"ដែន​ជម្រក​សត្វព្រៃ​លំផាត់​នៅ​រតនគិរី​ជាង ១​ពាន់​ហិកតារ​ត្រូវ​អាជ្ញាធរ និង​ឈ្មួញ​ពុះ​ចែក​គ្នា​លក់"

0:00 / 0:00

ដែន​ជម្រក​សត្វព្រៃ​លំផាត់ ដែល​មាន​ភូមិសាស្ត្រ​ជាប់​ភូមិ​កែងសាន់ និង​ភូមិ​សមុទ្​រក្រោម នៃ​ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី រាប់ពាន់​ហិកតារ ត្រូវ​គេ​កាប់​រាន​ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​ការស៊ើបអង្កេត។ ជនជាតិ​ដើម​ភាគតិច​ទំពួន​អះអាង​ថា មេភូមិ មេឃុំ និង​មេ​សហគមន៍ គឺជា​មេខ្លោង​លក់​ដី​ព្រៃ​ទាំងនោះ​ឱ្យ​ឈ្មួញ​ខុសច្បាប់។

ជនជាតិ​ដើម​ភាគតិច​ទំពួន រស់នៅ ឃុំ​សេដា ស្រុក​លំផាត់ អះអាង​ថា ទំហំ​ព្រៃឈើ​រាប់ពាន់​ហិកតារ ឋិត​នៅ​តំបន់​ភ្នំអាត ភ្នំ​ម៉ាហើល និង​តំបន់​បឹង​យក្សម៉ាយ ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ កំពុង​ទទួលរង​ការ​កាប់​ទន្ទ្រាន អារ​រំលំ​ឈើ និង​ឈូស​ឆាយ​ព្រៃ បែប​អនាធិបតេយ្យ​គ្មាន​ការទប់ស្កាត់។ ជនជាតិ​ដើម​ភាគតិច​ទំពួន​រស់នៅ​ភូមិ​កែងសាន់ លោក ខាំ និន ឱ្យ​ដឹង​នៅ​ថ្ងៃទី២៨

កុម្ភៈ ថា ដែន​ជម្រក​សត្វព្រៃ​លំផាត់ នៅ​ចំណុច​បឹង​យក្សម៉ាយ និង​អូរ​ភ្នាស ដែល​ជា​កន្លែង​ជនជាតិ​ដើម​ភាគតិច​អាស្រ័យ​ផល ឃ្វាលគោ​ក្របី និង​រក​ត្រី​សាច់ កំពុង​ទទួលរង​ការ​កាប់​ទន្ទ្រាន​យក​ដី​អស់ ជាង ១​ពាន់​ហិកតារ គ្មាន​អាជ្ញាធរ​ណា​ធ្វើការ​ស៊ើបអង្កេត​ឡើយ។ លោក​ថា អ្នកភូមិ​បាន​ផ្តល់​ដំណឹង​នេះ​ទៅ​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ស្ថាប័ន ឱ្យ​ជួយ​ទប់ស្កាត់ តែ​គ្មាន​ប្រសិទ្ធភាព។ លោក​កត់​សម្គាល់​ថា ព្រៃឈើ​នៅ​ភូមិ​កែងសាន់ ដែល​ធ្លាប់​ជា​ម្លប់​បៃតង និង​ជា​ប្រភព​ចំណូល​របស់​សហគមន៍ បាន​ក្លាយ​ជា​វាលរហោឋាន ក្ដៅ​ហួតហែង និង​មាន​តំបន់​ខ្លះ​ត្រូវ​គេ​ដុត​ព្រៃ​ដើម្បី​យក​ដី​លក់៖ «ខ្ទេចខ្ទី​អស់ហើយ​ព្រោងព្រាត គេ​អារ​រំលំ​អស់ហើយ​។ អូរភ្នាង អូរ​ក្រែង និង​ភ្នំណាំជៀ​អស់ហើយ​។ ដី​ហ្នឹង​ប្រហែល​ជាង ១​ពាន់​ហិកតារ ឥឡូវ​វា​អស់ហើយ»។

ជនជាតិ​ដើម​ភាគតិច​ទំ​ពូន​ម្នាក់ទៀត រស់នៅ​ភូមិ​សមុទ្រ​ក្រោម លោក ឆន ផល្លា អះអាង​ថា បើ​ទោះ​បី​ជា សកម្មភាព​កាប់​ទន្ទ្រានព្រៃ អស់​រាប់ពាន់​ហិកតារ​ក្ដី ក៏​ពុំ​ឃើញ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ណា​ចុះទៅ​ស៊ើបអង្កេត​រក​ជនល្មើស​មក​ផ្ដន្ទាទោស​តាមច្បាប់​ដែរ។ ចំណែក​អាជ្ញាធរ​ភូមិ​-​ឃុំ នៅតែ​ឃុបឃិត​ជាមួយ​ឈ្មួញ ពុះ​ដី​ព្រៃ​អភិរក្ស​លក់​ជា​ឡូតិ៍​ៗ​ដដែល៖ «ដែន​ជម្រកសត្វព្រៃ​ចាប់ពី​ព្រំប្រទល់​ភ្នំ​អាត និង​ភ្នំ​ម៉ាហើល ទៅ​ដល់​ភូមិ​កែងសាន់ គឺ​វាលរហោឋាន​អស់ហើយ គេ​កាប់​បំផ្លាញ​ខ្ទេចខ្ទី​អស់​រាប់ពាន់​ហិកតារ វាល​អស់ហើយ​អត់​មាន​ព្រៃ​ទេ គេ​កាប់​លក់​អស់ហើយ»។

អាស៊ីសេរី​បាន​ទាក់ទង មេភូមិ​កែងសាន់ លោក ញួង គួត មេឃុំ​សេដា លោក អង់ ប៊ុនធឿង និង​អភិបាលស្រុក​លំផាត់ លោក នូ ថេរ ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នកទទួល និង​អ្នកខ្លះ​មិន​អាច​ទាក់ទង​បានទេ នៅ​ថ្ងៃទី២៨ កុម្ភៈ​។ ចំណែក​ប្រធាន​ការិយាល័យ ដែន​ជម្រក​សត្វព្រៃ​លំផាត់ លោក សាន សានី ក៏​មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ចំណែក​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា មាន​ប្រសាសន៍ថា ក្រសួង​បរិស្ថាន​មិន​គាំទ្រ​ឱ្យ​មានការ​ពុះ​ដី​ព្រៃ​អភិរក្ស​ធ្វើ​អាជីវកម្ម​នោះ​ទេ ហើយ​ព័ត៌មាន​នេះ​ក្រសួង​នឹង​ធ្វើការ​ត្រូត​ពិនិត្យ​ដល់​មូលដ្ឋាន​ផ្ទាល់ ដើម្បី​ស្រាវជ្រាវ​ថា​តើ រឿង​នេះ​ពិត​ឬ​យ៉ាងណា​? លោក​ថា ប្រសិនបើ​មានការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ការពារ​ធម្មជាតិ គឺជា​ទង្វើ​ល្មើសច្បាប់ និង​អនុក្រឹត្យ។ លោក​បញ្ជាក់​ថា តំបន់​ព្រៃ​ការពារ​ធម្មជាតិ​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់ និង​អនុក្រឹត្យ គឺ​គ្មាន​ជន​ណា មាន​សិទ្ធិ​យក​ដី​ទាំងនោះ​ធ្វើ​អាជីវកម្ម​បានទេ ហើយ​ប្រសិនបើ​មន្ត្រី​ជំនាញ​រក​ឃើញ​ដូច​អ្វី​ដែល​ពលរដ្ឋ​បាន​លើក​ឡើង ក្រសួង​សាមី​នឹង​អនុវត្ត​ច្បាប់​ដល់​អ្នក​ដែល​ពាក់ព័ន្ធ៖ «គោលជំហរ​របស់​ក្រសួងបរិស្ថាន គឺ​យើង​ការពារ​ដាច់ខាត​នៅ​តំបន់​ការពារ​ធម្មជាតិ​របស់​យើង ក៏ដូចជា​ព្រៃ​ព្រឹក្សា ធនធាន​ធម្មជាតិ​សត្វព្រៃ​ដែល​មាន​។ យើង​មិន​អនុញ្ញាត​ឱ្យ​ជនខិលខូច រុករាន​កាប់​ទន្ទ្រាន​ដី​ព្រៃ ដោយ​ខុសច្បាប់​នៅ​ក្នុង​តំបន់​នោះ​ទេ ហើយ​បើសិនជា ហើយ​បើ​រក​ឃើញ​ថា មានការ​ប្រព្រឹត្ត​ខុសច្បាប់​ដែល​មាន​កំណត់​ជនល្មើស និង​ត្រូវ​កសាង​សំណុំរឿង​ទៅ​តុលាការ ហើយ​យើង​នឹង​រឹបអូស​យក​ដី​មកវិញ ជា​សម្បត្តិ​រដ្ឋ»។

កាល​ពី​សប្ដាហ៍​មុន​ជនជាតិ​ដើម​ភាគតិច​មួយ​ក្រុម បាន​ទៅដល់​ទីតាំង​ដែល​ជនល្មើស​បាន​កាប់រាន​ដី​ព្រៃ និង​អារ​រំលំ​ឈើ​ធ្វើ​អាជីវកម្ម អស់​ប្រមាណ​ជាង ១​ពាន់​ហិកតារ នៅ​តំបន់​ភ្នំ​អាត ភ្នំ​ម៉ាហើល ចំណុច​អូរ​ក្រែង ភ្នំ​ណាំជៀ និង​អូរភ្នាស។ ពួកគេ​សង្កេត​ឃើញ​ថា តំបន់​នោះ​មុន​ឆ្នាំ​២០១០ ហ៊ុមព័ទ្ធ​ដោយ​ព្រៃស្រោង និង​ជាទី​ជម្រក​សត្វព្រៃ​កម្រ​រស់នៅ ហើយ​បច្ចុប្បន្ន​ក្លាយ​ជា​វាលរហោឋាន​អស់​មួយ​ផ្នែក​ធំ និង​គ្រប់គ្រង​ជា​សម្បត្តិ​បុគ្គ​។

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍ នៃ​សមាគម​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ ចាត់​ទុក​ករណី​នេះ ជា​ឧក្រិដ្ឋកម្ម​ព្រៃឈើ ខណៈ​ដែល​មន្ត្រី​នគរបាល​យុត្តិធម៌ និង​តុលាការ​នៅតែ​មិន​អាច​ស្វែងរក​ជន​ប្រព្រឹត្ត​មក​ទទួលខុស​ត្រូវ​បាន បើ​ទោះ​បី​ជា​សហគមន៍​ធ្លាប់​បាន​ប្ដឹង​អាជ្ញាធរ​មូលដ្ឋាន អភិបាលស្រុក និង​មន្ត្រី​ជំនាញ ទៅ​តុលាការ ពីបទ​អនុគ្រោះ​នាំ​ឱ្យ​កើតមាន​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​យ៉ាងណាក្ដី​។ លោក​យល់ថា សហគមន៍​បាន​កំណត់​អត្តសញ្ញាណ អ្នក​ស៊ី​ឈ្នួល​កាប់​ទន្ទ្រានព្រៃ និង​អាជ្ញាធរ​ពាក់ព័ន្ធ​រួចហើយ ហេតុនេះ​ការ​ស្វែង​ជនសង្ស័យ គឺ​គ្មាន​អ្វី​លំបាក​ទេ បើ​អាជ្ញា​ធរមាន​ឆន្ទៈ​ពិតមែន​នោះ៖ «លែង​មាន​ទំនុក​ចិត្ត​ចំពោះ​សមត្ថកិច្ច​ដែល​ទទួល​ខុសត្រូវ​ការពារ​ធនធាន​ធម្មជាតិ យក​ប្ដេជ្ញា​មួយ​ឆ្នាំ​ពី​មួយ​ឆ្នាំៗ ហើយ​ចាប់​បាន​ឈើ​តិច​តូច​ថា អនុវត្ត​ច្បាប់​។ ជនល្មើស​ដែល​ចាប់​បាន​សុទ្ធតែ​ពលរដ្ឋ​ទន់ខ្សោយ»។

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ទំពួន​បន្ថែម​ថា បឹង​ណាំជៀ គឺជា​ប្រភព​ត្រី​សាច់ ហ៊ុមព័ទ្ធ​ដោយ​ព្រៃស្រោង និង​ជា​កន្លែង​ទី​សក្ការៈ​បូជា​របស់​ជន​ជាតិ​ដើម​ភាគតិច​ទំ​ពូន​ជាច្រើន​ជំនាន់​មក​ហើយ ក៏ប៉ុន្តែ​បច្ចុប្បន្ន តំបន់​នោះ​កំពុង​ប្រឈម​ការបាត់បង់​ទាំងស្រុង ដោយសារ​ថយ​ចុះ​ទំហំ​ព្រៃឈើ ធ្វើ​ឱ្យ​ទឹក​បឹង​ផ្នែក​ខ្លះ​រីង​រាក់ គ្មាន​ត្រី​។ អ្នកភូមិ​ថា ឈើ​មានតម្លៃ​នៅ​ជុំវិញ​បឹង​មួយ​នេះ ក្រុម​ឈ្មួញ សម្រុក​កាប់​ទន្ទ្រានព្រៃ​ធ្វើ​អាជីវកម្ម​អស់ទាំង​ស្រុង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។