ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ​មួយ​ក្រុម​ជាប់​ព្រំដែន​នា​ខេត្ត​រតនគិរី លក់​ឈើ​​ក្នុង​ព្រៃ​សហគមន៍​ឲ្យ​ឈ្មួញ​វៀតណាម

0:00 / 0:00

ជនជាតិ​ដើម​ភាគតិច​នៅ​ខេត្ត​រតនគិរី បាន​អះអាង​ថា ក្រុម​កម្មករ ៣០នាក់ សុទ្ធសឹងតែ​ជា​ជនជាតិ​វៀតណាម​បាន​នាំគ្នា​សម្រុក​អារ​រំលំ​ឈើ​មូល​ធំៗ ក្នុង​ព្រៃ​សហគមន៍​ភូមិ​ប៉ាដល់ ឋិត​នៅ​ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម។ សហគមន៍​ថា អ្នកភូមិ​មួយ​ក្រុម​បាន​នាំគ្នា​លក់​ឈើ​មូល​ក្នុង​ព្រៃ​សហគមន៍ តម្លៃ ៤ម៉ឺន​ដុល្លារ ដើម្បី​យក​ប្រាក់​កសាង​ផ្លូវថ្នល់ ក៏ប៉ុន្តែ​ឈ្មួញ​បាន​លួច​អារ​រំលំ​លើស​ពី​កិច្ចសន្យា​ដែល​ព្រមព្រៀង។

​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ​មួយ​ចំនួន រស់នៅ​ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ​សម្ដែង​ក្តី​បារម្ភ​ពី វិនាសកម្ម​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ ក្នុង​ព្រៃ​អភិរក្ស​ក្បែរ​ភូមិកំណើត​ពួកគេ​រស់នៅ កំពុង​បាត់បង់​ជា​បន្តបន្ទាប់ ខណៈ​បច្ចុប្បន្ន​ឈ្មួញ និង​ជនជាតិ​វៀតណាម កំពុង​​សម្រុក​កាប់​យក​ឈើ​មានតម្លៃ​យ៉ាង​គគ្រឹកគគ្រេង រួច​ដឹក​ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម គ្មាន​ការទប់ស្កាត់។

ជនជាតិដើម​ភាគតិច​ចារ៉ាយ​រស់នៅ​ឃុំ​សេសាន លោក រចំ យ៉ង បារម្ភ​ថា ប្រសិនបើ​អាជ្ញាធរ​ពាក់ព័ន្ធ​ពុំ​មាន​វិធានការ​ទប់ស្កាត់​ឲ្យ​ទាន់​ពេល​ទេ ដើមឈើ​ធំៗ ដូចជា​សុក្រំ ស្រឡៅ ផ្ចឹក និង​គគីរ​ជាដើម​នឹង​វិនាស​អន្តរាយ​នៅ​ពេល​ឆាប់​ខាងមុខ ខណៈ​ក្រុម​កម្មករ​ជា​ជនជាតិ​វៀតណាម កំពុង​សម្រុក​កាប់​រំលំ រួច​ដឹក​តាម​រថយន្ត​ប៉ាកុង​ចេញ​ក្រៅ។ លោក​ថា ជា​រៀងរាល់ថ្ងៃ កម្មករ​ជនជាតិ​វៀតណាម និង​ឈ្មួញ​ខ្មែរ បាន​ប្រមូល​ទិញ​ឈើ​ពី​តំបន់​នោះ និង​ដឹកជញ្ជូន​ចេញពី​ព្រៃ​សហគមន៍​ក្នុង​ភូមិ​ប៉ាដល់ សំដៅ​ទៅ​ប្រទេស​វៀតណាម គ្មាន​ការអនុវត្ត​ច្បាប់៖ «ជនរងគ្រោះ​ដោយសារ​ភូមិ​ប៉ាដល់ ចេញ​តាម​ភូមិភិ ឥឡូវ​គេ​ចោទ​ប្រកាន់​ថា អ្នកភូមិ​ភិ លក់​ឈើ។ ខ្ញុំ​ឃើញ​គេ​ដឹក​ឈើ​លក់ គឺ​ជនជាតិ​វៀតណាម​អ្នក​កាប់ ដឹក​ទៅ​វៀតណាម»។

បុរស​ដដែល​បន្ថែម​ថា ពលរដ្ឋ​ជាច្រើន​គ្រួសារ បាន​នាំគ្នា​លក់​ឈើ​មូល​ក្នុង​ព្រៃ​ឲ្យ​ឈ្មួញ កាប់​យក​ឈើ​ធំៗ ក្នុង​តម្លៃ ៤ ម៉ឺន​ដុល្លារ ដើម្បី​យក​ប្រាក់​ស្ថាបនា​ផ្លូវថ្នល់​មួយ​ខ្សែ ក៏ប៉ុន្តែ​ឈ្មួញ​បែរជា​លួច​អារ​រំលំ លើស​ពី​កិច្ចព្រមព្រៀង ធ្វើ​ឲ្យ​ពលរដ្ឋ​កើតទុក្ខ​មិន​សុខចិត្ត និង​ប្តឹង​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​អន្តរាគមន៍ ក៏ប៉ុន្តែ​ទម្រាំ​អាជ្ញាធរ​ចុះ​ដល់​ទី​តាំង ព្រៃឈើ​ត្រូវ​គេ​កាប់​រំលំ​អស់​ជាច្រើន​ដើម៖ «ខ្ញុំ​កំពុង​ភ័យខ្លាច ស្នើ​អាជ្ញាធរ​ខេត្ត​ជួយ​ទប់ស្កាត់។ នៅ​ភូមិភិ នៅសល់​ព្រៃ​អារក្ស និង​ព្រៃ​បម្រុង​ទុក​បើ​អស់​មានអី​ពឹង​ទៀត។ ខ្ញុំ​ជនជាតិ​ដើម​ភាគតិច ពឹង​ព្រៃ​ហ្នឹង​ដូចជា​រក​វល្លិ»។

ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ​រស់នៅ​ភូមិ​ភិ សេវ ប៉ាន ទទួល​ស្គាល់​ថា អ្នកភូមិ​ជាច្រើន​គ្រួសារ ពិតជា​នាំគ្នា​លក់​ឈើ​ក្នុង​ព្រៃ ឲ្យ​ឈ្មួញ​វៀតណាម តែ​ការ​លក់​នោះ​នៅ​លើ​ផ្ទៃដី ៣​ហិកតារ ប៉ុណ្ណោះ ដែល​អ្នកភូមិ​បាន​បាញ់ថ្នាំ​កំណត់​ព្រំ​ដី​រួចហើយ ក៏ប៉ុន្តែ​ឈ្មួញ​បែរជា​កាប់​ឈើ ហួសការ​កំណត់​ទៅវិញ។ លោក​បញ្ជាក់​ថា ក្រុម​ពលរដ្ឋ​បាន​ប្ដឹង​អាជ្ញាធរ​ភូមិ​ឲ្យ​ទប់ស្កាត់ សកម្មភាព​កាប់​ឈើ នោះ​រួចហើយ​។ ក្រៅ​ពី​នេះ ហេតុផល ដែល​ពលរដ្ឋ​នាំគ្នា​លក់​ឈើ​ក្នុង​ព្រៃ ដោយសារ​ផ្លូវ​លំបាក​ធ្វើដំណើរ​ពេក៖ «ជន​ជាតិ​វៀតណាម យើង​កំណត់​ព្រំ​វា វា​កាប់​ហួស​ពី​ការកំណត់​។ មេភូមិ​គេ​ចុះទៅ​មើល​។ គេ​លួច​កាប់​តាម​ផ្លូវ គេ​បាញ់​ថ្នាំ​​ក្រហម​​អស់​ហើយ វា​​កាប់​​លើស»។

ចំណែក មេឃុំ​សេសាន លោក សេវ ស្វែង ទទួល​ស្គាល់​ថា ពលរដ្ឋ​ពិត​បាន​លក់​ឈើ​ក្នុង​ព្រៃ​ឲ្យ​ឈ្មួញ​មែន ហើយ​អាជ្ញាធរ​ឃុំ​បាន​ព្យាយាម​ទប់ស្កាត់ ករណី​នេះ​ដែរ តែ​មិន​អាច​ឈ្នះ​ពលរដ្ឋ​រាប់រយ​គ្រួសារ​ទូទាំង​ភូមិ​បានទេ។ លោក​អះអាង​ថា អាជ្ញាធរ​ឃុំ​ពុំ​ជាប់​ពាក់ព័ន្ធ​ការ​លក់​ឈើ​មូល​ក្នុង​ព្រៃ​នោះ​ទេ ហើយ​មក​ទល់​ពេល​នេះ លោក​បាន​រាយការណ៍​ជូន​អាជ្ញាធរ​ស្រុក​រួចហើយ៖ «ខ្ញុំ​អត់​ដឹង ខ្ញុំ​ប្រាប់​តាម​ត្រង់ អ្នកភូមិ​ចង់​ដោះដូរ ខ្ញុំ​ស្របតាម​គេ តែ​កុំ​អាង​ថា កុំ​ធ្វើ​ខ្លាំង​ពេក ព្រោះ​ឈើ​ជា​របស់​រដ្ឋ​ទេ ដោយសារ​ខ្ញុំ​អត់​ឈ្នះ​គេ ឈប់​គេ​មិនបាន»។

ភូមិ​ប៉ាដល់ និង ភូមិ​ភិ ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ មាន​ភូមិសាស្ត្រ​ក្បែរ​ព្រំដែន​កម្ពុជា​វៀតណាម​។ ព្រៃឈើ​នៅ​តំបន់​នោះ សំបូរ​ដោយ​ឈើ​មានតម្លៃ​ជាច្រើន​ប្រភេទ ដែល​សហគមន៍​នាំគ្នា​ថែរក្សា និង​អាស្រ័យ​ផល​បែប​ប្រពៃណី​ច្រើន​ជំនាន់​មក​ហើយ។ សហគមន៍​ថា ថ្មីៗ​នេះ ក្រុម​អ្នក​មាន​អំណាច និង ឈ្មួញ​វៀតណាម កំពុង​ដណ្តើម​គ្នា​លេប​ត្របាក់ ឈើ​មូល​មានតម្លៃ​ក្នុង​ព្រៃ​ទីនោះ ជា​បន្ត​បណ្ដើរៗ​។​

​មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​នៃ​សមាគម​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ ចាត់​ទុក​ការ​ជួញ​ដូរ​ដី​ព្រៃ​របស់​រដ្ឋ របស់​អ្នកស្រុក ជា​ទង្វើ​ល្មើសច្បាប់ និង​ជា​វប្បធម៌​អាក្រក់។ លោក​ថា សមាគម​អាដហុក បាន​ទទួល​ព័ត៌មាន​ពី​បទ​ល្មើស​ព្រៃ​ឈើ​​នៅ​តំបន់​នោះ​ដែរ ដែល​សហគមន៍​ផ្តល់​ដំណឹង​ថា មាន​គ្រឿងចក្រ​របស់​វៀតណាម និង​កម្មករ​សម្រុក​កាប់​ឈើ​មានតម្លៃ។ លោក​សង្កត់ធ្ងន់​ធ្ងន់ៗ​ថា អាជ្ញាធរ​មិន​គួរ​បណ្ដោយ​ឲ្យ​ពលរដ្ឋ​លក់​ដី​ព្រៃ​ខុសច្បាប់​នេះ​ទេ ដែល​លោក​ចាត់ទុកថា អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច​ព្រំដែន និង មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ គឺជា​អ្នកទទួលខុសត្រូវ​យ៉ាងសំខាន់ ដែល​បណ្ដោយ​ឲ្យ​កើតមាន​បទល្មើស​ព្រៃឈើ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន៖ «ទោះបីជា សហគមន៍​លក់​ព្រៃ​ធ្វើ​ផ្លូវ តែ​សុទ្ធ​ជា​ខុសច្បាប់​ព្រោះ​ជា​ទ្រព្យ​របស់​រដ្ឋ​។ ការ​កាប់​ព្រៃ​ទំហំ​ធំ និង​គ្រឿងចក្រ​វៀតណាម​ចូល សុទ្ធតែ​ការទទួលខុសត្រូវ​ដោយសារ សមត្ថកិច្ច​ព្រំដែន និង​មន្ត្រី​នគរបាល​យុត្តិធម៌​ឃុំ ស្រុក និង​ខេត្ត ដែល​មាន​ការ​កាប់​ព្រៃ​ដែល​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ»។

​លោក ប៉ែន ប៊ុណ្ណារ៍ ចាត់​ទុក​បទល្មើស​ព្រៃ​នេះ ជា​បទល្មើស​ឧក្រិដ្ឋ មាន​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ​ជា​ប្រព័ន្ធ ដែល​ទាមទារ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់​ជាតិ​គួរ​ស៊ើបអង្កេត និង​ទប់ស្កាត់​ជាបន្ទាន់។ លោក​បន្ថែម​ថា សមាគម​អាដហុក រួម​ទាំង​សហគមន៍​ផង នឹង​រួមគ្នា​ដាក់​បណ្ដឹង​បរិហារ បំណង​ទាមទារ ឲ្យ​មានការ​ទទួលខុសត្រូវ​ពី​ការបាត់បង់​ទំហំ​ព្រៃឈើ នៅ​ក្បែរ​ព្រំដែន​តំបន់​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។