រដ្ឋាភិបាល​កំណត់​តំបន់​អភិរក្ស​ផ្សោត​ទន្លេ​មេគង្គ​ក្នុង​ខេត្តក្រចេះ និង​ស្ទឹងត្រែង

ចាប់​ពី​ពេល​នេះ​ត​ទៅ តំបន់​មួយ​ចំនួន​នៅ​លើ​ដង​ទន្លេ​មេគង្គ ក្នុង​ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ នឹង​ក្លាយ​ជា​តំបន់​គ្រប់គ្រង​សត្វ​ផ្សោត​ទន្លេ​មេគង្គ ទៅ​តាម​ការ​កំណត់​របស់​រដ្ឋាភិបាល។

អនុក្រឹត្យ​រដ្ឋាភិបាល​ចេញ កាល​ពី​ថ្ងៃ​ទី២៧ ខែកុម្ភៈ ឱ្យ​ដឹង​ថា ការ​កំណត់​តំបន់​គ្រប់គ្រង​សត្វ​ផ្សោត​នេះ​មាន​គោលបំណង​ការពារ និង​អភិរក្ស​សត្វ​ផ្សោត ឱ្យ​មាន​ប្រសិទ្ធភាព សំដៅ​ចូលរួម​អភិវឌ្ឍ​វិស័យ​អេកូ​ទេសចរណ៍ លើក​កម្ពស់​សេដ្ឋកិច្ច សង្គម និង​ជីវភាព​ពលរដ្ឋ។

ប្រភព​ដដែល​បញ្ជាក់​ថា តំបន់​គ្រប់គ្រង​ផ្សោត​ទន្លេ​មេគង្គ​នេះ​មាន​ប្រវែង ១២០គីឡូ​ម៉ែត្រ ក្នុង​នោះ​ខេត្តស្ទឹងត្រែង​មាន​ប្រវែង ៣៥ គីឡូម៉ែត្រ និង​ខេត្តក្រចេះ​មាន​ប្រវែង ៨៥គីឡូ​ម៉ែត្រ។ តំបន់​នេះ​លាត​សន្ធឹង​ពី​ប៉ែក​ខាង​ក្រោម​ស្ពាន​មិត្តភាព​កម្ពុជា-ចិន ស្ទឹងត្រែង ក្នុង​ខេត្តស្ទឹងត្រែង រហូត​ដល់​កោះ​ទ្រង់​ក្នុង​ខេត្តក្រចេះ ដែល​មាន​ទំហំ​សរុប ៦២១គីឡូ​ម៉ែត្រក្រឡា។

ជំរឿន​សត្វ​ផ្សោត​ឆ្នាំ២០២០ បង្ហាញ​ថា មាន​សត្វ​ផ្សោត​ត្រឹមតែ ៨៩ក្បាល​ប៉ុណ្ណោះ ដែល​រស់នៅ​ក្នុង​ទន្លេ​មេគង្គ ចាប់​ពី​ខេត្តក្រចេះ ដល់​ខេត្តស្ទឹងត្រែង។ ការ​គំរាម​កំហែង​របស់​សត្វ​ផ្សោត រួមមាន​ការ​នេសាទ​ខុស​ច្បាប់ និង​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​នៅ​ផ្នែក​ខាង​លើ​នៃ​ទន្លេ​មេគង្គ។

របាយការណ៍​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធាន​ធម្មជាតិ ហៅ​កាត់​ថា WWF បង្ហាញ​ថា សត្វ​ផ្សោត​សរុប ១១ក្បាល បាន​ងាប់​នៅ​ក្នុង​ឆ្នាំ២០២២ ។ រីឯ​សត្វ​ផ្សោត​ដែល​ងាប់​ក្នុង​រយៈ​ពេល ៣ឆ្នាំ​ចុង​ក្រោយ​នេះ មាន​សរុប ២៩ក្បាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។