អាជីវកម្ម​ខុស​ច្បាប់​រុក​រក​រ៉ែ​ត្បូង​នៅ​តែ​បន្ត​កើត​មាន​នៅ​ខេត្ត​រតនគិរី

0:00 / 0:00

ក្រសួង​រ៉ែ និង​ថាមពល បាន​សម្រេច​ចេញ​អាជ្ញាប័ណ្ណ​ជូន​ដល់​អ្នក​សុំ​ច្បាប់​ធ្វើ​អាជីវកម្ម​រ៉ែ​ខ្នាត​តូច និង​មធ្យម ដើម្បី​បញ្ចប់​សកម្មភាព​រុករ​ក​រ៉ែ​អនាធិបតេយ្យ ក៏ប៉ុន្តែ​រហូត​ដល់​ពេល​នេះ ការ​រុក​រ៉ែ​បែប​អនាធិបតេយ្យ​នៅ​តែ​បន្ត​កើត​មាន​នៅ​ខេត្ត​រតនគិរី។

តើ​មាន​ហេតុផល​អ្វី​ខ្លះ​បាន​ជា​អ្នក​ធ្វើ​អាជីវកម្ម​រ៉ែ​ខ្នាត​តូច និង​មធ្យម នៅ​តែ​បន្ត​រុក​រក​រ៉ែ​ដោយ​មិន​ព្រម​សុំ​អាជ្ញាប័ណ្ណ?

ម៉ាស៊ីន​បាញ់​ទឹក​បំបែក​ដី ឬ​ហៅ​តាម​ភាសា​អ្នក​រក​ត្បូង​ថា ម៉ាស៊ីន​បាញ់​ញ៉ ចំនួន​ពីរ​គ្រឿង ត្រូវ​បាន​ឈ្មួញ​ជួល​កម្មករ​បាញ់​រុក​រក​រ៉ែ​ត្បូង​ខុស​ច្បាប់​នៅ​ឯ​ភូមិ​ត្រុំ ឃុំ​ឡាមិញ ស្រុក​បរកែវ ខេត្ត​រតនគិរី ចាប់​ពី​ខែ​មិថុនា រហូត​បច្ចុប្បន្ន។

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា សមត្ថកិច្ច​ប៉ូលិស​រដ្ឋបាល​ឃុំ​ឡាមិញ បាន​ចុះ​បង្ក្រាប​ទីតាំង​បាញ់​ញ៉​ខុស​ច្បាប់​នេះ ក៏ប៉ុន្តែ​មិន​ឃើញ​ចាប់​ខ្លួន​កម្មករ​ស៊ី​ឈ្នួល ឬ​រឹប​អូស​ម៉ាស៊ីន​បាញ់​ញ៉​នោះ ដើម្បី​ស្វែងរក​ឈ្មួញ​នៅ​ពី​ក្រោយ​ការ​ធ្វើ​អាជីវកម្ម​ច្បាប់​ហាម​ឃាត់​នោះ​ឡើយ។

ប្រជាពលរដ្ឋ​មាន​ចម្ការ​នៅ​ជិត​ទីតាំង​រុក​រក​រ៉ែ​ត្បូង​ខុស​ច្បាប់​ថ្មី​នេះ សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​អះអាង​ថា តំបន់​រុក​រក​រ៉ែ​ត្បូង​នេះ​ឋិត​នៅ​ក្នុង​ព្រៃ​ចម្ការ​កៅស៊ូ ចំណុច​អូរ​ត្រុំ។ កម្មករ​ស៊ី​ឈ្នួល​ចំនួន ៦​នាក់​ត្រូវ​គេ​បញ្ជូន​ទៅ​កាន់​តំបន់​នោះ ដើម្បី​ប្រើប្រាស់​ម៉ាស៊ីន​បូម​ទឹក​ពី​ក្នុង​អូរ បាញ់​បំបែក​ដី​ដើម្បី​រក​ត្បូង។ ប្រជាពលរដ្ឋ​ដដែល​បន្ត​ថា សកម្មភាព​បាញ់​បំបែក​ដី​នេះ បង្ក​ផល​ប៉ះពាល់​ច្រើន​ផ្នែក ដូចជា​ការ​បាក់​ដី​ហូរ​ចូល​អូរ​ធម្មជាតិ ខូច​គុណភាព​ទឹក និង​បង្ក​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន​ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ៖ «អត់​ទេ កម្មករ​នៅ គេ​អត់​ចាប់​ស្អី​ផង គេ​អត់​ហៅ​មក​សួរ​ស្អី បង​គេ​គ្រាន់​តែ​ទៅ​បញ្ឈប់។ ម៉ាស៊ីន​ទុយោ​នៅ​កន្លែង​ដដែល ខ្ញុំ​ទៅ​សួរ​គេ​ថា​សុំ​ច្បាប់​ពី​ខេត្ត»

ស្រុក​បរកែវ គឺ​ជា​តំបន់​មាន​រ៉ែ​ត្បូង​មាន​តម្លៃ ជាពិសេស​នៅ​តំបន់​ភ្នំ​ដាង ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ជីក​កកាយ​រក​ត្បូង​ក្លាយ​ជា​រណ្ដៅ​ជ្រៅៗ​រាប់​ពាន់​កន្លែង និង​ដោយឡែក​ក្រុម​ឈ្មួញ​ជា​ជនជាតិ​វៀតណាម ក៏​បាន​ដាក់​ម៉ាស៊ីន​បាញ់​ញ៉​ច្រើន កាល​ពី​ឆ្នាំ​២០១០ កន្លង​ទៅ។

មន្ត្រី​ឃ្លាំ​មើល​បញ្ហា​បរិស្ថាន​អង្គការ​ទន្លេ​បី លោក មាច មៀន ហៅ​អាជីវកម្ម​រក​រ៉ែ​ត្បូង​ថា​បាន​បំផ្លាញ​ភូមិសាស្ត្រ និង​រូបសាស្ត្រ​ក្នុង​ទីតាំង​រក​ត្បូង​នោះ និង​ដោយឡែក​អាជីវកម្ម​នេះ ក៏​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​រស់នៅ​អាស្រ័យ​ទឹក​អូរ​ធម្មជាតិ​ពី​តំបន់​ខ្សែ​ទឹក​ខាង​ក្រោម។ លោក​សន្និដ្ឋាន​ថា អាជីវកម្ម​ខុស​ច្បាប់​នេះ អាច​ប្រព្រឹត្ត​ទៅ​បាន​ដោយសារ​តែ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ គឺ​ជា​អ្នក​នៅ​ពី​ក្រោយ​បិទ​ភ្នែក ឬ​ឃុបឃិត​ជាមួយ៖ «ខ្ញុំ​គិត​ថា ពាក់ព័ន្ធ​ត្រូវរ៉ូវ​គ្នា​ក្នុង​រឿង​ហ្នឹង ព្រោះ​អាជីវកម្ម​បាញ់​ញ៉​ហ្នឹង​មិន​អាច​លាក់​បាំង​តំបន់​សហគមន៍​ស្អី​បាន​ទេ សូម្បី​អាជ្ញាធរ​ភូមិ​ឃុំ​ក៏​ដឹង​រឿង​ហ្នឹង​ដែរ»

កាល​ពី​ចុង​ឆ្នាំ​២០១៤ ប្រជាពលរដ្ឋ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល បាន​រក​ឃើញ​កន្លែង​ជីក​រក​រ៉ែ​ត្បូង​រាប់​រយ​រណ្ដៅ ត្រូវ​គេ​ជីក​ក្នុង​ចម្ការ​កៅស៊ូ​រដ្ឋ និង​ចម្ការ​កៅស៊ូ​គ្រួសារ នៅ​ភូមិ​ត្រុំ នេះ​ដូច​គ្នា ក៏ប៉ុន្តែ​គេ​សង្កេត​ឃើញ​ក្រុម​សមត្ថកិច្ច​ប៉ូលិស និង​អាវុធហត្ថ​ស្រុក​បរកែវ បាន​ចុះ​បង្ក្រាប​កន្លែង​ជីក​ត្បូង​នេះ​ពីរ​លើក និង​ដក​ហូត​គ្រឿង​សម្ភារៈ​ជីក​ត្បូង​ប្រមាណ ១០​កន្លែង ក្នុង​ចំណោម​កម្មករ​ជាង ១០០​នាក់​កំពុង​ជីក​រណ្តៅ​ត្បូង​នៅ​កន្លែង​នោះ ក៏ប៉ុន្តែ​មិន​ឃើញ​មាន​ចាប់​ខ្លួន​ជន​ណា​ម្នាក់​ឡើយ។

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា មិន​អាច​ទាក់ទង​មន្ត្រី​ប៉ូលិស​ស្រុក​បរកែវ សុំ​បញ្ជាក់​ពី​ករណី​នេះ​បាន​ទេ។

ទីតាំង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​ភ្នំ​ក្រូច ភូមិ​កាទៀង ឃុំ​ល្បាំងពីរ ស្រុក​លំផាត់ ខេត្ត​រតនគិរី។ រូបថត​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៥
ទីតាំង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​ភ្នំ​ក្រូច ភូមិ​កាទៀង ឃុំ​ល្បាំងពីរ ស្រុក​លំផាត់ ខេត្ត​រតនគិរី។ រូបថត​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៥ (RFA/Ratha Visal)

ក៏ប៉ុន្តែ​មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (adhoc) លោក ឆាយ ធី ដែល​បាន​ចុះ​អង្កេត​ករណី​បទល្មើស​រុក​រក​រ៉ែ​ត្បូង​អនាធិបតេយ្យ​នៅ​ស្រុក​បរកែវ ចាត់​ទុក​បទល្មើស​រ៉ែ​ត្បូង​នៅ​តំបន់​នោះ​កើត​មាន​ដោយសារ​តែ​មន្ត្រី​មូលដ្ឋាន និង​អាជ្ញាធរ​ពាក់ព័ន្ធ បណ្តែតបណ្តោយ​មិន​យក​ចិត្ត​ទុក​ដាក់​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព។ លោក​ថា ការ​មិន​ដាក់​ទោស​ទណ្ឌ​អ្នក​ប្រព្រឹត្តិ និង​អ្នក​ឃុបឃិត គឺ​ជា​ហេតុផល​សំខាន់ ដែល​ឈ្មួញ​មាន​ប្រាក់​ប្រើប្រាស់​ឱកាស​នេះ​ដើម្បី​ធ្វើ​អាជីវកម្ម​ទៅ​លើ​ធនធាន​ធម្មជាតិ និង​បំផ្លាញ​បរិស្ថាន​នៅ​តំបន់​រុក​រក​រ៉ែ​នោះ​ទៀត​ផង៖ «កន្លង​មក យើង​សង្កេត​ឃើញ​មាន​ការ​បណ្តែតបណ្តោយ​ឲ្យ​រុក​រក​រ៉ែ​ត្បូង​មាន​នៅ​ក្នុង​ទឹក​ដី​ស្រុក​បរកែវ មិន​មាន​ការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ នៅ​ពេល​មាន​អ្នក​កាសែត ឬ​អង្គការ​សង្គម​ស៊ីវិល ទទួល​ព័ត៌មាន​ពី​ពលរដ្ឋ គាត់​ផ្អាក​តែ​មួយ​រយៈ ឬ​អាជ្ញាធរ​ខេត្ត​ចុះ​បង្ក្រាប គាត់​ផ្អាក​មួយ​រយៈ ប៉ុន្តែ​នៅ​ពេល​ស្ងប់ស្ងាត់ គាត់​បន្ត​ធ្វើ​ឡើង​វិញ។ ធ្វើ​យ៉ាង​ណា សុំ​ឲ្យ​មាន​ការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មក​សុំ​ច្បាប់​ធ្វើ​អាជីវកម្ម​ខ្នាត​តូច​តាម​ច្បាប់​រដ្ឋ​កំណត់»

រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េង សក្តិធារ៉ា កាល​ពី​ខែ​មីនា បាន​ចុះ​មក​បំពេញ​បេសកកម្ម​ធ្វើ​យុទ្ធនាការ​លុប​បំបាត់​អាជីវកម្ម​រ៉ែ​ខុស​ច្បាប់​នៅ​ខេត្ត​រតនគិរី កត់​សម្គាល់​ថា អាជីវកម្ម​រ៉ែ​អនាធិបតេយ្យ​កើត​មាន​ច្រើន​រាប់​រយ​កន្លែង ហេតុ​នេះ​ទើប​ក្រសួង​រៀបចំ​លិខិត​បទដ្ឋាន​ទាក់ទិន​ការ​ចេញ​អាជ្ញាប័ណ្ណ​ជូន​ពលរដ្ឋ​ខ្មែរ​ក្នុង​ស្រុក បង្ក​ភាព​ងាយ​ស្រួល​ឲ្យ​ពលរដ្ឋ​អ្នក​មាន​ដើម​ទុន​តិច ឬ​អ្នក​មាន​ប្រាក់​ទុន​មធ្យម អាច​សុំ​ច្បាប់​ធ្វើ​អាជីវកម្ម​រ៉ែ​ជា​លក្ខណៈ​គ្រួសារ ឬ​ជា​លក្ខណៈ​សិប្បកម្ម ឬ​ពាក់​កណ្ដាល​ឧស្សាហកម្ម និង​ជា​លក្ខណៈ​ឧស្សាហកម្ម​រ៉ែ​ខ្នាត​តូច។

ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​រតនគិរី លោក ហ៊ុន ប៊ុនថាន ទទួល​ស្គាល់​ថា ការ​ឆ្លៀត​ឱកាស​របស់​មន្ត្រី​ខិលខូច​នៅ​មូលដ្ឋាន ពិត​ជា​មាន​ទាក់ទិន​ការ​លួច​ធ្វើ​អាជីវកម្ម​រ៉ែ​ខុស​ច្បាប់ ក៏ប៉ុន្តែ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ខេត្ត បាន​ខិតខំ​បង្ក្រាប​ក្នុង​ករណី​ទទួល​បាន​ព័ត៌មាន​ពី​កន្លែង​ធ្វើ​អាជីវកម្ម​រ៉ែ​ខុស​ច្បាប់​ទាំងអស់​នោះ។ លោក​ថា ក្រសួង​បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​ផ្តល់​អាជ្ញាប័ណ្ណ​សម្រាប់​សិប្បកម្ម​រ៉ែ​ខ្នាត​តូច និង​មធ្យម​ជូន​ប្រជាពលរដ្ឋ ហេតុ​នេះ​ប្រជាពលរដ្ឋ​ត្រូវ​បញ្ឈប់​ការ​រុក​រក​រ៉ែ​បែប​អនាធិបតេយ្យ ហើយ​ងាក​មក​សុំ​ច្បាប់​ដើម្បី​ធានា​សុវត្ថិភាព​ធ្វើ​អាជីវកម្ម និង​ចៀសវាង​បង្ក​ផល​ប៉ះពាល់​ធនធាន​ធម្មជាតិ និង​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ដទៃ​ទៀត៖ «ចៀស​អត់​រួច​ទេ ពេល​ណា​យើង​ដឹង​ទៅ ដុត​ដៃ​ដុត​ជើង​ទៅ​ភ្លាម​ទៅ ប៉ុន្តែ​ថា​អត់​ច្បាប់​យើង​បង្ក្រាប ហើយ​យើង​ណែនាំ​ឲ្យ​គាត់​គោរព​ច្បាប់។ ដំបូង យើង​ណែនាំ​បើ​នៅ​បន្ត​ទៀត យើង​អនុវត្ត​ពិន័យ​របស់​យើង យើង​មាន​មាត្រា​របស់​យើង​ពី ៣៣ ដល់ ៣៤។ សំខាន់​បើ​ពាក់ព័ន្ធ​តំបន់​ហាម​ឃាត់​ទៀត មាត្រា​៣៥ គឺ​ដាច់​ណាត់​តែ​ម្តង»

របាយការណ៍​របស់​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ប្រមាណ ២០ បាន​ចុះ​បញ្ជី​សិក្សា​ស្រាវជ្រាវ​រ៉ែ​ក្នុង​ខេត្ត​នេះ ក៏ប៉ុន្តែ​ក្រសួង​រ៉ែ និង​ថាមពល មិន​ទាន់​ចេញ​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​រ៉ែ​ឲ្យ​ក្រុមហ៊ុន​ណា​មួយ​នៅ​ឡើយ។ ដោយឡែក​ក្រសួង​គ្រោង​ចេញ​អាជ្ញាប័ណ្ណ​ចំនួន ៧ ដល់​ការដ្ឋាន​សិប្បកម្ម​រ៉ែ​ខ្នាត​តូច​នៅ​ពេល​ឆាប់ៗ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។