លោក ហ៊ុន សែន ថ្លែង​ថា កំណើន​នៃ​កម្ដៅ​ផែនដី និង​គ្រោះ​ធម្មជាតិ​កំពុង​មាន​ឥទ្ធិពល​ខ្លាំង

0:00 / 0:00

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើក​ឡើង​ក្នុង​នាម​ប្រធាន​ប្ដូរ​វេន​អាស៊ាន​ថា បម្រែបម្រួល​អាកាស​ធាតុ ការ​កើន​ឡើង​នៃ​កម្ដៅ​ផែន​ដី និង​គ្រោះ​ធម្មជាតិ កំពុង​លេច​រូប​រាង និង​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើង ដែល​អាច​បង្ក​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ចរន្ត​សេដ្ឋកិច្ច និង​ការ​ធ្លាក់​ចុះ​តម្លៃ​ផលិតផល​នៅ​លើ​សាកល​លោក។ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​យល់​ថា ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន គឺជា​ការ​ដាស់​តឿន​ដល់​ប្រទេស​សមាជិក​អាស៊ាន​ឱ្យ​មាន​ឆន្ទៈ​ការពារ​ធន​ធាន​ធម្មជាតិ ដើម្បី​ទ្រទ្រង់​លំ​នឹង​ផែន​ដី។ ទោះ​ជា​យ៉ាង​ណា អ្នក​ស្រឡាញ់​បរិស្ថាន​មើល​ឃើញ​ថា កម្ពុជា​នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ភោគ​ទ្រព្យ​ជាតិ​រង​ការ​បំផ្លិច​បំផ្លាញ​ធ្ងន់ធ្ងរ ជាពិសេស ការ​បង្ក​ឱ្យ​មាន​វិនាសកម្ម​ព្រៃ​ឈើ​នៅ​កម្ពុជា​ដែល​មាន​ទំហំ​ធំធេង។

ថ្លែង​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ថាមពល​អាស៊ាន​លើក​ទី៤០ និង​វេទិកា​ធុរកិច្ច​ថាមពល​អាស៊ាន​ឆ្នាំ២០២២ នៅ​ថ្ងៃ​ទី១៥ កញ្ញា ក្រោម​ប្រធាន​បទ បង្កើន​ល្បឿន​អន្តរកាល​ថាមពល ការ​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ និង​កំណើន​ប្រកប​ដោយ​ជីវភាព លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន លើក​ឡើង​ថា ការ​កើន​ឡើង​នៃ​កម្ដៅ​ផែន​ដី និង​បញ្ហា​គ្រោះ​ធម្មជាតិ កំពុង​លេច​រូប​រាង និង​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើង ដែល​ជា​រឿង​គួរ​ឱ្យ​ព្រួយបារម្ភ​នៃ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​សេដ្ឋកិច្ច និង​ផលិត​ផល​នៅ​លើ​ពិភពលោក។

លោក ហ៊ុន សែន​ថា អាស៊ាន និង​ប្រទេស​ពិភព​ជុំវិញ​ពិភព​លោក ចាំ​បាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​អន្តរកាល​ថាមពល ដែល​ជា​គន្លឹះ​ក្នុង​ការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​ឡើង​វិញ។ លោក ហ៊ុន សែន លើក​ឡើង​បន្ត​ថា កម្ពុជា បាន​ខិតខំ​ក្នុង​ការ​បញ្ចូល​ប្រភព​ថាមពល​ដែល​កើត​មាន​ពី វារីអគ្គិសនី ថាមពល​ដើរ​ដោយ​ព្រះអាទិត្យ និង​ថាមពល​ជីវម៉ាស់ បាន​កើន​ឡើង​ដល់ ៤០ភាគរយ នៃ​ថាមពល​សរុប​កម្ពុជា។

អ្នក​ឃ្លាំ​មើល​បញ្ហា​ធនធាន​បរិស្ថាន លើក​ឡើង​ឡើង​ថា ការ​ថ្លែង​របស់ លោក ហ៊ុន សែន ទំនង​គ្មាន​ឥទ្ធិពល​ទៅ​កាន់​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​ឱ្យ​ប្រឹងប្រែង​រក្សា​ធន​ធាន​ធម្មជាតិ​ឱ្យ​មាន​ស្ថិរភាព​ឡើយ ខណៈ​ដែល​កម្ពុជា​ខ្លួន​ឯង​ផ្ទាល់​កំពុង​ការ​រង​រិះគន់​អំពី​ការណ៍​រដ្ឋាភិបាល​បណ្ដែត​បណ្ដោយ​ឱ្យ​មាន​ការ​បំផ្លិច​បំផ្លាញ​ធន​ធាន​ធម្មជាតិ និង​ការ​បង្ក​ឱ្យ​មាន​វិនាសកម្ម​ព្រៃឈើ ដោយ​គ្មាន​អាជ្ញាធរ​រដ្ឋាភិបាល​ស៊ើប​អង្កេត​រក​មេខ្លោង​នៃ​ក្រុម​ឧក្រិដ្ឋជន​មក​ដាក់​ទោស​ទណ្ឌ​នៅ​ឡើយ។

ប្រធាន​ផ្នែក​កម្មវិធី​ស្រាវ​ជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ហេង គឹមហុង យល់ថា ការ​ថ្លែង​របស់​ប្រធាន​ប្ដូរ​អាស៊ាន គឺ​ជា​សញ្ញា​ល្អ​មួយ សម្រាប់​មេ​ដឹក​នាំ​នៃ​ប្រទេស​អាស៊ាន​នីមួយៗ ឱ្យ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ ដើម្បី​ទប់​ស្កាត់​នឹង​គ្រោះ​ធម្មជាតិ។ ទោះ​បី​ជា​យ៉ាង​ណា លោក​សង្កត់​ធ្ងន់​ថា មេដឹក​នាំ​កម្ពុជា​គួរ​តែ​បង្ហាញ​ឆន្ទៈ និង​ការ​ប្ដេជ្ញា​ខ្ពស់​បន្ថែម​ទៀត លើ​កិច្ច​ការ​ពារ​ធនធាន​បរិស្ថាន​ល្អ ការ​អភិរក្ស​ធន​ធាន​ព្រៃ​ឈើ​ដែល​បន្សល់​ទុក​ចុង​ក្រោយ ដើម្បី​អាច​ឱ្យ​ប្រជាជាតិ​កម្ពុជា​ទាំង​មូល​នៅ​មាន​វត្ត​មាន​ធនធាន​ធម្មជាតិ​ក្នុង​ការ​រួមចំណែក​ទប់​ទល់​នឹង​ការ​កើន​ឡើង​នៃ​កម្ដៅ​ផែនដី​ជាមួយ​បណ្ដា​ប្រទេស​ជុំវិញ​ពិភពលោក៖ « យើង​បាន​ដឹង​ហើយ​ថា ប្រសិន​ជា​បន្ត​ឱ្យ​បាត់បង់​គម្រប​ព្រៃ​តទៅទៀត​បញ្ហា បម្រែបម្រួល​អាកាស​ធាតុ នឹង​កាន់​តែ​ជះ​ឥទ្ធិពល ពី​ព្រោះ​អី​ពុំ​មាន​ដើម​ឈើ​គ្រប់​គ្រាន់ ក្នុង​ការ​ទាញ​យក​ថាមពល​ផ្ទាំង​កញ្ចក់ ឬ​ក៏​ការ​បញ្ចេញ​ថាមពល ជាតិ​ពុល​ច្រើន​ពេក​មិន​មាន ស្រូប​យក​ទៅ​វិញ​ពី​សំណាក់​ដើម​ឈើ ដើម្បី​បង្វែរ អុក​ស៊ី​សែន​ហ្នឹង ធ្វើ​ឱ្យ​កម្ដៅ​នៅ​លើ​ភព​ផែនដី នឹង​កាន់​តែ​ក្ដៅ ដោយ​សារ​តែ​កម្រិត​ផ្ទាំង​កញ្ចក់​ខ្ពស់ បង្កើត​ឡើង​អំពី សារ​ជាតិ​ពុល​ក្នុង​បរិយាកាស។ ដូច្នេះ ខ្ញុំ​ចង់​ឱ្យ ប្រទេស​កម្ពុជា មាន​ការ​ប្ដេជ្ញា​ចិត្ត ក្នុង​កិច្ច​ការពារ​ព្រៃ​ឈើ ដូចជា​ការ​ប្ដេជ្ញា​ចិត្ត ក្នុង​ការ​មិន​ឱ្យ​មាន​ទំនប់​វារីអគ្គិសនី​តាម​ដង​ទន្លេ​មេគង្គ និង​មិន​ឱ្យ​មាន​រោងចក្រ​ធ្យូង​ថ្ម​ថ្មី​នៅ​កម្ពុជា​អ៊ីចឹង »

កម្ពុជា​ក្រោម​ការ​ដឹក​នាំ​ដោយ​លោក ហ៊ុន សែន ព្រម​ទាំង​មាន​ក្រសួង​បរិស្ថាន​ដែល​ជា​សេនាធិការ​របស់​លោក​ផង ហាក់​បាន​រង​ការ​រិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ជា​បន្ត​បន្ទាប់​ថា អសមត្ថភាព​ក្នុង​ការ​ថែរក្សា​ធនធាន​ធម្មជាតិ និង​ថែម​ទាំង​ប្រើ​អំណាច​បង្ក្រាប រឹត​ត្បិត​សិទ្ធិ​ពលរដ្ឋ សកម្មជន​បរិស្ថាន ដែល​មាន​ឆន្ទៈ​ចូល​រួម​ការពារ​អភិរក្ស​ព្រៃ​នៅ​តំបន់​មួយ​ចំនួន​ទៀត​ផង។ ទោះ​ជា​យ៉ាង​ណា តំបន់​ព្រៃឡង់​ស្ថិត​ក្នុង​ខេត្ត​ចំនួន៤ មាន​ដូចជា ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ​ជាដើម ដែល​ត្រូវ​បាន​អ្នក​ជំនាញ​បរិស្ថាន​ថា ផ្ដល់​ប្រយោជន៍​សម្រាប់​មនុស្ស​ជាតិ ហើយ​តែង​តែ​មាន​អង្គការ​អន្តរជាតិ​ផ្តល់​ជំនួយ​ក្នុង​ការ​ពារ​ផង​នោះ បច្ចុប្បន្ន​បទ​ល្មើស​ព្រៃ​ឈើ​តូច​ធំ ដែល​ក្រុម​ឧក្រិដ្ឋជន​កាប់​បំផ្លាញ​ដឹក​ឈើ​លក់​ទៅ​ក្រៅ​ប្រទេស​នោះ ហាក់​កំពុង​កើត​មាន​ឡើង​ឥត​ថមថយ។ ក្រៅ​ពី​នេះ ធន​ធាន​រ៉ែ​ក្បែរ​ជើង​ភ្នំ ទន្លេ ឆ្នេរ​សមុទ្រ ព្រម​ទាំង​បឹង​បួរ​ជាច្រើន​ដែល​តែង​តែ​ផ្ដល់​ការ​អាស្រ័យ​ផល​ដល់​ប្រជា​សហគមន៍ ក៏​ត្រូវ​ឈ្មួញ ឬ​អ្នក​មាន​អំណាច​ជីក​គាស់​កកាយ និង​ចាក់​ដី​លុប​បំពេញ​ក្រោម​រូបភាព​អភិវឌ្ឍ។

សហរដ្ឋ​អាមេរិក​កាលពី​ខែ​មិថុនា ឆ្នាំ២០២១ បាន​ប្រកាស​បញ្ចប់​ជំនួយ​ដល់​រដ្ឋាភិបាល​កម្ពុជា ក្រោម​គម្រោង​ព្រៃឡង់​បៃតង​ដោយ​លើក​ហេតុផល​ថា «បញ្ហា​មិន​ត្រូវ​បាន​ដោះស្រាយ» ដែល​បណ្ដាល​ឱ្យ​បទល្មើស​ចេះតែ​បន្ត​កើតមាន​កាន់តែ​ខ្លាំង។

ជាមួយ​គ្នា​នេះ កាលពី​ចុង ខែ​មករា ឆ្នាំ២០២២ អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) ចេញ​របាយការណ៍​មួយ ដែល​មាន​ចំណងជើង​ថា «ការ​កាប់​ឈើ​ខុស​ច្បាប់​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ និង​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច»។ របាយការណ៍​ដដែល​បង្ហាញ​ថា នៅ​ក្នុង​ឆ្នាំ២០២១ ព្រៃឈើ​ចំនួន ៦.២៧១ហិកតារ ត្រូវ​បាន​កាប់​បំផ្លាញ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ចំនួន​ពីរ ក្នុង​នោះ​មាន​ដែន​ជម្រក​សត្វ ព្រៃ​ឡង់ និង​ដែន​ជម្រក​សត្វ ព្រៃ​ព្រះ​រកា មានការ​កាប់​ឈើ​ដោយ​ខុសច្បាប់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​កំពុង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ និង​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច។

ដោយឡែក ​របាយការណ៍​របស់​អ្នកស្រាវជ្រាវ​នៃ​សកល​វិទ្យាល័យ Copenhagen ប្រទេស​ដាណឺម៉ាក ដែល​បាន​ស្រាវជ្រាវ​អំពី​ព្រៃ​ឡង់​នៅ​ប្រទេស​កម្ពុជា បាន​ចេញ​ផ្សាយ​នៅ​ដើម​ឆ្នាំ២០២០ បង្ហាញ​ថា ព្រៃឡង់​នៅ​កម្ពុជា​នៅតែ​បន្ត​បាត់បង់​គួរ​ឱ្យ​ព្រួយបារម្ភ ហើយ​ការ​កាប់​បំផ្លាញ​មាន​ការ​កើន​ឡើង​ជាង ៧០ភាគរយ ក្នុង​ឆ្នាំ២០១៩ បើ​ធៀប​នឹង​ឆ្នាំ​មុនៗ។ របាយការណ៍​នេះ​បញ្ជាក់​ថា ចាប់​តាំង​ពី​ឆ្នាំ២០០០ ដល់​ឆ្នាំ២០១៩ ព្រៃឡង់​បាត់បង់​ប្រមាណ ៤៧.៤០០ហិកតារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។