អាជីវករ និងពលរដ្ឋរស់នៅបរិវេណផ្សារមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ អំពាវនាវឲ្យអាជ្ញាធរ និងម្ចាស់ផាស៊ីផ្សារ គប្បីប្រមូលសំរាម និងរៀបចំសណ្ដាប់ធ្នាប់ក្នុងបរិវេណផ្សារឲ្យបានស្អាត។ ការអំពាវនាវនេះ នៅពេលដែលសំរាមរាយប៉ាយក្នុងផ្សារ និងមានក្លិនស្អុយ បង្កផលប៉ះពាល់ដល់សុខភាពពលរដ្ឋរស់នៅទីនោះ។
គំនរសំរាមនៅរាយប៉ាយនៃកំណាត់ក្រោយផ្សារកន្លែងលក់បន្លែ ត្រី សាច់ និងនៅក្នុងតូបលក់ដូរខ្លះនៃជួរផ្សារមេមត់ បង្ហាញថា មិនសូវមានអ្នកសម្អាតដិតដល់នោះឡើយ។ កន្លែងខ្លះមានក្លិនស្អុយស្ទើរទ្រាំមិនបាន ហើយខ្លះទៀតក្លាយជាជ្រាំមានដង្កូវចេញពីសំរាមដែលនៅសេសសល់ទៀតផង។ ពលរដ្ឋរស់នៅទីនោះបានត្រឹមរអ៊ូរទាំ ដោយសារតែពួកគាត់ទ្រាំលក់ដូរ និងទ្រាំរស់នៅដោយពិបាក។
ពលរដ្ឋរស់នៅក្បែរកន្លែងដាក់សំរាម លោក អ៊ឹង សុខផេង មានប្រសាសន៍ថា សំរាមក្នុងផ្សារ គឺមិនឃើញអ្នកមកប្រមូលជាច្រើនខែមកហើយ ទើបតែនៅព្រឹកថ្ងៃទី២២ មេសា ឃើញមានប្រមូលខ្លះ ប៉ុន្តែប្រមូលមិនអស់ឡើយ ហើយតែងធ្វើបែបនេះរហូត បើទោះបីជាពលរដ្ឋប្រាប់ទៅអាជ្ញាធរឲ្យជួយដោះស្រាយ ក៏គ្មានប្រយោជន៍ដែរ៖ «បាទ! ប្រាប់ទៅអាជ្ញាធរភូមិឃុំ គេមិនបានយកចិត្តទុកដាក់ឲ្យយើងទេ។ ប៉ះពាល់យ៉ាងម៉េចទៅ បើសំរាមនៅក្បែរផ្ទះក្បែរសម្បែងអ៊ីចឹង? តាមពិតទៅប៉ះពាល់ប្រជាជនដែលរស់នៅជុំវិញគំនរសំរាម គឺខូចសុខភាពដល់ពលរដ្ឋជាខ្លាំង»។
ពលរដ្ឋម្នាក់ទៀត អ្នកស្រី ឈាវ ហៀង ចង់ឲ្យអាជ្ញាធរ និងម្ចាស់ផាស៊ីផ្សារ គប្បីយកសំរាមទៅដាក់កន្លែងណាផ្សេងក្រៅពីផ្សារ ជៀសវាងធ្វើឲ្យពលរដ្ឋមើលបំណាំគ្នា ហើយចេះតែយកសំរាមដាក់ក្នុងផ្សារ គួបផ្សំនឹងការប្រមូលសំរាមមិនបានទាន់ពេលវេលាទៀតនោះ។ អ្នកស្រីបន្តថា បើនៅរដូវវស្សាវិញ កន្លែងដាក់សំរាមទាំងនោះក្លាយជាភក់ជ្រាំ កាន់តែពិបាកលក់ដូរ និងពិបាករស់នៅថែមទៀត៖ «ឲ្យយកទៅដាក់ណាដាក់ទៅ។ បើមិនអ៊ីចឹងទេ មួយមកបោះ ពីរមកបោះមិនឈប់ទេ»។
ក្រៅពីបញ្ហាសំរាមហើយ បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងផ្សារ គឺមិនមានការគ្រប់គ្រងឲ្យបានត្រឹមត្រូវនោះទេ។ ជាក់ស្ដែង កន្លែងលក់ដូរដាក់លក់ស្ទើរតែរកផ្លូវដើរមិនបាន កន្លែងចតឡានម៉ូតូ មិនបានរៀបចំឲ្យប្រសើរ ជាដើម។
ទាក់ទងបញ្ហានេះ ម្ចាស់ម៉ៅការផាស៊ីផ្សារមេមត់ អ្នកស្រី ផួង បុប្ផា មានប្រសាសន៍ថា ការប្រមូលសំរាមអាចស្ទះខ្លះ ពិសេសនៅក្រោយពេលចូលឆ្នាំ ព្រោះកម្មករនាំគ្នាឈប់សម្រាក ប៉ុន្តែមិនកកស្ទះរាប់ខែដូចការលើកឡើងនោះទេ។ អ្នកស្រីបន្តថា ផលវិបាកត្រង់ថា មានពលរដ្ឋខ្លះមិនបានចុះឈ្មោះបង់ប្រាក់ថ្លៃប្រមូលសំរាមទេ ប៉ុន្តែនាំគ្នាយកសំរាមមកចោលគ្មានសណ្ដាប់ធ្នាប់។ លើសពីនេះ អ្នកស្រីថាមកពីអាជ្ញាធរគ្មានសមត្ថភាពគ្រប់គ្រងពលរដ្ឋទាំងនោះ និងម្យ៉ាងទៀត អាជ្ញាធរមិនបានសហការជាមួយម្ចាស់ផាស៊ីផ្សារឡើយ៖ «ឲ្យប៉ូលិសជួយរៀបចំផ្សារមិនដឹងនៅណាទេ? បើប៉ូលិសអង្គុយសំកុកនៅក្នុងបេនចាំយកក្បាលឡានមាន»។
អ្នកស្រីថា បើចង់ឲ្យការប្រមូលសំរាមបានស្អាត និងមានសណ្ដាប់ធ្នាប់ក្នុងផ្សារនោះ គឺទាល់តែអាជ្ញាធរសហការ ពីព្រោះខាងអ្នកស្រីមិនមានសិទ្ធិអំណាចណាមួយបង្ខំឲ្យពលរដ្ឋធ្វើតាមនោះទេ ហើយពលរដ្ឋក៏មិនត្រូវបន្តចោលសំរាមតាមតែអំពើចិត្តនោះដែរ។
ដោយឡែកអភិបាលស្រុកមេមត់ លោក ចេង ប៊ុណ្ណារ៉ា មានប្រសាសន៍ថា វាជាការទទួលខុសត្រូវរបស់ម្ចាស់ភាស៊ីផ្សារ ពីព្រោះជាអ្នកយកលុយពីគេ។ ចំណែកសំរាមតាមផ្ទះ ប្រសិនបើពលរដ្ឋមិនបានបង់ប្រាក់ ហើយយកសំរាមទៅចោលក្នុងបរិវេណផ្សារ គប្បីមានការណែនាំពួកគាត់តែម្តង។ លោកបន្តថា រីឯបញ្ហាសណ្ដាប់ធ្នាប់ផ្សារវិញ ខាងអាជ្ញាធរបានណែនាំដល់ពលរដ្ឋជាច្រើនលើកច្រើនសាមកហើយ រហូតដល់មានចាប់ពលរដ្ឋដែលសង់តូបខុសច្បាប់ទៅណែនាំផង ប៉ុន្តែពួកគាត់នៅតែបំពាន៖ «ចំណុចហ្នឹងដែលយើងថាត្រូវគោរពច្បាប់ទាំងអស់គ្នា។ ការណែនាំមានហើយ ច្បាប់មានហើយ បងប្អូនមិនគោរពតាមហ្នឹងហើយ ចេះតែធ្វើតគ្នាអ៊ីចឹងទៅ។ តាមគ្នាអ៊ីចឹង។ អត់មានអ្នកណាយល់ដឹងពីច្បាប់»។
អភិបាលស្រុកដដែលថា ប្រសិនចង់ឲ្យបញ្ហាទាំងនេះអាចដោះស្រាយបាន គប្បីមានការចូលរួមសហការទាំងអស់គ្នា។
ទោះបីយ៉ាងណាក៏ដោយ សមាជិកក្រុមប្រឹក្សាស្រុកមេមត់ លោក គង់ សំអាន មានប្រសាសន៍ថា បញ្ហានេះទាំងអាជ្ញាធរ និងម្ចាស់ផាស៊ីផ្សារ ហាក់រុញដាក់គ្នាទៅវិញទៅមក ដោយមិនមានទំនួលខុសត្រូវទេ។ លោកបន្តថា កន្លងមកនៅអង្គប្រជុំប្រចាំខែម្តងៗ លោកតែងលើកបញ្ហាទាំងនេះជាបញ្ហាអាទិភាព ប៉ុន្តែជាយូរមកហើយនៅតែគ្មានដំណោះស្រាយ៖ «រឿងប្រជាពលរដ្ឋគាត់អាចបំពេញឲ្យបាន ប៉ុន្តែសព្វថ្ងៃខ្ញុំមើលការអនុវត្តការងាររបស់ផាស៊ីហ្នឹង វាអត់ត្រឹមត្រូវ»។
លោកយល់ថា ដើម្បីដោះស្រាយបញ្ហាទាំងនេះ ទាំងអាជ្ញាធរ និងម្ចាស់ផ្សារ គប្បីជួបពិភាក្សាគ្នាជៀសវាងចេះតែរុញការទទួលខុសត្រូវដាក់គ្នា និងចេះតែមានគំនិតស៊ុមគ្រលុំគ្នានោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។