ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៦ ខែមេសា បានបញ្ជាឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់ ប្រើយុទ្ធនាការដឹកទឹកចែកជូនប្រជាពលរដ្ឋ មិនត្រូវទុកឲ្យប្រជាពលរដ្ឋណាម្នាក់ជួបគ្រោះថ្នាក់ដោយសារបញ្ហាខ្វះទឹកនោះឡើយ។ ករណីនេះ អ្នកជំនាញកសិកម្មយល់ថា វិធានការនេះឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋបានរយៈពេលខ្លីប៉ុណ្ណោះ។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសអាសន្នថា ក្នុងឆ្នាំនេះបញ្ហាខ្វះទឹកកំពុងស្ថិតក្នុងស្ថានការណ៍គ្រោះមហន្តរាយដល់ប្រជាពលរដ្ឋ។
បញ្ហានេះ ត្រូវបានលើកឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៦ ចាប់ពីក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទៅក្រុងសំរោង ខេត្តឧត្តរមានជ័យ នាថ្ងៃទី២៦ ខែមេសា។
ថ្លែងក្នុងពិធីនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា គ្រោះរាំងស្ងួតបណ្ដាលឲ្យខ្វះទឹកប្រើប្រាស់ កំពុងប៉ះពាល់ដល់ជីវភាពពលរដ្ឋទូទាំងប្រទេស ក៏ដូចជាពិភពលោក។ ទន្ទឹមគ្នានេះ លោក ហ៊ុន សែន បានចេញបញ្ជា និងប្រកាសដាក់ចេញនូវយុទ្ធនាការទ្រង់ទ្រាយធំ ដោយបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចទូទាំងប្រទេស ត្រូវតែដោះស្រាយបញ្ហាខ្វះទឹកនេះជាបន្ទាន់៖ «នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ប្រមូលផ្ដុំការខិតខំទាំងអស់ដើម្បីដោះស្រាយទឹកឲ្យប្រជាជនប្រើប្រាស់ ក្នុងនឹងមិនត្រូវឲ្យប្រជាជនគ្រោះថ្នាក់ដោយសារខ្វះខាតទឹកនោះទេ នេះជាបទបញ្ជាដាច់ណាត់ ដែលគ្រប់ស្ថាប័នមានភារកិច្ចអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវធ្វើការងារនេះ។ អាជ្ញាធរគ្រោះមហន្តរាយមិនអាចដោះស្រាយបញ្ហានេះតែម្នាក់ឯងបានទេ ត្រូវតែប្រមូលផ្តុំគ្នា ទាំងមធ្យោបាយសរុប វិធានការសរុប កម្លាំងសរុប ដើម្បីដោះស្រាយបញ្ហានេះឲ្យខានតែបាន»។
ជាងនេះទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ប្រកាសមិនឲ្យក្រសួងនានា កោះហៅអភិបាលខេត្តឡើងទៅប្រជុំនៅភ្នំពេញឡើយ ដោយទុកពេលវេលាឲ្យអភិបាលខេត្តទាំងអស់ ប្រើយុទ្ធនាការដឹកទឹកចែកជូនប្រជាពលរដ្ឋ។ លោកអំពាវនាវឲ្យវិស័យឯកជន និងគណបក្សនយោបាយ ចូលរួមបរិច្ចាគទាំងទឹក និងថវិកា ជូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា លោក សម វិទូ សាទរវិធានការនេះ ប៉ុន្តែលោកយល់ថា វិធានការនេះអាចជួយសង្គ្រោះដល់ជីវភាពប្រជាពលរដ្ឋបានរយៈពេលខ្លីប៉ុណ្ណោះ មិនអាចធានាតុល្យភាពស្បៀង និងជីវភាពរបស់ពលរដ្ឋទៅថ្ងៃមុខឡើយ។ លោកយល់ថា ទន្ទឹមយុទ្ធនាការដឹកទឹកចែកជូនពលរដ្ឋ រដ្ឋាភិបាលគួរតែដាក់ផែនការរយៈពេលវែង និងច្បាស់លាស់ ដោយធ្វើការកសាងប្រភពទឹកសំខាន់ៗ ទើបអាចដោះស្រាយបញ្ហាទឹកជូនពលរដ្ឋរយៈពេលវែងបាន។
ចំណែកឯនាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិក្សាដើម្បីអភិវឌ្ឍន៍កសិកម្ម និងប្រព័ន្ធចិញ្ចឹមជីវិត លោក សួន សេង យល់ថា យុទ្ធនាការនេះអាចនឹងគ្មានប្រសិទ្ធភាព ប្រសិនបើរដ្ឋាភិបាលខ្វះទឹកស្តុកទុកសម្រាប់ចែកជូនពលរដ្ឋ និងកង្វះមធ្យោបាយដឹកជញ្ជូនទឹកជូនពលរដ្ឋ។ លោកយល់ថា ប្រការល្អ រដ្ឋាភិបាលគួរមានមូលនិធិសម្រាប់ថ្នាក់ក្រោមជាតិ និងអាជ្ញាធរដែនដីផ្ទាល់ ធ្វើយ៉ាងណាជំរុញឲ្យមានការជីកស្រះជាលក្ខណៈគ្រួសារ និងសហគមន៍ដើម្បីត្រៀមទុករដូវក្រោយ៖ «អ្វីដែលយើងអាចដោះស្រាយ ឲ្យបានទូលំទូលាយជាងហ្នឹង គឺការវិនិយោគឲ្យមានការធ្វើអាងស្តុកទឹកជាលក្ខណៈគ្រួសារ គឺជាមធ្យោបាយដែលប្រសើរបំផុត»។
ក្រសួងធនធានទឹក និងឧតុនិយម ឲ្យដឹងថា គ្រោះរាំងស្ងួតដែលបណ្ដាលឲ្យខ្វះទឹកប្រើប្រាស់ បានធ្វើឲ្យប៉ះពាល់ដល់ផលដំណាំកសិកម្ម និងពលរដ្ឋជាង ៥ម៉ឺនគ្រួសារនៅទូទាំងប្រទេស។ ខេត្តដែលប៉ះពាល់ខ្លាំងជាងគេ គឺខេត្តកំពង់ធំ និងខេត្តឧត្តរមានជ័យ ដែលមានរហូតជាង ២ម៉ឺនគ្រួសារ។
ទោះបីជាយ៉ាងណាក៏ដោយ ទាំងកសិករ និងអ្នកធ្វើការពាក់ព័ន្ធក្នុងវិស័យកសិកម្មយល់ថា ទោះបីជាកន្លងមកមានការអំពាវនាវពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់មន្ត្រីពាក់ព័ន្ធ និងមានការសន្យាជាច្រើនលើកច្រើនសាពីស្ថាប័នពាក់ព័ន្ធ ថានឹងចាត់វិធានការដោះស្រាយបញ្ហាខ្វះទឹកក្ដី តែហាក់នៅតែគ្មានប្រសិទ្ធភាព។ ផ្ទុយទៅវិញ ជាច្រើនឆ្នាំមកនេះ ពលរដ្ឋកម្ពុជា នៅតែរស់នៅក្នុងស្ថានភាពខ្វះទឹកប្រើប្រាស់ដដែល ដោយសាររដ្ឋាភិបាលមិនទាន់មានយន្តការជាក់លាក់ក្នុងការស្ដារព្រែក បឹងបួ កសាងអាងស្តុកទឹក និងប្រព័ន្ធធារាសាស្ត្រ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។