"បទល្មើស​នេសាទ​កើន​ឡើង​នៅ​តំបន់​អភិរក្ស​ផ្សោត​និង​ជីវចម្រុះ​ទន្លេ​មេគង្គ​ខែត្រ​ក្រចេះ"

ដោយ សេក បណ្ឌិត
2017-11-27
Share
នេសាទ​ក្រចេះ ២០១៧ ១៤៤០ ពលរដ្ឋ​នេសាទ​ត្រី​នៅ​តាម​ដង​ទន្លេ​នៅ​ខែត្រ​ក្រចេះ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៧។
Photo: RFA

ប្រជា​សហគមន៍​អភិរក្ស​ផ្សោត​ព្រែកកាំពី នៅ​ឃុំ​សំបុក ស្រុក​ចិត្របូរី ខែត្រ​ក្រចេះ ព្រួយ​បារម្ភ​ខ្លាំង​អំពី​អនាគត​សត្វ​ផ្សោត​នៅ​ទន្លេ​មេគង្គ និង​ត្រី​កម្រ​ក្នុង​តំបន់​នេះ ថា​នឹង​រង​ហានិភ័យ​ខ្ពស់ ខណៈ​បទល្មើស​នេសាទ​កើន​ឡើង​ពេញ​បន្ទុក។ ពួកគេ​អះអាង​ថា ក្នុង​មួយ​យប់ៗ​ជនល្មើស​រាប់រយ​នាក់​ដែល​មួយ​ចំនួន​ជា​ជនជាតិ​វៀតណាម ផង បាន​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ចាប់​ត្រី​នៅ​អន្លង់​អភិរក្ស​ផ្សោត ដោយ​ពុំ​សូវ​មាន​ការ​ទប់​ស្កាត់។

​សហគមន៍​ព្រែក​កាំពី ស្រុក​ចិត្របូរី ខែត្រ​ក្រចេះ  អំពាវនាវ​ជា​ថ្មី​ទៀត​ឲ្យ​ក្រសួង​កសិកម្ម និង​រដ្ឋាភិបាល រក​មធ្យោបាយ​បន្ថែម ពង្រឹង​ប្រសិទ្ធភាព​ទប់ស្កាត់​បទល្មើស​នេសាទ និង​អនុវត្ត​ច្បាប់​ឲ្យ​បាន​ពេញ​នៅ​អន្លង់​អភិរក្ស​ផ្សោត និង​តំបន់​អភិរក្ស​ជីវចម្រុះ​ទន្លេមេគង្គ ដើម្បី​ធានា​និរន្តរភាព​ផ្សោត​ទន្លេ​មេគង្គ។

សហគមន៍​រស់នៅ​ឃុំ​សំបុក ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ថា ជនល្មើស​រាប់​រយ​នាក់ និង​មួយ​ចំនួន​ជា​ជាតិ​វៀតណាម ផង បាន​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ទាំង​ក្តៅ និង​ត្រជាក់ លួច​ឆក់​ត្រី​ពេល​យប់​នៅ​ទីតាំង​ជ្រក​របស់​ផ្សោត​រស់​នៅ និង​ឆ្លង​កាត់ រី​ឯ​សហគមន៍​ប្រទះ​ឃើញ​សកម្មភាព​នេសាទ​នោះ បាន​រាយការណ៍​ទៅ​ឆ្មាំ​អភិរក្ស និង​សមត្ថកិច្ច​តែ​ពុំ​ទទួល​លទ្ធផល។ លោក​ថា រាល់​យប់ ឈ្មួញ​បាន​យក​រថយន្ត​ចាំ​ទទួល​ទិញ​ត្រី​ដែល​ជនល្មើស​ឆក់​បាន ភាគ​ច្រើន​ជា​ប្រភេទ​ធំៗ ដូចជា​ត្រី​ក្អែក និង​ត្រីព្រូល​ជាដើម៖ «កន្លែង​អន្លង់​ផ្សោត​ឡើង​សំបូរ​រាប់​រយ​នាក់ មាន​ទូក មាន​សំណាញ់​អ៊ីចឹង​ទៅ តែ​តាម​ការ​ពិត​គឺ​ឆក់។ ដូច​អត់​ឃើញ​មាន​បង្ក្រាប​ទេ អ្នក​បង្ក្រាប​មាន​តែ​ខាង​ប៉ូលិស និង​ឆ្មាំ ឃើញ​តែ​គេ​ដើរ​ធ្វើការ​ដែរ តែ​មិន​ឃើញ​មាន​មុខ​សញ្ញា​ចាប់​បាន​អី។ គេ​ធ្វើ​ហ្នឹង​ទំនង​គេ​ដើរ​យក​លុយ ពុំ​មែន​ជា​ការ​ដើរ​ចាប់»

​បុរស​ដដែល​បន្ត​ថា ការ​សម្របសម្រួល​ផ្តល់​ប្រាក់​តិចតួច​រវាង​ជនល្មើស និង​សមត្ថកិច្ច ដើម្បី​បាន​ការ​អនុញ្ញាត​ឲ្យ​នេសាទ​ខុស​ច្បាប់ គឺ​ជា​ក្តីកង្វល់​របស់​សហគម​ន៍​ដែល​ពួកគេ​ចង់​ឲ្យ​រដ្ឋាភិបាល​លុបបំបាត់។ លោក​ថា ឧបករណ៍​ឆក់​ត្រី​ដែល​ជនល្មើស​ប្រើប្រាស់​នាំ​ចូល​ពី​ប្រទេស​វៀតណាម មាន​លទ្ធភាព​ចាប់​ត្រី​ម្តងៗ​បាន​ច្រើន​គីឡូក្រាម ដែល​គេ​ឆក់​នៅ​អន្លង់​អភិរក្ស​ត្រី​មេ​ពូជ​សំបូរ​រុក្ខជាតិ​ដុះ​ចេញ​ពី​ផ្ទៃ​ទឹក ឬ​ហៅ​ថា ព្រៃកោងកាង។

លោក​កត់សម្គាល់​ថា សត្វ​ផ្សោត​ងាប់​កន្លង​ទៅ ដោយសារ​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ដូចជា ឆក់​ក្ដៅ ឬ ត្រជាក់ និង​ពង្រាយ​មង​នៅ​តំបន់​សំខាន់ៗ​ដែល​ផ្សោត​ឆ្លង​កាត់។ លោក​រំឭក​ថា កន្លង​ទៅ​មេ​ឃុំ​សំបុក មក​ពី​បក្ស​ប្រឆាំង ធ្លាប់​ផ្ដួចផ្ដើម​បង្កើត​គោលនយោបាយ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​អភិរក្ស​ផ្សោត និង​ជីវចម្រុះ​នៅ​មូលដ្ឋាន ក៏ប៉ុន្តែ​អាជ្ញាធរ​ស្រុក និង​ខែត្រ​បាន​បដិសេធ៖ «ខាង​សង្គ្រោះ​ជាតិ​ធ្វើ​អី ធ្វើ​អត់​បាន គេ​មិន​ឲ្យ​ធ្វើ តែ​ឥឡូវ​ទៀត​មេ​ឃុំ​សង្គ្រោះ​ជាតិ​គេ​ឈប់​អស់​ហើយ មិន​ដឹង​ម៉េច​ទៀត​ទេ។ ព្រួយ​បារម្ភ​តើ! តែ​មិន​មែន​ព្រួយ​តែ​ម្នាក់​ខ្ញុំ​ទេ គឺ​អ្នក​នៅ​កន្លែង​ផ្សោត​ព្រួយ​បារម្ភ​គ្រប់​គ្នា​ទាំង​អស់ តែ​មិន​ដឹង​ធ្វើ​ម៉េច»

​សហគមន៍​អភិរក្ស​ផ្សោត​ព្រែក​កាំពី ឲ្យ​ដឹង​ថា សហគមន៍​បាន​កំណត់​មុខ​សញ្ញា​មនុស្ស​ជិត ២០​នាក់ ក្នុង​នោះ​មួយ​ចំនួន​ជា​ជនជាតិ​វៀតណាម រស់​នៅ​ឃុំ​សំបុក ដែល​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ជា​អាជីព​ចិញ្ចឹម​ជីវិត រី​ឯ​សហគមន៍​បាន​រាយការណ៍​ករណី​នេះ​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​រួច​ហើយ ដើម្បី​អនុវត្ត​ច្បាប់ ក៏ប៉ុន្តែ​មក​ទល់​ពេល​នេះ មិន​ទាន់​ចាប់​ជនល្មើស​នៅ​ឡើយ។

​នាយ​ប៉ុស្តិ៍​នរគបាល​ឃុំ​សំបុក លោក អ៊ុន ហ៊យ ទទួល​ស្គាល់​ថា បទល្មើស​នេសាទ​ពិត​ជា​មាន​មែន តែ​នគរបាល​មូលដ្ឋាន​តែង​ចុះបង្ក្រាប​បាន​ច្រើន​ករណី។ លោក​ថា ឋានៈ​ត្រឹម​ប៉ុស្តិ៍​រដ្ឋបាល​ពុំ​មាន​ឥទ្ធិពល​បង្ក្រាប​បទល្មើស​នេសាទ​បាន​ទូលំទូលាយ​ទេ ព្រោះ​ភូមិសាស្ត្រ​ទន្លេ​មេគង្គ​ធំធេង ដែល​ជនល្មើស​ងាយ​នឹង​រត់​គេច​ខ្លួន​បាន។ លោក​ថា ជនសង្ស័យ ១៨​នាក់ នៅ​មូលដ្ឋាន​គឺ​នគរបាល​បាន​កំណត់​មុខសញ្ញា​រួច​ហើយ និង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​អនុវត្ត​ច្បាប់ ព្រោះ​ជនសង្ស័យ​ទាំង​នោះ​ត្រូវ​អ្នក​ភូមិ​ចោទ​ថា ធ្លាប់​ប្រព្រឹត្ត​បទល្មើស​នេសាទ​ខុស​ច្បាប់។

លោក​បដិសេធ​ការ​លើក​ឡើង​របស់​ពលរដ្ឋ​ថា ដែល​អំពាវនាវ​ឲ្យ​នគរបាល​ចាប់​ខ្លួន​ជនសង្ស័យ ១៨​នាក់​នោះ បញ្ជូន​ទៅ​តុលាការ ខណៈ​នគរបាល​មូលដ្ឋាន​ពុំទាន់​មាន​ភស្តុតាង​ជាក់លាក់​នោះ​ទេ៖ «អ្នក​ថា​វា​ស្រួល តែ​អ្នកធ្វើ​មិន​ស្រួល​ទេ ជនល្មើស​មិន​ឲ្យ​យើង​ចាប់​លេងៗ​ទេ។ យើង​កន្លង​មក​ជាមួយ​ក្រុមប្រឹក្សា​ឃុំ ហើយ​ជាមួយ​ខណ្ឌ​ជលផល មន្ត្រី​ចូល​រួម​ប្រជុំ​ដាក់​សំណុំរឿង ១៨​នាក់​ហ្នឹង មុខ​សញ្ញា​ដាក់​ទៅ​តុលាការ​ហើយ។ វា​ពិបាក​ណាស់​បង លក្ខណៈ​ភូមិសាស្ត្រ តែ​ប្រហែល​លិច​ទូក»

នៅ​ខែត្រ​ក្រចេះ មាន​អន្លង់​អភិរក្ស​ផ្សោត និង​ត្រី​មេ​ពូជ ៦៤​អន្លង់ ក្នុង​នោះ​មាន​អន្លង់ ៥ ដែល​ផ្សោត​រស់​នៅ។ អន្លង់​អភិរក្ស​ទាំង​នោះ​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​កសិកម្ម ដែល​មាន​រដ្ឋបាល​ជលផល និង​ឆ្មាំ​ទន្លេ ជា​ស្ថាប័ន​ស្នូល មាន​កាតព្វកិច្ច​ធានា​កិច្ច​គាំពារ​បរិស្ថាន​អភិរក្ស​ជីវចម្រុះ និង​ទប់​ស្កាត់​បទល្មើស​នេសាទ​គ្រប់​ប្រភេទ អនុលោម​តាម​អនុក្រឹត្យ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ចុះ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១២។

​ខ្លឹមសារ​អនុក្រឹត្យ​នោះ​បញ្ជាក់​ថា ទន្លេមេគង្គ​ខែត្រ​ក្រចេះ គិត​ត្រឹម​ក្បាលកោះ​ទ្រង់ ទល់​មុខ​ក្រុង​ក្រចេះ រហូត​ដល់​ព្រំប្រទល់​ខែត្រ​ស្ទឹងត្រែង មាន​ប្រវែង ៨៥​គីឡូម៉ែត្រ ត្រូវ​ចាត់​ទុក​ជា​តំបន់​អភិរក្ស​ផ្សោត​ជីវចម្រុះ និង​ត្រី​មេ​ពូជ បែង​ចែក​ជា​ពីរ​តំបន់ គឺ​តំបន់​ស្រទាប់ និង​តំបន់​ស្នូល។ តំបន់​អន្លង់​អភិរក្ស​ព្រែក​កាំពី ត្រូវ​បាន​គេ​ចាត់ទុកជា​តំបន់​ស្នូល ដែល​ជា​តំបន់​ហាមឃាត់​មិន​ឲ្យ​មាន​ការ​នេសាទ​ដោយសារ​តំបន់​នោះ​គឺ​សំបូរ​ដោយ​រុក្ខជាតិ​ដុះ​ចេញ​ពី​ផ្ទៃ​ទឹក ដែល​ជា​ជម្រក​ត្រី​ពង​កូន និង​ផ្សោត​រស់​នៅ ក៏ប៉ុន្តែ​សហគមន៍​នៅ​តែ​ប្រទះ​ឃើញ​ជនល្មើស​លូច​ឆក់​ត្រី និង​ដាក់​មង​រាំង​ខ្ទប់​ដំណើរ​របស់​សត្វ​ផ្សោត និង​ត្រី​មេ​ពូជ​ឡើង​ចុះ។

​ប្រធាន​ឆ្មាំ​ទន្លេ និង​ជា​អនុ​ប្រធាន​រដ្ឋបាល​ជលផល​ខែត្រ​ក្រចេះ លោក ម៉ុក ពន្លក បាន​ផ្តាច់​ទូរស័ព្ទ​នៅ​ពេល​អាស៊ីសេរី សុំ​សម្ភាសន៍។ តែ​លោក​ធ្លាប់​បញ្ជាក់​ថា  វិសាលភាព​ដែន​អភិរក្ស​ផ្សោត និង​ជីវចម្រុះ​នៅ​ទន្លេ​មេគង្គ​ធំធេង ដែល​មាន​ប្រជុំ​កោះ​ស្មុគស្មាញ បង្ក​ជា​ឧបសគ្គ​ដល់​បេសកកម្ម​អភិរក្ស​សត្វ​ផ្សោត និង​ជីវចម្រុះ នៅ​មិន​ទាន់​ឆ្លើយ​តប​គ្រប់​ជ្រុងជ្រោយ​ទេ។ ហេតុនេះ​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ពី​សហគមន៍​នេសាទ ពលរដ្ឋ និង​អាជ្ញាធរ ត្រូវ​រួមគ្នា​ផ្ដល់​ដំណឹង​ពី​បទ​ល្មើស​នេសាទ​គ្រប់​ប្រភេទ​មក​អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ។ លោក​ថា ជនល្មើស​ហាក់​មាន​បណ្ដា​ញ​ដឹង​មុន​នៅ​គ្រា​ដែល​ឆ្មាំ​អភិរក្ស​ចុះ​ល្បាត​ក្រុម​ជនសង្ស័យ​តែងតែ​រត់​គេច​ខ្លួន​បាន។

​មន្ត្រី​ស៊ើប​អង្កេត​សមាគម​អាដហុក (ADHOC) ខែត្រ​ក្រចេះ លោក ប៊ី វ៉ាន់នី ឲ្យ​ដឹង​ថា សហគមន៍​រាយការណ៍​ថា អាជ្ញាធរ​ពាក់ព័ន្ធ និង​សមត្ថកិច្ច​មូលដ្ឋាន​តែងតែ​ទទួល​ប្រយោជន៍​បទល្មើស​នេសាទ​បង្ក​ឲ្យ​បទល្មើស​នេសាទ​កើន​ឡើង ហើយ​ជនល្មើស​មិន​ខ្លាច​ច្បាប់។   លោក​ថា ត្រី​ផ្សោត​បាន​ដើរ​តួនាទី​សំខាន់​រក​ប្រាក់​ចំណូល​ដល់​សហគមន៍​តាម​រយៈ​វិស័យ​ទេសចរណ៍ តែ​បើ​ត្រី​ផ្សោត​រងគ្រោះ​ហើយ​នោះ បង្ក​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ក្នុង​តំបន់ និង​ជីវភាព​សហគមន៍។

លោក​សង្កត់​ធ្ងន់​ថា ការ​បាត់បង់​ត្រី​ផ្សោត និង​ជីវចម្រុះ​តាម​ទន្លេមេគង្គ គឺ​ជា​ការ​ទទួល​ខុសត្រូវ​មួយ​ផ្នែក​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ឆ្មាំ​អភិរក្ស។ ចំណែក​សហគមន៍​មូលដ្ឋាន ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​អនុវត្ត​លក្ខន្តិកៈ​របស់​សហគមន៍​នេសាទ​ឲ្យ​បាន​ត្រឹមត្រូវ៖ «ការ​អនុវត្ត​ចាប់​វិញ បើ​ចាប់​បាន​ថ្នាក់មូលដ្ឋាន​គេ​គ្រាន់តែ​ពិន័យ ហើយ​គេ​ដោះលែង​បន្ទាប់​មក ហើយ​ករណី​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​អនុវត្ត​ច្បាប់»

​សហគមន៍​រស់​នៅ​ឃុំ​សំបុក បាន​នាំ​គ្នា​អភិវឌ្ឍ​នៅ​តំបន់​ផ្សោត​រស់​នៅ ប្រែក្លាយជា​តំបន់​ទេសចរណ៍​ធម្មជាតិ​បៃតង បម្រើ​វិស័យ​ទេសចរណ៍ ក្នុង​ទិសដៅ​រួមគ្នា​អភិរក្ស​ប្រព័ន្ធ​ជីវចម្រុះ និង​បង្កើន​ប្រាក់​ចំណូល​ដល់​សហគមន៍​ជា​ច្រើន​ឆ្នាំ​មក​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល