ក្រុមជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី បង្ហាញក្តីបារម្ភ ពីជោគវាសនាដែនជម្រកសត្វព្រៃកែវសីមា ដែលជាជម្រកសត្វព្រៃច្រើនប្រភេទស្នាក់អាស្រ័យ កំពុងទទួលរងការគំរាមកំហែង គ្រប់រូបភាព ពីឈ្មួញមានឥទ្ធិពល។ អ្នកភូមិថា អ្នកមានអំណាចខ្លះ កំពុងរកវិធីដើម្បីច្បាមគ្រប់គ្រងតំបន់ទឹកជ្រោះ និងព្រៃឈើមួយផ្នែក ឋិតនៅតំបន់នោះ ដែលអាចបង្កគ្រោះថ្នាក់ខ្លាំង ដល់ជីវិតសត្វព្រៃ គម្រោងឥណទានកាបូន និងព្រៃឈើជាដើម។
ពលរដ្ឋជិត ១០០គ្រួសារ (៧០) រស់នៅភូមិដូងក្រឡឹង ឃុំដាក់ដាំ ស្រុកអូររាំង ប្រកាសជំហរថា នឹងបន្តទាមទារឱ្យអាជ្ញាធរពាក់ព័ន្ធខេត្តមណ្ឌលគិរី បញ្ឈប់ការឈូសឆាយផ្លូវមួយខ្សែ តម្រង់ចូលតំបន់ទឹកជ្រោះមួយកន្លែង ឋិតក្នុងដែនជម្រកសត្វព្រៃកែវសីមា។
ពួកគេចាត់ទុកការឈូសឆាយនេះ ផ្តល់ភាពងាយស្រួលដល់ក្រុមជនល្មើស កាប់បំផ្លាញធនធានធម្មជាតិ ប៉ះពាល់រុក្ខជាតិជាង ៦០ប្រភេទ ដែលស្ថិតក្នុងបញ្ជីក្រហមរបស់ អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (International Union for Conservation of Nature )។ អង្គការមួយនេះ រកឃើញថា រុក្ខជាតិកម្រ ៦០ ប្រភេទ ដែលដុះក្នុងដែនជម្រកសត្វព្រៃកែវសីមា ជាប្រភេទរុក្ខជាតិរងការគំរាមកំហែងឈានទៅរកការផុតពូជលើពិភពលោក។
ក្រុមជនជាតិដើមភាគតិចព្នងថា អ្នកមានអំណាចមួយចំនួន ដែលពួកគេមិនស្គាល់អត្តសញ្ញាណ បានយកគ្រឿងចក្រឈូស ឆាយព្រៃ ធ្វើផ្លូវមានប្រវែងទទឹងជាង ៤ម៉ែត្រ បណ្ដោយប្រមាណ ៤គីឡូម៉ែត្រ តម្រង់ចូលតំបន់ទឹកជ្រោះលែងក្លាង ឋិតក្នុងដែនជម្រកសត្វព្រៃកែវសីមា។
កាលពីព្រឹកថ្ងៃទី១៤ មេសា ២០២០ ក្រុមពលរដ្ឋជិត ៥០ នាក់ បានធ្វើដំណើរដោយម៉ូតូ បានឃាត់ អេស្កាវ៉ាទ័រ ២គ្រឿង ដែលកំពុងឈូសឆាយព្រៃ ធ្វើផ្លូវ ឆ្ពោះចូលចំណុចអូរពណ៌ ក្នុងព្រៃអភិរក្សនេះ។ជនជាតិដើមភាគតិចព្នង លោក សុខា ថុត ឱ្យដឹងនៅថ្ងៃទី១៩ មេសា ក្រុមឈ្មួញកំពុងប្រើល្បិច ជួលពលរដ្ឋប្រមាណ ៤គ្រួសារ ឱ្យលក់ដីព្រៃអភិរក្សមួយផ្នែក ឋិតនៅតំបន់ដែលកំពុងឈូសឆាយនោះ។ លោកថា ពលរដ្ឋ ៤គ្រួសារនោះ បានទទួលប្រាក់កក់ ពីក្រុមឈ្មួញរួចហើយ ខ្លះទទួលបាន ៤រយដុល្លារ និងខ្លះទៀត ២ពាន់ដុល្លារ ដែលមានអាជ្ញាធរភូមិ ជួយសម្របសម្រួល។ លោកព្រមានថា ក្រុមពលរដ្ឋនឹងផ្តិតមេដៃ ដាក់ញត្តិទាមទារ ឱ្យអាជ្ញាធរដកហូតដីព្រៃអភិរក្ស ដែលឈ្មួញប៉ុនបងរំលោភទាំងនោះ ជាសម្បត្តិរដ្ឋវិញ និងបញ្ឈប់ការឈូសឆាយស្ថាបនាផ្លូវជាបន្ទាន់ ដើម្បីរក្សាព្រៃឱ្យគង់ ទុកជាជម្រកសត្វព្រៃរស់នៅ និងចិញ្ចឹមជីវិត៖ «ព្រោះថា គេរកលេសរបស់គេ ដើម្បីឱ្យគេមានសិទ្ធិដើរទិញពីប្រជាពលរដ្ឋ កុំឱ្យគេថា ឈូសឆាយវាខុស។ ដល់ពេលអ៊ីចឹងគេទុកឱ្យពលរដ្ឋ ២ ទៅ ៣គ្រួសារ សម្រាប់ឈរធ្វើជាម្ចាស់ដី អ៊ីចឹង ដើម្បីគេនឹងទិញពីពលរដ្ឋ ហើយគេនឹងឈូសឆាយបន្តទៀត។ ឥឡូវប៉ះ ៤ទៅ ៥គ្រួសារ ខ្លះទទួលលុយកាក់ ខ្លះ ២ពាន់ ៥រយដុល្លារ និងខ្លះទៀត ៧ ទៅ ៨រយដុល្លារ»។
សហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី លោក គ្រើង តុលា អះអាងថា ការឈូសឆាយផ្លូវមានប្រវែង ៤គីឡូម៉ែត្រ ទទឹង ៤ទៅ ៥ម៉ែត្រ តម្រង់ចូលព្រៃអភិរក្ស គឺជារូបភាព ឃុបឃិតគ្នាជាប្រព័ន្ធ និងអំពើពុករលួយ ព្រោះការអភិវឌ្ឍនេះ គ្មានអនុក្រឹត្យបង្ហាញពីការសិក្សាផលប៉ះពាល់បរិស្ថាន និងសង្គមត្រឹមត្រូវទេ។
លោកថា ក្រុមពលរដ្ឋកំពុងពិភាក្សារឿងនេះ នឹងត្រៀមតវ៉ាស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច វែកមុខជនល្មើស មកអនុវត្តតាមច្បាប់ ព្រោះការឈូសឆាយផ្លូវនេះ ប៉ះពាល់ធ្ងន់ធ្ងរដល់ព្រៃឈើ ជម្រកសត្វព្រៃ និងគម្រោងឥណទានកាបូន៖ «ចំពោះការយល់ឃើញ របស់ខ្ញុំមានការខុសច្បាប់ធំធេងមែនទែន។ ខុសច្បាប់ដោយសារអី រាល់ការអភិវឌ្ឍ រាល់ការវិនិយោគ ត្រូវមានអនុប្បយោគ និងអនុក្រឹត្យជាដើម។ ឥឡូវអត់មានអនុប្បយោគ និងអត់មានអនុក្រឹត្យអីទាំងអស់ អ៊ីចឹងវាស្មើនឹងលក់សម្បត្តិរបស់ជាតិតែម្ដង។ ការយល់របស់ខ្ញុំក្រុមហ្នឹង លក់សម្បត្តិជាតិ គឺអំពើពុករលួយតែម្ដង»។
អ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី លោក សុក សេរ៉ា មានប្រសាសន៍ថា លោកមិនដឹងរឿងរាវទាំងនេះច្បាស់លាស់នៅឡើយទេ។ តែយ៉ាងណាលោកពន្យល់ថា ការឈូសឆាយផ្លូវដែលគ្មានការអនុញ្ញាត ពីអាជ្ញាធរថ្នាក់លើ គឺជាទង្វើល្មើសច្បាប់។ លោកថា ក្រុមមន្ត្រីជំនាញក៏កំពុងចុះសិក្សាស្រាវជ្រាវរឿងនេះដែរ៖ «តាមច្បាប់ បើមិនមានការអនុញ្ញាតពីរដ្ឋបាលខេត្ត និងមិនមានការអនុញ្ញាតសិក្សាច្បាស់លាស់ ត្រឹមត្រូវ ដោះស្រាយផលប៉ះពាល់យ៉ាងណានោះ អាហ្នឹងគឺវាខុសហើយ។ ក៏ប៉ុន្តែការអភិវឌ្ឍ បើកាលណា មានផលប៉ះពាល់យើងត្រូវដោះស្រាយ»។
ចំណែកប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី លោក កែវ សុភគ៌ មានប្រសាសន៍ថា ការស្ថាបនាផ្លូវនេះ ដើម្បីងាយស្រួលចូលទៅកម្សាន្តតំបន់ទឹកជ្រោះ ឋិតក្នុងដែនជម្រកសត្វព្រៃកែវសីមា។ លោកបញ្ជាក់ថា មន្ត្រីជំនាញបានសម្រេចផ្អាក គ្រឿងចក្រទាំងនោះជាបណ្ដោះសិន ប៉ុន្តែនៅមិនទាន់រកឃើញ ម្ចាស់គ្រឿងចក្រនៅឡើយទេ៖ «របៀបដូចមានអ្នកគេជួយអ៊ីចឹង ដើម្បីជួយសម្រួលផ្លូវឱ្យស្រូល ចូលទៅកន្លែងទឹកជ្រោះ។ មិនមែនទៅធ្វើលក្ខណៈផ្លូវធំទេ វាងៗដើមឈើ អ៊ីចឹង កន្លែងណាគេឃើញប្រឡោះ ដើម្បីឱ្យម៉ូតូឡានអ៊ីចូលបាន»។
អង្គការសង្គ្រោះសត្វព្រៃ ( WCS ) រកឃើញថា ដែនជម្រកសត្វព្រៃកែវសីមា គឺជាព្រៃដ៏អស្ចារ្យមួយ និងស្រស់ស្អាត។ ក្រៅពីសម្បូរទៅដោយសត្វព្រៃសំខាន់ៗ ព្រៃអភិរក្សមួយនេះ ក៏មានប្រភេទរុក្ខជាតិកម្រ និងផ្កាព្រៃចម្រុះពណ៌ ពិសេសទឹកធ្លាក់ធម្មជាតិជាង ១០កន្លែង ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។តែទោះយ៉ាងណា ក្រុមជនជាតិដើមភាគតិចបារម្ភខ្លាំង ពីអនាគតព្រៃអភិរក្សមួយនេះ ព្រោះពួកគេសង្កេតឃើញថា សកម្មភាពកាប់ទន្ទ្រានព្រៃធ្វើជាកម្មសិទ្ធិ ឋិតក្នុងដែនជម្រកសត្វព្រៃកែវសីមា កំពុងកើតឡើងច្រើន បណ្ដាលឱ្យប៉ះពាល់គម្រោងឥណទានកាបូន ដែលគម្រោងនេះបានផ្តល់ប្រយោជន៍ច្រើន ដល់ពលរដ្ឋមូលដ្ឋានព្រៃឈើ និងសត្វព្រៃ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តមណ្ឌលគិរី លោក អ៊ាង ម៉េងលី សង្កេតឃើញ អាជ្ញាធរពាក់ព័ន្ធ ត្រូវស៊ើបអង្កេតរកអ្នកនៅពីក្រោយខ្នង និងអ្នកពាក់ព័ន្ធឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់ ទាក់ទិនការឈូសឆាយផ្លូវចូលព្រៃអភិរក្ស៖ «អាជ្ញាធរពាក់ព័ន្ធគួរចាត់វិធានការផ្លូវច្បាប់ បើសិនជាករណីរកឃើញថា មានចេតនាមួយ អភិវឌ្ឍន៍ទៅ វាប៉ះពាល់ព្រៃតំណម និងព្រៃអភិរក្ស ក្នុងការ ការពារតំបន់ កែវសីមាហ្នឹង»។
ដែនជម្រកសត្វព្រៃកែវសីមា មានផ្ទៃដីជិត ៣០ម៉ឺនហិចតា គ្របដណ្ដប់ក្នុងឃុំចំនួន ៤ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ព្រៃអភិរក្សនេះ ត្រូវបានអ្នកស្រាវជ្រាវរកឃើញថា មានសារៈសំខាន់ជាសាកល សម្រាប់ការអភិរក្សប្រភេទ ស្វាកន្ទុយស ទោចថ្ពាល់លឿង ពពួកខ្លាព្រៃ ដំរីព្រៃ សត្វខ្ទីង គោព្រៃ និងសត្វស្លាបជាច្រើនប្រភេទផ្សេងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។