ឈ្មួញជនជាតិវៀតណាម នៅតែដឹកជញ្ជូនឈើខុសច្បាប់ទ្រង់ទ្រាយធំ ចេញពីព្រៃអភិរក្សក្នុងទឹកដីខ្មែរខេត្តរតនគិរី គ្មានការអនុវត្តច្បាប់។ ពួកគេរកឃើញថា អំឡុងពេល ២ខែចុងក្រោយនេះ ព្រៃសហគមន៍ភូមិប៉ាដល់ ឋិតនៅឃុំសេសាន ស្រុកអូរយ៉ាដាវ ត្រូវគេកាប់រំលំយកឈើមូលធ្វើអាជីវកម្មអស់ទាំងស្រុង និងកំពុងកាប់រំលំឈើនៅតំបន់ផ្សេងទៀតក្បែរនោះ។
សកម្មជនបរិស្ថាន និងជនជាតិដើមភាគតិចចារ៉ាយ ឲ្យដឹងនៅថ្ងៃទី១១ តុលា ថា ត្រាក់ទ័រចាប់ពី៣០ គ្រឿង ទៅ ៥០គ្រឿង និងរថយន្តប៉ាកុង ចាប់ពី ៥០គ្រឿង ទៅ ១០០គ្រឿង បានដឹកជញ្ជូនឈើមូល ពីឃុំញ៉ាង និងឃុំសេសាន របស់ស្រុកអូរយ៉ាដាវ ខេត្តរតនគិរីឆ្លងដែនទៅលក់នៅប្រទេសវៀតណាម គ្មានការទប់ស្កាត់។ ពួកគេរកឃើញថា សកម្មភាពដឹកជញ្ជូនឈើនោះ ឈ្មួញបានឈូសឆាយផ្លូវ និងបើកច្រកព្រំដែននៅចំណុចបង្គោលព្រំដែនលេខ ២៥ ដើម្បីងាយស្រួលដឹកជញ្ជូនចូលទឹកដីវៀតណាម។
សកម្មជនបរិស្ថានដែលចុះឃ្លាំមើលពីបទល្មើសព្រៃឈើនៅតំបន់នោះ លោក ហេង ស្រស់ អង្កេតឃើញថា ឈ្មួញបានសម្រុកកាប់រំលំឈើមូលមានមុខកាត់ចាប់ពី ៣ តឹកឡើងទៅក្នុងព្រៃអារក្ស និងព្រៃបម្រុងទុករបស់ជនជាតិដើមភាគតិច ឋិតនៅភូមិប៉ាដល់ នៃឃុំសេសាន និងដឹកជញ្ជូនមកគរទុកនៅដេប៉ូឈើចំណុចបង្គោលព្រំដែន លេខ២៥ ដែលមានរថយន្តប៉ាកុង និង ត្រាក់ទ័រជាច្រើនគ្រឿងត្រៀមដឹកចេញទៅកាន់ប្រទេសវៀតណាម។ លោកថា មកទល់ពេលនេះ ឈ្មួញទាំងនោះ បានសម្រុកកាប់រំលំឈើនៅភូមិប៉ាដល់ ជាមុនសិន រួចពួកគេនឹងបន្តកាប់ឈើមានតម្លៃនៅភូមិចំនួន ២ ទៀត ក្នុងឃុំញ៉ាង នៃស្រុកអូរយ៉ាដាវ។ លោកបន្ថែមថា នៅគ្រាដែលក្រុមការងារលោក ចុះស្រាវជ្រាវបទល្មើសព្រៃឈើនៅតំបន់នោះ ពួកគេប្រទះឃើញ ទាហានខ្មែរ ៧នាក់ ប្រដាប់ដោយអាវុធ មិនបានអនុវត្តច្បាប់ព្រៃឈើទាំងនោះទេ បែរជាសម្រួលឲ្យមានការដឹកជញ្ជូនឈើចេញពីព្រៃអភិរក្សខ្មែរ ឆ្លងទន្លេសេសានឆ្ពោះទៅកាន់ប្រទេសវៀតណាមយ៉ាងរលូន៖ «បច្ចុប្បន្នយើងចុះទៅ គឺគេនៅតែបន្តធ្វើ រហូតគេបានរំលំឈើ គេអូសដាក់គរលើគ្នាហើយ ហើយគេនឹងត្រៀមយកប៉ាកុង និងអាត្រាក់ដើម្បីកន្លែងដេប៉ូគេអូសទៅប្រទេសវៀតណាម ត្រង់បង្គោលព្រំដែនលេខ ២៥»។
លោក ហេង ស្រស់ បន្ថែមថា ប្រភេទឈើដែលឈ្មួញកាប់រំលំនោះមាន ស្រឡៅ កកោះ គគីរ និង ផ្សឹកជាដើម ធ្វើឲ្យប៉ះពាល់ព្រៃគោរពបូជារបស់ជនជាតិដើមភាគតិចចារ៉ាយនៅក្បែរនោះ។ លោកថា អាជីវកម្មឈើនៅតំបន់នោះគឺគ្មានមានការបង់ពន្ធត្រឹមត្រូវតាមច្បាប់នោះទេ រីឯច្រកព្រំដែនខ្មែរចំណុចបង្គោលលេខ ២៥ ឆ្លងចូលប៉ុស្តិ៍ព្រំដែនហ្វាតាំ ក្នុងទឹកដីវៀតណាម គឺជាច្រកដែលគេបើកសម្រាប់តែដឹកជញ្ជូនឈើខុសច្បាប់ប៉ុណ្ណោះ៖ «ទាហាន ៧នាក់ ប្រដាប់ដោយអាវុធ មានតែឈរមើលនិងជួយជ្រោមជ្រែងឲ្យយកឈើ ចេញពីកម្ពុជា ទៅកាន់ប្រទេសវៀតណាមថែមទៀត។ អ្នកដែលធ្វើគឺលោតឆត្រតែម្ដង គឺកាប់ឈើដោយខុសច្បាប់»។
ជនជាតិដើមភាគតិចចារ៉ាយ រស់នៅភូមិប៉ាដល់ ថ្លែងមិនហ៊ានបញ្ចេញឈ្មោះ បង្ហើបថា អំឡុងពេល ២ខែចុងក្រោយនេះ ព្រៃអារក្ស និងព្រៃបម្រុងទុក របស់សហគមន៍ភូមិប៉ាដល់ ត្រូវគេកាប់យកឈើមូលអស់ទាំងស្រុង ធ្វើឲ្យបាត់បង់កន្លែងគោរពបូជារបស់ជនជាតិដើមភាគតិច និងប៉ះពាល់ប្រព័ន្ធសេដ្ឋកិច្ចប្រជាជនតំបន់នោះ។ លោកថា អ្នកភូមិដែលបានទៅដល់កន្លែងឈ្មួញកាប់ឈើ ប្រទះឃើញគល់ឈើរាប់ម៉ឺនដើម ក្នុងព្រៃអារក្ស និងព្រៃបម្រុងទុក ត្រូវគេកាប់រំលំយកឈើមានតម្លៃអស់៖ «ព្រៃបម្រុងទុក និងព្រៃអារក្សគេកាប់ទាំងអស់ សុទ្ធតែវៀតណាមទាំងអស់ ទាំងឡាន និង ម៉ាស៊ីនគ្រប់ដៃគគ្រឹកគគ្រេង។ បាត់បង់អស់អាលីងហើយព្រៃបម្រុងទុក និងព្រៃអារក្ស »។
ព្រៃសហគមន៍ភូមិប៉ាដល់ មានផ្ទៃដីជាង ១ ពាន់ហិកតារ ឋិតនៅជាប់ព្រំដែនកម្ពុជាវៀតណាម។ ព្រៃនេះសំបូរដោយដើមឈើមូលធំៗ ស្រស់បំព្រង ដែលសហគមន៍ធ្លាប់ស្នើ ឲ្យអាជ្ញាធរបង្កើតតំបន់អេកូទេសចរធម្មជាតិ បំណងបង្កើនប្រាក់ចំណូលដល់សហគមន៍ និងពង្រឹងយន្តការអភិរក្សជីវចម្រុះ។ តែមកទល់ពេលនេះដើមឈើធំៗ ត្រូវគេកាប់រំលំអស់ទាំងស្រុង ធ្វើឲ្យព្រៃនៅតំបន់នោះបាត់បង់សោភ័ណភាព មិនអាចបង្កើតតំបន់អេកូទេសចរបាន។
មេឃុំសេសាន លោក សេវ ស្វែន ទទួលស្គាល់ថា ព្រៃសហគមន៍ភូមិប៉ាដល់ ពិតជារងការកាប់រំលំយកឈើមានតម្លៃអស់ជាច្រើន ហើយលោកបានផ្តល់ដំណឹងនេះ ជូនថ្នាក់លើរួចរាល់ហើយដែរ ព្រោះអាជ្ញាធរឃុំ គ្មានសមត្ថភាពទប់ទល់ឈ្នះនោះទេ។ លោកបញ្ជាក់ថា ពលរដ្ឋមួយចំនួនរស់នៅតំបន់នោះ ក៏ចូលរួមកាប់ឈើលក់ឲ្យឈ្មួញដែរ បង្កផលលំបាកច្រើនដល់សមត្ថកិច្ចជំនាញ ទប់ស្កាត់៖ «គាត់ដាក់មកកម្លាំង ប៉េអិមមកក្នុងព្រៃ ឈប់តិចគេលួចទៀត។ កាលមុនមានកម្លាំង គេហៅប្រជាជនចូលរួម ហើយឥឡូវប្រជាជនឃ្លានទាំងអស់ទាំងឈើ និងលុយ។ អាហ្នឹងខ្ញុំគ្រប់គ្រងគេមិនបាន»។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍នៃសមាគមអាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ អង្កេតឃើញថា មន្ត្រីនគរបាលយុត្តិធម៌មួយចំនួននៅតំបន់នោះ បានចូលរួមប្រព្រឹត្តបទល្មើសព្រៃឈើបំពានច្បាប់ រីឯសហគមន៍ខ្លះទទួលប្រយោជន៍ពីព្រៃឈើដែរ នាំឲ្យកិច្ចគាំពារអភិរក្សព្រៃឈើបាត់បង់ប្រសិទ្ធភាព។ លោកបញ្ជាក់ថា អាជ្ញាធរខេត្តរតនគិរី គឺជាអ្នកទទួលខុសត្រូវយ៉ាងសំខាន់រឿងនេះ មិនត្រូវអនុគ្រោះឲ្យកើតមាន ឧក្រិដ្ឋកម្មព្រៃឈើ ឆ្លងដែនខុសច្បាប់ទៅប្រទេសវៀតណាមនោះទេ។ លោកចាត់ទុក ការមិនអនុវត្តច្បាប់ព្រៃឈើ គឺបំពានបទបញ្ជារបស់ក្រសួងមហាផ្ទៃ ដែលតែងផ្ដាំផ្ញើឲ្យអាជ្ញាធរខេត្តសាមី លប់បំបាត់បទល្មើសព្រៃឈើគ្រប់ប្រភេទ៖ «មន្ត្រីនគរបាលយុត្តិធម៌ភាគច្រើន គឺពាក់ព័ន្ធបទល្មើសដែរ គឺគាត់ទទួលសំណូក។ យើងឃើញថា ទោះបីជាមានការប្តេជ្ញាចិត្តក៏ដោយ តែមន្ត្រីថ្នាក់ក្រោមលែងស្ដាប់ហើយ ហើយមន្ត្រីនគរបាលយុត្តិធម៌ខ្លះសុទ្ធមានខ្នងក្រាស់ៗ»។
លោក ប៉ែន ប៊ុណ្ណារ៍ បន្ថែមថា សមាគមអាដហុករកឃើញឯកសារមួយច្បាប់ ដែលឈ្មួញខ្ចីដៃពលរដ្ឋ ស្នើសុំអភិបាលស្រុកអូរយ៉ាដាវ កសាងផ្លូវមួយខ្សែ ចំណាយប្រាក់រាប់ម៉ឺនដុល្លារ។ លោកថា ក្នុងលិខិតនោះអ្នកភូមិសង្ស័យថា ការស្ថាបនាផ្លូវនោះ គឺជាប់ពាក់ព័ន្ធការលក់ឈើក្នុងព្រៃសហគមន៍ភូមិប៉ាដល់ ឲ្យឈ្មួញអាចមានជាប់ពាក់ព័ន្ធអំពើពុករលួយផង។
ជនជនជាតិដើមភាគតិចបន្ថែមថា ឈ្មួញជនជាតិវៀតណាម បានផ្តល់លុយអោយពលរដ្ឋជាង ១ រយគ្រួសារ (១៨០) ដោយក្នុងមួយគ្រួសារ ៥០ ម៉ឺនរៀល ទៅ ១ លានរៀល ជាថ្នូរកាប់រំលំឈើធ្វើអាជីវកម្មខុសច្បាប់នៅតំបន់នោះដែរ៕