មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថាន បានឲ្យដឹងថា កម្ពុជា មានគម្រោងអភិវឌ្ឍន៍បៃតងពីឆ្នាំ២០១៣ ដល់ឆ្នាំ២០៣០ ដើម្បីឲ្យកម្ពុជា ក្លាយទៅជាប្រទេសមួយរួចផុតពីការប្រែប្រួលអាកាសធាតុ ដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ។
ការលើកឡើងដូច្នេះនៅក្នុងសិក្ខាសាលាមួយ ស្ដីពីការអភិវឌ្ឍបៃតង បញ្ហាប្រឈម និងកាលានុវត្តភាព ឬឱកាសដែលរៀបចំធ្វើឡើងដោយបណ្ដាញសង្គមស៊ីវិល រ៉េតបូក នៃវេទិកាអង្គការមិនមែនរដ្ឋាភិបាល ស្ដីពីកម្ពុជា (NGO Forrum on Cambodia) និងអង្គការមូលនិធិសង្គ្រោះសត្វព្រៃ (WWF) នាព្រឹកថ្ងៃទី៥ ធ្នូ នៅសណ្ឋាគារខេមបូឌីយ៉ាណា (Cambodiana Hotel)។
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកបណ្ឌិត យិន គិមស៊ាន មានប្រសាសន៍ថា ការអភិវឌ្ឍបៃតង មានសារសំខាន់ណាស់ក្នុងការជួយទប់ស្កាត់បម្រែបម្រួលអាកាសធាតុ និងបំពុលបរិស្ថាន និងធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិ។
«សំឡេង»
ទោះបីជាយ៉ាងនេះក្ដី លោក យិន គិមស៊ាន មិនបានឆ្លើយសំណួរអ្នកសារព័ត៌មាន ដែលថា ហេតុអ្វីបានជាក្រសួងបរិស្ថាន មិនព្រមទប់ស្កាត់ឲ្យមានប្រសិទ្ធភាពក្នុងការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា?
គោលនយោបាយជាតិស្ដីពីការអភិវឌ្ឍបៃតង និងផែនការយុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍបៃតង គឺសំដៅការការពារ គ្រប់គ្រង និងថែរក្សាបរិស្ថាន ធនធានធម្មជាតិ ជីវចម្រុះព្រៃឈើ ដី ទឹក និងខ្យល់ ដោយអនុវត្តតាមទិសដៅរបស់អង្គការសហប្រជាជាតិ ស្ដីពីអនាគតដែលយើងចង់បាន។
នាយកប្រតិបត្តិនៃវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា លោក ឈិត សំអាត លើកឡើងថា ប្រទេសកម្ពុជា ជាប្រទេសមួយនៃបណ្ដាប្រទេសងាយរងគ្រោះពីការបម្រែបម្រួលអាកាសធាតុ ដូច្នេះកម្ពុជា ត្រូវគិតគូរជាយុទ្ធសាស្ត្រអំពីរបៀបបញ្ជ្រាបគោលនយោបាយការអភិវឌ្ឍបៃតង ទៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។
ទោះបីជាយ៉ាងនេះក្ដី លោក ឈិត សំអាត មានប្រសាសន៍ថា កម្ពុជា ទទួលរងនូវការប្រែប្រួលអាកាសធាតុ ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ តែបើសិនជាគ្មានការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើទេ គម្រោងអភិវឌ្ឍន៍បៃតងពិបាកទទួលជោគជ័យដែរ។
«សំឡេង»
ការជំរុញការអភិវឌ្ឍបៃតង នៅកម្ពុជា មានន័យថា ជាការដោះស្រាយបញ្ហាប្រឈមនឹងការអភិវឌ្ឍនាពេលបច្ចុប្បន្ន តាមរយៈការអនុវត្តសកម្មភាពជាយុទ្ធសាស្ត្រផ្សេងៗ ដែលមិននាំឲ្យកម្ពុជា បាត់បង់ធនធានធម្មជាតិ ប៉ះពាល់បរិស្ថាន ខាតបង់សេដ្ឋកិច្ចសង្គម និងធានានូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
លោក ឈិត សំអាត បន្តថា កម្ពុជា ជាប្រទេសមានហានិភ័យខ្ពស់ផ្នែកប្រែប្រួលអាកាសធាតុ។ បញ្ហានេះ បើសិនជារដ្ឋាភិបាលគ្មានវិធានការទប់ស្កាត់ការកាប់បំផ្លាញធនធានធម្មជាតិឲ្យបានទេ ប្រជាពលរដ្ឋកម្ពុជា នឹងកាន់តែប្រឈមរងគ្រោះដោយសារគ្រោះធម្មជាតិផ្សេងៗកាន់តែច្រើន។
«សំឡេង»
សិក្ខាសាលាស្ដីពីការអភិវឌ្ឍបៃតងនេះ គឺជំរុញការយល់ដឹង និងកសាងសមត្ថភាពរបស់មន្ត្រីរាជការ អង្គការមិនមែនរដ្ឋាភិបាល ផ្នែកឯកជន គ្រឹះស្ថានសិក្សា និងភាគីពាក់ព័ន្ធផ្សេងៗទៀត អំពីក្របខណ្ឌ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍បៃតងនៅកម្ពុជា សម្រាប់ការចូលរួម និងគាំទ្រសហគមន៍មូលដ្ឋាននៅពេលអនាគត និងបញ្ហាផ្សេងៗទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕