ប្រជានេសាទនៅស្រុកជលគីរី ខេត្តកំពង់ឆ្នាំង បារម្ភរកត្រីសាច់ពីទន្លេ ឬព្រែកក្នុងមូលដ្ឋានពួកគាត់លែងបានហូប ដោយសារការដាក់សម្រាស់ និងឆៃរ៉ា កាន់តែច្រើនឡើង។ ប៉ុន្តែមន្ត្រីជំនាញជលផលបញ្ជាក់ថា ការនេសាទដោយប្រើសំណាញ់អូស ឬឆៃរ៉ា មិនខុសច្បាប់ទេ ប៉ុន្តែការដាក់សម្រាស់ត្រូវបានហាមឃាត់ ហើយក្រុមជំនាញនឹងចុះបង្ក្រាប។
ភាពខ្សត់ទៅនៃផលនេសាទកើតចេញពីកត្តាបម្រែបម្រួលអាកាសធាតុ ការបំពុលទឹក និងបទល្មើសនេសាទដោយប្រើឧបករណ៍ទំនើបៗពីសំណាក់អ្នកមានលុយ និងមានលុយមួយចំនួន ក្លាយជាបញ្ហាធ្ងន់ធ្ងរសម្រាប់ពលរដ្ឋក្រីក្រពឹងផ្អែកលើមុខរបរនេសាទជាលក្ខណៈគ្រួសារ។ ក្រុមពលរដ្ឋឲ្យដឹងថា ការបង្ក្រាបបទល្មើសនៅតំបន់សម្បូរត្រីខ្លះរបស់អាជ្ញាធរមានសមត្ថកិច្ចព្រៀបដូចវែកចកដូច្នោះដែរ។
ប្រជានេសាទ និងជាអនុប្រធានសហព័ន្ធគ្រប់គ្រងតំបន់នេសាទអតីតឡូត៍ ១៤ នៅក្នុងស្រុកជលគីរី លោក ឌុល ប៊ុនថា ឲ្យដឹងនៅថ្ងៃទី១១ ខែធ្នូ ថា សកម្មភាពដាក់សម្រាស់របាំងសាច់អួន និងអូសឆៃរ៉ា ឬសំណាញ់ខ្នាតធំអូសដោយកម្លាំងទូកម៉ាស៊ីនកើតមានកាន់តែខ្លាំងឡើង ហើយអាជ្ញាធរបង្ក្រាបពុំមានប្រសិទ្ធភាព។
លោកថា ទីតាំងបទល្មើសទាំងនោះមាននៅតំបន់ពាមពពេច កំពង់ខ្លាញ់ ទន្លេក្រៅ និងនៅតំបន់ស្វាយផ្អែម នៃស្រុកជលគីរី ជាដើម៖ «ខ្ញុំគិតថា សំណូមពរទៅដល់ជំនាញជលផល ចាត់វិធានការឲ្យម៉ឺងម៉ាត់មែនទែនទាក់ទងនឹងបទល្មើសនេសាទនេះ។ សព្វថ្ងៃនេះយើងឃើញធនធានត្រីកាន់តែថយចុះដោយសាររបបទឹកតូច ហើយបទល្មើសកាន់តែច្រើន»។
ឆ្លើយតបបញ្ហានេះ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង លោក សោម ភិរុណ បញ្ជាក់ថា សកម្មភាពអូសសំណាញ់ ឬឆៃរ៉ា មិនត្រូវបានហាមឃាត់នោះទេ ដោយបានកំណត់នៅក្នុងសេចក្ដីប្រកាសលេខ៤៥៣។ ចំពោះសម្រាស់វិញ ត្រូវបានហាមឃាត់ ហើយលោកទទួលស្គាល់ថា បទល្មើសប្រភេទនេះអាចកើតមានច្រើនមែននៅរដូវប្រាំងដែលទឹកបឹងទន្លេសាប ឬបឹងព្រែកនានាស្រក៖ «ខ្ញុំជឿថា បទល្មើសដាក់សម្រាស់អាចនឹងកើតមានឡើងជាបន្តបន្ទាប់ក្នុងរដូវប្រាំងនេះហើយ ហើយយើងកំពុងមានវិធានការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋកុំឲ្យមានបញ្ហាហ្នឹង។ ខ្ញុំកំពុងរៀបចំផែនការ នឹងចុះទៅរំលាយសម្រាស់ហ្នឹងចោលហើយ»។
បទល្មើសនេសាទ គឺស្រដៀងនឹងបទល្មើសព្រៃឈើដែរដែលបង្ក្រាបមិនចេះអស់ ឬដូចវែកចក។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងពលរដ្ឋរិះគន់ថា បញ្ហានេះអាចបណ្ដាលមកពីមានការឃុបឃិតគ្នា ឬពុករលួយជាប្រព័ន្ធ ខណៈដែលការអនុវត្តច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចនៅមានភាពធូររលុង និងការផ្សព្វផ្សាយពីបទល្មើសតាមមូលដ្ឋានដែលមានបទល្មើសធ្ងន់ធ្ងរនៅមានកម្រិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។