រីរបបនេះអះអាងថា សំរាមនេះបានមកដល់ប្រទេសកម្ពុជាតាំងពីខែតុលា ឆ្នាំ២០១៨ ប៉ុន្តែអាជ្ញាធរទើបតែប្រកាសឱ្យដឹងនៅពេលមានការដោះដូរមុខតំណែងអភិបាលខេត្តថ្មី ក្រោយពីអគាររបស់ក្រុមហ៊ុនចិនមួយកម្ពស់ ៧ជាន់បានបាក់ដួលរលំរាបដល់ដី ដែលបណ្ដាលឱ្យមានមនុស្សស្លាប់និងរងរបួសចំនួន ៥៦នាក់។
សកម្មជនបរិស្ថានថា ការរកឃើញសំរាមថ្មីៗនេះអាចជាការកាច់កុងគ្នា នៅក្នុងមន្ត្រីរដ្ឋាភិបាលនៃរបបក្រុងភ្នំពេញថា តើនឹងមានសមត្ថភាពប៉ុណ្ណាដើម្បីដោះស្រាយបញ្ហាសំរាមដ៏ច្រើនសន្ធឹកសន្ធាប់នេះ។
អាស៊ីសេរីមិនអាចសុំការបំភ្លឺពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានទេ កាលពីថ្ងៃទី១៧ ខែកក្កដា។
អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភត្រា មិនបានពន្យល់ទាក់ទិននឹងបញ្ហានេះទេ។ លោកគ្រាន់តែប្រាប់អាសីសេរីថា កាកសំណល់ប្លាស្ទិកទាំងនោះនាំចូលដោយក្រុមហ៊ុនឯកជនមួយមកពីប្រទេសអាមេរិក និង ប្រទេសកាណាដា ហើយអាជ្ញាធរគ្រោងនឹងបញ្ជូនទៅប្រទេសដើមវិញក្នុងពេលឆាប់ៗខាងមុខ៖ «រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតជាដាច់ខាត ចំពោះការនាំចូលសំណល់ប្លាស្ទិកមកកែច្នៃនៅកម្ពុជាក៏ដូចជាសំរាមផ្សេងៗទៀត ហើយកម្ពុជាបានបញ្ជាក់ហើយថា កម្ពុជាមិនមែនជាធុងសំរាមសម្រាប់ការបោះចោលបច្ចេកវិជ្ជាហួសសម័យនោះទេ ហើយរដ្ឋាភិបាលជំទាស់ជានិច្ចនឹងការនាំចូលកាកសំណល់ប្លាស្ទិក និងប្រេងម៉ាស៊ីនមកកែច្នៃនៅកម្ពុជា»។
កាលពីឆ្នាំ១៩៩៨ របបក្រុងភ្នំពេញបានរកឃើញកាកសំណល់ផ្ទុកសារធាតុពុលប្រមាណជិត ៣ពាន់តោន បានដឹកតាមនាវារបស់ក្រុមហ៊ុនចិនតៃវ៉ាន់មួយ មកចាក់ចោលនៅក្រុងព្រះសីហនុអស់រយៈពេលជាច្រើនខែ ទើបរបបក្រុងភ្នំពេញសម្រេចដឹកជញ្ជូនចេញត្រឡប់ទៅប្រទេសដើមវិញក្រោយពីមានការរិះគន់យ៉ាងខ្លាំងពីសង្គមស៊ីវិល និងប្រជាពលរដ្ឋដែលភ័យខ្លាចពីផលប៉ះពាល់ដល់សុខភាពដែលបានភាយចេញពីកាកសំណល់ជាតិពុលទាំងនោះ។
ប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ានដូចជាប្រទេសម៉ាឡេស៊ី ហ្វីលីពីន និង ប្រទេសឥណ្ឌូណេស៊ី ប្រទេសទាំងនោះអាចបញ្ជូនកាកសំណល់ទាំងឡាយណាទៅកាន់ប្រទេសដើមវិញ នៅពេលដែលរកឃើញថា បានដឹកចូលមកកាន់ប្រទេសរបស់គេ ដោយខុសច្បាប់។ តែអាចរក្សាទុកកាកសំណល់ទាំងឡាយណានៅក្នុងលក្ខខណ្ឌមួយដែលប្រទេសទាំងនោះមានកិច្ចព្រមព្រៀងមួយដែលថា កាកសំណល់ទាំងនោះអាចរក្សាទុកបានដ៏រាបណាកាកសំណល់ត្រូវបានគេរកឃើញថា អាចយកទៅកែច្នៃបានដែលមិនប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយកម្ពុជាមិនទាន់មានកិច្ចព្រមព្រៀងនាំកាកសំណល់ជាមួយប្រទេសណាមួយនៅឡើយទេ។
សកម្មជនបរិស្ថានលោក អាឡិច បញ្ជាក់ថា របបក្រុងភ្នំពេញត្រូវតែហ៊ានស៊ើបអង្កេតច្បាស់លាស់ដើម្បីស្វែងរកឱ្យឃើញថា តើក្រុមហ៊ុនណាដែលនៅពីក្រោយខ្នងនៃការនាំចូលសំរាមចំនួន៨៣កុងតឺន័រមកក្នុងខេត្តព្រះសីហនុ។
លោកបញ្ជាក់ថា មានប្រទេសមួយចំនួនទៀតដូចជាទីក្រុងហុងកុង ប្រទេសចិន ក៏បាននាំសំរាមចូលមកប្រទេសកម្ពុជាដែរ តែមានចំនួនតិចតួចមិនមានបរិមាណច្រើនដូចពេលនេះទេ។ លោកបញ្ជាក់ថា របបក្រុងភ្នំពេញគួរតែមានវិធានការរឿងនាំសំរាមនេះចេញពីកម្ពុជាចៀសវាងការចោទប្រកាន់ថារឿងប្រជាភិថុតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។