ប្រជាពលរដ្ឋច្រើនប្រទេស និងជនជាតិដើមភាគតិចជាង ១០០នាក់ បានផ្តល់អនុសាសន៍ទៅអ្នកបង្កើតគម្រោងសាងសង់ទំនប់វារីអគ្គិសនីតំបន់ទន្លេមេគង្គ ត្រូវវិភាគពីផលចំណេញ និងផលខាតនៃសេដ្ឋកិច្ច រួមទាំងបរិស្ថាន។
ជនជាតិដើមកាចក់ លោក នីង ដយ តំណាងសហគមន៍ទន្លេសេសាន ភូមិកោះពាក្យ ថ្លែងថា សហគមន៍នេះមិនចង់ឲ្យមានសំណង់វារីអគ្គិសនីណាមួយសង់នៅក្នុងទន្លេសេសាន ឡើយ៖ «ភូមិកោះពាក្យ ឃុំកោះពាក្យ ស្រុកវ៉ឺនសៃ ខេត្តរតនគិរី គេថារឿងទំនប់នេះគេអត់ព្រមទេ ដោយសារផលប៉ះពាល់វាច្រើន។ ពេលយើងស្ទូង ហើយដាំស្រែចម្ការមានហើយ ពេលនោះទឹកវាឡើង វាងាប់អស់ អត់មានសងទេ អ្នកខ្លះគ្នាងាប់ទាំងអស់ ពួកគេសងគ្នាភាគតិច ដូចថាប៉ុន្មានគ្រួសារ វាសង ២ ទៅ ៣គ្រួសារ អ្នកក្រៅនោះគេអត់សងទេអីចឹង»។
ជនជាតិឡាវ មកពីភូមិបានហ្វាំង ឃុំបានពង់ ស្រុកវ៉ឺនសៃ ខេត្តរតនគិរី លោកស្រី សីង សៀន ថ្លែងថា ទំនប់យ៉ាលី ដែលប្រទេសវៀតណាម បានសង់នោះ បានធ្វើឲ្យប៉ះពាល់របត់ទឹកហូរនៃទន្លេមេគង្គមិនប្រក្រតី គឺម្តងស្ងួតទឹក ម្តងទឹកជន់ ដែលនាំឲ្យត្រីមួយចំនួនមិនអាចបន្លាស់ទីផ្តល់កំណើតកូនតាមធម្មជាតិ។ ឯជីវចម្រុះងាប់បណ្ដើរៗ។ អ្នកភូមិក៏មិនទាន់បានទទួលសំណងពីប្រទេសវៀតណាម ដែលបើក និងបិទទឹកទំនប់យ៉ាលី បង្ហូរមកកម្ពុជា ជន់លិចភូមិរស់នៅ។
លោកស្រីបន្តថា រដ្ឋាភិបាលកម្ពុជា គ្រោងសង់ទំនប់វារីអគ្គិសនីនៅសេសានក្រោម២ នោះអ្នកភូមិនឹងរងនូវការប្ដូរកន្លែងរស់នៅ។ ទើបពួកគាត់ទាមទារឲ្យរដ្ឋាភិបាល ក្រុមហ៊ុនវិនិយោគ និងម្ចាស់កម្ចី ឬអ្នកជំនួយ ត្រូវជួបចរចាជាមួយអ្នករស់នៅផ្ទាល់សិន មុនធ្វើសំណង់ទំនប់វារីអគ្គិសនី៖ «ទេបានហើយ វាមានផលប៉ះពាល់ វាលំបាកដល់ប្រជាជនហ្នឹង។ ខ្ញុំមិនចង់បានទេ ចង់បានតែដូចបុរាណមកហ្នឹងហើយ វាអត់មានផលប៉ះពាល់អ្វី ត្រីក៏មាន បន្លែបន្លុកតាមទន្លេស្អីក៏មានទាំងអស់។ សព្វថ្ងៃនេះអត់មាន អត់មានមែន សត្វស្អី ដូចលៀស ដូចខ្យង ខ្ចៅ តាមទន្លេនោះ អត់មានទេ តែទឹកនោះក៏ឡើងមិនទៀងទាត់ ឡើងល្ងាច តែទៀបភ្លឺឡើងស្រកហើយមនុស្សដើរដល់ត្រើយខាងនោះទៀត»។
ស្រដៀងគ្នាដែរ ជនជាតិព្រៅ តំណាងឲ្យសហគមន៍ទន្លេស៣ ប្រទេសកម្ពុជា លោក ត្រាំង ថាំ ថ្លែងថា ជនជាតិដើមរស់នៅពឹងអាស្រ័យលើព្រៃភ្នំ និងទឹកទន្លេមេគង្គ ដូច្នេះការអភិវឌ្ឍវារីអគ្គិសនី ត្រូវតែមានការសម្រេចចិត្តពីអ្នកភូមិជនជាតិដើម ហើយការចរចាសួរយោបល់ ត្រូវតែប្រើភាសាជាតិ ឬភាសាជនជាតិដើម មិនត្រូវប្រើភាសាបរទេសទេ៖ «ព្រោះថា ក្រោយពេលដែលគេសាងសង់ទំនប់ ក៏ឲ្យមានទឹកកខ្វក់មានជាតិពុល ជាតិគីមី ហើយនិងប្រជាជនតាមទន្លេ គាត់លែងប្រើប្រាស់បាន ជាពិសេសនៅពេលទៅងូតទឹកទន្លេ គឺមានធ្វើឲ្យរមាស់កើតដំបៅតាមខ្លួនជាដើម។ ហើយក្នុងហ្នឹងដែរ ក៏មានបាក់ច្រាំងទន្លេ បាត់បង់នូវបន្លែធម្មជាតិតាមដងទន្លេ ដែលគាត់ជាស្ត្រី គាត់ធ្លាប់បេះយកមកធ្វើជាអាហារ ហើយក្រៅពីនឹងទៀត ក៏មានទូក ដូចជាឧបករណ៍បុរាណដែលយើងបានប្រើប្រាស់ គេត្រូវបាត់បង់ដោយសារទឹកទន្លេវាឡើងចុះៗមិនទៀងទាត់»។
តំណាងអង្គការមនុស្ស និងធម្មជាតិ ប្រទេសវៀតណាម លោក ជីញ ឡឺងៀន ថ្លែងថា តាមការសិក្សា ទំនប់វារីអគ្គិសនីនៅកម្ពុជា ក៏មានការដាក់ទុនរបស់ប្រទេសវៀតណាម ដែរ។
អ្នកស្រី សំប៉ាន គុនឌី តំណាងជនជាតិថៃ ដែលរងផលប៉ះពាល់ពីទំនប់បានគួម (ប៉ាកមុន) នៅទន្លេមួន ស្ថិតក្នុងប្រទេសថៃ បានបង្ហាញថា ការតវ៉ា ២៤ឆ្នាំ ពីទំនប់វារីអគ្គិសនីបានគួម នៅទន្លេមួន នោះ ត្រូវរដ្ឋាភិបាលថៃ បើកទ្វារទឹកទំនប់រយៈពេល ៤ខែ ឲ្យប្រជានេសាទរកនេសាទ ប៉ុន្តែប្រជាជនតវ៉ាទៀតរហូតទឹកក្នុងទំនប់បើកឲ្យប្រើប្រាស់រហូត។
សំឡេងប្រជាជនមកពីច្រើនប្រទេស រងផលប៉ះពាល់ពីការសង់ទំនប់វារីអគ្គិសនីតាមដងទន្លេមេគង្គ ផ្តល់អនុសាសន៍ជូនទៅរាជរដ្ឋាភិបាល ម្ចាស់ជំនួយ និងអង្គការសង្គមស៊ីវិល គឺសុំប្រើភាសាជាតិ ហាមប្រើភាសាអន្តរជាតិ នៅពេលសុំយោបល់ពីអ្នកនៅផ្ទាល់តំបន់គ្រោងសង់ទំនប់វារីអគ្គិសនីណាមួយ ហើយឲ្យសិក្សា និងវិភាគពីផលចំណេញ និងខាត ទាក់ទងសេដ្ឋកិច្ច បរិស្ថាន សង្គម និងមនុស្ស ដោយគោរពស្តង់ដារបរិស្ថានអន្តរជាតិ ដូចជាគោរពសិទ្ធិមនុស្ស។ ត្រូវប្ដូរពីសង់ទំនប់វារីអគ្គិសនី មកលើកកម្ពស់ការប្រើថាមពលស្អាត ឬថាមពលកកើតឡើងវិញ ដូចជាពន្លឺព្រះអាទិត្យជាដើម។ មុនសង់ទំនប់ត្រូវចែកចាយព័ត៌មានឲ្យលម្អិត ដោយសិក្សាតម្លៃផលប៉ះពាល់បរិស្ថាន មានយុទ្ធសាស្ត្រច្បាស់លាស់។
ទំនប់សេសានក្រោម២ គួរបញ្ឈប់ ព្រោះប៉ះពាល់ទៅដល់ជលផលដីល្បាប់ ជីវភាព សន្តិសុខស្បៀង ហើយប៉ះពាល់ទៅដល់ប្រទេសជិតខាងទៀតផង។ ចំពោះទំនប់សេសាន និងស្រែពក ត្រូវពន្យារការសង់រហូតដល់សហគមន៍ទទួលបានសំណងសមស្របពីប្រទេសវៀតណាម។
ចំពោះអនុសាសន៍នៅប្រទេសថៃ និងប្រទេសឡាវ មិនគួរសង់ទំនប់វារីអគ្គិសនីសាយ៉ាបូរី ទេ ហើយទំនប់នៅតាមទន្លេមេទាំងអស់ហ្នឹង កុំទាន់ឲ្យមានដំណើរការ ពីព្រោះថៃ មានភ្លើង ២ម៉ឺនមេហ្គាវ៉ាត់ រួចទៅហើយ ឯការលក់ថាមពលអគ្គិសនី ទំនប់សាយ៉ាបូរី របស់ឡាវ ទៅឲ្យថៃ នោះ ហាក់មិនចាំបាច់ ដោយសុំឲ្យប្រទេសឡាវ ពិចារណាប្រើថាមពលបែបវិមជ្ឈការវិញ ព្រោះវាប៉ះពាល់ប្រព័ន្ធអេកូឡូស៊ី និងសន្តិសុខស្បៀងដល់ពលរដ្ឋច្រើនប្រទេសនៅតាមដងទន្លេមេគង្គ។
អនុសាសន៍ចំពោះម្ចាស់ជំនួយ ត្រូវគោរពតាមស្តង់ដារអន្តរជាតិ មានគោរពសិទ្ធិមនុស្ស គោរពច្បាប់បរិស្ថានអន្តរជាតិ មុននឹងយល់ព្រមឲ្យកម្ចីទៅអ្នកវិនិយោគ សុំកុំវិនិយោគដោយប្រថុយប្រថាន។ អនុសាសន៍ចំពោះអង្គការសង្គមស៊ីវិល សុំឲ្យគាំទ្រការតស៊ូមតិរបស់សហគមន៍ និងប្រជាពលរដ្ឋរងផលប៉ះពាល់ពីទំនប់វារីអគ្គិសនី និងពង្រឹងសមត្ថភាពអ្នករងផលប៉ះពាល់ និងសហការជាមួយ ដើម្បីស្វែងរកយុទ្ធសាស្ត្រក្នុងការតស៊ូមតិ ដោយយកបទពិសោធន៍ពីប្រទេសដែលធ្លាប់រងផលប៉ះពាល់កន្លងមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។