ជនជាតិដើមភាគតិចទំពួនអះអាងថា ដែនជម្រកសត្វលំផាត់នៅតែទទួលរងការកាប់ទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិយ៉ាងខ្លាំងក្លា បើទោះបីជាអភិបាលខេត្តរតនគិរី បានចេញលិខិតដកហូត និងមោឃភាពការទិញលក់ដី ក្នុងតំបន់ព្រៃការពារធម្មជាតិនៅតំបន់នោះក្ដី។ អ្នកភូមិអំពាវនាវឲ្យអភិបាលខេត្តរតនគិរី លោក ថន សាវុន ស៊ើបអង្កេតការទិញលក់ដូរដីព្រៃខុសច្បាប់ ក្នុងដែនជម្រកសត្វព្រៃលំផាត់ ដែលពួកគេរកឃើញថា មេភូមិ មេសហគមន៍ និងមេឃុំ គឺជាអ្នកនៅពីក្រោយខ្នង នៃការកាប់ទន្ទ្រានព្រៃអភិរក្សនេះអស់រាប់ពាន់ហិកតារ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ជនជាតិដើមភាគតិចទំពួន រស់នៅភូមិកែងសាន់ និងភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ទទូចឲ្យអាជ្ញាធរខេត្តរតនគិរី អនុវត្តច្បាប់ព្រៃឈើឲ្យតឹងរ៉ឹង និងផ្ដន្ទាទោសអ្នកកាប់ឈើខុសច្បាប់ និងអ្នកពាក់ព័ន្ធ ឲ្យទទួលខុសត្រូវ តាមអំណាចច្បាប់ ដើម្បីសង្គ្រោះព្រៃឈើក្នុងតំបន់ព្រៃការពារធម្មជាតិដែននៅសេសសល់ចុងក្រោយឲ្យគង់វង្ស។ ពួកគេគិតថា បើរដ្ឋបាលខេត្តរតនគិរីចេញលិខិតជូនដំណឹងមោឃភាពប័ណ្ណកម្មសិទ្ធិក្នុងតំបន់ព្រៃការពារធ្វើឡើងគ្រាន់តែល្អមើល និងបង្គ្រប់កិច្ច ក៏ប៉ុន្តែធាតុពិតព្រៃអភិរក្សនៅតែទទួលរងការ កាប់ទន្ទ្រានខុសច្បាប់ដដែល នឹងធ្វើឲ្យពលរដ្ឋកាន់តែបាត់ទំនុកចិត្ត លើប្រព័ន្ធអនុវត្តច្បាប់របស់រដ្ឋបាលខេត្តនេះមួយកម្រិតទៀត។
ជនជាតិដើមភាគតិចទំពួនរស់នៅភូមិសមុទ្រក្រោម លោក ខាំ និន ឲ្យដឹងនៅថ្ងៃទី២៧ តុលា ថា ព្រៃសហគមន៍ភូមិកែងសាន់ ដែលនៅសល់ចុងក្រោយប្រមាណ ១ពាន់ហិកតារ កំពុងទទួលរងការកាប់ទន្ទ្រានយកដីជាកម្មសិទ្ធិអស់ ៥០ហិកតារជាថ្មីទៀត។ សកម្មភាពកាប់ទន្ទ្រាននោះ អាជ្ញាធរភូមិ/ឃុំ និងមេសហគមន៍ជាអ្នកនៅពីក្រោយខ្នង និងមានអាជ្ញាធរភូមិខ្លះ លក់ដីព្រៃអភិរក្សជារបរអាជីពចិញ្ចឹមជីវិត។
លោកថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រៃសហគមន៍ភូមិកែងសាន់ ឋិតក្នុងដែនជម្រកសត្វព្រៃលំផាត់ ត្រូវឈ្មួញកាប់ទន្ទ្រានអស់ជាង ២ពាន់ហិកតារ ហើយបច្ចុប្បន្នមានដាំដំណាំដំឡូង និងស្វាយជាដើម។ លោកអំពាវនាវឲ្យអភិបាលរតនគិរី អនុវត្តច្បាប់ព្រៃឈើម៉ឺងម៉ាត់ និងដាក់ទណ្ឌកម្មច្បាប់ដល់អាជ្ញាធរណា ដែលជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើ៖ «ខ្ញុំចង់ស្នើឲ្យអាជ្ញាធរខេត្ត និងសមត្ថកិច្ចគ្រប់ថ្នាក់សូមអនុវត្តច្បាប់ ដល់ជនណាប្រព្រឹត្តបទល្មើស។ ដីព្រៃភូមិកែងសាន់បាត់បង់អស់ ២ពាន់ ៥រយហិកតារ ជាបន្តបន្ទាប់ តាំងពីឆ្នាំ២០១៤»។
កាលពីថ្ងៃទី១៩ តុលា កន្លងទៅ អភិបាលខេត្តរតនគិរី លោក ថង សាវុន បានចេញលិខិតដកហូតដី និងមោឃភាព លិខិតបញ្ជាក់ការទិញលក់ដី និងផ្ទេរកម្មសិទ្ធិខុសច្បាប់ និងការកាប់ទន្ទ្រានព្រៃ ក្នុងតំបន់ព្រៃការពារធម្មជាតិចំនួន ៥កន្លែងក្នុងខេត្តនេះ។ រដ្ឋបាលខេត្តរតនគិរី បានបញ្ជាឲ្យសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ត្រូវមោឃភាព និងកម្ទេចចោលរាល់លិខិតផ្ទេរកម្មសិទ្ធិ និងការទិញលក់ដីព្រៃ ក្នុងតំបន់ព្រៃការពារ និងប្រកាសមិនទទួលស្គាល់ រាល់លិខិតផ្ទេរកម្មសិទ្ធិ ដោយខុសច្បាប់ក្នុងព្រៃការពារធម្មជាតិ។
ជនជាតិដើមភាគតិចទំពួន រស់នៅភូមិសមុទ្រក្រោម ឃុំសេដា លោក ឆន ផល្លា ចាត់ទុកចំណាត់ការរបស់រដ្ឋបាលខេត្តរតនគិរីថា ជាពន្លឺលទ្ធផលថ្មីមួយ ធ្វើឲ្យអ្នកភូមិកក់ក្ដៅខ្លះដែរ ក៏ប៉ុន្តែពួកគេបារម្ភខ្លាចអាជ្ញាធរអនុវត្តច្បាប់ធូររលុង និងមិនគ្រប់ជ្រុងជ្រោយ។ លោកថា ព្រៃសហគមន៍ភូមិសមុទ្រក្រោម ឋិតក្នុងដែនជម្រកសត្វព្រៃលំផាត់កំពុងទទួលរងការកាប់ទន្ទ្រានព្រៃយកដី ជាកម្មសិទ្ធិអស់រាប់ពាន់ហិកតារ ក្រោយពីឈ្មួញ និងអាជ្ញាធរឃុបឃិតគ្នា កាប់រំលំឈើប្រណិតមានតម្លៃលក់ឲ្យជនជាតិវៀតណាមអស់ទាំងស្រុង។ លោកបន្ថែមថា ថ្មីៗនេះ ជនជាតិដើមភាគតិចបានចុះ ល្បាតព្រៃប្រទះឃើញគ្រឿងចក្រមួយគ្រឿង និងកម្មករច្រើននាក់ សម្រុកកាប់រំលំព្រៃក្លាយជាវាលអស់មួយផ្នែកធំ នៅចំណុចភ្នំអាត ពុំឃើញមានមន្ត្រីជំនាញ ចុះអនុវត្តច្បាប់នោះទេ៖ «ព្រៃឈើគេកាប់ទាំងតូច និងទាំងធំ គេធ្វើចម្ការអស់ វាល។ គេកាប់ដាច់ជាដុំៗ។ ខ្ញុំសំណូមពរ អោយអភិបាលស្រុកខេត្ត ជួយគិតគូរដី ដែនជម្រកគេកាប់ហ្នឹង។ ចង់ឲ្យព្រៃគង់វង្ស ដើម្បីទុកអោយកូនចៅជំនាន់ក្រោយ»។
ចំណែកមេឃុំសេដា លោក អង់ ប៊ុនធឿង បដិសេធថា ការលើកឡើងរបស់ពលរដ្ឋគឺជារឿងមិនពិត។ លោកថា ដែនជម្រកសត្វព្រៃលំផាត់ ពុំមានការកាប់ទន្ទ្រានយកដីជាកម្មសិទ្ធិទៀតទេ។ ចំណែកព្រៃនៅចំណុចភ្នំអាត ក៏មិនឋិតក្នុងតំបន់ព្រៃការពារដែរ។ លោកបន្ថែមថា ព្រៃអភិរក្សនៅចំណុចភ្នំហើល អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ បានកំណត់ព្រំប្រទល់ដីព្រៃអភិរក្ស និងបានដាក់ស្លាកហាមមិនឲ្យមានការកាប់ទន្ទ្រាននោះទេ៖ «តំបន់ភ្នំអាត អត់មានពាក់ព័ន្ធជម្រកសត្វព្រៃទេ តែការកាប់ និងគាស់ ខ្ញុំអត់ដឹងទេ តែខ្ញុំអោយគេទៅមើល គឺដីភ្នំ គឺនៅតែភ្នំដដែល អត់មានពីណាលក់ទេ។ អោយគេទៅមើល ព្រៃនៅតែព្រៃដដែល អត់មានពីណាទិញ និងលក់ទេ។ តំបន់ភ្នំហើល ជាតំបន់គេទទួលស្គាល់ អត់មានពីណាកាប់គាស់ទេ»។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍ នៃសមាគមអាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ ចាត់ទុកសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តរតនគិរីថា មានឥទ្ធិពលបន្ថែមលើច្បាប់មួយកម្រិតទៀត ក្នុងការ ការពារព្រៃអភិរក្ស ដែលកំពុងរងការគំរាមកំហែងគ្រប់ទម្រង់។ លោកថា មន្ត្រីជំនាញមានភារកិច្ច ប្រើប្រាស់លិខិតនេះ ចាត់វិធានការច្បាប់ដល់ជនទាំងឡាយ ណា ដែលចេញប័ណ្ណកម្មសិទ្ធិ និងផ្ទេរកម្មសិទ្ធិលើដីព្រៃអភិរក្សខុសច្បាប់ និងអ្នកពាក់ព័ន្ធ ដែលកាប់ទន្ទ្រានព្រៃអភិរក្សជាកម្មសិទ្ធិផ្ទាល់ខ្លួន៖ «លិខិតជូនដំណឹងជាផ្លូវការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ដល់ជនល្មើសណា ដែលចេញប័ណ្ណកម្មសិទ្ធិលើតំបន់ព្រៃការពារ និង កាប់រានដែលមិនអាចប្រកែកបានទេ»។
លោក ប៉ែន ប៊ុណ្ណារ៍ បន្ថែមថា កន្លងទៅ សហគមន៍ និងមន្ត្រីអាដហុក បានដាក់បណ្ដឹងរួមគ្នា ៤ បណ្ដឹង ប្ដឹងអាជ្ញាធរមូលដ្ឋាន និងមន្ត្រីនគរបាលយុត្តិធម៌ ពីបទអនុគ្រោះនាំឲ្យកើតមានបទល្មើសព្រៃឈើក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយមកទល់ពេលនេះ សំណុំរឿងនេះកំពុងឋិតក្នុងដំណើរការស៊ើបអង្កេតរបស់តំណាងអយ្យការខេត្តរតនគិរីនៅឡើយ។
សមាគមអាដហុក ខេត្តរតនគិរី អង្កេតឃើញថា បើទោះបីជា ដែនជម្រកសត្វព្រៃលំផាត់ ឋិតនៅឃុំសេដា ទទួលរងការកាប់រានជាកម្មសិទ្ធិអស់រាប់ពាន់ហិកតារក្តី តែពុំឃើញមានមន្ត្រីនគរបាលយុត្តិធម៌ អនុវត្តទោសដល់ជនល្មើសណាម្នាក់នោះទេ គឺឃើញតែ កោះហៅជនជាតិដើមភាគតិច ដែលឈឺឆ្អាលរឿងបទល្មើសព្រៃឈើមកបំភ្លឺ៕