ក្រុមយុវជនការពារសង្គម និងបរិស្ថានគ្រោងធ្វើយុទ្ធនាការពាក់អាវយឺត ជំរុញឱ្យពលរដ្ឋចូលរួមការពារទន្លេមេគង្គ បន្ទាប់ពីប្រទេសឡាវគ្រោងសាងសង់ទំនប់វារីអគ្គិសនីលួងប្រាបាង ( LUANG PRABANG) ដែលជាទំនប់ថ្មីមួយទៀតនៅតួមេទន្លេមេគង្គ។ ពួកគេអះអាងថា យុទ្ធនាការនេះ នឹងរួមចំណែកយ៉ាងសំខាន់ផ្សព្វផ្សាយ ពីប្រយោជន៍ទន្លេមេគង្គ និងផលប៉ះពាល់អវិជ្ជមាននានា ដោយសារ ការសាងសង់ទំនប់វារីអគ្គិសនីនៅតួទន្លេមេគង្គក្នុងប្រទេសឡាវ។
ក្រុមយុវជនការពារសង្គម និងបរិស្ថាន ឱ្យដឹងថា ពួកគេគ្រោងនឹងបោះពុម្ពអាវយឺតរាប់រយអាវ នៅថ្ងៃទី១២ កុម្ភៈខាងមុខនេះ ដោយសរសេរពាក្យស្លោកថា «ពលរដ្ឋខ្មែរជាម្ចាស់ទន្លេមេគង្គ» ហើយ«ទន្លេមេគង្គជាអាយុជីវិតសត្វផ្សោត និងប្រភពចំណូលសហគមន៍» ក្នុងបំណងពញ្ញាក់ស្មារតីពលរដ្ឋខ្មែរ និងយុវជន ឱ្យងាកមកចាប់អារម្មណ៍ទន្លេមេគង្គ ដែលកំពុងទទួលរងការគំរាមកំហែង ក្រោមរូបភាពសាងសង់ទំនប់វារីអគ្គិសនីនៅតួទន្លេមេគង្គផ្នែកខាងលើរបស់ប្រទេសឡាវ។
ក្រុមយុវជនបានបង្ហាញក្តីកង្វល់រួមគ្នាទាក់ទិនបញ្ហានេះ និងស្នើឱ្យរដ្ឋាភិបាលឡាវ ត្រូវទទួលខុសត្រូវ ពីផលប៉ះពាល់របបជលសាស្ត្រ កែលម្អលំហូរកម្ទេចកំណក និងកែលម្អការបន្លាស់ទីឆ្លងដែនទៅមកពីខ្សែទឹកខាងលើ និងខ្សែទឹកខាងក្រោមរបស់ត្រី ជាពិសេសត្រូវធានាឱ្យបានពីសុវត្ថិភាពក្នុងការធ្វើនាវាចរ ដោយគ្មានឧបសគ្គ។
ប្រធានក្រុមយុវជនការពារសង្គម និងបរិស្ថាន លោក ជុំ ហួត ឱ្យដឹងថា ក្រុមយុវជនបារម្ភខ្លាំង ពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីលួងប្រាបាង របស់ឡាវ ដែលជាទំនប់ទី ៥ នៅតួទន្លេមេគង្គ ដែលគ្រោងនឹងសាងសង់នៅចុងឆ្នាំ២០២០។ លោកថា ក្រុមយុវជន និងសហគមន៍មូលដ្ឋាន នឹងធ្វើយុទ្ធនាការរួមគ្នាពាក់អាវយឺត ដើម្បីទាមទារឱ្យភាគីពាក់ព័ន្ធ ជាពិសេសគណៈកម្មការទន្លេមេគង្គ អន្តរាគមន៍ទៅរដ្ឋាភិបាលឡាវ ឱ្យគោរពស្មារតីកិច្ចព្រមព្រៀងទន្លេមេគង្គឆ្នាំ ១៩៩៥ និង ត្រូវទទួលខុសត្រូវខ្ពស់ រាល់ការអភិវឌ្ឍតាមដងទន្លេមេគង្គដូចជាការផលិតថាមពលអគ្គិសនី ក្នុងប្រទេសរបស់ខ្លួន ដែលប៉ះពាល់បរិស្ថានឆ្លងដែន ជីវភាពពលរដ្ឋ និងប្រាក់ចំណូលប្រជាជនខ្មែររាប់លាននាក់។ លោកចាត់ទុក ការសាងសង់ទំនប់វារីអគ្គិសនី នៅតួទន្លេមេគង្គ ជាការរួមចំណែកបំផ្លាញទន្លេមេគង្គ ជីវិតសត្វផ្សោត ប្រែប្រួលគុណភាពទឹក និងជីវភាពប្រជាជនរាប់លាននាក់៖ «សារទាំងអស់ហ្នឹង គឺបង្ហាញពីក្តីបារម្ភ បង្ហាញពីការឈឺចាប់ ដែលយើងបាត់បង់ ដែលយើងបាត់បង់ទន្លេមេគង្គ និងបាត់បង់ផ្សោត ហើយនៅពេលដែលពលរដ្ឋគាត់ឃើញសារយើងទាំងអស់ហ្នឹង គឺគាត់នឹងគាត់នឹងចូលរួមចំណែកបរិច្ចាគទិញ។ នៅពេលដែលពលរដ្ឋទិញហើយ គឺគាត់ចាប់ផ្ដើមមានការយល់ដឹងហើយ។ កាលណាគាត់មានការយល់ដឹងហើយ គាត់នឹងមានការចូលរួមជាមួយពួកយើង ធ្វើកិច្ចការផ្នែកទន្លេមេគង្គហ្នឹង ហើយមួយទៀតយើងអាចមានប្រាក់ចំណូលគ្រប់គ្រាន់ សម្រាប់ធ្វើយុទ្ធនាការ ដូចជាចុះស៊ើបអង្កេតនៅតាមដងទន្លេមេគង្គ»។
សមាជិកក្រុមយុវជនការពារសង្គម និងបរិស្ថាន លោក ប៊ុត សំបូរ អះអាងថា យុទ្ធនាការពាក់អាវយឺត របស់ពួកគេ គឺជាសញ្ញាបង្ហាញពីការស្រឡាញ់បរិស្ថាន និងបង្ហាញពីការមិនពេញចិត្ត គម្រោងសាងសង់ទំនប់វារីអគ្គិសនី លួងប្រាបាង នៅប្រទេសឡាវ។ លោកថា ក្រុមយុវជនប្រមាណជិត ១០០នាក់ នឹងសហការគ្នាធ្វើយុទ្ធនាការដើម្បីបង្ហាញក្តីកង្វល់ ពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីនេះ ដែលបង្កការលំបាកបន្ថែមទៀតលើពលរដ្ឋដែលរស់នៅខ្សែទឹកខាងក្រោម បន្ទាប់ពីសាងសង់រួច៖ «សកម្មភាពយើងធ្វើជៀសវាងមិនធ្វើ។ ប្រសិនបើយើងនៅតែសម្ងំ យើងនៅតែមិនបានធ្វើអ្វីសោះ ក៏វានៅតែប៉ុណ្ណឹង។ ហើយទប់បាន ឬមិនបានដោយប្រការណាមួយ តែវាបានបង្ហាញឱ្យឃើញ ពីសកម្មភាពរបស់ពួកយើងក្នុងការចូលរួម ការពារបរិស្ថានអស់ហ្នឹង។ ជាពិសេសយើងឃើញផ្ទាល់ភ្នែករយៈកាលប៉ុន្មានឆ្នាំមុន ក៏យើងមើលឃើញថា វាគួរឱ្យសោកស្ដាយ ប្រសិនជាមានការកសាងអី អ៊ីចឹងរហូតដល់បច្ចុប្បន្ន វាមានផលប៉ះពាល់ច្រើន។ យើងព្យាយាមធ្វើនេះបន្តទៀត បើទៅជាបានជោគជ័យប៉ុណ្ណា ក៏យើងទទួលយកវាបង»។
គម្រោងទំនប់វារីអគ្គិសនីលួងប្រាបាង (LUANG PRABANG) គឺជាទំនប់ខ្នាតធំលំដាប់ទី ៥ របស់ឡាវ ដែលនឹងសាងសង់នៅតួមេនៃទន្លេមេគង្គ បន្ទាប់ពីទំនប់វារីអគ្គិសនីសាយ៉ាបូរី (Xayaburi) ទំនប់ប៉ាក់ឡាយ (Pak Lay) ទំនប់បាក់បេង (Pak Beng) និងទំនប់ដនសាងហុង (Don Sahong)។ ទំនប់វារីអគ្គិសនីលួងប្រាបាងនេះអាចផលិតថាមពលអគ្គិសនី បាន ១៤៦០ មេហ្កាវ៉ាត់ ដែលគេរំពឹងថា នឹងចំណាយពេល ៦ឆ្នាំ ក្នុងការសាងសង់ និងដាក់ឱ្យដំណើរការនៅឆ្នាំ ២០២៧។
ក្រុមអង្គការសង្គមស៊ីវិល ៥ស្ថាប័នរួមមាន វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល FACT សមាគមថែរក្សាបរិស្ថាន និងវប្បធម៌ អង្គការភូមិខ្ញុំ និងបណ្ដាញការពារទន្លេសេសាន ស្រែពក និងសេកុង បានចេញសេចក្ដីថ្លែងការណ៍បង្ហាញពីក្តីព្រួយបារម្ភរបស់ខ្លួន ទាក់ទិនការប្រែប្រួលទឹកទន្លេមេគង្គក្រោម បន្ទាប់ពីឡាវគ្រោងសាងសង់ទំនប់លួងប្រាបាងនេះ។
សេចក្តីថ្លែងការណ៍បន្ថែមថា ប្រសិនបើទំនប់នេះសាងសង់រួចរាល់ នឹងបង្កផលប៉ះពាល់ឆ្លងដែន រួមមាន ការបន្លាស់ទីរបស់ត្រី លំហូរជលសាស្ត្រ និងកំណកកករ ជាពិសេស ប៉ះពាល់លំហូរជលសាស្ត្រទឹកទន្លេមេគង្គផ្នែកខាងក្រោម នឹងជួបប្រទះញឹកញាប់នូវកម្រិតលំហូរទឹកទាប និងខ្ពស់។
សេចក្ដីថ្លែងការណ៍ដដែលបន្ថែមថា ករណីគ្រោះធម្មជាតិដូចជា ទឹកជំនន់ គ្រោះរាំងស្ងួត នឹងកើតមានកាន់តែធ្ងន់មួយកម្រិតទៀត ខណៈដែលក្រុមអង្គការសង្គមស៊ីវិលមើលឃើញថា គម្រោងនេះ ហាក់មិនទាន់មានវិធានការច្បាស់លាស់ ដើម្បីកាត់បន្ថយផលប៉ះពាល់នៅឡើយទេ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ចាត់ទុកយុទ្ធនាការពាក់អាវយឺតរបស់ក្រុមយុវជន គឺជាសិទ្ធិសម្តែងមតិរបស់ពួកគេ។ លោកថា ទន្លេមេគង្គគ្រប់គ្រងដោយគណៈកម្មការទន្លេមេគង្គ (Mekong River Committee) ហើយរដ្ឋាភិបាលកម្ពុជាពិបាកលូកដៃក្នុងរឿងនេះណាស់។ លោកជំរុញឱ្យសួរទៅ គណៈកម្មការទន្លេមេគង្គជាតិកម្ពុជាវិញ «ជាសិទ្ធិសេរីភាពដែលពលរដ្ឋរបស់យើងទទួលបានកិច្ចការពារពីរដ្ឋធម្មនុញ្ញ។ ទន្លេមេគង្គគ្រប់គ្រងដោយអង្គការទន្លេមេគង្គ គណៈកម្មការទន្លេមេគង្គ ក្នុងលក្ខណៈជាតំបន់ ក៏ដូចជាលក្ខណៈអន្តរជាតិ។ អាហ្នឹងឱ្យយល់។ រដ្ឋាភិបាលតែឯងយើងពិបាកលូកដៃលូកជើងជាមួយណាស់»។
អាស៊ីសេរីបានព្យាយាមទាក់ទង ប្រធានគណៈកម្មការគ្រប់គ្រងទន្លេមេគង្គកម្ពុជា លោក តែ ណាវុធ ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរស័ព្ទហៅចូល គ្មានអ្នកទទួល នៅថ្ងៃទី១១ កុម្ភៈ។
សេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គ ដែលចេញផ្សាយកាលពីថ្ងៃទី៧ ខែកុម្ភៈនេះ បង្ហាញថា ភាគីពាក់ព័ន្ធបង្ហាញក្តីបារម្ភពីផលប៉ះពាល់ឆ្លងដែន បន្ទាប់ពីប្រទេសឡាវ គ្រោងសាងសង់ទំនប់លួងប្រាបាង។ គណៈកម្មការទន្លេមេគង្គអំពាវនាវដល់រដ្ឋាភិបាលឡាវ ប្រឹងប្រែងអនុវត្ត វិធានការណ៍នានាឱ្យបានហ្មត់ចត់ ដើម្បីកាត់បន្ថយ ផលប៉ះពាល់ឆ្លងដែនដែលអាចកើតមាន។
នាយកប្រតិបត្តិអង្គការបណ្ដាញការពារទន្លេបី (3 S River Protection Network) លោក លាង ប៊ុនលាភ ថ្លែងថា ក្រុមអង្គការសង្គមស៊ីវិលប្រកាសជំហរមិនគាំទ្រគម្រោងទំនប់វារីអគ្គិសនីលួងប្រាបាងនេះទេ ហើយពួកគេចង់ឱ្យរដ្ឋាភិបាលឡាវ គួរពិចារណាអភិវឌ្ឍន៍ថាមពលប្រភពផ្សេងទៀត ដូចជា ថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ជាដើម។ លោកថា កិច្ចពិភាក្សាប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ នៅមិនទាន់ធ្វើឡើងគ្រប់ជ្រុងជ្រោយផ្អែកតាមកិច្ចព្រមព្រៀងគណៈកម្មការទន្លេមេគង្គ ឆ្នាំ ១៩៩៥ នៅឡើយទេ ទាក់ទិនគម្រោងសាងសង់ទំនប់វារីអគ្គិសនីលួងប្រាបាងនេះ៖ «ការសិក្សាដោយមិនបានរួមបញ្ចូល ពីផលប៉ះពាល់លំហូរឆ្លងដែន នៅប៉ែកខាងក្រោម ឱ្យបានទូលំទូលាយ គឺជារឿងមួយដែលមិនមានយុត្តិធម៌ មិនមានការប្រើប្រាស់សមភាពគ្នារវាងប្រទេសខាងលើ ប្រទេសខាងក្រោម ក្នុងការយកទន្លេមេគង្គទៅប្រើប្រាស់នោះទេ។ នេះឯងវាខុសពី កិច្ចព្រមព្រៀងឆ្នាំ ១៩៩៥ ដែលយើងត្រូវការជជែក ពីរឿងគុណភាពទឹកដែលមានចំនួន ៦ ទៅ ៧ចំណុច។ ការសិក្សាពីការលើកឡើង ការអភិវឌ្ឍទំនប់នៅលើតួទន្លេ គឺជារឿងមួយដែលយើងត្រូវធ្វើឱ្យបានល្អិតល្អន់គ្រប់ជ្រុងជ្រោយ»។
ក្រុមអង្គការសង្គមស៊ីវិល ៥ស្ថាប័ន ស្នើឱ្យរដ្ឋាភិបាលឡាវដែលជាម្ចាស់គម្រោង និងគណៈកម្មការទន្លេមេគង្គ ត្រូវផ្ដល់ដំណោះស្រាយសមស្រប ពីផលប៉ះពាល់ឆ្លងដែន ដើម្បីធានាការប្រើប្រាស់ទឹកទន្លេមេគង្គឱ្យមានសមភាព និងសមហេតុផល ផ្អែកតាមគោលការណ៍គ្រឹះនៃកិច្ចព្រមព្រៀង ទន្លេមេគង្គឆ្នាំ ១៩៩៥៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។