ឡានដឹកឈើប្រណីតចំនួនពីរគ្រឿង បានក្រឡាប់នៅចំណុចពីរផ្សេងគ្នាក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលពួកគេបម្រុងដឹកចេញទៅប្រទេសវៀតណាម កាលពីយប់ថ្ងៃទី២៦ និងព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា។ ពលរដ្ឋដែលតាមដានសកម្មភាពនោះយល់ថា អាជ្ញាធរក្ដី មន្ត្រីជំនាញក្ដី បានត្រឹមទៅកត់កំណត់ហេតុ ប៉ុន្តែមិនអាចចាត់វិធានការទប់ស្កាត់បាន។ បញ្ហានេះពលរដ្ឋបារម្ភថា មិនយូរទេព្រៃឈើទាំងមូលនឹងហិនហោចក្នុងពេលឆាប់ៗ មិនខានឡើយ។
មន្ត្រីអាជ្ញាធរឱ្យដឹងថា ករណីរថយន្តមួយគ្រឿងផ្ទុកឈើប្រណីតប្រភេទសុក្រំ ក្រឡាប់នៅក្បែរទីប្រជុំជនផ្សារមេមត់ ក្នុងឃុំត្រមូង គឺបណ្ដាលឱ្យមនុស្សពីរនាក់ស្លាប់ ក្នុងនោះអ្នកបើកបរម្នាក់ និងជំនួយការ ឬព្រូឡានម្នាក់ ប៉ុន្តែករណីរថយន្តដឹកឈើប្រណីតក្រឡាប់មួយគ្រឿងទៀតនៅចំណុចឃុំទ្រៀក ខាងសមត្ថកិច្ចនៅមិនទាន់ទទួលព័ត៌មាននៅឡើយ រហូតដល់រសៀលថ្ងៃទី២៧ ខែវិច្ឆិកា។
អធិការនគរបាលស្រុកមេមត់ លោក ហុង គីមហឿន មានប្រសាសន៍ថា ពួកលោកកំពុងស្វែងរកម្ចាស់រថយន្តដឹកឈើប្រភេទសុក្រំមួយគ្រឿង ដែលបានក្រឡាប់នៅវេលាម៉ោងប្រមាណ ៩យប់ ថ្ងៃទី២៦ ខែវិច្ឆិកា នៅជិតផ្សារមេមត់ ពីព្រោះអ្នកស្លាប់ទាំងពីរនាក់នៅក្នុងរថយន្តគេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ បន្ថែមពីនេះ សមត្ថកិច្ច ព្រមទាំងមន្ត្រីជំនាញព្រៃឈើកំពុងប្រមូលយករថយន្ត និងឈើចេញពីតំបន់កើតហេតុ ដើម្បីកុំឱ្យប៉ះពាល់ដល់ការធ្វើចរាចរ៖ «ខាងនគរបាលខ្ញុំចង់ក្រងសំណុំរឿងតាមនីតិវិធី ករណីគ្រោះថ្នាក់ចរាចរណ៍។ ការស៊ើបអង្កេតគឺខាងរដ្ឋបាលព្រៃឈើ»។
អធិការស្រុកដដែលបន្ថែមថា គេនៅមិនទាន់ដឹងពីចំនួនឈើនោះប្រាកដទេ ម្យ៉ាងថៅកែឈើក៏មិនបានដឹងថា ជានរណាដែរ ប៉ុន្តែលោកថា សកម្មភាពដឹកឈើនោះអាចមានលិខិតអនុញ្ញាត។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងទៅនាយសង្កាត់រដ្ឋបាលព្រៃឈើមេមត់ ដើម្បីសាកសួរបន្ថែមជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៧ ខែវិច្ឆិកា ដោយទូរស័ព្ទចូលប៉ុន្តែគ្មានអ្នកទទួល។
យ៉ាងណាប្រជាពលរដ្ឋដែលតាមដានករណីរថយន្តដឹកឈើប្រណីតក្រឡាប់នេះ លោក ឈុន វុត្ថា មានប្រសាសន៍ថា រថយន្តដឹកឈើដែលក្រឡាប់ទាំងនោះ អាចមានទំហំឈើក្នុងមួយឡានប្រមាណ ៥០ម៉ែត្រគីប។ លោកបន្តថា រថយន្តដឹកឈើទាំងនោះអាចជារបស់អ្នកមានអំណាច។ ជាក់ស្តែងរថយន្តមួយគ្រឿងទៅស្ទូចឈើចេញពីរថយន្តដែលក្រឡាប់នៅឃុំទ្រៀក ក្បែរច្រកព្រំដែនដូនរ័ត្នបម្រុងដឹកចេញទៅប្រទេសវៀតណាម គឺមានដាក់ឈ្មោះថា ក្រុមហ៊ុនរបស់ឧកញ៉ា លឹម ប៊ុណ្ណា ដែលជាមនុស្សមានឥទ្ធិពលម្នាក់ក្នុងខេត្តត្បូងឃ្មុំ ព្រមទាំងជាមនុស្សល្បីល្បាញខាងរកស៊ីឈើប្រណីតនៅស្រុកខ្មែរទៀតផង។
លោកបញ្ជាក់ថា មិនមែនមានតែរថយន្តពីរគ្រឿងនេះទេ ប៉ុន្តែមានរថយន្តម៉ាក់យីឌុបជាច្រើនគ្រឿងផ្សេងទៀតបន្តដឹកឈើចេញទៅប្រទេសវៀតណាម ជារៀងរាល់ថ្ងៃ ហើយឈើទាំងនោះអាចដឹកមកពីខេត្តមណ្ឌលគិរី ឬរតនគិរី៖ «សុំឱ្យគាត់ចាត់វិធានការមកដើម្បីឱ្យវាសនាកូនខ្មែរបានស្គាល់ឈើប្រណីតអីផង»។
ករណីរថយន្តដឹកឈើក្រឡាប់នៅស្រុកមេមត់ តែងកើតមានជាហូរហែ ប៉ុន្តែឡាននៅតែក្រឡាប់ រីឯឈើនៅតែអាចបន្តដំណើរបានទៅដល់គោលដៅដដែល។ ដោយឡែកមន្ត្រីជំនាញ ឬអាជ្ញាធរបានត្រឹមបញ្ជាក់ថា ឈើទាំងនោះមានលិខិតអនុញ្ញាតត្រឹមត្រូវ បើទោះបីជាសង្គមស៊ីវិលដែលធ្វើការងាររឿងព្រៃឈើធ្លាប់អះអាងថា គ្មាននរណាម្នាក់ត្រូវបានរដ្ឋអនុញ្ញាតឱ្យធ្វើអាជីវកម្មឈើឡើយ ក្រៅពីតែក្រុមហ៊ុនលោក ទ្រី ភាព ដែលរដ្ឋផ្ដល់សិទ្ធិជូន ប៉ុន្តែចំពោះឈើដែលមន្ត្រីជំនាញចាប់បានហើយដាក់ដេញថ្លៃប៉ុណ្ណោះ។
យ៉ាងណាសមាជិកក្រុមប្រឹក្សាស្រុកមេមត់ មកពីគណបក្សសង្គ្រោះជាតិ លោក គង់ សំអាន ដែលបានតាមដានករណីនេះមើលឃើញថា ដោយសាររបររកស៊ីឈើប្រណីតឆ្លងដែន គឺធ្វើឡើងជាលក្ខណៈប្រព័ន្ធ ដោយមានមន្ត្រីធំៗនៅពីក្រោយ ដូច្នេះ ឋានៈត្រឹមអាជ្ញាធរ ស្រុក ឬ ខេត្ត មិនអាចធ្វើអ្វីបានទេ។
លោកតែងតែរាយការណ៍ទៅអាជ្ញាធរស្រុក និងខេត្ត អំពីសកម្មភាពចរាចរណ៍ឈើនៅស្រុកមេមត់ ពីព្រោះសកម្មភាពទាំងនោះ គឺធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៖ «ទីមួយខូចផ្លូវ ផ្លូវលំយើង។ ទីពីរឡានឈើគាត់បើកលឿនណាស់ តាមរបៀបភ័យខ្លាច ធ្វើមានគ្រោះថ្នាក់ចរាចរណ៍»។
ច្បាប់ព្រៃឈើ ឆ្នាំ២០០២ ជំពូកទី១៥ ស្តីពីបទល្មើសព្រៃឈើនិងទោសបញ្ញត្តិ មាត្រា៩៣ បញ្ជាក់ថា បទល្មើសព្រៃឈើថ្នាក់ទី១ គឺត្រូវជាប់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ។ បទល្មើសថ្នាក់ទី២វិញ គឺត្រូវជាប់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ ហើយត្រូវពិន័យជាប្រាក់ពី ១០លានរៀល ទៅ ១០០លានរៀល។ ដោយឡែកបទល្មើសថ្នាក់ទី៣ ត្រូវជាប់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ ឬត្រូវពិន័យជាប្រាក់ពី ១លានរៀល ទៅ ១០លានរៀល និងត្រូវរឹបអូសវត្ថុតាងទុកជាសម្បត្តិរដ្ឋដូចៗគ្នា។
យ៉ាងណាច្បាប់នៅតែលើក្រដាស ឈើប្រណីតក្នុងព្រៃចេះតែវិនាស រីឯអ្នកការពារព្រៃឈើសកម្មបានត្រឹមរត់ចោលផ្ទះសម្បែង ឬក៏ត្រូវស្លាប់ប៉ុណ្ណោះ។ ចំណែករបាយការណ៍អង្គការបរទេសខ្លះស្តីពីការកាប់បំផ្លាញព្រៃឈើ ដែលមានភស្តុតាងច្បាស់លាស់យ៉ាងណាក៏ដោយ គឺបានត្រឹមតែរាជរដ្ឋាភិបាលទាត់ចោល ព្រមទាំងបណ្ដេញមិនឱ្យអង្គការទាំងនោះមានវត្តមាននៅស្រុកខ្មែរទៀតផង តួយ៉ាងដូចជា អង្គការ គ្លបល វីនេស (Global Witness ) ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។