ដើមឈើផលិតជ័រទឹក ដែលជាមុខរបរប្រពៃណីជនជាតិដើមភាគតិចព្នង នៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី រាប់រយដើមថ្មីទៀតត្រូវគេលួចកាប់នៅក្នុងព្រៃដើម្បីយកឈើធ្វើអាជីវកម្ម។។ សហគមន៍អ្នកអាស្រ័យផលព្រៃឈើចាត់ទុកសកម្មភាពលួចកាប់ឈើក្នុងព្រៃនេះថា បានបង្កផលប៉ះពាល់ជីវភាពរស់នៅ និងបំផ្លាញព្រៃបម្រុងទុកចុះបញ្ជីព្រៃការពារសហគមន៍។
សហគមន៍ជនជាតិដើមភាគតិចព្នង ភូមិឡៅកា អំពាវនាវឲ្យអាជ្ញាធរខេត្តមណ្ឌលគិរី ជួយទប់ស្កាត់ជាបន្ទាន់សកម្មភាពលួចកាប់យកដើមឈើផលិតជ័រទឹកក្នុងព្រៃត្រៀមបម្រុងសហគមន៍ ខណៈសមាជិកសហគមន៍មួយចំនួនឃុបឃិតជាមួយឈ្មួញទិញ ឬលួចកាប់យកដើមច្បោះដែលជាដើមឈើសម្រាប់ដុតយកជ័រទឹកមុខរបរប្រពៃណីអ្នកភូមិ។
ការអំពាវនាវនេះ ធ្វើឡើងនៅថ្ងៃទី១៧ ខែមករា ស្របពេលដែលអ្នកភូមិបានដាក់ពាក្យប្ដឹងមកការិយាល័យការពារសិទ្ធិមនុស្សឲ្យចុះទៅពិនិត្យទីតាំងកាប់ឈើ និងជួយអន្តរាគមន៍ទៅអាជ្ញាធរពាក់ព័ន្ធឲ្យជួយទប់ស្កាត់ និងកសាងសំណុំរឿងស្វែងរកជនពាក់ព័ន្ធមកទទួលខុសត្រូវចំពោះមុខច្បាប់។
សមាជិកសហគមន៍ឡៅកា អ្នកស្រី ផ្លឹក ណាវី មានប្រសាសន៍បញ្ជាក់ថា ប្រសិនអាជ្ញាធរពាក់ព័ន្ធមិនចាត់វិធានការទាន់ពេលវេលាទេ ឈើមូលក្នុងព្រៃដែលអ្នកភូមិរក្សាទុកសម្រាប់ផលិតជ័រទឹកដូចជាដើមត្រាច គគីរ ឈើទាល ជាដើម ត្រូវក្រុមឈ្មួញកាប់បន្តទៀត ខណៈសមាជិកសហគមន៍ខ្លះយល់ព្រមលក់ដើមឈើមុខរបររបស់ខ្លួន និងខ្លះទៀត ត្រូវគេលួចកាប់យកពេលអ្នកភូមិកំពុងជាប់រវល់ប្រមូលផលស្រែចម្ការ។ លើសពីនេះទៀត ការកាប់យកឈើមូលក្នុងព្រៃនេះ បង្កផលប៉ះពាល់ព្រៃត្រៀមបម្រុងចុះបញ្ជីជាព្រៃការពារសហគមន៍ទៀតផង៖ «គេកាប់ទាំងអស់ប្រហែលជាង ៣០ដើមជាងតែខ្ញុំអត់បានរាប់ទាំងអស់ទេ ពីព្រោះម្សិលមិញឃើញអ៊ីចឹងខ្ញុំរន្ធត់ចិត្តពេក អត់ចង់រាប់ទេ។ ខ្ញុំអត់ដឹងទេ រវល់ទៅធ្វើចម្ការ ដល់ឮម៉ាស៊ីនស្មាននៅឆ្ងាយបានអត់ទៅមើល ដល់ម្សិលមិញបានដឹងថា អស់ច្រើន»។
ពាក្យប្ដឹងរបស់ស្ត្រីឈ្មោះ ផ្លឹក ណាវី បានប្ដឹងសមាជិកសហគមន៍បីនាក់ មានឈ្មោះ ច្រើង ខែន មែវ ចន្ថា ញាន ថៃ និងប្រជាពលរដ្ឋចំណាកស្រុកឈ្មោះតា សឿន ថាជាអ្នកជាប់ពាក់ព័ន្ធកាប់យកឈើផលិតជ័រទឹកអ្នកភូមិនៅចំណុចអូរចុងចារ និងអូរចុងក្រាក់ លើផ្ទៃដីប្រមាណ ១ហិកតារ។
អាស៊ីសេរីមិនអាចទាក់ទងសមាជិកសហគមន៍ដែលរងការចោទនេះបានទេ នៅថ្ងៃទី១៧ ខែមករា។ ទោះជាយ៉ាងនេះក៏ដោយ អភិបាលក្រុងសែនមនោរម្យ លោក ឡុង វិបុល ឲ្យដឹងដែរថា សកម្មភាពលួចកាប់ដើមឈើផលិតជ័រទឹក អ្នកភូមិគឺជាបញ្ហាផ្ទៃក្នុងសហគមន៍ដែលទាមទារឲ្យសមាជិកសហគមន៍ដែលមានបញ្ហាត្រូវដាក់ពាក្យប្ដឹងមកអាជ្ញាធរមូលដ្ឋាន។ លោកអះអាងថា នឹងចាត់មន្ត្រីមូលដ្ឋានចុះពិនិត្យសេចក្ដីរាយការណ៍នេះ ខណៈលោកទទួលព័ត៌មាននេះតាមរយៈអ្នកសារព័ត៌មាន៖ «តាមពិតម្ចាស់ទ្រព្យ និងអ្នកកាប់មិននៅឆ្ងាយពីគ្នាទេ ហើយផ្ដួចផ្ដើម មិនមែនកាប់មួយម៉ោងទេ សុទ្ធតែត្រូវរ៉ូវគ្នាខ្លះ។ ទោះបីយ៉ាងណា ខ្ញុំនឹងទទួលព័ត៌មាននេះ នឹងឲ្យសហការីខ្ញុំ និងសង្កាត់ជួយសម្របសម្រួលការងារនេះ»។
ច្បាប់ស្ដីពីព្រៃឈើមាត្រា៤០ ចែងថា សហគមន៍មូលដ្ឋានដែលរស់នៅក្នុង ឬក្បែរដែនព្រៃបម្រុងទុកអចិន្ត្រៃយ៍រដ្ឋត្រូវទទួលស្គាល់ និងធានាសិទ្ធិប្រើប្រាស់ជាប្រពៃណីរបស់សហគមន៍មូលដ្ឋានសម្រាប់គោលបំណងទំនៀមទម្លាប់ ជំនឿ សាសនា និងការរស់នៅ។ ចំណែកមាត្រា៤៤ ចែងថា សហគមន៍មូលដ្ឋានដែលដំណើរការក្រោមកិច្ចព្រមព្រៀងព្រៃសហគមន៍មានសិទ្ធិប្រមូលផលអនុផលព្រៃឈើក្នុងដែនព្រៃឈើ ស្របតាមផែនការគ្រប់គ្រងព្រៃសហគមន៍ដែលបានកំណត់ព្រំប្រទល់ដូចមានចែងក្នុងកិច្ចព្រមព្រៀងព្រៃសហគមន៍។ សហគមន៍មូលដ្ឋានមិនអាចយកព្រៃសហគមន៍ទៅប្រើប្រាស់ក្រោមរូបភាពសម្បទាន ឬលក់ដូរ ឬផ្ទេរសិទ្ធិព្រៃឈើទៅភាគីទី៣ បានឡើយ។
ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី លោក សុង ឃាង អះអាងដែរថា សហគមន៍ត្រូវផ្ដល់ព័ត៌មានទៅសមត្ថកិច្ចពាក់ព័ន្ធ ប្រសិនមានបទល្មើសព្រៃឈើក្នុងតំបន់ណាមួយដែលសហគមន៍អភិរក្ស៖ «គណៈកម្មការសហគមន៍ហ្នឹងបងឯងប្រាប់គេឲ្យរាយការណ៍មករដ្ឋបាលព្រៃឈើគេនៅក្បែរហ្នឹង»។
ទាក់ទិនករណីនេះដែរ មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តមណ្ឌលគិរី លោ សុក រដ្ឋា កត់សំគាល់ដែរថា ដើមឈើផលិតទឹកជ័រសហគមន៍ឡៅកា បានរងការឈូសឆាយអស់រាប់រយដើមកាលពីឆ្នាំ២០១២ គ្រាដែលក្រុមហ៊ុនឯកជនបានទទួលដីសម្បទាននៅតំបន់នោះ។ លោកថា បានទទួលពាក្យប្ដឹងពីសហគមន៍រួចហើយ ហេតុនេះលោកនឹងចុះទៅពិនិត្យទីតាំងកាប់ឈើដែលសហគមន៍រាយការណ៍នៅថ្ងៃទៅ១៨ ខែមករា ដើម្បីបញ្ជាក់ការពិតមុននឹងធ្វើលិខិតអន្តរាគមន៍ទៅអាជ្ញាធរពាក់ព័ន្ធ៖ «យើងក៏សំណូមពរដែរ ឲ្យសមត្ថកិច្ចមូលដ្ឋានចូលរួមជាមួយគាត់ដែលជាសមាជិកសហគមន៍ដែលបានការពារព្រៃឈើទ្រព្យសម្បត្តិជាតិការទប់ស្កាត់ហ្នឹងឲ្យមានតម្លាភាព»។
សហគមន៍ជនជាតិដើមភាគតិចព្នង ភូមិឡៅកា មានសមាជិកជាង ២០០គ្រួសារ។ កាលពីមុនឆ្នាំ២០១០ អ្នកភូមិភាគច្រើនប្រកបមុខរបរដងជ័រទឹកក្នុងព្រៃ។ រហូតបច្ចុប្បន្នអ្នកភូមិខ្លះបានបោះបង់មុខរបរប្រពៃណីនេះចោល ដោយសារក្រុមហ៊ុនសម្បទានបានឈូសឆាយព្រៃឈើដែលអ្នកភូមិអាស្រ័យផលនៅសល់សមាជិកសហគមន៍ប្រមាណ ១០គ្រួសារនៅបន្តអភិរក្សដើមច្បោះម្នាក់ប្រមាណពី ៣០០ ទៅ ៥០០ ដើមប្រកបរបរផលិតជ័រទឹកចិញ្ចឹមជីវិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។