អង្គការសង្គមស៊ីវិល និងតំណាងសហគមន៍មកពីខេត្តមណ្ឌលគិរី រតនគិរី កំពង់ធំ កំពង់ស្ពឺ ស្ទឹងត្រែង ខេត្តក្រចេះ និងខេត្តឧត្តរមានជ័យ ជួបជុំគ្នាដើម្បីធ្វើសន្និសីទកាសែតនៅព្រឹកថ្ងៃទី២២ តុលា នៅរាជធានីភ្នំពេញ ដើម្បីសម្តែងកង្វល់របស់ពួកគាត់ពីការកើនឡើងនៃការកាប់ឈើខុសច្បាប់ និងការបំផ្លាញធនធានធម្មជាតិ ដែលជាផលវិបាកពីការផ្តល់សម្បទានដីសេដ្ឋកិច្ច។
បណ្តាញជនជាតិដើមភាគតិចនិងបណ្ដាញព្រៃឈើ ដែលមានអង្គការជាសមាជិកចំនួន ៤២ សម្តែងការព្រួយបារម្ភទៅលើសោកនាដកម្មព្រៃឈើក្នុងអំឡុងពេល ២ឆ្នាំចុងក្រោយនេះ។
របាយការណ៍របស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានបង្ហាញថា ពីដើមឆ្នាំ២០១២ ដល់ឆ្នាំ២០១៣ មានករណីបទល្មើសនិងការជួញដូរឈើប្រណិតចំនួន ៥៣៥ករណី។ ចំនួននេះបានកើនឡើងជិត ៤ដង (១.៨៩១ករណី) នៅក្នុងរយៈពេល ៩ខែចុងក្រោយ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។
តំណាងសហគមន៍ព្រៃឡង់ លោក ស្វាយ ភឿន ថ្លែងនៅក្នុងសន្និសីទកាសែតថា បច្ចុប្បន្នព្រៃឡង់ កាន់តែរង្គោះរង្គើខ្លាំងឡើងៗ ដោយសារតែសកម្មភាពក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច និងសកម្មភាពរុករករ៉ែនៅក្នុងតំបន់នោះ៖ «ឈើប្រណិត សត្វផុតពូជ និងសត្វកម្រជាដើមត្រូវបាត់បង់អស់ដោយសារតែការកើនឡើងពីការអភិវឌ្ឍ ផ្តល់ដីសម្បទានក្រុមហ៊ុនផង និងការរុករកចាប់សត្វព្រៃនៅតំបន់ព្រៃឡង់ផង»។
លោកបន្តថា ក្រុមហ៊ុន ទ្រី ភាព ដែលសុំសិទ្ធិប្រមូលឈើគ្រប់ប្រភេទពីស្តុករបស់រដ្ឋបាលព្រៃឈើ កំពុងតែមានវត្តមានផ្តាច់មុខប្រមូលទិញឈើពីតំបន់ព្រៃឡង់។ ឈ្មួញកណ្តាលជាច្រើន រួមទាំងក្រុមសហគមន៍ខ្លះ បានកាប់ឈើប្រណិតតាំងពីឈើធ្នង់ រហូតដល់កាប់ឈើទាលយ៉ាងរង្គាលទុកលក់ឲ្យក្រុមហ៊ុន ទ្រី ភាព។
លោក ស្វាយ ភឿន បញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាលដកអាជ្ញាប័ណ្ណទិញឈើពីក្រុមហ៊ុន ទ្រី ភាព នោះនឹងគ្មានការទិញលក់ឈើ ហើយក៏គ្មានការកាប់បំផ្លាញព្រៃឈើនោះដែរ។
តំណាងបណ្តាញសន្តិភាព និងសហគមន៍នៅខេត្តក្រចេះ លោកស្រី មុំ សុគីន បញ្ជាក់ថា សកម្មភាពកាប់បំផ្លាញព្រៃឈើកាន់តែសាហាវនិងគ្មានការថយចុះ។ ឈ្មួញឈើបានផ្លាស់ប្តូរពីការកាប់ឈើដឹកតាមឡានតូចៗ មកដឹកតាមឡានយីឌុប ដែលអាចផ្ទុកបានពី ៧០ ទៅ ១០០ម៉ែត្រគូប ។ ពេលខ្លះមានរថយន្តទំនើបៗ សើរីខ្ពស់ៗរបស់ឧកញ៉ា និងអ្នកមានលុយ មានអំណាចយកទៅដឹកឈើទាំងថ្ងៃទាំងយប់ដោយមិនខ្លាចក្រែងអាជ្ញាធរមូលដ្ឋាន។
លោកស្រី មុំ សុគីន៖ «ជួនកាលទៅសម្បទានដី តែយកព្រៃឈើធ្វើអាជីវកម្មបង្កឲ្យមានបទល្មើសដឹកឈើយកទៅឲ្យក្រុមហ៊ុនទិញ ហើយដឹកឡានសុទ្ធតែយីឌុប ហើយមួយយប់ៗពី ៥០ឡាន ទៅ ៦០ឡានយ៉ាងតិច បើមិនជឿទេទៅឃ្លាំមើលទៅនៅតាមថ្នល់ហ្នឹង»។
តំណាងសហគមន៍មកពីខេត្តមណ្ឌលគិរី លោក ក្រោ សុខ ឲ្យដឹងថា នៅខេត្តមណ្ឌលគិរី ច្រើនមានការកាប់ឈើនៅតាមព្រំដែន ហើយអ្នករកស៊ីកាប់ឈើនោះ គឺជាប៉ូលិស និងទាហានព្រំដែនតែម្តង។
មន្រ្តីសម្របសម្រួលរបស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ប្រចាំខេត្តមណ្ឌលគិរី លោក ឯម សុភ័ក្រ បញ្ជាក់ថា មានហេតុផលបួនយ៉ាងដែលធ្វើឲ្យព្រៃឈើវិនាស៖ «រូបភាពទី១ គឺការកាប់បំផ្លាញព្រៃឈើដោយសារឈ្មួញ ជនមានលុយនិងអំណាច ឃុបឃិតជាមួយមន្រ្តីដែលអនុវត្តច្បាប់។ ទី២ ការបាត់បង់តាមរយៈការផ្តល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនប្រមូលទិញឈើ ក្រុមហ៊ុនប្រមូលទិញឈើមិនបានទៅប្រមូលទិញឈើនៅរដ្ឋបាលព្រៃឈើ ឬបរិស្ថានចាប់គរនៅស្នាក់ការរបស់ខ្លួនទេ គឺបំផុសឲ្យពលរដ្ឋនៅតាមមូលដ្ឋានកាប់ឈើលក់ឲ្យខ្លួន។ ចំណុចមួយទៀត គឺបាត់បង់តាមរយៈការផ្តល់ដីសម្បទានសេដ្ឋកិច្ច។ ចំនុចទី៤ គឺបាត់បង់តាមរយៈការហូរចូលពីពលរដ្ឋពីខាងក្រៅ គាត់បានចូលទៅរកស៊ីកាប់ឈើយកដីធ្វើជាចំការជាដើម»។
នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិល និងសហគមន៍ស្តីពីកង្វល់លើបទល្មើសព្រៃឈើនៅកម្ពុជា បង្ហាញថា ការជួញដូរឈើប្រណិត និងការកាប់ទន្រ្ទានព្រៃឈើ ភាគច្រើនកើតឡើងនៅខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ក្រចេះ ព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ កោះកុង និងខេត្តកំពង់ស្ពឺ។ នៅក្នុងរយៈពេល ៩ខែចុងក្រោយនៅឆ្នាំ២០១៤នេះ ទីផ្សារឈើប្រណិតត្រូវប៉ាន់ច្រើនជាងគេ គឺនាំចេញទៅប្រទេសចិន មានរហូត ៥,៥ម៉ឺនតោន។
អ្នកវិភាគសង្គម លោក កែម ឡី បញ្ជាក់ថា សព្វថ្ងៃនេះរដ្ឋាភិបាលកំពុងតែប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងធម្មជាតិតាមរយៈការផ្តល់ដីសម្បទានព្រៃឈើ និងដីសម្បទានរុករករ៉ែរហូតដល់ជិត ៤លានហិកតារ ឬស្មើនឹង ២២ភាគរយនៃទំហំដី ហើយក្រុមហ៊ុនដែលទទួលបានការវិនិយោគនោះ មានទិសដៅទៅកម្ទេចព្រៃឈើ៖ «គ្រាន់តែផ្តល់ដីសម្បទាននិងរ៉ែដល់ ២២ភាគរយ អ៊ីចឹងទំហំ ហ្នឹងបាត់បង់ធំមែនទែន ជាឧក្រិដ្ឋកម្មព្រៃឈើមួយដែលយើងមិនអាចទទួលយកបានក្នុងនាមជាពលរដ្ឋម្នាក់»។
ទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើនេះ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក ថន សារ៉ាត បញ្ជាក់ថា ខាងក្រសួងមិនគាំទ្រចំពោះការបំផ្លាញធនធានធម្មជាតិដែលផ្ទុយពីគោលការណ៍វិនិយោគ។ លោកបញ្ជាក់ថា មន្រ្តីជំនាញក្រសួងកំពុងចុះទៅស្រាវជ្រាវនិងត្រួតពិនិត្យទៅលើការអនុវត្តរបស់ក្រុមហ៊ុនមួយចំនួន ដើម្បីរកឲ្យឃើញថា តើក្រុមហ៊ុនទាំងនោះបានអនុវត្តមានប្រសិទ្ធភាពតាមគោលការណ៍របស់រដ្ឋាភិបាលឬក៏អត់?
លោក ថន សារ៉ាត៖ «មានយន្តការចុះទៅវាយតម្លៃប្រសិទ្ធភាពនៃការអនុវត្តតាមគោលការណ៍របស់រដ្ឋាភិបាល។ ប្រសិនបើមានបញ្ហាហ្នឹង យើងរកឃើញ យើងត្រូវតែសម្រេចចិត្តបញ្ឈប់ទៅ ព្រោះមុននិងក្រោយយើងមិនអាចបន្តអ៊ីចឹងបានទេ»។
ថ្មីៗនេះក្រសួងបរិស្ថានបានដកអាជ្ញាប័ណ្ណក្រុមហ៊ុនចំនួន ១៩ ម្តងរួចហើយ។ ការដកហូតសិទ្ធិក្នុងការអភិវឌ្ឍពីក្រុមហ៊ុននេះ គឺភាគច្រើនជាប្រភេទដីឋិតនៅក្នុងតំបន់ដែនជម្រកការពារសត្វព្រៃ និងនៅក្នុងតំបន់ឧទ្យានជាតិ។
អង្គការសង្គមស៊ីវិល និងសហគមន៍ក៏ចង់ឃើញអាជ្ញាធរពាក់ព័ន្ធរឹតបន្តឹងចំពោះការអនុវត្តច្បាប់លើការបង្ក្រាបបទល្មើសព្រៃឈើ។ ពួកគេសុំឲ្យរដ្ឋាភិបាលត្រួតពិនិត្យរាល់ការផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនក្នុងការនាំឈើចេញ និងឲ្យដាក់ដេញថ្លៃឈើដែលរដ្ឋបាលព្រៃឈើប្រមូលបានជាសាធារណៈ សុំឲ្យរដ្ឋាភិបាលអនុម័តលើអនុក្រឹត្យគ្រប់គ្រងតំបន់ព្រៃឡង់ ពន្លឿនការចុះបញ្ជី និងទទួលស្គាល់សហគមន៍ព្រៃឈើ សហគមន៍តំបន់ការពារ សហគមន៍ជនជាតិដើមភាគតិច សហគមន៍នេសាទ សហគមន៍អេកូទេសចរណ៍ និងសុំឲ្យដាក់តំបន់ជួរភ្នំក្រវាញ ជាតំបន់ព្រៃចុងក្រោយ ទៅជាតំបន់អេកូទេសចរណ៍ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។