សហគមន៍ភូមិឡៅកា ខេត្តមណ្ឌលគិរី ៥នាក់ នៅរសៀលថ្ងៃទី៥ ឧសភា បានទៅដល់ការិយាល័យ សមាគមអាដហុក (Adhoc) ខេត្តមណ្ឌលគិរី ដើម្បីសុំឱ្យអន្តរាគមន៍ករណីអ្នកមានអំណាចបានជួលកម្មករ និងប៉ូលិសនៅមូលដ្ឋានកាប់ទន្ទ្រានព្រៃ យកដីធ្វើអាជីវកម្មអស់ជាច្រើនហិកតារ។ អ្នកភូមិថា ព្រៃឈើដែលឈ្មួញកាប់ទន្ទ្រាននោះ ជាប្រភពអនុផលព្រៃឈើ ដែលពួកគាត់ប្រើប្រាស់បែបប្រពៃណីច្រើនជំនាន់មកហើយ។
ជនជាតិដើមភាគតិចរស់នៅភូមិឡៅកា សង្កាត់សុខុម ក្រុងសែនមនោរម្យ ឱ្យដឹងថា ព្រៃឈើក្នុងភូមិឡៅកា ដែលហ៊ុមព័ទ្ធដោយធនធានធម្មជាតិ ផ្ដល់ប្រយោជន៍ដល់ជនជាតិដើមភាគតិចតាំងពីដើមមក កំពុងទទួលរងការបាត់បង់ជាបន្តបន្ទាប់។ អ្នកភូមិថា ក្រុមកម្មករ និង ប៉ូលិសនៅមូលដ្ឋានខ្លះ បានសម្រុកកាប់ទន្ទ្រានព្រៃនៅចំណុច អូរត្រាំបូវ អស់ ១០ហិកតារថ្មីទៀត នៅរយៈពេល ៣សប្ដាហ៍ចុងក្រោយនេះ។
សមាជិកសហគមន៍ភូមិឡៅកា លោកស្រី ភ្លឹក ភារម្យ ឱ្យដឹងនៅថ្ងៃទី៣ ឧសភា ថា ក្រុមកម្មករ ពី៣ទៅ ៥នាក់ នៅតែបន្តកាប់ទន្ទ្រានព្រៃក្នុងភូមិឡៅកា បើទោះបីជាអ្នកភូមិបានចុះទៅរារាំងច្រើនសាមកហើយក្តី។ លោកស្រីបញ្ជាក់ថា ព្រៃឈើដែលឈ្មួញកំពុងកាប់ទន្ទ្រាននោះ ជាប់ព្រំប្រទល់ព្រៃសហគមន៍ភូមិឡៅកា ឋិតក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច ដែលជនជាតិដើមភាគតិចថែរក្សា។ លើសពីនេះ អ្នកភូមិ ហាក់ខ្លាចញញើតមិនហ៊ានរារាំង និងហាមឃាត់ក្រុមកម្មករកាប់ឈើទាំងនោះទេ ព្រោះខ្លាចឈ្មួញមានអំណាចប្ដឹងពួកគាត់ ទៅតុលាការទៀត។ លោកស្រីបន្ថែមថា ដីព្រៃដែលឈ្មួញកាប់ទន្ទ្រាននោះសំបូរដោយជ័រផ្តៅ ជ័ររាំង ជ័រទឹក និងជ័រចុងជាដើម ដែលពួកគាត់ប្រើប្រាស់ជាយូរមកហើយ។ លោកស្រីសង្កត់ធ្ងន់ថា មន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើ បានរុញច្រានការទទួលខុសត្រូវរឿងនេះដាក់គ្នាទៅវិញទៅមក នៅគ្រាដែលសហគមន៍បានផ្តល់ព័ត៌មានឱ្យជួយទប់ស្កាត់បទល្មើសព្រៃឈើ។ «»
ស្ត្រីដដែលបន្ថែមថា សហគមន៍បានមូលមតិគ្នា ដាក់ពាក្យបណ្ដឹង ដើម្បីឱ្យមានការទទួលខុសត្រូវ ចំពោះការបាត់បង់ព្រៃឈើនៅតំបន់នោះ ខណៈដែលអាជ្ញាធរឃុំ និងអាជ្ញាធរក្រុង មិនអើពើទប់ស្កាត់នោះទេ។ លោកស្រីរំឭកថា កន្លងទៅស្នងការខេត្តមណ្ឌលគិរី បានកោះហៅ សហគមន៍មកសួរនាំ រឿងប្រើហិង្សាលើកម្មករកាប់ឈើ បង្កឱ្យអ្នកភូមិខ្លះ ខ្លាចរអា មិនហ៊ានចុះទប់ស្កាត់បទល្មើសព្រៃឈើនោះទេ។ «»
ជនជាតិដើមភាគតិចរស់នៅភូមិឡៅកា លោកស្រី ខ្វើង ទុំ បារម្ភថា ដើមឈើធំៗដែលផ្ដល់អនុផលព្រៃឈើសំបូរបែប ត្រូវឈ្មួញកាប់ទន្ទ្រានជាបណ្តើរៗ បង្កឱ្យពួកគាត់បាត់បង់ទីកន្លែងប្រមូលអនុផលព្រៃឈើ និងមុខរបរចិញ្ចឹមជីវិត។ លោកស្រីបារម្ភថា បើព្រៃឈើក្នុងតំបន់អូរត្រាំងបូវ ត្រូវបំផ្លាញទាំងស្រុង ទឹកអូរដែលផ្ដល់ត្រីសាច់ ក៏ត្រូវបាត់បង់ដែរ បង្កប៉ះពាល់ជីវភាពសហគមន៍។ លោកស្រីអំពាវនាវឱ្យអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធចុះទប់ស្កាត់បទល្មើសព្រៃឈើជាបន្ទាន់ និងផ្ដន្ទាទោសអ្នកពាក់ព័ន្ធឱ្យទទួលខុសត្រូវតាមផ្លូវច្បាប់។ «»
អាស៊ីសេរីបានព្យាយាមទាក់ទង ប្រធានដែនជម្រកសត្វព្រៃភ្នំព្រេចខេត្តមណ្ឌលគិរី លោក ហាន សុខន តែទូរស័ព្ទហៅចូលច្រើនដងពុំមានអ្នកទទួល។
ចំណែកចៅសង្កាត់សុខុម លោក ពៅ សុផាត បានបដិសេធមិនផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរីទេ នៅថ្ងៃទី៣ ឧសភា ព្រោះលោកកំពុងជាប់រវល់។ ប៉ុន្តែ លោកធ្លាប់ប្រាប់អាស៊ីសេរីថា ដីព្រៃនៅតំបន់នោះពុំមែនជាដីអភិរក្សរបស់សហគមន៍នោះទេ។ លោកថា ក្រុមពលរដ្ឋដែលតវ៉ារឿងនេះ គឺជាមនុស្សបង្កចលាចលឱ្យអាជ្ញាធរ។ «»
តំបន់ការពារធម្មជាតិឡៅកា មានទំហំដី ២.២២៦ហិកតារ បានចុះបញ្ជីជាព្រៃសហគមន៍ដោយក្រសួងបរិស្ថានកាលពីឆ្នាំ២០១៤។ ព្រៃសហគមន៍នេះឋិតក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច នៃភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខែត្រមណ្ឌលគិរី។ អ្នកភូមិថា ចាប់តាំងពីបង្កើតសហគមន៍មក ពួកគេប្រឈមបញ្ហាច្រើន ដូចជាទំនាស់ប្ដឹងតវ៉ារវាងសហគមន៍ និងឈ្មួញកាប់ទន្ទ្រានព្រៃ។ លើសពីនេះ សហគមន៍បានប្ដឹងក្រុមហ៊ុន វីឡេក ឌីវឺឡប់មែន ទាក់ទិនការរំលោភឈូសឆាយព្រៃការពារជិត ៣០០ហិកតារ និងកាប់បំផ្លាញដើមឈើ ផលិតជ័រទឹកសហគមន៍រាប់ពាន់ដើម ជម្លោះប្រើអំពើហិង្សារបស់បុគ្គលិកក្រុមហ៊ុន និងប៉ូលិសមូលដ្ឋាន បានវាយមកលើសហគមន៍ដែលចុះល្បាតព្រៃឈើជាដើម។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក សុក រដ្ឋា មានប្រសាសន៍ថា សមាគមអាដហុកនឹងចុះទៅពិនិត្យករណីនេះ ក្រោយពីទទួលពាក្យបណ្តឹងពីពលរដ្ឋ។ លោកថា បើមានការបញ្ជា ឬជួលកម្មករកាប់ទន្ទ្រានដីព្រៃសាធារណៈរបស់រដ្ឋ យកធ្វើអាជីវកម្ម គឺជាទង្វើល្មើសច្បាប់ និងជាបទល្មើសឧក្រិដ្ឋផង។ លោកថា បើសមាគមអាដហុករកឃើញថា មានការកាប់ទន្ទ្រានដីព្រៃសាធារណៈរបស់រដ្ឋខុសច្បាប់សមាគម នឹងអន្តរាគមន៍ទៅស្ថាប័នអយ្យការ អមសាលាដំបូងខេត្តមណ្ឌលគិរីចាត់វិធានការតាមច្បាប់។ «»
កាលពីចុងឆ្នាំ ២០១៧ តុលាការខែត្រមណ្ឌលគិរី កោះហៅសហគមន៍ការពារព្រៃឈើ ៧នាក់ មកស្រាយបំភ្លឺសំណុំរឿងបង្ករបួសស្នាមដោយអចេតនាដែលប្រព្រឹត្តកាលពីឆ្នាំ២០១៤។ សហគមន៍ការពារព្រៃឈើឡៅកា ចាត់ទុកដីកាកោះហៅរបស់តុលាការ ជាការគំរាមសកម្មជនការពារព្រៃឈើ ព្រោះសំណុំរឿងនេះ ទំនងជាឈ្មួញរកស៊ីឈើខុសច្បាប់ប្ដឹងសហគមន៍កំបាំងមុខ។
ចំណែកស្នងការខេត្តមណ្ឌលគិរី ក៏ធ្លាប់កោះហៅសហគមន៍ឡៅកាមួយចំនួន បំភ្លឺរឿងបង្ករបួសស្នាមដល់កម្មករកាប់ឈើដែរ។
សហគមន៍ថា ពលរដ្ឋការពារព្រៃឈើប្រឈមការគំរាមកំហែងតាមប្រព័ន្ធតុលាការ និងឈ្មួញរកស៊ីឈើខុសច្បាប់ ក៏ប៉ុន្តែអ្នកមានឥទ្ធិពល និងឧកញ៉ាមួយចំនួនដែលកាប់បំផ្លាញព្រៃឈើ ក្នុងនោះមានជនជាតិវៀតណាមផង បានជួញដូរឈើខុសច្បាប់ច្រើនឆ្នាំមកហើយ បែរជាត្រូវរួចខ្លួន៕