សកម្មជនបរិស្ថានអះអាងថា មានក្រុមហ៊ុនចំនួន៣ គឺក្រុមហ៊ុន ស៊ីងបាយអូថេក ( Think Biotech Co.,Ltd) ក្រុមហ៊ុន ធីង៉ា អភិវឌ្ឍន៍ (THY NGA CO., LTD. DEVELOPMENT AND INVESTMENT) និងក្រុមហ៊ុនភីអ៊ីនធី (PNT) នៅតែបន្តសកម្មភាពកាប់ឈើនៅតំបន់ដែនជម្រកសត្វព្រៃឡង់ និងឈើមូលធំៗដុះតាមស្រែចម្ការរបស់ពលរដ្ឋនៅជាប់ព្រៃឡង់ ក្នុងខេត្តព្រះវិហារ។ ការលើកឡើងនេះ ក្រោយពីពួកគេ បានចុះស្រាវជ្រាវ បទល្មើសព្រៃឈើនៅតំបន់នោះ រយៈពេលជាង ១សប្ដាហ៍នាពេលថ្មីៗនេះ។
គំនរឈើរាប់រយដើម មានមុខកាត់ចាប់ពី ៤តឹកឡើងទៅ ប្រវែងជាង ៥ម៉ែត្រ ត្រូវបានក្រុមសកម្មជនបរិស្ថាន និងប្រជាសហគមន៍ប្រទះឃើញ ក្បែរបរិវេណក្រុមហ៊ុន ភីអ៊ីនធី ឋិតក្នុងឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ។ សកម្មជនបរិស្ថានថា រថយន្តច្នៃ ៧គ្រឿង កំពុងសម្រុកដឹកឈើមូលធំៗរួមមាន ធ្នង់ នាងនួន ឈ្លីក កកោះ និង ដើមឈើផលិតជ័រទឹក ដែលដុះតាមចម្ការស្រែអ្នកស្រុក ចូលក្នុងការដ្ឋានរបស់ក្រុមហ៊ុន ភីអ៊ីនធី។
ប្រជាសហគមន៍ការពារព្រៃឈើ រស់នៅខេត្តព្រះវិហារ លោក ចាន់ វាសនា ឱ្យដឹងនៅថ្ងៃទី១៣ វិច្ឆិកាថា ពលរដ្ឋនៅមូលដ្ឋានមួយចំនួន បានស៊ីឈ្នួលកាប់ឈើលក់ឱ្យក្រុមហ៊ុន ភីអ៊ីនធី។ លោកថា ក្នុងការដ្ឋានរបស់ក្រុមហ៊ុននេះ មានម៉ាស៊ីនអារឈើខ្នាតធំ កំពុងធ្វើអាជីវកម្មឈើទ្រង់ទ្រាយធំ ដែលមានមន្ត្រីយោធា ជិះរថយន្តស្លាកលេខ ខ.ម កាងការពារ។ លោកបញ្ជាក់ថា ក្នុងបរិវេណក្រុមហ៊ុន ពុំមានឈើសម្រាប់កាប់ធ្វើអាជីវកម្មទៀតទេ៖ « ក្រុមហ៊ុនហ្នឹងវា ជួលពលរដ្ឋយកជាខែល កាប់ឈើដឹក ជារៀងរាល់ថ្ងៃ ហើយគេដាក់ក្នុងម៉ាស៊ីនច្រៀកជារៀងរាល់ថ្ងៃ រោងចក្ររបស់វា តែមួយកន្លែង តែវាមានទាហានយាម អត់មានឱ្យចូលបានទេ។ និយាយទៅខ្ញុំមានការព្រួយបារម្ភ និងសោកស្ដាយ ព្រៃឈើរលាយហិនហោច ដោយសារក្រុមហ៊ុនហ្នឹង »។
ចំណែក សកម្មជនបរិស្ថាន លោក ហេង ស្រស់ ដែលចុះសង្កេតរឿងនេះ ថ្លែងថា ក្រុមហ៊ុនស៊ីងបាយអូថេក នៅតែបន្តកាប់ឈើទ្រង់ទ្រាយធំ ក្នុងតំបន់ព្រៃឡង់ រួចដឹកលក់ឱ្យក្រុមហ៊ុនអង្គរប្លាយវូដ (Angkor Plywood) នៅជាយក្រុងភ្នំពេញ។ លោកថា រីឯក្រុមហ៊ុនធីង៉ាអភិវឌ្ឍន៍វិញ បានបញ្ជូនកម្លាំងកម្មកររាប់សិបនាក់ ចូលទៅកាប់ឈើក្នុងចម្ការស្រែរបស់ពលរដ្ឋ ឋិតនៅស្រុករវៀង ខេត្តព្រះវិហារ។ លោកបន្ថែមថា ក្រុមហ៊ុនទាំងនេះ ធ្វើអាជីវកម្មឈើជាថ្មីទៀត ជាង ១សប្ដាហ៍មកហើយ ៖ «ជាក់ស្ដែងយើងទទួលបានឯកសារមួយ ដែលបញ្ជាក់ថា រដ្ឋបាលព្រៃឈើបានចេញលិខិត ធានាឱ្យរថយន្តអារ៉េវទាំងអស់នោះ ដើម្បីធ្វើការដឹកជញ្ជូនឈើ មិនមានអ្នកណាប៉ះពាល់ មិនមាននរណារំខានទៅដល់ ការដឹកជញ្ជូនឈើ របស់ក្រុមហ៊ុន PNT ហ្នឹងទេ។ អ៊ីចឹងហើយ យើងហ៊ានអះអាងថា សមត្ថកិច្ច និងមន្ត្រីជំនាញ គឺជាអ្នកចូលដៃចូលជើង ជាមួយឈ្មួញ កាប់បំផ្លាញព្រៃឈើ »។
អាស៊ីសេរីមិនទាន់អាចទាក់ទងតំណាងក្រុមហ៊ុនទាំង៣ ដែលរងការចោទប្រកាន់ថា បន្តកាប់ឈើក្នុងព្រៃឡង់នោះបានទេ នៅថ្ងៃទី១៣ វិច្ឆិកា។ ទោះជាយ៉ាងណា ក្រុមហ៊ុនស៊ីងបាយអូថេក ធ្លាប់បានចេញមុខបដិសេធថា ក្រុមហ៊ុនមិនមានពាក់ព័ន្ធនឹងសកម្មភាពកាប់ឈើក្នុងតំបន់ព្រៃឡង់នោះឡើយ។
ចំណែក អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា វិញ ចាត់ទុកការលើកឡើងរបស់សកម្មជនបរិស្ថានថា ជាការយល់ច្រឡំ និងបំផ្លើសព័ត៌មាន។ លោកបកស្រាយថា គំនរឈើដែលសកម្មជនបរិស្ថានរកឃើញនោះ ជាឈើដែលក្រុមហ៊ុនប្រមូលផល ក្នុងអនុតំបន់ចំនួន ៤ទីតាំងផ្សេងៗគ្នា ក្នុងបរិវេណដីសម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ភីអ៊ីនធី។ លោកបដិសេធថា គ្មានការកាប់ និងជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ចូលក្រុមហ៊ុនទេ ព្រោះមន្ត្រីឧទ្យានុរក្សបានដើរល្បាតយ៉ាងហ្មត់ចត់។
ផ្ទុយពីការលើកឡើងរបស់លោក នេត្រ ភក្ត្រា ប្រជាសហគមន៍អះអាងថា ក្នុងទីតាំងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន មិនមានឈើសម្រាប់កាប់ធ្វើអាជីវកម្មទៀតឡើយ។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍នៃសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ យល់ថា សកម្មជនបរិស្ថាន គួរតែប្រមូលភស្តុតាង និងឯកសារពាក់ព័ន្ធនានា បង្ហាញពីឧក្រិដ្ឋកម្មព្រៃឈើទាំងនេះ ដាក់ជូនព្រះរាជអាជ្ញា ដើម្បីចាត់វិធានការច្បាប់ លើក្រុមហ៊ុនទាំងនោះ រួមទាំងអាជ្ញាធរដែលបណ្ដែតបណ្ដោយផងដែរ។ លោកចង់ឃើញ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មី លោក កើត រិទ្ធ អនុវត្តការប្តេជ្ញាចិត្តរបស់ខ្លួន ដោះស្រាយសំណុំរឿងឧក្រិដ្ឋកម្មព្រៃឈើទាំងនេះឱ្យមានប្រសិទ្ធភាព៖ « អយ្យការដែលតំណាងឱ្យរដ្ឋាភិបាល ដែលការពារសុវត្ថិភាពសន្តិសុខ ឬមួយធនធានធម្មជាតិ លោកត្រូវតែយករឿងហ្នឹងមកស៊ើបអង្កេត។ ប៉ុន្តែកន្លងមក យើងមិនដែលឃើញ ធ្វើអ៊ីចឹងសោះ។ យើងឃើញថា ទាល់តែមានបណ្ដឹងចូលអយ្យការ បានគាត់ចាប់ផ្ដើមធ្វើ »។
សកម្មជនបរិស្ថានអះអាងថា ពួកគេមានភស្តុតាងច្បាស់លាស់ និងត្រៀមផ្ញើរបាយការណ៍ទៅស្ថាប័នពាក់ព័ន្ធ ជាពិសេសម្ចាស់ជំនួយ ដើម្បីឱ្យមានវិធានការច្បាប់ និងបញ្ឈប់សកម្មភាពកាប់ឈើខុសច្បាប់។
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ លោក ទី សុវណ្ណថាល់ ជំរុញឱ្យសកម្មជនបរិស្ថានដាក់ ភស្តុតាងរឹងមាំ មកតំណាងអយ្យការ ដើម្បីឱ្យស្ថាប័នរបស់លោក មានវិធានការតាមច្បាប់ ចំពោះអ្នកពាក់ព័ន្ធ និងមន្ត្រីដែលបណ្ដែតបណ្ដោយ។ លោកបញ្ជាក់ថា សកម្មជនបរិស្ថាន ត្រូវមានភស្តុតាង និងឯកសារច្បាស់លាស់ ដើម្បីជាមូលដ្ឋានក្នុងការស៊ើបអង្កេត និងអនុវត្តច្បាប់៖ « អ្នកណាថា ឧក្រិដ្ឋកម្មព្រៃឈើ ឱ្យបង្ហាញមុខឱ្យបានច្បាស់លាស់មក ? បើជំនាញមិនចាប់ខ្ញុំនឹងដាក់ទណ្ឌកម្ម ទៅលើជំនាញវិញ។ អ្នកណាថា ឧក្រិដ្ឋកម្ម ឱ្យរកភស្តុតាង និងបង្ហាញមុខ ? »។
អង្គការជាតិ និងអន្តរជាតិបានរកឃើញថា ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ទំហំព្រៃឡង់ជាង១សែនហិកតារ (១០២ ៤៣៦) ឬស្មើនឹង២៤% ត្រូវបានបាត់បង់ ក្លាយជាវាលរហោឋាន។ បន្ថែមពីនេះទៀត គិតត្រឹមឆ្នាំ២០១៩ ព្រៃឡង់ទំហំជិត ៦ម៉ឺនហិកតារ (៥៨ ១៣៨ ) ត្រូវបានបំប្លែងទៅជាដីចម្ការដំណាំ ហើយមានផ្ទៃដីតែជាង ១ ពាន់ហិកតារ (១ ១១១) ប៉ុណ្ណោះ ត្រូវបានដាំដុះកូនឈើឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។