សង្គម​ស៊ីវិល​ធ្វើ​សិក្ខាសាលា​អំពី​ការ​អភិវឌ្ឍ​បៃតង​ការ​ប្រឈម​និង​កាលានុវត្តភាព

កម្ពុជា គឺ​ជា​ប្រទេស​មួយ​នៃ​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ងាយ​រងគ្រោះ​បំផុត​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ។ បញ្ហា​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល កំពុង​រៀប​ចំ​យុទ្ធសាស្ត្រ​អំពី​ការ​បញ្ជ្រាប​គោល​នយោបាយ​ការ​អភិវឌ្ឍ​បៃតង ទៅ​ក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ​របស់​ខ្លួន ពីព្រោះ​ថា ការ​ប្រែប្រួល​អាកាស​ធាតុ​ដែល​បណ្ដាល​មក​ពី​សកម្មភាព​មនុស្ស ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​បញ្ហា​សកលលោក ដែល​បាន​គំរាម​កំហែង​ដល់​ជីវភាព និង​សន្តិសុខ​របស់​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​លើ​ពិភពលោក។
ដោយ ទីន ហ្សាការីយ៉ា
2013-12-05
Share
ឈិត សំអាត ៦១០ នាយក​ប្រតិបត្តិ​នៃ​វេទិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា លោក ឈិត សំអាត ផ្ដល់​បទសម្ភាសន៍​ក្នុង​សិក្ខាសាលា​អំពី «ការ​អភិវឌ្ឍ​បៃតង ការ​ប្រឈម និង​កាលានុវត្តភាព» នៅ​ថ្ងៃ​ទី​៥ ធ្នូ ឆ្នាំ​២០១៣។
RFA/Tin Zakariya

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​បរិស្ថាន បាន​ឲ្យ​ដឹង​ថា កម្ពុជា មាន​គម្រោង​អភិវឌ្ឍន៍​បៃតង​ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០៣០ ដើម្បី​ឲ្យ​កម្ពុជា ក្លាយ​ទៅ​ជា​ប្រទេស​មួយ​រួច​ផុត​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ។

ការ​លើក​ឡើង​ដូច្នេះ​នៅ​ក្នុង​សិក្ខា​សាលា​មួយ ស្ដីពី​ការ​អភិវឌ្ឍ​បៃតង បញ្ហា​ប្រឈម និង​កាលានុវត្តភាព ឬ​ឱកាស​ដែល​រៀប​ចំ​ធ្វើ​ឡើង​ដោយ​បណ្ដាញ​សង្គម​ស៊ីវិល រ៉េតបូក នៃ​វេទិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល ស្ដីពី​កម្ពុជា (NGO Forrum on Cambodia) និង​អង្គការ​មូលនិធិ​សង្គ្រោះ​សត្វ​ព្រៃ (WWF) នា​ព្រឹក​ថ្ងៃ​ទី​៥ ធ្នូ នៅ​សណ្ឋាគារ​ខេមបូឌីយ៉ាណា (Cambodiana Hotel)។

រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន លោក​បណ្ឌិត យិន គិមស៊ាន មាន​ប្រសាសន៍​ថា ការ​អភិវឌ្ឍ​បៃតង មាន​សារសំខាន់​ណាស់​ក្នុង​ការ​ជួយ​ទប់ស្កាត់​បម្រែបម្រួល​អាកាស​ធាតុ និង​បំពុល​បរិស្ថាន និង​ធ្វើ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ជាតិ។

«សំឡេង»

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក យិន គិមស៊ាន មិន​បាន​ឆ្លើយ​សំណួរ​អ្នក​សារព័ត៌មាន ដែល​ថា ហេតុ​អ្វី​បាន​ជា​ក្រសួង​បរិស្ថាន មិន​ព្រម​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​កម្ពុជា?

គោល​នយោបាយ​ជាតិ​ស្ដីពី​ការ​អភិវឌ្ឍ​បៃតង និង​ផែន​ការ​យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​ការ​អភិវឌ្ឍ​បៃតង គឺ​សំដៅ​ការ​ការពារ គ្រប់គ្រង និង​ថែ​រក្សា​បរិស្ថាន ធនធាន​ធម្មជាតិ ជីវចម្រុះ​ព្រៃ​ឈើ ដី ទឹក និង​ខ្យល់ ដោយ​អនុវត្ត​តាម​ទិស​ដៅ​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​អនាគត​ដែល​យើង​ចង់​បាន។

នាយក​ប្រតិបត្តិ​នៃ​វេទិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា លោក ឈិត សំអាត លើក​ឡើង​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​មួយ​នៃ​បណ្ដា​ប្រទេស​ងាយ​រងគ្រោះ​ពី​ការ​បម្រែបម្រួល​អាកាស​ធាតុ ដូច្នេះ​កម្ពុជា ត្រូវ​គិតគូរ​ជា​យុទ្ធសាស្ត្រ​អំពី​របៀប​បញ្ជ្រាប​គោល​នយោបាយ​ការ​អភិវឌ្ឍ​បៃតង ទៅ​ក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក ឈិត សំអាត មាន​ប្រសាសន៍​ថា កម្ពុជា ទទួល​រង​នូវ​ការ​ប្រែប្រួល​អាកាស​ធាតុ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ តែ​បើ​សិន​ជា​គ្មាន​ការ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ទេ គម្រោង​អភិវឌ្ឍន៍​បៃតង​ពិបាក​ទទួល​ជោគជ័យ​ដែរ។

«សំឡេង»

ការ​ជំរុញ​ការ​អភិវឌ្ឍ​បៃតង នៅ​កម្ពុជា មាន​ន័យ​ថា ជា​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នឹង​ការ​អភិវឌ្ឍ​នា​ពេល​បច្ចុប្បន្ន តាម​រយៈ​ការ​អនុវត្ត​សកម្មភាព​ជា​យុទ្ធសាស្ត្រ​ផ្សេងៗ ដែល​មិន​នាំ​ឲ្យ​កម្ពុជា បាត់​បង់​ធនធាន​ធម្មជាតិ ប៉ះពាល់​បរិស្ថាន ខាត​បង់​សេដ្ឋកិច្ច​សង្គម និង​ធានា​នូវ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព។

លោក ឈិត សំអាត បន្ត​ថា កម្ពុជា ជា​ប្រទេស​មាន​ហានិភ័យ​ខ្ពស់​ផ្នែក​ប្រែប្រួល​អាកាស​ធាតុ។ បញ្ហា​នេះ បើ​សិន​ជា​រដ្ឋាភិបាល​គ្មាន​វិធាន​ការ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ធនធាន​ធម្មជាតិ​ឲ្យ​បាន​ទេ ប្រជាពលរដ្ឋ​កម្ពុជា នឹង​កាន់​តែ​ប្រឈម​រងគ្រោះ​ដោយសារ​គ្រោះ​ធម្មជាតិ​ផ្សេងៗ​កាន់​តែ​ច្រើន។

«សំឡេង»

សិក្ខា​សាលា​ស្ដីពី​ការ​អភិវឌ្ឍ​បៃតង​នេះ គឺ​ជំរុញ​ការ​យល់​ដឹង និង​កសាង​សមត្ថភាព​របស់​មន្ត្រី​រាជការ អង្គការ​មិន​មែន​រដ្ឋាភិបាល ផ្នែក​ឯកជន គ្រឹះស្ថាន​សិក្សា និង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត អំពី​ក្របខណ្ឌ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​បៃតង​នៅ​កម្ពុជា សម្រាប់​ការ​ចូល​រួម និង​គាំទ្រ​សហគមន៍​មូលដ្ឋាន​នៅ​ពេល​អនាគត និង​បញ្ហា​ផ្សេងៗ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។