អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាអះអាងថា គោលនយោបាយបក្សកាន់អំណាច នឹងមិនចាប់ខ្លួនពលរដ្ឋណា ដែលចូលរួមការពារធនធានធម្មជាតិ ស្របតាមច្បាប់នោះទេ ប្រសិនបើពលរដ្ឋបានផ្តល់ព័ត៌មានត្រឹមត្រូវច្បាស់លាស់ ពីសកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងតំបន់ណាមួយនោះទេ។ ទោះមានការអះអាងបែបនេះក្តី មន្ត្រីសង្គមស៊ីវិលសង្កេតឃើញថា ពលរដ្ឋដែលហ៊ានលាតត្រដាងពីបទល្មើសព្រៃឈើ និងចូលរួមការពារធនធានធម្មជាតិ កំពុងប្រឈមការគំរាមកំហែង ការចាប់ខ្លួន និងការប្តឹងតាមប្រព័ន្ធតុលាការ។
អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ប្រាប់អាស៊ីសេរីនៅថ្ងៃទី១៧ ឧសភា ថា ប្រសិនបើពលរដ្ឋផ្តល់ព័ត៌មានពិត ពីបទល្មើសព្រៃឈើ ពុំមានទោសទណ្ឌនោះទេ។ ប៉ុន្តែលោកថា បើពលរដ្ឋនិយាយមូលបង្កាច់ និងបង្កើតព័ត៌មានក្លែងក្លាយ គឺជាអំពើល្មើសច្បាប់ពីបទញុះញង់។ លោកបញ្ជាក់ទៀតថា គោលនយោបាយបក្សកាន់អំណាច ដែលដឹកនាំរដ្ឋាភិបាល បានប្រឹងប្រែងអភិរក្សព្រៃឈើ និងការពារធនធានធម្មជាតិ មិនអនុញ្ញាតឱ្យមានការកាប់ទន្ទ្រានបែបអនាធិបតេយ្យនោះទេ ហើយការចូលរួមការពារព្រៃឈើរបស់ពលរដ្ឋ ត្រូវតែសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់មូលដ្ឋានដែរ៖ «គោលនយោបាយរបស់គណបក្សកាន់អំណាចគឺថា រួមគ្នា ដើម្បីថែរក្សាធនធានធម្មជាតិ យើងមានសិទ្ធិការពារ ក៏ប៉ុន្តែរបៀបការពារឱ្យមានរបៀបត្រឹមត្រូវតាមគោលការណ៍។ បើនិយាយត្រឹមត្រូវ អត់មានទោសទេ បើកាលណាយើងនិយាយ គ្រាន់តែថា មូលបង្កាច់ ឬមួយបង្កើតព័ត៌មាន អាហ្នឹងវាខុសហើយ គេហៅញុះញង់»។
ផ្ទុយពីការលើកឡើងនេះ ជនជាតិដើមភាគតិចព្នងម្នាក់ ដែលសកម្មក្នុងការពារធនធានធម្មជាតិ និងហ៊ានលាតត្រដាងពីភាពអសកម្មរបស់អាជ្ញាធរខេត្តមណ្ឌលគិរី គឺលោក គ្រើង តុលា បានទទួលការគំរាមចាប់ដាក់គុក និងប្រមាថអាយុជីវិត ពីសំណាក់ប្រធានដែនជម្រកសត្វព្រៃភ្នំណាមលៀរ គឺលោក វុធ សារុំ។ លើសពីនេះ លោក គ្រើង តុលា ត្រូវបានព្រះរាជអាជ្ញា អមសាលាដំបូងខេត្តមណ្ឌលកោះហៅ ចូលទៅបំភ្លឺ ទាក់ទិនពាក្យបណ្ដឹងរបស់លោក ប៉ែត ភក្ត្រា ប្រធានដែនជម្រកសត្វព្រៃស្រែពក ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងផ្សព្វផ្សាយព័តមានមិនពិត ក្រោយពីលោកបានលាតត្រដាងពីសិប្បកម្មកែច្នៃឈើខុសច្បាប់ជាច្រើនកន្លែង និងសកម្មភាពកាប់ទន្ទ្រានព្រៃអភិរក្សជាង ១០០ហិកតារ ដែលមានការជាប់ពាក់ព័ន្ធនឹងលោក ប៉ែត ភក្ត្រា។
ជនជាតិដើមភាគតិចព្នងរស់នៅឃុំប៊ូស្រា លោក គ្រើង តុលាថា ប្តេជ្ញាថា លោកនៅតែបន្តសកម្មភាពការពារព្រៃឈើ ស្របតាមច្បាប់ បើទោះបីជារងការគំរាម និងប្ដឹងលោក ទៅតុលាការ ពីសំណាក់មន្ត្រីនគរបាលយុត្តិធម៌ក្តី។ លោកថា ភារកិច្ចការពារព្រៃឈើរបស់លោក ស្របតាមគោលការណ៍រដ្ឋធម្មនុញ្ញ និងគោលនយោបាយរបស់រដ្ឋាភិបាល ពុំមានអ្វីខុសច្បាប់ទេ។ លោកថា ផ្ទុយទៅវិញ មន្ត្រីនគរបាលយុត្តិធម៌ទៅវិញទេ ដែលឃុបឃិតជាមួយជនល្មើសបំផ្លាញព្រៃឈើ និងមិនអើពើបង្ក្រាបបទល្មើសធនធានធម្មជាតិ គឺជាទង្វើល្មើសច្បាប់។ លោកបញ្ជាក់ថា មូលហេតុដែលលោកចូលរួមការពារព្រៃឈើ ដោយសារលោកពិបាកបើកភ្នែកមើល ភាពអនាធិបតេយ្យបទល្មើសព្រៃឈើ និងភាពអសកម្មរបស់អាជ្ញាធរមិនអនុវត្តច្បាប់ព្រៃឈើ៖ «នៅពេលយើងរាយការណ៍ សុំឱ្យគាត់អន្តរាគមន៍សិន យើងទៅមើលទាំងអស់គ្នាសិន កុំអាងតែយើងរាយការណ៍គាត់ថា គាត់ថា តុលាឯងអំណាចស្អី ជាតួនាទីស្អីបានខ្ញុំសហការជាមួយតុលាឯង បានខ្ញុំអន្តរាគមន៍ តុលាឯង។ ខ្ញុំពលរដ្ឋពេញលេញ អ្នកឯងស៊ីប្រាក់ខែពីខ្ញុំ។ ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំណាមលៀរ បើនិយាយពីបងប្អូនជនជាតិចាមកាប់រាប់ពាន់ហិកតារ។ ប៉ុន្តែអត់មានបរិស្ថាន ចាប់ទេ បើបងប្អូនខ្មែរ និងបងប្អូនជនជាតិដើមភាគតិច ដែលគាត់ទៅកាប់ធ្វើចម្ការតិចតួច មកចាប់គ្នាដាក់គុក ប៉ុន្មាននាក់ហើយ។ អ្នកដែលមានលុយទៅកាប់អត់មានទេ»។
ឆ្លើយតបទៅនឹងការចោទប្រកាន់នេះ នាយកដែនជម្រកសត្វព្រៃស្រែពក លោក ប៉ែត ភក្ត្រា ធ្លាប់ប្រាប់អាស៊ីសេរីថា មូលហេតុដែលលោកប្ដឹង លោក គ្រើង តុលា ដោយសារការលើកឡើងនេះ គឺជារឿងមិនពិត៖ «ខុសការពិតមានន័យថា អ្វីដែលគាត់ចោទប្រកាន់វាអត់ត្រូវ។ គាត់គួរតែកុំបង្ហោះសារក្នុងបណ្ដាញសង្គម។ គាត់ត្រូវរាយការណ៍ជូនជំនាញថា ឥឡូវនេះ នៅទីតាំងនេះមានសិប្បកម្មនៅទីតាំងនោះ មានការកាប់ទន្ទ្រានដីព្រៃ ដើម្បីយើងសហការគ្នាក្នុងការទប់ស្កាត់។ សារយើងហ្នឹងជូនកាលវា អត់មានការពិត វាធ្វើឱ្យប៉ះពាល់កិត្តិយសអ្នកដទៃ ជាពិសេសរាជការសាធារណៈយើងហ្នឹងឯង»។
ប៉ុន្តែមន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍ នៃសមាគមអាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ យល់ថា ទង្វើរបស់លោក គ្រើង តុលា ធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ របស់អាជ្ញាធរមានសមត្ថកិច្ចខេត្តនេះ ព្រោះអំពើពុករលួយរឿងបទល្មើសព្រៃឈើ កំពុងកើតមានជាប្រព័ន្ធ។ លោកចាត់ទុក ការគំរាមកំហែង និងការប្តឹងពលរដ្ឋទៅតុលាការ ពីសំណាក់មន្ត្រីបរិស្ថាន ខេត្តមណ្ឌលគិរី ក្នុងបំណងបំបាក់ស្មារតីពលរដ្ឋ និងការពារផលប្រយោជន៍ របស់មន្ត្រីខិលខូច ដែលទទួលសំណូកពីបទល្មើសព្រៃឈើ៖ «គោលដៅរបស់គាត់តែមួយ គឺការពារផលប្រយោជន៍ជាតិ គឺការពារធនធានធម្មជាតិហ្នឹងឯង ធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ បុគ្គលអ្នកមានអំណាចមួយចំនួន ដែលជាប្រព័ន្ធ ប៉ះពាល់ទទួលប្រយោជន៍ ធ្វើឱ្យគេបាត់បង់ផលប្រយោជន៍ គេក៏ប្រើប្រាស់រូបភាពគំរាមកំហែង។ ប្រសិនបើអ្នកដឹកនាំរដ្ឋ មិនផ្ដល់សិទ្ធិអំណាចពលរដ្ឋចូលរួមទប់ស្កាត់បទល្មើសព្រៃឈើទេ រួមទាំងមិនស្វែងរកមន្ត្រី ដែលទទួលប្រយោជន៍ពីបទល្មើសទេ យកមកផ្ដន្ទាទោសទេ ព្រៃឈើយើងនឹងវិនាស»។
មន្ត្រីសង្គមស៊ីវិលរូបនេះ បន្ថែមថា ក្រមព្រហ្មទណ្ឌមាត្រា៥២៨ ចែងថា មន្ត្រីរាជការសាធារណៈ មិនប្ដឹងបរិហារ និងមិនអើពើបង្ក្រាបបទល្មើស ឋិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំដល់ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀលដល់ ៦លានរៀល។ ប៉ុន្តែមកទល់ពេលនេះ លោកសង្កេតឃើញ មិនទាន់ឃើញ មន្ត្រីនគរបាលយុត្តិធម៌ណាម្នាក់ ត្រូវជាប់ទោស តាមអំណាចក្រមព្រហ្មទណ្ឌនេះទេ បើទោះបីជាក្រុមពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិល បានប្ដឹងមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានខ្លះ ទៅតុលាការច្រើនសាមកហើយក្តី ពីបទបណ្ដែតបណ្ដោយឱ្យកើតមានឧក្រិដ្ឋកម្មព្រៃឈើ និងការកាប់ទន្ទ្រានព្រៃអស់រាប់ពាន់ហិកតារ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។