សហគមន៍​ព្រៃ​ឡង់​ស្នើ​ឲ្យ​រដ្ឋាភិបាល​ទប់ស្កាត់​ការ​កាប់​រាន​ដី​ព្រៃ​នៅ​តំបន់​អភិរក្ស

0:00 / 0:00

សហគមន៍​ការពារ​ព្រៃ​ឡង់​ខែត្រ​ក្រចេះ អះអាង​ថា បើ​ទោះ​ជា​បទល្មើស​ព្រៃ​ឡង់​បាន​ថយ​ចុះ​បន្តិច​ក្តី ក៏ប៉ុន្តែ​នៅ​តែ​ជា​បញ្ហា​គួរ​ឲ្យ​ព្រួយ​បារម្ភ ខណៈ​អ្នក​លួច​កាប់​បំផ្លាញ​ព្រៃ​ឈើ​រាន​យក​ដី និង​ឈើ​មាន​តម្លៃ ភាគច្រើន​ជា​ជន​ចំណាក​ស្រុក​នៅ​តែ​កើត​មាន​ដដែល។ ពួក​គេ​រក​ឃើញ​ថា ពលរដ្ឋ​ចំណាក​ស្រុក​មក​ពី​ខែត្រ​កំពង់ចាម ត្បូងឃ្មុំ និង​ខែត្រ​ក្រចេះ បាន​មក​ដណ្ដើម​ដី​គ្នា​នៅ​តំបន់​ព្រៃ​ឡង់ កាប់​រាន​ធ្វើ​ចម្ការ​ជា​បន្តបន្ទាប់។

សហគមន៍​ការពារ​ព្រៃ​ឡង់​ខែត្រ​ក្រចេះ អំពាវនាវ​នៅ​ថ្ងៃ​ទី​១ កុម្ភៈ ស្នើ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ រក​មធ្យោបាយ​ទប់ស្កាត់​ចលនា​កាប់​រាន​ដី​ព្រៃ​ក្នុង​តំបន់​ព្រៃ​ការពារ បង្ក​ឡើង​ដោយ​ពលរដ្ឋ​ចំណាក​ស្រុក​ឲ្យ​មាន​ប្រសិទ្ធភាព។

ប្រធាន​សហគមន៍​ការពារ​ព្រៃ​ឡង់​ខែត្រ​ក្រចេះ លោក ផៃ ប៊ុនលាង ឲ្យ​ដឹង​ថា ពលរដ្ឋ​ចំណាក​ស្រុក​បាន​កាប់​រាន​ដី​ព្រៃ​ឡង់​ជា​បន្តបន្ទាប់​តាំង​ពី​ឆ្នាំ​២០១៤ ឋិត​នៅ​ចំណុច​ស្ទឹង​ឆ្លាំង ខាង​លិច​ភូមិ​យាវ នៅ​អម​សងខាង​ផ្លូវ​របស់​ក្រុមហ៊ុន​កូរ៉េ ហើយ​ពលរដ្ឋ​ទាំងនោះ​បាន​កាប់​ព្រៃ​ជា​រូបមន្ត​ស្បែក​ខ្លា រួច​ដាំ​ដំណាំ​ស្វាយចន្ទី និង​ស្វាយ ជាដើម។

លោក​ចង់​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល ចាត់​វិធានការ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​ហ្មត់ចត់ ដោយ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ​ទាំងនោះ​នៅ​តំបន់​ដែល​គេ​កាប់​រាន​រួច និង​ជូន​ដំណឹង​អប់រំ​ណែនាំ​ឲ្យ​បញ្ឈប់​សកម្មភាព​កាប់​រាន ព្រម​ទាំង​អនុវត្ត​ច្បាប់​ដាក់​ទណ្ឌកម្ម ប្រសិន​បើ​ពួក​គេ​នៅ​តែ​មានះ​មិន​បញ្ឈប់​កាប់​រាន​ដី​ព្រៃ។ លោក​កត់​សម្គាល់​ថា ដី​ព្រៃ​ដែល​ពួក​គេ​ទន្ទ្រាន​ក្នុង​មួយ​គ្រួសារ​មាន​ចាប់​ពី​ជាង ១​ហិកតារ​ដល់ ១០​ហិកតារ អស់​ប្រហែល​ជាង ៤០០​ហិកតារ។ លោក​បារម្ភ​ថា វត្តមាន​ពលរដ្ឋ​រស់នៅ​តំបន់​នោះ បង្ក​ហានិភ័យ​ខ្ពស់​ដល់​ធនធាន​ធម្មជាតិ ខណៈ​ពួក​គេ​ច្រើន​លួច​កាប់​រាន​ដី​ព្រៃ​ឡង់ ទន្ទ្រាន​យក​ជា​សម្បត្តិ​ឯកជន​បំពាន​ច្បាប់ នៅ​គ្រា​ដែល​ឆ្មាំ​អភិរក្ស និង​សហគមន៍​ធ្វេសប្រហែស៖ « បើ​គាត់​នៅ​តែ​បណ្តោយ​ចេះ​តែ​លួច​ហើយ បោះ​ស្លាក​ព្រំ ដាក់​ដី​សម្បទាន​ឲ្យ​គាត់​ចែក​ឲ្យ​គាត់​មួយ​គ្រួសារ ដូច​ថា​ពីរ​ហិកតារ​អ៊ីចឹង​ឲ្យ​ច្បាស់លាស់​ទៅ ឲ្យ​គាត់​ឈប់​ទន្ទ្រាន »

កាល​ពី​ខែ​មករា ឆ្នាំ​២០១៧ មន្ត្រី​បរិស្ថាន ៥​នាក់ បាន​កាប់​បំផ្លាញ​ដំណាំ​ស្វាយចន្ទី និង​ស្វាយ​របស់​ពលរដ្ឋ​ចំណាក​ស្រុក​ទាំងនោះ​ជាង ១​ពាន់​ដើម និង​ដុត​បំផ្លាញ​ខ្ទម​ចំនួន ២​ខ្ទម ដែល​គេ​សង់​ក្នុង​ព្រៃ​អភិរក្ស។

មេ​ឃុំ​កំពង់ចាម លោក ឈិត លាង ឲ្យ​ដឹង​ថា អាជ្ញាធរ​ឃុំ​បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ពលរដ្ឋ ដោយ​ហាម​ដាច់ខាត​មិន​ឲ្យ​ពួក​គេ​បន្ត​សកម្មភាព​កាប់​រាន​ដី​ព្រៃ​ឡង់​បន្ត​ទៀត ហើយ​អនុញ្ញាត​ឲ្យ​អាស្រ័យ​ផល​បណ្ដោះអាសន្ន​លើ​ដី​ដែល​កាប់​រាន​កន្លង​មក រង់ចាំ​ក្រុម​ការងារ​ថ្នាក់​ស្រុក និង​ខែត្រ​ចុះ​ដោះស្រាយ។ លោក​ថា អាជ្ញាធរ​ឃុំ​នឹង​មិន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ពាក្យ​ស្នើសុំ​កាន់​កាប់​ដីធ្លី​ឲ្យ​ពលរដ្ឋ​នៅ​តំបន់​នោះ​ទេ៖ « ខ្ញុំ​គ្រាន់​តែ​ណែនាំ​ថា បើ​កាប់​ប៉ុនណា ហើយ​នៅ​ប៉ុណ្ណឹង អត់​មាន​រើ​រាន​ទៀត ហើយ​ក៏​អត់​មាន​ឲ្យ​ចំណាក​ស្រុក​ចូល​មក​ថ្មី​ទៀត​ទេ គ្រប់គ្រង​ឲ្យ​បាន »

របាយការណ៍​អាជ្ញាធរ​ឃុំ​កំពង់ចាម បង្ហាញ​ថា មាន​ពលរដ្ឋ ១៧០​គ្រួសារ ភាគច្រើន​ជា​ពលរដ្ឋ​ចំណាក​ស្រុក​ដែល​មក​កាប់​ទន្ទ្រាន​ដី​ក្នុង​បរិវេណ​ព្រៃ​ឡង់ អស់​ប្រហែល​ជាង ៤០០​ហិកតារ។

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ជាច្រើន​ទៀត រស់នៅ​ស្រុក​ព្រែកប្រសព្វ ដែល​បាន​ទៅ​កាប់​រាន​ដី​ព្រៃ​នៅ​តំបន់​នោះ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ កុម្ភៈ ថា លោក​ពុំ​ជំទាស់​វិធានការ​ដក​ហូត​ដី​របស់​រដ្ឋាភិបាល​នោះ​ទេ តែ​លោក​សុំ​ឲ្យ​រដ្ឋាភិបាល​ប្រតិបត្តិ​វិធានការ​នេះ​ឲ្យ​គ្រប់​គ្នា និង​មាន​តម្លាភាព។ លោក​បញ្ជាក់​ថា ពលរដ្ឋ​ដែល​ទៅ​កាប់​រាន​ដី​ព្រៃ​ភាគច្រើន សុទ្ធតែ​ពលរដ្ឋ​ក្រីក្រ ខ្វះខាត​ដី​ធ្វើ​កសិកម្ម បាន​បង្ខំ​ចិត្ត​ប្រថុយប្រថាន​កាប់​រាន​ដី​ប្រើប្រាស់ ជា​ទុន​ធ្វើ​ចម្ការ​ចិញ្ចឹម​ជីវិត៖ « គេ​ចូល​ពី​ក្នុង ៤ ទៅ ៥​គីឡូ​ចំណុច អត់​ទៅ​ធ្វើ​មួយ​បន្តិច មក​ធ្វើ​ជាប់​នឹង​ផ្លូវ​ទៅ​វិញ ហើយ​ផ្លូវ​ហ្នឹង គឺ​ផ្លូវ​របស់​កូរ៉េ ដែល​ធ្វើ។ ប្រជាពលរដ្ឋ​ដែល​មាន​ផ្លូវ​ស្រួល​ហើយ ទៅ​នៅ​ហើយ ទាំង​គេ​ទាំង​ខ្ញុំ »

ព្រៃ​ឡង់ ឋិត​ក្នុង​ចន្លោះ​ខែត្រ​ចំនួន​បួន រួម​មាន​ខែត្រ​ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​ខែត្រ​កំពង់ធំ ត្រូវ​រដ្ឋាភិបាល​ប្រកាស​បង្កើត​ជា​ដែន​ជម្រក​សត្វ​ព្រៃ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ មាន​ផ្ទៃដី​ជាង ៤៣​ម៉ឺន​ហិកតារ (៤៣១.៦៨៣​ហិកតារ) ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន ដែល​មាន​កាតព្វកិច្ច​ធានា​កិច្ច​គាំពារ​បរិស្ថាន ការ​អភិរក្ស​ជីវចម្រុះ និង​កិច្ច​ការពារ​ធម្មជាតិ​ក្នុង​តំបន់​ព្រៃ​ឡង់ និង​ត្រូវ​សហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ។

សហគមន៍​ការពារ​ព្រៃ​ឡង់​បន្ថែម​ថា អាជ្ញាធរ​មូលដ្ឋាន​ហាក់​ដូចជា​ស្ទាក់ស្ទើរ​ដោះស្រាយ​បញ្ហា​នេះ ព្រោះ​ខ្លាច​ក្រែង​បាត់​សំឡេង​គាំទ្រ​នៅ​ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ខាង​មុខ។

សហគមន៍​ការពារ​ព្រៃ​ឡង់​ទាំង​បួន​ខែត្រ ទទូច​ឲ្យ​រដ្ឋាភិបាល​ប្រញាប់​បោះ​បង្គោល​កំណត់​ព្រំប្រទល់​ព្រៃ​ឡង់​ជា​ព្រៃ​អភិរក្ស​ទាំង​បួន​ខែត្រ​ឲ្យ​ច្បាស់លាស់ ប្រយោជន៍​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​អភិរក្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។