ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន បន្ត​ពង្រីក​អាជីវកម្ម​រ៉ែដែក​របស់​ខ្លួន​ជិត ១០កន្លែង នៅ​ក្នុង​ខេត្ត​ព្រះវិហារ និង​ខេត្ត​ស្ទឹងត្រែង

0:00 / 0:00

ក្រុម​ហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន (Global Green (Cambodia) Energy Development CO., LTD) របស់​ឧកញ៉ា ទ្រី ដាលុច បន្ត​ពង្រីក​អាជីវកម្ម​រ៉ែ​ដែក​ជិត ១០កន្លែង នៅ​ក្នុង​ខេត្ត​ព្រះវិហារ និង​ខេត្ត​ស្ទឹងត្រែង ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន និង​ដី​ស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ។ សកម្មជន​បរិស្ថាន​ព្រួយបារម្ភ​ថា ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ដែក​នេះ នឹង​ធ្វើ​ឲ្យ​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម កាន់​តែ​ច្រើន​ឡើង។

ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន ដែល​ជា​កម្មសិទ្ធិ​របស់​កូន​ប្រុស​ច្បង​របស់​ឧកញ៉ា ទ្រី ភាព និង​ជា​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា គឺ​លោក​ឧកញ៉ា ទ្រី ដាលុច កំពុង​បន្ត​ពង្រីក​អាជីវកម្ម​រ៉ែ​ដែក​របស់​ខ្លួន​បន្ថែម​ទៀត នៅ​ក្នុង​ខេត្ត​ព្រះវិហារ និង​ខេត្ត​ស្ទឹងត្រែង ធ្វើ​ឲ្យ​ប៉ះពាល់​ពលរដ្ឋ​និង​បរិស្ថាន​ជុំ​វិញ​តំបន់​នោះ។ តំបន់​ធ្វើ​អាជីវកម្ម​រ៉ែ​ដែក របស់​ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន បង្កើន​ជិត ១០កន្លែង​នោះ រួម​មាន តំបន់​ភ្នំដែក ភ្នំកោះកែវ ភ្នំថ្ម ភ្មំព្នៅ ភ្នំបង្កូវ ភ្នំដំណាក់ត្រា ដែល​ស្ថិត​នៅ ស្រុក​ឆែប ស្រុក​ជ័យសែន និង​ស្រុក​រវៀង ខេត្ត​ព្រះវិហារ និង​មួយ​កន្លែង​ទៀត​នៅ​ភាគ​ខាង​ជើង​នៃ​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់ ត្រង់​ចំណុច​ព្រំប្រទល់​ខេត្ត​ព្រះវិហារ និង​ខេត្តស្ទឹងត្រែង។

សមាជិក​ក្រុម​ស្នូល បណ្ដាញ​សហគមន៍​ព្រៃឡង់ ខេត្ត​ព្រះវិហារ ដែល​បាន​តាមដាន​បញ្ហា​នេះ លោក ខេម សុឃី ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៣០ ខែមេសា​ថា លោក​ព្រួយបារម្ភ​ខ្លាច​គម្រោង​ធ្វើ​អាជីវកម្ម​រ៉ែ​ដែក និង​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន ដោយ​មាន​ការ​ឈូស​ឆាយ​នូវ​គម្រប​ព្រៃ​ឈើ និង​ប៉ះពាល់​ដី​ស្រែ​ចម្ការ​របស់​អ្នក​ភូមិ ហើយ​មិន​បាន​ផ្ដល់​សំណង​សមរម្យ​ដល់​ពួក​គេ។

លោក ខេម សុឃី៖ «អ៊ីចឹង​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល ចេញ​ព័ត៌មាន​ឲ្យ​ទូលំទូលាយ​ក្នុង​ការ​អភិរក្ស និង​ការ​អនុវត្ត​ច្បាប់​ឲ្យ​តឹងរ៉ឹង ចំពោះ​ទៅ​លើ​ការ​ការពារ​ទៅ​លើ​ធនធាន​ធម្មជាតិ នៅ​ក្នុង​តំបន់​អភិរក្ស​ព្រៃ​ឡង់»។

ពលរដ្ឋ​ម្នាក់​នៅ​ខេត្ត​ព្រះវិហារ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា សព្វ​ថ្ងៃ​ដី​ចម្ការ​ស្វាយ​ចន្ទី​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​ហិកតារ​នៅ​តំបន់​កោះកែវ ត្រូវ​បាន​ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន ឈូស​ឆាយ​ដោយ​មិន​មាន​សំណង​សមរម្យ​ដល់​ពួក​គេ​នោះ​ទេ។ លោក​ថា បច្ចុប្បន្ន​ក្រុម​ហ៊ុន​មួយ​នេះ កំពុង​លាក់​បាំង​ព័ត៌មាន​មួយ​ចំនួន ដោយ​ពលរដ្ឋ​សង្ស័យ​ថា​ក្រុមហ៊ុន​នេះ បាន​លួច​នាំ​យក​រ៉ែ​មាស ទៅ​លក់​នៅ​ក្រៅ​ប្រទេស ខណៈ​អាជ្ញាប័ណ្ណ​របស់​រដ្ឋាភិបាល គឺ​អនុញ្ញាត​ឲ្យ​ត្រឹមតែ​រុករក​និង​ធ្វើ​អាជីវកម្ម​រ៉ែ​ដែក​ប៉ុណ្ណោះ។

ពលរដ្ឋ​ម្នាក់​នៅ​ខេត្តព្រះវិហារ សុំ​មិន​បញ្ចេញ​ឈ្មោះ៖ «យើង​វា​ពិបាក​សណ្ឋាន​ថា វា​ជា​រ៉ែដែក ឬ​រ៉ែ​មាស និង​រ៉ែ​លោហៈ។ ប្រសិន​បើ​រ៉ែ​ដែក វា​មិន​គួរ​កើប​ដាក់​ឡាន​វិញ​ទាំង​អស់​នោះ​ទេ។ យើង​វា​សង្ស័យ​ថា រ៉ែ​មាស ពី​ព្រោះ​វា​រាង​ក្រហមៗ។ រ៉ែ​នោះ​វា​ក្រហម​មែន​តែ​វា​មិន​ដូច​មាស​តែ​ម្ដង​នោះ​ទេ ក្រហម​ដូច​ដី​ក្រហម​អ៊ីចឹង»។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ​និង​ថាមពល លោក អ៊ឹង ឌីប៉ូឡា ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃ​ទី៣០ ខែ​មេសា ដោយសារ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។ ចំណែក​តំណាង​ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន លោក ហាក់ ស៊ីណាត ក៏​វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នក​សម្របសម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក អូត ឡាទីន យល់​ឃើញ​ថា រាល់​ការ​អភិវឌ្ឍន៍​ឬ​វិនិយោគ រដ្ឋាភិបាល​ត្រូវ​តែ​មាន​ការ​វាយ​តម្លៃ​អំពី​ផល​ប៉ះពាល់​សង្គម​និង​បរិស្ថាន ឲ្យ​ត្រឹមត្រូវ និង​តម្លាភាព ហើយ​ត្រូវ​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​កំពុង​រស់​នៅ​តំបន់​នោះ​ជា​មុន​សិន បើ​ពុំ​ដូច្នោះ​ទេ ការ​អភិវឌ្ឍន៍​ទាំង​នោះ មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​ត្រឹមត្រូវ​និង​ស្រប​តាម​ច្បាប់​នោះ​ទេ។

លោក អូត ឡាទីន៖ «ពិនិត្យ​មើល​ការ​វិនិយោគ​រ៉ែ​នេះ ក្រុមហ៊ុន​ហាក់​បី​ដូច​ជា​ទទួល​បាន​ចំណូល​ច្រើន ក៏​ប៉ុន្តែ​យើង​ងាក​ទៅ​មើល​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​វិញ កម្រិត​ជីវភាព​របស់​ប្រជាពលរដ្ឋ​វា​មិន​មាន​ភាព​ល្អ​ប្រសើរ​ពី​ការ​ធ្វើ​អាជីវកម្ម​នេះ​នោះ​ទេ អ៊ីចឹង​ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​គួរ​តែ​ត្រួតពិនិត្យ​ឡើង​វិញ ទៅលើ​ក្រុមហ៊ុន​ទាំងឡាយ​ណា​ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​សម្បទាន​ជា​ពិសេស​សម្បទាន​រ៉ែ​នេះ»។

កាល​ពី​ថ្ងៃ​ទី​១០ ខែ​មេសា បណ្ដាញ​សហគមន៍​នៅ​ខេត្ត​ព្រះវិហារ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍ អំពី​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ដែក របស់​ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន ដែល​បាន​ធ្វើ​ឲ្យ​ខូចខាត​ព្រៃ​សហគមន៍ និង​ប៉ះពាល់​ដល់​មុខ​របរ​ប្រពៃណី​របស់​ជនជាតិ​ដើម​ភាគ​តិច ដូច​ជា​ការ​ដង​ជ័រទឹក ដក​ផ្សិត​ប៉ក់ ឱសថ​បុរាណ និង​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​បែប​លក្ខណៈ​គ្រួសារ បណ្ដាល​ឱ្យ​ពួក​គាត់​បាត់បង់​ប្រាក់​ចំណូល​សម្រាប់​ទ្រទ្រង់​ជីវភាព និង​ធ្វើ​ឲ្យ​សហគមន៍​កាន់​តែ​ក្រីក្រ​ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។