ថ្ងៃទី២ នៃបាតុកម្មគណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យមានការរិះគន់ថា បង្គន់អនាម័យនៅខ្វះបន្ទប់ច្រើនទៀត ឯសំរាមមិនទាន់បានដឹកចេញក្រៅ តែក៏មិនទាន់មានអ្នកឈឺធ្ងន់ធ្ងរដែរ ខណៈប្រជាពលរដ្ឋច្រើនពាន់នាក់បន្តស្នាក់នៅ ដើម្បីគាំទ្របាតុកម្មគណបក្សសង្គ្រោះជាតិ។
ការរិះគន់នេះ បានធ្វើឡើងពីក្រុមអ្នកចូលរួមបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិ ដែលទាមទារឲ្យ លោក ហ៊ុន សែន ចុះពីតំណែង និងរៀបចំការបោះឆ្នោតឡើងវិញ។
ជនជាតិដើមភាគតិចក្រឹង លោក រ៉ាន់ សាយលឿន មកពីភូមិថ្មដា សង្កាត់បឹងកន្សែង ខេត្តរតនគិរី ថ្លែងថា បង្គន់ងាយស្រួលប្រើ ប៉ុន្តែវាខ្វះបន្ទប់មិនអាចបម្រើអ្នកប្រើប្រាស់បានទាន់ពេល៖ «មនុស្សរង់ចាំតៗគ្នាដើម្បីចូលបង្គន់ អ៊ីចឹងមិនបានចូលច្រើន វាមិនបានដូចវគ្គមុនៗ ថ្ងៃ២៣ ខែតុលា វាសម្បូរៗបង្គន់ តែឥឡូវវាអត់សូវសម្បូរបង្គន់ប៉ុន្មានទេ»។
ជនជាតិដើមភាគតិចទំពួន មកពីឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី សុំមិនបញ្ចេញឈ្មោះថ្លែងថា នៅក្នុងមូលដ្ឋានគាត់មិនមានបង្គន់អនាម័យប្រើទេ ព្រោះជនជាតិភាគតិចមិនសូវនិយមបង្គន់។ ប៉ុន្តែ នៅពេលគាត់មកដល់ទីក្រុងភ្នំពេញ គាត់គិតថា អ្នកនៅទីក្រុងប្រាកដជារស់នៅស្អាត មានអនាម័យ តែបែរជាមានអ្នកបន្ទោបង់ក្រៅបង្គន់។ នៅពេលគាត់មកស្នាក់នៅក្នុងទីលានប្រជាធិបតេយ្យ គាត់ឃើញថា ខ្វះបន្ទប់បង្គន់ ទំនងមូលហេតុនេះបានជាមានអ្នកបន្ទោបង់ក្រៅបង្គន់៖ «ការប្រើប្រាស់បង្គន់អនាម័យនៅកន្លែងទីលានប្រជាធិបតេយ្យនេះ វាអាក្រក់ណាស់ វាគគ្រិច ទី១។ ទី២ទៀត ឲ្យខាងគ្រប់ស្ថាប័នហ្នឹងឲ្យធ្វើបង្កើតជា២ទៀត បង្គន់ ២ទៀត ទាំងអស់ហ្នឹង ២០បន្ទប់ បានគ្រប់គ្រាន់»។

ជនជាតិដើមភាគតិចចារ៉ាយ លោក រមេះ ស្វាង ថ្លែងថា គាត់ចេះប្រើបង្គន់អនាម័យហើយ ព្រោះសម្បូរទឹក ងាយស្រួលចាក់លាងសម្អាត។ ប៉ុន្តែ បន្ទប់បង្គន់មិនគ្រប់គ្រាន់តាមចំនួនអ្នកចូលរួមបាតុកម្មទេ៖ «ចេះប្រើតិចតួច មានទឹកចាក់បន្ត មានក្លិនស្អុយខ្លះ ព្រោះអ្នកខ្លះអត់ចេះអនាម័យផង។ អ្នកខ្លះវាចេះ អ្នកខ្លះវាអត់ ហើយមនុស្សមានច្រើនវាធម្មតា»។
ជនជាតិចាម លោក ម៉ាត់ អ៊ីសា មកពីឃុំសេដា ស្រុកតំបែរ ខេត្តកំពង់ចាម អះអាងថា បង្គន់ងាយស្រួលប្រើ។ ប៉ុន្តែមនុស្សច្រើននៅបន្ទោបង់ក្រៅបង្គន់ នាំឲ្យក្លិនជះមកមិនសូវល្អដែរដល់អ្នកស្នាក់នៅក្នុងរោងទីលានប្រជាធិបតេយ្យ៖ «ដើម្បីសន្សំជី យើងត្រូវទុកដាក់ឲ្យមានផលិតផលរបស់យើង គេយកទៅធ្វើជីអីទៅ វាត្រូវការកសិកម្ម គេត្រូវប្រមូលយកទៅ»។
ក្រៅពីបន្ទប់បង្គន់នៅខ្វះខាត ចំណែកសំរាមក្នុងទីលានប្រជាធិបតេយ្យ មានការប្រមូលស្អាត និងច្រកក្នុងថង់ខ្មៅធំៗដាក់នៅក្រៅទីលាន។ ប៉ុន្តែមិនទាន់មានរថយន្តដឹកសំរាមចេញក្រៅនៅឡើយ។
លោក សាន ស្រ៊ីម មកពីឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ឲ្យដឹងថា ពលរដ្ឋមកពីជិតឆ្ងាយនៅខ្វះខាតការយល់ដឹងដែរក្នុងការបោះចោលសំរាម។ ទន្ទឹមនោះ ក្រុមហ៊ុនប្រមូលសំរាមក៏មិនទាន់ដឹកសំរាមយកចេញក្រៅ នាំឲ្យខ្យល់បក់មកបណ្ដាលឲ្យក្លិនផ្អូមនៃកាកសំណល់ និងក្លិនឆ្អេះនៃអ្នកបន្ទោបង់ក្រៅបង្គន់ ធ្វើឲ្យប៉ះពាល់សុខភាពអ្នកស្នាក់នៅយូរក្នុងទីលានដែរ៖ «គ្រាន់ថាវារាត់រាយអ៊ីចឹង ខ្លះទៅក៏ចេះរើស ខ្លះទៅក៏មិនចេះជួយថែអនាម័យគ្នាដែរ។ ខ្ញុំហូបហើយ បើសិនរបស់តូចខ្ញុំដាក់ហោប៉ៅ បើសិនរបស់ធំ ខ្ញុំដាក់មានថង់ផ្សេងដាក់ ហើយប្រមូលរបស់គេ របស់ឯងហ្នឹងដាក់ថែមទៀត ប្រមូលបណ្ដើរៗអ៊ីចឹងតែម្តងទៅ ក៏វាល្អម្យ៉ាងដែរ បើសិនជាចាំហើយតែម្តងទៅ ក្រែងលោវាគរច្រើន»។
តំណាងក្រុមហ៊ុន ស៊ីនទ្រី (CINTRI) លោក សេង ចំរើន ឲ្យដឹងថា សំរាមនៅជុំវិញទីលានប្រជាធិបតេយ្យ គឺមានកម្មករអូសរទេះដើរប្រមូលយកសំរាម ទៅដាក់ក្នុងកុងតឺន័រមួយ ដែលបញ្ឈរនៅប៉ែកខាងជើងទីលាន។ លោកថា កុងតឺន័រនោះដាក់បញ្ឈរ ដើម្បីឲ្យអ្នកចូលរួមបាតុកម្មយកសំរាមទៅបោះនៅទីនោះ និងដើម្បីឲ្យរថយន្តងាយស្រួលប្រមូលយកតែម្តង ដឹកចេញក្រៅ។ លោកបន្តថា បច្ចុប្បន្ន សំរាម គឺដឹកចេញនៅពេលយប់ ព្រោះចរាចរណ៍ពេលយប់ងាយស្រួលបើកបរជាងពេលថ្ងៃដែលចង្អៀត។
ក្រៅពីសំរាមមិនទាន់ដឹកចេញ និងបន្ទប់បង្គន់អនាម័យនៅខ្វះខាត គេឃើញមានក្រុមយុវជនប្រុសស្រីមួយក្រុម បានដើរចែកសំឡីមានអប់ប្រេងខ្យល់ ចែកជូនអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២ នៃការធ្វើបាតុកម្មទាមទារឲ្យបោះឆ្នោតឡើងវិញ។
អ្នកសម្របសម្រួលក្រុមសង្គ្រោះបឋម លោក ឆាយ លាងឆេង ឲ្យដឹងថា ក្រុមយុវជនស្ម័គ្រចិត្តសង្គ្រោះបឋមឯករាជ្យមានគ្នា ៣០ ទៅ ៤០នាក់ បានប្ដូរគ្នាក្នុងការជួយសង្គ្រោះមនុស្សដែលស្នាក់នៅក្នុងទីលានប្រជាធិបតេយ្យ។ លោកអះអាងថា អ្នកមកចូលរួមបាតុកម្មរយៈពេល ២ថ្ងៃនេះ មិនទាន់មានអ្នកឈឺធ្ងន់ធ្ងរទេ ច្រើនតែឈឺពោះ ឈឺក្បាល និងផ្ដាសាយ។ ក្រុមយុវជនបានដើរក្នុងទីលានប្រជាធិបតេយ្យតាមដានសុខភាពពួកគាត់ទាំងយប់ទាំងថ្ងៃ បំណងឲ្យពួកគេមិនមានជំងឺធ្ងន់ធ្ងរ៖ «ភាគច្រើនយើងអាចផ្តល់ជូនគាត់នូវប្រេងខ្យល់ ឬប្រេងកូឡា ឬក៏ទាក់ទងនឹងការសង្គ្រោះបឋម ទាក់ទងនឹងការឲ្យគាត់ញ៉ាំទឹកឲ្យបានច្រើន ដែលយើងធ្វើទៅតាមលទ្ធភាព ឬក៏យើងផ្តល់ជាថ្នាំតិចតួច ដូចជាថ្នាំប៉ារ៉ា បញ្ចុះកម្ដៅគាត់ប៉ុណ្ណឹង យើងអត់មានលទ្ធភាពច្រើនជាងនេះទេ។ ជាទូទៅ យើងមាន ៦ ទៅ ៧ក្រុម ហើយក្នុង១ក្រុម មានគ្នា ៤ ទៅ ៥នាក់ ក្នុងការធ្វើការ ហើយយើងផ្ទេរគ្នាសម្រាប់អ្នកណាដែលគាត់ទំនេរពេលព្រឹក គាត់អញ្ជើញមកព្រឹក អ្នកណាថ្ងៃគាត់មកថ្ងៃ ហើយអ្នកខ្លះគាត់ទំនេរពេលយប់ គាត់អាចមកវេនពេលយប់ ព្រោះយើងអត់បានកំណត់ ព្រោះអ្នកខ្លះគាត់រវល់គាត់អត់បានមក ប៉ុន្តែអ្នកដែលទំនេរគាត់នឹងមក គាត់ស្ម័គ្រចិត្តមក»។
ចំណែកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា ថ្លែងថា តាំងពីយប់ថ្ងៃទី១៤ និងទី១៥ គឺ២យប់មកនេះ មានអ្នកសម្រាកក្នុងទីលានប្រជាធិបតេយ្យមិនទាន់មានអ្នកឈឺធ្ងន់ទេ មានតែអ្នកជំពប់ជើងដួល២នាក់ រាក ឈឺក្បាល ផ្ដាសាយ ចុកដៃជើង ដោយសារការដើរដង្ហែក្បួន។ លោកបន្តថា ជុំវិញបញ្ហាខ្វះបន្ទប់បង្គន់អនាម័យ ហើយមានមនុស្សបន្ទោបង់ក្រៅបង្គន់ លោកថា ក៏អាចជះក្លិនអាក្រក់មកដល់អ្នកសម្រាកដែរ។ មូលហេតុនេះ បានជាគណបក្សសង្គ្រោះជាតិ បានជួលថែមបង្គន់ ៥បន្ទប់ទៀត ដើម្បីបន្ថយការប្រជ្រៀតដណ្ដើមគ្នាចូលប្រើបង្គន់៖ «យប់ម៉េចនេះមានបញ្ហាតិចតួចទេ អត់មានធ្ងន់ធ្ងរទេ ដូចជារាករូស ឈឺក្បាល គ្រុនក្តៅ ហើយនិងចុកដៃចុកជើង ដោយគាត់បានដើរសម្ដែងមតិ គាត់មកវិញមានចុកដៃចុកជើងហ្នឹង យើងបានព្យាបាលគាត់ តាមសភាពការណ៍ភ្លាមៗ អត់មានបញ្ហាធ្ងន់ធ្ងរអីទេ»។
បាតុកម្មរបស់គណបក្សសង្គ្រោះជាតិ បានប្រកាសធ្វើបាតុកម្មរាល់ថ្ងៃរយៈពេល ៣ខែ ចាប់ពីថ្ងៃទី១៥ ខែធ្នូ ទៅ ដើម្បីទាមទារឲ្យមានការបោះឆ្នោតឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។