បាតុករ​រិះគន់​បញ្ហា​ខ្វះ​បង្គន់​អនាម័យ​នៅ​ទីលាន​ប្រជាធិបតេយ្យ

ពលរដ្ឋ​ចូល​រួម​បាតុកម្ម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ត្អូញត្អែរ​ពី​កង្វះ​បង្គន់​អនាម័យ​នៅ​ក្នុង​ទីលាន​ប្រជាធិបតេយ្យ បើ​ទោះ​បី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួល​ថែម​បង្គន់​ថ្មី ៥​បន្ទប់​ទៀត ដើម្បី​បម្រើ​សេវា​អនាម័យ​ក៏ដោយ។
ដោយ អ៊ុក សាវបូរី
2013-12-17
Share
បង្គន់​អនាម័យ ទីលាន​ប្រជាធិបតេយ្យ ៦១០ ១៦-ធ្នូ-២០១៣៖ បង្គន់​អនាម័យ​នា​ទីលាន​ប្រជាធិបតេយ្យ។
RFA/Ouk Savborey

ថ្ងៃ​ទី​២ នៃ​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ​មាន​ការ​រិះគន់​ថា បង្គន់​អនាម័យ​នៅ​ខ្វះ​បន្ទប់​ច្រើន​ទៀត ឯ​សំរាម​មិន​ទាន់​បាន​ដឹក​ចេញ​ក្រៅ តែ​ក៏​មិន​ទាន់​មាន​អ្នក​ឈឺ​ធ្ងន់ធ្ងរ​ដែរ ខណៈ​ប្រជាពលរដ្ឋ​ច្រើន​ពាន់​នាក់​បន្ត​ស្នាក់​នៅ ដើម្បី​គាំទ្រ​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ។

ការ​រិះគន់​នេះ បាន​ធ្វើ​ឡើង​ពី​ក្រុម​អ្នក​ចូល​រួម​បាតុកម្ម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទាមទារ​ឲ្យ លោក ហ៊ុន សែន ចុះ​ពី​តំណែង និង​រៀប​ចំ​ការ​បោះ​ឆ្នោត​ឡើង​វិញ។

ជនជាតិ​ដើម​ភាគ​តិច​ក្រឹង លោក រ៉ាន់ សាយលឿន មក​ពី​ភូមិ​ថ្មដា សង្កាត់​បឹងកន្សែង ខេត្ត​រតនគិរី ថ្លែង​ថា បង្គន់​ងាយ​ស្រួល​ប្រើ ប៉ុន្តែ​វា​ខ្វះ​បន្ទប់​មិន​អាច​បម្រើ​អ្នក​ប្រើប្រាស់​បាន​ទាន់​ពេល៖ «មនុស្ស​រង់ចាំ​តៗ​គ្នា​ដើម្បី​ចូល​បង្គន់ អ៊ីចឹង​មិន​បាន​ចូល​ច្រើន វា​មិន​បាន​ដូច​វគ្គ​មុនៗ ថ្ងៃ​២៣ ខែ​តុលា វា​សម្បូរៗ​បង្គន់ តែ​ឥឡូវ​វា​អត់​សូវ​សម្បូរ​បង្គន់​ប៉ុន្មាន​ទេ»

ជនជាតិ​ដើម​ភាគ​តិច​ទំពួន មក​ពី​ឃុំ​កិចុង ស្រុក​បរកែវ ខេត្ត​រតនគិរី សុំ​មិន​បញ្ចេញ​ឈ្មោះ​ថ្លែង​ថា នៅ​ក្នុង​មូលដ្ឋាន​គាត់​មិន​មាន​បង្គន់​អនាម័យ​ប្រើ​ទេ ព្រោះ​ជនជាតិ​ភាគ​តិច​មិន​សូវ​និយម​បង្គន់។ ប៉ុន្តែ នៅ​ពេល​គាត់​មក​ដល់​ទីក្រុង​ភ្នំពេញ គាត់​គិត​ថា អ្នក​នៅ​ទីក្រុង​ប្រាកដ​ជា​រស់​នៅ​ស្អាត មាន​អនាម័យ តែ​បែរ​ជា​មាន​អ្នក​បន្ទោបង់​ក្រៅ​បង្គន់។ នៅ​ពេល​គាត់​មក​ស្នាក់​នៅ​ក្នុង​ទីលាន​ប្រជាធិបតេយ្យ គាត់​ឃើញ​ថា ខ្វះ​បន្ទប់​បង្គន់ ទំនង​មូលហេតុ​នេះ​បាន​ជា​មាន​អ្នក​បន្ទោបង់​ក្រៅ​បង្គន់៖ «ការ​ប្រើប្រាស់​បង្គន់​អនាម័យ​នៅ​កន្លែង​ទីលាន​ប្រជាធិបតេយ្យ​នេះ វា​អាក្រក់​ណាស់ វា​គគ្រិច ទី​១។ ទី​២​ទៀត ឲ្យ​ខាង​គ្រប់​ស្ថាប័ន​ហ្នឹង​ឲ្យ​ធ្វើ​បង្កើត​ជា​២​ទៀត បង្គន់ ២​ទៀត ទាំងអស់​ហ្នឹង ២០​បន្ទប់ បាន​គ្រប់គ្រាន់»

១៦-ធ្នូ-២០១៣៖ កន្លែង​ចោល​សំរាម​នា​ទីលាន​ប្រជាធិបតេយ្យ។
១៦-ធ្នូ-២០១៣៖ កន្លែង​ចោល​សំរាម​នា​ទីលាន​ប្រជាធិបតេយ្យ។
RFA/Ouk Savborey

ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ លោក រមេះ ស្វាង ថ្លែង​ថា គាត់​ចេះ​ប្រើ​បង្គន់​អនាម័យ​ហើយ ព្រោះ​សម្បូរ​ទឹក ងាយ​ស្រួល​ចាក់​លាង​សម្អាត។ ប៉ុន្តែ បន្ទប់​បង្គន់​មិន​គ្រប់គ្រាន់​តាម​ចំនួន​អ្នក​ចូល​រួម​បាតុកម្ម​ទេ៖ «ចេះ​ប្រើ​តិចតួច មាន​ទឹក​ចាក់​បន្ត មាន​ក្លិន​ស្អុយ​ខ្លះ ព្រោះ​អ្នក​ខ្លះ​អត់​ចេះ​អនាម័យ​ផង។ អ្នក​ខ្លះ​វា​ចេះ អ្នក​ខ្លះ​វា​អត់ ហើយ​មនុស្ស​មាន​ច្រើន​វា​ធម្មតា»

ជនជាតិ​ចាម លោក ម៉ាត់ អ៊ីសា មក​ពី​ឃុំ​សេដា ស្រុក​តំបែរ ខេត្ត​កំពង់ចាម អះអាង​ថា បង្គន់​ងាយ​ស្រួល​ប្រើ។ ប៉ុន្តែ​មនុស្ស​ច្រើន​នៅ​បន្ទោបង់​ក្រៅ​បង្គន់ នាំ​ឲ្យ​ក្លិន​ជះ​មក​មិន​សូវ​ល្អ​ដែរ​ដល់​អ្នក​ស្នាក់​នៅ​ក្នុង​រោង​ទីលាន​ប្រជាធិបតេយ្យ៖ «ដើម្បី​សន្សំ​ជី យើង​ត្រូវ​ទុក​ដាក់​ឲ្យ​មាន​ផលិត​ផល​របស់​យើង គេ​យក​ទៅ​ធ្វើ​ជី​អី​ទៅ វា​ត្រូវ​ការ​កសិកម្ម គេ​ត្រូវ​ប្រមូល​យក​ទៅ»

ក្រៅ​ពី​បន្ទប់​បង្គន់​នៅ​ខ្វះខាត ចំណែក​សំរាម​ក្នុង​ទីលាន​ប្រជាធិបតេយ្យ មាន​ការ​ប្រមូល​ស្អាត និង​ច្រក​ក្នុង​ថង់​ខ្មៅ​ធំៗ​ដាក់​នៅ​ក្រៅ​ទីលាន។ ប៉ុន្តែ​មិន​ទាន់​មាន​រថយន្ត​ដឹក​សំរាម​ចេញ​ក្រៅ​នៅ​ឡើយ។

លោក សាន ស្រ៊ីម មក​ពី​ឃុំ​អំពិលក្រៅ ស្រុក​ស៊ីធរកណ្ដាល ខេត្ត​ព្រៃវែង ឲ្យ​ដឹង​ថា ពលរដ្ឋ​មក​ពី​ជិត​ឆ្ងាយ​នៅ​ខ្វះ​ខាត​ការ​យល់​ដឹង​ដែរ​ក្នុង​ការ​បោះ​ចោល​សំរាម។ ទន្ទឹម​នោះ ក្រុមហ៊ុន​ប្រមូល​សំរាម​ក៏​មិន​ទាន់​ដឹក​សំរាម​យក​ចេញ​ក្រៅ នាំ​ឲ្យ​ខ្យល់​បក់​មក​បណ្ដាល​ឲ្យ​ក្លិន​ផ្អូម​នៃ​កាក​សំណល់ និង​ក្លិន​ឆ្អេះ​នៃ​អ្នក​បន្ទោបង់​ក្រៅ​បង្គន់ ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​អ្នក​ស្នាក់​នៅ​យូរ​ក្នុង​ទីលាន​ដែរ៖ «គ្រាន់​ថា​វា​រាត់រាយ​អ៊ីចឹង ខ្លះ​ទៅ​ក៏​ចេះ​រើស ខ្លះ​ទៅ​ក៏​មិន​ចេះ​ជួយ​ថែ​អនាម័យ​គ្នា​ដែរ។ ខ្ញុំ​ហូប​ហើយ បើ​សិន​របស់​តូច​ខ្ញុំ​ដាក់​ហោប៉ៅ បើ​សិន​របស់​ធំ ខ្ញុំ​ដាក់​មាន​ថង់​ផ្សេង​ដាក់ ហើយ​ប្រមូល​របស់​គេ របស់​ឯង​ហ្នឹង​ដាក់​ថែម​ទៀត ប្រមូល​បណ្ដើរៗ​អ៊ីចឹង​តែ​ម្តង​ទៅ ក៏​វា​ល្អ​ម្យ៉ាង​ដែរ បើ​សិន​ជា​ចាំ​ហើយ​តែ​ម្តង​ទៅ ក្រែងលោ​វា​គរ​ច្រើន»

តំណាង​ក្រុមហ៊ុន ស៊ីនទ្រី (CINTRI) លោក សេង ចំរើន ឲ្យ​ដឹង​ថា សំរាម​នៅ​ជុំវិញ​ទីលាន​ប្រជាធិបតេយ្យ គឺ​មាន​កម្មករ​អូស​រទេះ​ដើរ​ប្រមូល​យក​សំរាម ទៅ​ដាក់​ក្នុង​កុងតឺន័រ​មួយ ដែល​បញ្ឈរ​នៅ​ប៉ែក​ខាង​ជើង​ទីលាន។ លោក​ថា កុងតឺន័រ​នោះ​ដាក់​បញ្ឈរ ដើម្បី​ឲ្យ​អ្នក​ចូល​រួម​បាតុកម្ម​យក​សំរាម​ទៅ​បោះ​នៅ​ទី​នោះ និង​ដើម្បី​ឲ្យ​រថយន្ត​ងាយ​ស្រួល​ប្រមូល​យក​តែ​ម្តង ដឹក​ចេញ​ក្រៅ។ លោក​បន្ត​ថា បច្ចុប្បន្ន សំរាម គឺ​ដឹក​ចេញ​នៅ​ពេល​យប់ ព្រោះ​ចរាចរណ៍​ពេល​យប់​ងាយ​ស្រួល​បើកបរ​ជាង​ពេល​ថ្ងៃ​ដែល​ចង្អៀត។

ក្រៅ​ពី​សំរាម​មិន​ទាន់​ដឹក​ចេញ និង​បន្ទប់​បង្គន់​អនាម័យ​នៅ​ខ្វះ​ខាត គេ​ឃើញ​មាន​ក្រុម​យុវជន​ប្រុស​ស្រី​មួយ​ក្រុម បាន​ដើរ​ចែក​សំឡី​មាន​អប់​ប្រេង​ខ្យល់ ចែក​ជូន​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២ នៃ​ការ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ។

អ្នក​សម្រប​សម្រួល​ក្រុម​សង្គ្រោះ​បឋម លោក ឆាយ លាងឆេង ឲ្យ​ដឹង​ថា ក្រុម​យុវជន​ស្ម័គ្រចិត្ត​សង្គ្រោះ​បឋម​ឯករាជ្យ​មាន​គ្នា ៣០ ទៅ ៤០​នាក់ បាន​ប្ដូរ​គ្នា​ក្នុង​ការ​ជួយ​សង្គ្រោះ​មនុស្ស​ដែល​ស្នាក់​នៅ​ក្នុង​ទីលាន​ប្រជាធិបតេយ្យ។ លោក​អះអាង​ថា អ្នក​មក​ចូល​រួម​បាតុកម្ម​រយៈពេល ២​ថ្ងៃ​នេះ មិន​ទាន់​មាន​អ្នក​ឈឺ​ធ្ងន់ធ្ងរ​ទេ ច្រើន​តែ​ឈឺ​ពោះ ឈឺ​ក្បាល និង​ផ្ដាសាយ។ ក្រុម​យុវជន​បាន​ដើរ​ក្នុង​ទីលាន​ប្រជាធិបតេយ្យ​តាម​ដាន​សុខភាព​ពួក​គាត់​ទាំង​យប់​ទាំង​ថ្ងៃ បំណង​ឲ្យ​ពួក​គេ​មិន​មាន​ជំងឺ​ធ្ងន់ធ្ងរ៖ «ភាគ​ច្រើន​យើង​អាច​ផ្តល់​ជូន​គាត់​នូវ​ប្រេង​ខ្យល់ ឬ​ប្រេង​កូឡា ឬ​ក៏​ទាក់ទង​នឹង​ការ​សង្គ្រោះ​បឋម ទាក់ទង​នឹង​ការ​ឲ្យ​គាត់​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ដែល​យើង​ធ្វើ​ទៅ​តាម​លទ្ធភាព ឬ​ក៏​យើង​ផ្តល់​ជា​ថ្នាំ​តិចតួច ដូច​ជា​ថ្នាំ​ប៉ារ៉ា បញ្ចុះ​កម្ដៅ​គាត់​ប៉ុណ្ណឹង យើង​អត់​មាន​លទ្ធភាព​ច្រើន​ជាង​នេះ​ទេ។ ជាទូទៅ យើង​មាន ៦ ទៅ ៧​ក្រុម ហើយ​ក្នុង​១​ក្រុម មាន​គ្នា ៤ ទៅ ៥​នាក់ ក្នុង​ការ​ធ្វើ​ការ ហើយ​យើង​ផ្ទេរ​គ្នា​សម្រាប់​អ្នក​ណា​ដែល​គាត់​ទំនេរ​ពេល​ព្រឹក គាត់​អញ្ជើញ​មក​ព្រឹក អ្នក​ណា​ថ្ងៃ​គាត់​មក​ថ្ងៃ ហើយ​អ្នក​ខ្លះ​គាត់​ទំនេរ​ពេល​យប់ គាត់​អាច​មក​វេន​ពេល​យប់ ព្រោះ​យើង​អត់​បាន​កំណត់ ព្រោះ​អ្នក​ខ្លះ​គាត់​រវល់​គាត់​អត់​បាន​មក ប៉ុន្តែ​អ្នក​ដែល​ទំនេរ​គាត់​នឹង​មក គាត់​ស្ម័គ្រចិត្ត​មក»

ចំណែក​វេជ្ជបណ្ឌិត អ៊ូច វុទ្ធី ប្រធាន​សមាគម​គ្រូ​ពេទ្យ​គុណធម៌​កម្ពុជា ថ្លែង​ថា តាំង​ពី​យប់​ថ្ងៃ​ទី​១៤ និង​ទី​១៥ គឺ​២​យប់​មក​នេះ មាន​អ្នក​សម្រាក​ក្នុង​ទីលាន​ប្រជាធិបតេយ្យ​មិន​ទាន់​មាន​អ្នក​ឈឺ​ធ្ងន់​ទេ មាន​តែ​អ្នក​ជំពប់​ជើង​ដួល​២​នាក់ រាក ឈឺ​ក្បាល ផ្ដាសាយ ចុក​ដៃ​ជើង ដោយសារ​ការ​ដើរ​ដង្ហែ​ក្បួន។ លោក​បន្ត​ថា ជុំវិញ​បញ្ហា​ខ្វះ​បន្ទប់​បង្គន់​អនាម័យ ហើយ​មាន​មនុស្ស​បន្ទោបង់​ក្រៅ​បង្គន់ លោក​ថា ក៏​អាច​ជះ​ក្លិន​អាក្រក់​មក​ដល់​អ្នក​សម្រាក​ដែរ។ មូលហេតុ​នេះ បាន​ជា​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួល​ថែម​បង្គន់ ៥​បន្ទប់​ទៀត ដើម្បី​បន្ថយ​ការ​ប្រជ្រៀត​ដណ្ដើម​គ្នា​ចូល​ប្រើ​បង្គន់៖ «យប់​ម៉េច​នេះ​មាន​បញ្ហា​តិចតួច​ទេ អត់​មាន​ធ្ងន់ធ្ងរ​ទេ ដូច​ជា​រាករូស ឈឺ​ក្បាល គ្រុន​ក្តៅ ហើយ​និង​ចុក​ដៃ​ចុក​ជើង ដោយ​គាត់​បាន​ដើរ​សម្ដែង​មតិ គាត់​មក​វិញ​មាន​ចុក​ដៃ​ចុក​ជើង​ហ្នឹង យើង​បាន​ព្យាបាល​គាត់ តាម​សភាពការណ៍​ភ្លាមៗ អត់​មាន​បញ្ហា​ធ្ងន់ធ្ងរ​អី​ទេ»

បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ធ្វើ​បាតុកម្ម​រាល់​ថ្ងៃ​រយៈពេល ៣​ខែ ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ទៅ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។