អ្នក​ឃ្លាំ​មើល​អំពាវនាវ​ឲ្យ​អាជ្ញាធរ​រតនគិរី​ទប់ស្កាត់​ការ​កាប់​ព្រៃ​យក​ដី

ព្រៃ​ឈើ​នៅ​តំបន់​ទេសចរណ៍​ដ៏​សំខាន់​មួយ នៅ​ខេត្ត​រតនគិរី ត្រូវ​បាន​គេ​កាប់​រាន​យក​ដី​ចែក​គ្នា។ អ្នក​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ មាន​ប្រសាសន៍​បញ្ជាក់​ថា មន្ត្រី​មូលដ្ឋាន​មាន​ជាប់​ពាក់ព័ន្ធ​បែង​ចែក និង​លក់​ដូរ​ដី​នៅ​តំបន់​ទេសចរណ៍​នោះ។

0:00 / 0:00

មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​សមាគម​អាដហុក (Adhoc) អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​រតនគិរី ចាត់​វិធាន​ការ​ស៊ើប​អង្កេត​បន្ទាន់​មួយ ទៅ​លើ​សកម្មភាព​កាប់​រាន​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ដ៏​ល្បីល្បាញ គឺ​ទឹក​ជ្រោះ ៧​ជាន់ ឬ​ទឹក​ជ្រោះ​អូរស៊ិនលែរ៍ ក្នុង​ឃុំ​កាឡែង ស្រុក​លំផាត់ ខេត្ត​រតនគិរី។

សេចក្តី​អំពាវនាវ​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ ទី​២៣ ខែ​តុលា បន្ទាប់​ពី​មន្ត្រី​សមាគម​នេះ​អង្កេត​ជំហាន​ដំបូង រក​ឃើញ​ថា មន្ត្រី​មូលដ្ឋាន​នៅ​តំបន់​នោះ​មាន​ជាប់​ពាក់ព័ន្ធ​បែង​ចែក​ដី​ក្នុង​តំបន់​ទេសចរណ៍ ដែល​ជា​ព្រៃ​ការពារ​សម្រាប់​តំបន់​រមណីយដ្ឋាន។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី មាន​ប្រសាសន៍​បញ្ជាក់​ថា ប្រសិន​អាជ្ញាធរ​ខេត្ត​មិន​ចាត់​វិធាន​ការ​ទាន់​ពេល​វេលា​ទេ ព្រៃ​ឈើ​នៅ​សេសសល់​ក្នុង​តំបន់​ទេសចរណ៍​នេះ នឹង​ត្រូវ​គេ​កាប់​រាន​ច្រើន​ថែម​ទៀត។ លោក​បន្ត​ថា បច្ចុប្បន្ន ព្រៃ​ឈើ​នៅ​តំបន់​នោះ​ប្រមាណ ៥​ហិកតារ​ហើយ ត្រូវ​គេ​កាប់​រាន​តាំង​ពី​ដើម​ខែ​តុលា ដើម្បី​យក​ដី​ជា​កម្មសិទ្ធិ៖ «ឥឡូវ​នេះ យើង​ឃើញ​ថា តំបន់​នេះ​មាន​ការ​ពុះ​ចែក​បំផ្លាញ​ទៅ​លើ​បរិស្ថាន​ធម្មជាតិ។ វា​មាន​សភាព​ធ្ងន់ធ្ងរ​ណាស់ មន្ត្រី​ស្ថាប័ន​ជំនាញ​ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិ ត្រូវ​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់ ចំពោះ​ជន​ពាក់ព័ន្ធ​បំផ្លាញ និង​រំលោភ​យក​តំបន់​ទេសចរណ៍​នេះ»

តំបន់​រមណីយដ្ឋាន​ទឹក​ជ្រោះ ៧​ជាន់ ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​សុទ្ធសាធ។ កាល​ពី​មុន​ឆ្នាំ​២០១០ ព្រៃ​ឈើ​នៅ​តំបន់​នេះ​រង​ការ​កាប់​រាន​យក​ដី​អស់​ជាច្រើន​រយ​ហិកតារ។ រហូត​បច្ចុប្បន្ន មន្ទីរ​ទេសចរណ៍​ខេត្ត បាន​អភិរក្ស​តំបន់​នេះ​លើ​ផ្ទៃ​ដី​ប្រមាណ ៤០០​ហិកតារ និង​បាន​ប្រគល់​តំបន់​នោះ​ជូន​សហគមន៍​ទេសចរណ៍​ជនជាតិ​ដើម​នៅ​តំបន់​នោះ អភិរក្ស។

អភិបាល​ស្រុក​លំផាត់ លោក គង់ ស៊្រុន មាន​ប្រសាសន៍​បញ្ជាក់​ថា កន្លង​ទៅ​នេះ អាជ្ញាធរ​ឃុំ​បាន​ធ្វើ​សំណើ​សុំ​ដី​រដ្ឋបាល​នៅ​តំបន់​នោះ​សម្រាប់​សាងសង់​អគារ​សាធារណៈ​របស់​រដ្ឋ។ ក៏ប៉ុន្តែ អាជ្ញាធរ​ស្រុក​មិន​ទាន់​បាន​ចុះ​សិក្សា​ពី​បញ្ហា​នេះ​នៅ​ឡើយ។ លោក​បន្ត​ថា ប្រសិន​រក​ឃើញ​ថា មាន​បំពាន​ទៅ​លើ​តំបន់​ព្រៃ​រមណីយដ្ឋាន​នោះ​មែន លោក​នឹង​កសាង​សំណុំ​រឿង​អ្នក​ប្រព្រឹត្តិ​ល្មើស​ទៅ​តុលាការ៖ «នៅ​ក្នុង​តំបន់​ទេសចរណ៍​ហ្នឹង ខ្ញុំ​បាន​ហាមប្រាម​ណាស់ មិន​មែន​ទើប​កាប់​ថ្ងៃ​ហ្នឹង​ទេ កាប់​ប្រហែល​កន្លះ​ខែ​មុន។ យើង​ដាក់​ស្លាក​សញ្ញា ដើម្បី​ការពារ​កន្លែង​ហ្នឹង​កុំ​ឲ្យ​បាត់​បង់​ទៀត។ ឥឡូវ កន្លែង​ដែល​កំពុង​ប្រឈម​មុខ​ហ្នឹង ការ​កាប់​ល្ងាច​នេះ​ខ្ញុំ​ចុះ​ហើយ។ ខ្ញុំ​ថត​រូបភាព​បាន ខ្ញុំ​ប្ដឹង​ចូល​ទៅ​រដ្ឋបាល​ព្រៃ​ឈើ»

ទាក់ទិន​ករណី​នេះ​ដែរ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​រតនគិរី លោក ង៉ែត វិទូ មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​ក៏​បាន​ទទួល​ព័ត៌មាន​នេះ​ដូច​គ្នា។ លោក​បន្ត​ថា អាជ្ញាធរ​ដែន​ដី​មាន​ភារកិច្ច​ការពារ​ដី​តំបន់​រមណីយដ្ឋាន។ ដូច្នេះ ការ​សម្រេច​បែង​ចែក​ដី​ក្នុង​តំបន់​រមណីយដ្ឋាន ត្រូវ​មាន​ការ​ពិភាក្សា​ឯកភាព​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ច្រើន​ទៀត៖ «ព្រៃ​តំបន់​ទេសចរណ៍ ជា​វិស័យ​មួយ​ពឹង​ផ្អែក​ទៅ​លើ​អាជ្ញាធរ​ពាក់ព័ន្ធ មាន​ធនធាន​ធម្មជាតិ បរិស្ថាន រដ្ឋបាល​ព្រៃ​ឈើ មាន​អាជ្ញាធរ​ដើម្បី​ជួយ​ទប់​គ្នា​កុំ​ឲ្យ​មាន​ការ​រុក​រាន​ព្រៃ​ហ្នឹង ហើយ​ខ្ញុំ​ទាញ​ទេសចរ​ឲ្យ​ទៅ​មើល»

របាយការណ៍​អង្កេត​របស់​មន្ត្រី​អាដហុក ខេត្ត​រក​ឃើញ​ថា ការ​ទន្ទ្រាន​កាន់​កាប់​តំបន់​ទេសចរណ៍​នេះ គឺ​ធ្វើ​ឡើង​ជា​ប្រព័ន្ធ។ ដី​ត្រូវ​គេ​បែង​ចែក​សម្រាប់​រដ្ឋបាល​ស្រុក ១​ហិកតារ សម្រាប់​សង់​វិទ្យាល័យ ១​ហិកតារ ចែក​មន្ទីរ​ភូមិបាល ១​ហិកតារ ចែក​រដ្ឋបាល​ឃុំ ១​ហិកតារ ចែក​គណៈកម្មការ​ការពារ​រមណីយដ្ឋាន ១​ហិកតារ ចែក​សហគមន៍​ភូមិ ១​ហិកតារ និង​លក់​ទៅ​ឈ្មោះ ហិន ស៊ីថា ជា​កង​មន្ត្រី​អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ឈ្មោះ ណាត់ ប៊ុនណា មេ​ប៉ុស្តិ៍​អូរសៀនឡែរ ៣​ហិកតារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។