មេភូមិ​នៅ​រតនគិរី​រង​ការ​ចោទ​ថា​​រំលោភ​សិទ្ធិ​ពលរដ្ឋ​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ

0:00 / 0:00

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ប៉ាតាង ឃុំ​ប៉ាតាង ស្រុក​លំផាត់ ខេត្ត​រតនគិរី អះអាង​ថា ព្រៃឈើ​នៅ​តំបន់​ភ្នំគន្ធី ត្រូវ​ត្រូវ​បាន​គេ​ឈូស​ឆាយ​រាន​យក​ដី​ជា​កម្មសិទ្ធិ​បន្ថែម​ទៀត ដោយ​មិន​មាន​សមត្ថកិច្ច​យក​ចិត្ត​ទុក​ដាក់​ទប់ស្កាត់។ ករណី​នេះ អ្នក​ភូមិ​នាំ​គ្នា​ផ្ដិត​មេដៃ​សុំ​កិច្ច​អន្តរាគមន៍​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច ក៏ប៉ុន្តែ​មេភូមិ​បាន​រឹប​អូស​លិខិត និង​ព្រមាន​ចាប់​ខ្លួន​អ្នក​ភូមិ។

ប្រជាពលរដ្ឋ​ភូមិ​ប៉ាតាង នៅ​ថ្ងៃ​ទី​៩ ខែ​តុលា អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​រតនគិរី ស៊ើប​អង្កេត​ករណី​ឈូស​ឆាយ​ដី​ព្រៃ​ភ្នំ​គន្ធី ដែល​អ្នក​ភូមិ​សង្ស័យ​ថា ពាក់ព័ន្ធ​មន្ត្រី​មូលដ្ឋាន​ជា​អ្នក​ឃុបឃិត​ក្នុង​រឿង​នេះ។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តំណាង​អ្នក​ភូមិ​ប៉ាតាង បាន​នាំ​គ្នា​ផ្តិត​មេដៃ​សុំ​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​រតនគិរី ឲ្យ​ជួយ​ទប់ស្កាត់​ករណី​នេះ ក៏ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​តុលា មេ​ភូមិ​បាន​ប្រើ​អំណាច​រឹប​អូស​លិខិត​អន្តរាគមន៍​របស់​អ្នក​ភូមិ​មិន​ឲ្យ​ប្រមូល​ស្នាម​មេដៃ​តវ៉ា​នោះ​ឡើយ។

តំណាង​អ្នក​ភូមិ លោក ហ្យុន លិច មាន​ប្រសាសន៍​បញ្ជាក់​ថា មេ​ភូមិ​រំលោភ​សិទ្ធិ​ប្រជាពលរដ្ឋ​ដែល​ខិតខំ​ការពារ​ព្រៃឈើ ព្រម​ទាំង​ពោល​ពាក្យ​គំរាម​ចាប់​ខ្លួន​អ្នក​ភូមិ​មិន​ឲ្យ​អ្នក​ភូមិ​ប្ដឹង​តវ៉ា​ករណី​កាប់​រាន​ព្រៃឈើ​នេះ ដោយ​លើក​ហេតុផល​ថា មិន​បាន​សុំ​ការ​ឯកភាព​ពី​អាជ្ញាធរ​ភូមិ ឃុំ។

លោក​កត់សម្គាល់​ថា ព្រៃឈើ​ប្រមាណ ១០​ហិកតារ​បន្ថែម​ទៀត​ត្រូវ​បាន​ប្រជាពលរដ្ឋ​ក្រៅ​សហគមន៍​ឈ្មោះ ភ័ណ្ឌ ជនជាតិ​ឡាវ រស់​នៅ​ឃុំ​ជ័យឧត្ដម ស្រុក​លំផាត់ បាន​ជួល​គ្រឿងចក្រ​មក​ឈូស​ឆាយ​យក​ដី​ជា​កម្មសិទ្ធិ​ឯកជន៖ «សហគមន៍​បាន​ផ្ដិត​មេដៃ​ហើយ បើ​មេ​ភូមិ​គាត់​គំរាមកំហែង អ៊ីចឹង​គេ​ថា បើ​ធ្វើ​ទៀត​គេ​ហៅ​ប៉ូលិស​មក​ចាប់»

ព្រៃឈើ​នៅ​តំបន់​ភ្នំ​គន្ធី កាល​ពី​ឆ្នាំ​២០១៣ សហគមន៍​ភូមិ​ប៉ាតាង បាន​រាយការណ៍​ថា ត្រូវ​បាន​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​កាប់​រាន​អស់​រាប់​សិប​ហិកតារ​ដើម្បី​យក​ដី។ ករណី​នេះ អ្នក​ភូមិ​បាន​ប្ដឹង​តវ៉ា​ទៅ​អាជ្ញាធរ​ស្រុក​​ច្រើន​លើក ទើប​បញ្ឈប់​សកម្មភាព​កាប់​រាន​ព្រៃ​នេះ​បាន ក៏ប៉ុន្តែ​សកម្មភាព​កាប់​រាន​ជា​ថ្មី​បាន​កើត​ឡើង​​វិញ ចំណែក​មន្ត្រី​មូលដ្ឋាន​មិន​បាន​ចាត់​វិធានការ​ទប់ស្កាត់​ទើប​អ្នកភូមិ​នាំ​គ្នា​ផ្ដិត​មេដៃ​តវ៉ា។

ឆ្លើយ​តប​ការ​អះអាង​នេះ មេ​ភូមិ​ប៉ាតាង លោក ផែង ម៉ាំង ទទួល​ស្គាល់​ថា លោក​ពិតជា​បាន​ដក​ហូត​លិខិត​មាន​ស្នាម​មេដៃ​អ្នក​ភូមិ ក៏​ប៉ុន្តែ​ការ​ដក​ហូត​លិខិត​នេះ​គឺ​ដោយសារ​អ្នក​ភូមិ​មិន​បាន​ផ្ដល់​ដំណឹង​ពី​ហេតុផល​នៃ​ការ​ប្រមូល​ស្នាម​មេដៃ ទើប​លោក​ដក​ហូត​លិខិត​ពី​តំណាង​អ្នក​ភូមិ​ដែល​ដើរ​ប្រមូល​ស្នាម​មេដៃ​នេះ។ យ៉ាងណាមិញ ទាក់ទិន​សកម្មភាព​ឈូស​ឆាយ​ព្រៃ​នៅ​ភ្នំ​គន្ធី លោក​ថា អាជ្ញាធរ​ឃុំ​បាន​ដឹង​រឿង​នេះ និង​បាន​កោះហៅ​អ្នក​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ហើយ

​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី សុំ​បញ្ជាក់​ពី​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៩ ខែ​តុលា។ ចំណែក​អភិបាល​ស្រុក​លំផាត់ ស្ដីទី លោក នូ ថេរ បញ្ជាក់​ថា លោក​មិន​ទាន់​បាន​ទទួល​របាយការណ៍​ពី​អាជ្ញាធរ​ឃុំ​នៅ​ឡើយ។

ទាក់ទិន​ទៅ​នឹង​ការ​ដក​ហូត​លិខិត​សុំ​អន្តរាគមន៍​​របស់​អ្នក​ភូមិ​ពី​សំណាក់​មេ​ភូមិ លោក​ថា អ្នក​ភូមិ​ត្រូវ​ផ្ដល់​របាយការណ៍​ជូន​អាជ្ញាធរ​ស្រុក​ដើម្បី​ស្រាវជ្រាវ​រឿង​នេះ៖ «បើ​មេ​ឃុំ​អត់​ទាន់​រាយការណ៍​ខ្ញុំ​ផង។ ដាក់​មក​បើ​មាន​ឯកសារ​ដាក់​មក បើ​ថា​គេ​បិទ​នៅ​ក្រោម ដាក់​មក​ស្រុក​មក»

យ៉ាង​​ណា​ក៏ដោយ មន្ត្រី​ការពារ​សិទ្ធិមនុស្ស​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឆាយ ធី កត់សំគាល់​ថា នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ដែល​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ប៉ាតាង គំរាមកំហែង​រំលោភ​សិទ្ធិ​ពលរដ្ឋ។ លោក​ថ្លែង​ថា បទល្មើស​ព្រៃឈើ​នៅ​ភ្នំ​គន្ធី ទំនង​មាន​ជាប់​ពាក់ព័ន្ធ​អាជ្ញាធរ​ភូមិ​ឃុំ ហេតុនេះ​ទើប​មន្ត្រី​មូលដ្ឋាន​ទាំង​នោះ​រារាំង​មិន​ឲ្យ​អ្នក​ភូមិ​តវ៉ា​ទៅ​អាជ្ញាធរ​ខេត្ត៖ «កន្លង ​មក​យើង​បាន​ស៊ើប​អង្កេត​ម្ដង​ហើយ មាន​គម្រោង​កាប់​ដល់​តំបន់​ព្រៃ​ការពារ​ជិត ៦០០​ហិកតារ។ ប្រជាពលរដ្ឋ​ដាក់​ពាក្យ​ប្ដឹង​ទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​យើង​ឃើញ​ថា សកម្មភាព​បាន​ផ្អាក​មួយ​រយៈ ប៉ុន្តែ​នៅ​ដើម​ខែ​នេះ ឃើញ​សកម្មភាព​កើត​ឡើង​វិញ ក៏​មាន​ការ​គំរាមកំហែង​ពី​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន»

កាល​ពី​ឆ្នាំ​២០០៩ ព្រៃឈើ​នៅ​តំបន់​ភ្នំ​គន្ធី ក៏​ត្រូវ​បាន​អតីត​អនុ​ប្រធាន​តុលាការ​ខេត្ត​រតនគិរី គឺ​លោក ថោ សារ៉ន ជួល​កម្មករ​កាប់​រាន​អស់​ប្រមាណ ២០​ហិកតារ​ម្ដង​រួច​ហើយ ដើម្បី​យក​ដី ប៉ុន្តែ​អាជ្ញាធរ​ស្រុក និង​មន្ត្រី​ព្រៃឈើ​បាន​ទប់ស្កាត់ និង​ដកហូត​ដី​ដែល​បាន​មក​ពី​ការ​កាប់​រាន​ព្រៃ​ឈើ​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។