សកម្មភាពលួចឈូសឆាយដីព្រៃរបស់រដ្ឋនៅចំណុចច្រាបផ្ចឹក និងបឹងកណ្ដាលទួល នៃតំបន់ភ្នំតាកុច ឋិតនៅឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅតែបន្តកើតមាន។ បញ្ហានេះ ធ្វើឲ្យប្រជាពលរដ្ឋក្នុងស្រុកក្រគរ បារម្ភបាត់បង់ព្រៃឈើ កន្លែងគង្វាលគោក្របី និងតំបន់អាស្រ័យអនុផលព្រៃឈើ។
តំណាងពលរដ្ឋម្នាក់ក្នុងចំណោម ៥នាក់ ដែលបានដាក់ពាក្យប្ដឹងនាយទាហាន មេភូមិ និងអ្នកមានលុយកាក់មួយចំនួនទៀតទៅតុលាការ និងខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ បានស្នើឲ្យសមត្ថកិច្ចនៃស្ថាប័នទាំងពីរ ពន្លឿននីតិវិធី។ តំណាង និងក្រុមពលរដ្ឋអះអាងថា កាលពីថ្ងៃទី១៥ និងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ ជនល្មើសបានលួចឈូសដីព្រៃរបស់រដ្ឋ ក្នុងបំណងយកទៅធ្វើជាកម្មសិទ្ធិជាថ្មីទៀត។
តំណាងពលរដ្ឋភូមិក្បាលទាហាន ឃុំឈើតុំ លោក ម៉េង ប៊ុនរឿន ថ្លែងនៅថ្ងៃទី១៦ ខែសីហា ថា អ្នកភូមិបំណក់ និងភូមិក្បាលទាហាន នឹងរៀបចំពលរដ្ឋមួយក្រុមមានគ្នាយ៉ាងតិច ១០នាក់ ចុះល្បាតតំបន់ដែលមានបទល្មើស។ លោកថា បើក្រុមនេះចាប់បានជនល្មើស និងគ្រឿងចក្រពេលចុះល្បាតនោះ ពួកគាត់នឹងទូរស័ព្ទហៅមន្ត្រីជំនាញឲ្យមកទទួលយកទៅរក្សាទុក ឬចាត់វិធានការតាមច្បាប់៖ «ប្រជាពលរដ្ឋបច្ចុប្បន្នសូមឲ្យតុលាការ និងអាជ្ញាធរពាក់ព័ន្ធរឿងដីធ្លី សូមឲ្យអស់លោកចាប់ជនល្មើសផ្ដន្ទាទោសតាមផ្លូវច្បាប់ ហើយប្រគល់ដីព្រៃជូនប្រជាពលរដ្ឋសម្រាប់គង្វាលគោក្របី និងអាស្រ័យផលដូចដើមវិញ»។
នៅក្នុងពាក្យបណ្ដឹងរបស់ពលរដ្ឋ បានចោទអាជ្ញាធរភូមិអន្សាចំបក់ ឃុំស្វាយស ស្រុកក្រគរ ម្ចាស់គ្រឿងចក្រ និងនាយរងផ្នែកសឹករងស្រុកក្រគរ ឈ្មោះ ចាន់ បារាំង ពីបទរុករានដីព្រៃរបស់រដ្ឋ។ ក្រុមពលរដ្ឋ នាំគ្នាផ្ដិតមេដៃចំនួន ២៣០នាក់ ដើម្បីប្ដឹងជនល្មើស និងអាជ្ញាធរមូលដ្ឋានមួយចំនួនទៅតុលាការ កាលពីថ្ងៃទី៨ ខែកក្កដា និងទៅរដ្ឋបាលព្រៃឈើពោធិ៍សាត់ កាលពីថ្ងៃទី៦ ខែសីហា។
វិទ្យុអាស៊ីសេរី មិនអាចរកប្រភពទាក់ទង លោក ចាន់ បារាំង ដើម្បីបំភ្លឺតបនឹងការចោទប្រកាន់របស់ពលរដ្ឋនេះបានទេ នៅថ្ងៃទី១៦ ខែសីហា ប៉ុន្តែកន្លងទៅ មេភូមិអន្សាចំបក់ នៃឃុំស្វាយស លោក ខ្លឹម ពៅ បញ្ជាក់ថា ផ្ទៃដីព្រៃនៅតំបន់ភ្នំតាកុច ទំហំប្រហែល ២០ហិកតារ គឺស្ថិតនៅក្នុងទឹកដីរដ្ឋបាលភូមិអន្សាចំបក់ ហើយលោកបានបែងចែកដីនោះទៅឲ្យពលរដ្ឋក្នុងភូមិចំនួន ១៧៨គ្រួសារ ដើម្បីធ្វើកសិកម្មម្នាក់បន្តិចៗ។

ចំណែកនាយខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ លោក ឆៃ សារ៉ាន់ បញ្ជាក់យ៉ាងខ្លីថា ខាងលោកបានទទួលពាក្យបណ្ដឹងរបស់ពលរដ្ឋ ប៉ុន្តែស្នាមមេដៃដែលភ្ជាប់ពាក្យបណ្ដឹងជាង ២០០នាក់នោះ មានភាពមិនប្រក្រតី។ លោកថា នៅគ្រាដែលលោកកំពុងផ្ទៀងផ្ទាត់លើភាពត្រឹមត្រូវស្នាមមេដៃនេះ ក្រុមមន្ត្រីជំនាញរបស់លោក បានចុះស៊ើបអង្កេតករណីឈូសឆាយដីព្រៃនៅតំបន់នេះហើយ៖ «ដូចជាមានសញ្ញាណខ្លះហើយ មុននឹងឈានបន្តថា តើខាងណារំលោភខាងណា រំលោភខាងណា? ព្រោះប្រជាជនពេលខ្លះមិនមែនជារឿងធម្មតាដែរទេ វាមានរឿងពីក្រោយខ្នង។ ខ្ញុំឆ្លើយបញ្ជាក់ខ្លីប៉ុណ្ណឹងសិន ព្រោះស្ថិតនៅក្នុងនាយផ្នែក និងសង្កាត់របស់កំពុងចុះធ្វើការជាមួយអាជ្ញាធរហើយ»។
អ្នកភូមិបំណក់ និងភូមិក្បាលទាហាន នៃឃុំឈើតុំ ស្រុកក្រគរ បានឈឺឆ្អាលនឹងសកម្មភាពឈូសឆាយដីព្រៃនៅតំបន់ភ្នំតាកុច ឋិតនៅក្នុងទឹកដីរដ្ឋបាលឃុំស្វាយស តាំងពីដើមឆ្នាំ២០១៥ ដោយសារតែពលរដ្ឋទាំងពីរភូមិឋិតនៅក្បែរជើងភ្នំតាកុច ហើយធ្លាប់ចូលទៅអាស្រ័យអនុផលព្រៃឈើនៅទីនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។