មន្ត្រីសង្គមស៊ីវិល និងសកម្មជនបរិស្ថាន ជំរុញឱ្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ អនុវត្តច្បាប់ដល់ក្រុមឧកញ៉ាគ្រាក់ៗ មួយចំនួនទៀត ដែលជាឧក្រិដ្ឋជន រត់ពន្ធឈើឆ្លងដែនដុះស្លែនៅខេត្តភាគឦសាន។ ការលើកឡើងនេះ ក្រោយពីគណៈកម្មការមួយនេះ បានចាប់ខ្លួនឧកញ៉ា ស៊ឹង សំអុល និងអ្នកបើកបររថយន្តបម្រើឱ្យមធ្យោបាយដឹកជញ្ជូនឈើ ៣នាក់ទៀត កាលពីថ្ងៃទី៩ កក្កដា។
អង្គការសង្គមស៊ីវិល និងសកម្មជនបរិស្ថាន កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ពីប្រសិទ្ធភាពការងាររបស់ គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ និងការអនុវត្តច្បាប់ របស់តុលាការខេត្តមណ្ឌលគិរី។ ពួកគេបានបង្ហាញតម្រុយ ឧកញ៉ាដុះស្លែ មួយចំនួនទៀត ដែលជាមេខ្លោង ជួញដូរឈើខុសច្បាប់យ៉ាងកក្រើក ទៅលក់នៅក្រៅប្រទេស រហូតដល់មានទ្រព្យសម្បត្តិរាប់លានដុល្លារ។
ក្រុមឧកញ៉ាទាំងនោះ រួមមាន ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ឧកញ៉ា តាំង វីរ៉ាដា ឧកញ៉ា គង់ ក្រឹង លោក សាន ចយ និង ឧកញ៉ា ទ្រី ភាព។ ពួកគេអះអាងថា ឧកញ៉ាទាំងនោះ ជាមេខ្លោងជួញដូរឈើខុសច្បាប់ និងរត់ពន្ធឈើឆ្លងដែនទៅលក់នៅក្រៅប្រទេស ជ្រោកក្រោមស្លាកក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច និងបានខ្ចីដៃពលរដ្ឋមូលដ្ឋានកាប់ឈើក្នុងព្រៃអភិរក្សលក់ឱ្យខ្លួន។
សកម្មជនបរិស្ថាន លោក ហេង ស្រស់ ឱ្យដឹងនៅថ្ងៃទី ១០ កក្កដាថា ក្រោយពីគណៈកម្មការជាតិប្រកាសបង្ក្រាបបទល្មើសព្រៃឈើ ក្រុមឧកញ៉ា និងឈ្មួញ បានដឹកជញ្ជូនឈើលាក់ទុកក្នុងព្រៃក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី និងកំពុងរកលេសឆ្លើយដោះសារយករួចខ្លួន។ លោកថា ពួកគេនៅចាំអ៊ុតមើលថា តើគណៈកម្មការនេះហ៊ានចាប់ខ្លួនឧកញ៉ាមួយចំនួនទៀតឬទេដែលជាក្រុមឧក្រិដ្ឋជន ល្បីឈ្មោះជួញដូរឈើខុសច្បាប់ជាច្រើនឆ្នាំមកហើយនោះ៖ «ក្រុមហ៊ុនទាំងនោះ ដឹងមុនថា គណៈកម្មការជាតិនឹងចុះទៅបង្ក្រាប នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ហើយក្រុមឧកញ៉ា ឈ្មួញទាំងអស់ហ្នឹង បានយកឈើទៅលាក់ ក្នុងរៀបចំថា ខ្លួនឯងជាអ្នកស្អាតស្អំទេ ហើយយើងចាំមើលចំណាត់ការរបស់អាជ្ញាធរ ថាតើស៊ើបអង្កេត មានជនប៉ុន្មាននាក់ទៀត ដែលរកស៊ីខុសច្បាប់ ក្នុងការកាប់បំផ្លាញព្រៃឈើងហ្នឹង»។
សកម្មជនបរិស្ថានរូបនេះរកឃើញថា ឧកញ៉ា ស៊ឹង សំអុល បានធ្វើអាជីវកម្មឈើខុសច្បាប់ខ្នាតធំ ជ្រកក្រោមស្លាកក្រុមហ៊ុន ម៉ាស្ទ័រ ខេសាន់ នៅស្រុកកោះញែក ជាយូរមកហើយ។ លើសពីនេះ មានក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចយ៉ាងហោចណាស់ ៦ក្រុមហ៊ុនទៀត ក្នុងស្រុកកោះញែកកំពុងធ្វើអាជីវកម្មឈើយ៉ាងគគ្រឹកគគ្រេង។ លោកថា ក្រុមហ៊ុន សំអឿន សុវណ្ណ ខេត្តព្រះវិហារ និងក្រុមហ៊ុន ស៊ីបាយអូថេក នៅជាប់ព្រៃឡង់ ខេត្តក្រចេះ បានបើកទីតាំងអារច្រៀកឈើ និងដេប៉ូប្រមូលទិញឈើមិនប្រក្រតីជាយូរមកហើយ ហើយលោកសង្ឃឹមថា គណៈកម្មការជំនាញមួយនេះ នឹងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងដល់ក្រុមហ៊ុនទាំងនេះ៖ «នឹងតាមដានអ៊ុតមើលតើ តុលាការអនុវត្តច្បាប់បានកម្រិតណា ? ប្រសិនជាតុលាការដោះលែងឧក្រិដ្ឋជនទាំងនោះ នៅក្រៅពន្ធនាគារ មានន័យថា ដូចជាព្រលែងខ្លាឱ្យរកស៊ីឈើសាជាថ្មីអ៊ីចឹង»។
អ្នកនាំពាក្យគណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ លោក អេង ហ៊ី ប្រាប់អាស៊ីសេរីថា នៅរសៀលថ្ងៃទី១០ ខែកក្កដា ឧកញ៉ា ស៊ឹង សំអុល និងមនុស្ស ៣នាក់ទៀត កំពុងឃុំខ្លួន នៅបញ្ជាការដ្ឋានកងអាវុធហត្ថខេត្តមណ្ឌលគិរី និងត្រៀមបញ្ជូនសំណុំរឿងទៅតុលាការឆាប់ៗ នេះ។ លោកថា កម្លាំងសមត្ថកិច្ចកំពុងរុករកឈើ និងចុះឆែកឆេរផ្ទៃដីសម្បទានសេដ្ឋកិច្ចណា ដែលជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើ និងត្រូវស៊ើបអង្កេតរកមេខ្លោង ដើម្បីអនុវត្តច្បាប់។ លោកបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំនេះ នឹងអនុវត្តរយៈពេលយូរអង្វែង។ ចំពោះសំនួរដែលសួរថា តើគណៈកម្មការនេះ នឹងស៊ើបអង្កេតក្រុមឧកញ៉ា និងមេឈ្មួញផ្សេងទៀតទេដែលជាប់ពាក់ព័ន្ធជួញដូរឈើខុសច្បាប់ជាយូរមកហើយនោះ អ្នកនាំពាក្យរូបនេះឆ្លើយថា បុគ្គលណា ឬក្រុមហ៊ុនណាក្ដី ដែលពាក់ព័ន្ធបទល្មើសព្រៃឈើ គណៈកម្មការជាតិនឹងអនុវត្តច្បាប់ទាំងអស់៖ «ពាក់ព័ន្ធសេចក្ដីប្រកាសរបស់យើង ធ្វើជាមួយបុគ្គលដែលពាក់ព័ន្ធ ក្រុមហ៊ុនដែលពាក់ព័ន្ធយើងធ្វើទាំងអស់»។
សកម្មជនបរិស្ថានរកឃើញថា ឧកញ៉ា ស៊ឹង សំអុល គឺជាមន្ត្រីកងរាជអាវុធហត្ថស័ក្ដិ ៣ ដែលល្បីឈ្មោះរឿងរត់ពន្ធឈើឆ្លងដែនទៅប្រទេសវៀតណាមខុសច្បាប់។ កាលពីឆ្នាំ ២០១៧ លោក ហ៊ុន សែន ធ្លាប់ព្រមាន ឧកញ៉ា រូបនេះពាក់ព័ន្ធជំនួញឈើខុសច្បាប់ដែរ។ ក្រោយមក តុលាខេត្តមណ្ឌលគិរី បានកោះហៅ លោក ស៊ឹង សំអុល ឱ្យចូលបំភ្លឺ សំណុំរឿងកាប់ឈើ និងកែច្នៃឈើប្រណិតគ្រប់ប្រភេទ ដែលប្រព្រឹត្តនៅក្នុងភូមិចុងផ្លាស់ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្រោយពីទទួលពាក្យបណ្តឹងពីគណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ។ សង្គមស៊ីវិលរិះគន់ថា តុលាការខេត្តនេះ មិនបានផ្ដន្ទាទោស ឧកញ៉ា ស៊ឹង សំអុល នោះទេ ហើយមួយរយៈក្រោយមក សំណុំរឿងនេះ បានស្ងាត់ទៅវិញ។ រីឯ លោក ស៊ឹង សំអុល នៅតែបន្តធ្វើអាជីវកម្មឈើខ្នាតធំដដែល។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍ នៃសមាគមអាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ រំពឹងថា គណៈកម្មការជាតិ នឹងបន្តស៊ើបអង្កេត អនុវត្តច្បាប់ដល់ក្រុមឧកញ៉ា និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត ពាក់ព័ន្ធប្រព្រឹត្តអំពើពុករលួយ និងបទល្មើសព្រៃឈើ។ លោកថា អាជ្ញាយុកាល នៃបទល្មើសឧក្រិដ្ឋមានរយៈពេល ១៥ ឆ្នាំ ហើយក្នុងរង្វង់អាជ្ញាយុកាលនេះ ក្រុមឧកញ៉ា និងក្រុមឈ្មួញ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៖ «ក្រុមឧកញ៉ាទាំងអស់ មានឈ្មោះច្រើនមិនត្រឹមតែ ឧកញ៉ា លឹម ប៊ុណ្ណារ ទេ មានឈ្មួញធំៗជាងនេះទៀត ដូចជា ភាពល្បីល្បាញរបស់ឧកញ៉ា ទ្រី ភាព ជាដើមហ្នឹង ក៏ត្រូវតែគណៈកម្មការជាតិ បង្ក្រាបបទល្មើសត្រូវធ្វើការស្រាវជ្រាវដែរ មិនមែនបង្ក្រាបបានតែបទល្មើសថ្មីៗទេ បទល្មើសមិនទាន់ហួសអាជ្ញាយុកាល ក៏ជាកាតព្វកិច្ចរបស់មន្ត្រីនគរបាល យុត្តិធម៌ ក៏ត្រូវកសាងសំណុំរឿងទៅស្ថាប័នអយ្យការ»។
ច្បាប់ស្ដីពីព្រៃឈើឆ្នាំ ២០០២ មាត្រា ៩៣ ចែងថា បទល្មើសព្រៃឈើថ្នាក់ទី១ ត្រូវផ្ដន្ទាទោសពី ៥ ទៅ ១០ឆ្នាំ និងវត្ថុតាងត្រូវរឹបអូសជាសម្បត្តិរដ្ឋ។ នេះមិនទាន់រាប់បញ្ចូលបទល្មើសដែលពាក់ព័ន្ធទៅនឹងការបំផ្លាញវត្ថុតាង និងផ្ដល់សំណូកដល់អាជ្ញាធរមានសមត្ថកិច្ច។
ទោះយ៉ាងណា សកម្មជនបរិស្ថាន លោក ហេង ស្រស់ អះអាងថា មន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថានខេត្តមណ្ឌលគិរី មានតួនាទីអភិរក្សព្រៃការពារធម្មជាតិ ក៏ត្រូវតែស៊ើបអង្កេត ឱ្យទទួលខុសត្រូវចំពោះមុខច្បាប់ដែរ ទាក់ទិនការបណ្ដោយឱ្យមានបទល្មើសឧក្រិដ្ឋព្រៃឈើ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ លោករកឃើញថា មន្ត្រីគ្រាក់ៗ របស់ក្រសួងកសិកម្ម និងក្រសួងបរិស្ថានមួយចំនួន បានចូលដៃជើងជាមួយឈ្មួញ ឃុបឃិតឱ្យមានអាជីវកម្មឈើទ្រង់ទ្រាយធំ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច៖ «មន្ត្រីបរិស្ថានដែលកាន់នៅតំបន់ហ្នឹង ហេតុអីដែលដឹងហើយថា គេកាប់បំផ្លាញព្រៃឈើនៅតំបន់ហ្នឹងបែរជាមិនរាយការណ៍ បែរជាទៅសម្ងំពូន ទៅសម្ងំលាក់ព័ត៌មាន មិនផ្ញើរបាយការណ៍មកឱ្យ ថ្នាក់លើឱ្យទប់ស្កាត់ មិនកាប់បំផ្លាញព្រៃឈើ។ ប្រសិនបើអាជ្ញាធរទាំងអស់ហ្នឹងគាត់ខ្នះខ្នែងធ្វើការ ប្រសិនគាត់រាយការណ៍មក ព្រៃឈើនៅតំបន់ហ្នឹងមិនជួបវិនាសកម្មដល់ថ្នាក់ហ្នឹងទេ»។
សកម្មជនបរិស្ថាន និង មន្ត្រីអង្គការសង្គមស៊ីវិល នឹងឃ្លាំមើលសំណុំរឿងនេះយ៉ាងយកចិត្តទុកដាក់។ ពួកគេទាមទារឱ្យតុលាការ អនុវត្តច្បាប់ព្រៃឈើឱ្យបានម៉ឹងម៉ាត់ ប្រសិនបើមានចេតនាសង្គ្រោះព្រៃឈើពិតមែននោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។