ភ្នំក្រឡាពស់ជាប្រភពធនធានធម្មជាតិសំបូរបែប ដែលពលរដ្ឋជាច្រើនគ្រួសារ រស់នៅនៅស្រុកចំនួន ៣ ក្នុងខេត្តស្ទឹងត្រែង និងខេត្តរតនគិរីអាស្រ័យផលជាយូរយារមកហើយ ក៏ប៉ុន្តែពេលនេះ ធនធានទាំងនេះ កំពុងទទួលរងការកាប់បំផ្លាញព្រៃទ្រង់ទ្រាយធំ ដើម្បីរានយកដីធ្វើចម្ការ។
ជនជាតិដើមភាគតិចព្នងជិត ២០០គ្រួសារ រស់នៅខេត្តស្ទឹងត្រែង បានចាត់ទុកការបំផ្លាញព្រៃឈើទាំងនេះ ជាការប្រមាថមើលងាយ ដល់អត្តសញ្ញាណជនជាតិដើមភាគតិច និងបំផ្លាញជម្រកវប្បធម៌ របស់ពួកគាត់ ដែលតែងធ្វើពិធីបុណ្យ សែនព្រេនជារៀងរាល់ឆ្នាំ។
ភ្នំក្រឡាពស់ ដែលឋិតនៅចន្លោះស្រុកចំនួន ៣ គឺស្រុកសេសាន ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង និងស្រុកវើនសៃ ខេត្តរតនគិរី ដែលពលរដ្ឋរាប់រយគ្រួសារតែងតែរកអនុផលព្រៃឈើរួមមាន រកផ្សិត រកឃ្មុំ បោចវល្លិ ថ្នាំបុរាណ ដងជ័រចុង និង រកត្រីសាច់ តាមជ្រលងភ្នំ ជាដើម កំពុងប្រឈមការបាត់បង់ជាបន្តបន្ទាប់ដោយគ្មានការទប់ស្កាត់។
ពលរដ្ឋរស់នៅឃុំតាឡាត លោក តន់ សាវឿន វ័យ ៦៣ ឆ្នាំ រៀបរាប់ថា ភ្នំក្រឡាពស់ ផ្តល់ប្រយោជន៍ច្រើនណាស់ដល់ពលរដ្ឋ ហើយវាចិញ្ចឹមពលរដ្ឋដោយផ្ទាល់ចំនួន ២ភូមិ គឺភូមិក្រឡាពស់ និង ភូមិតាឡាត ដែលតែងតែរកអនុផលព្រៃឈើ ត្រីសាច់ និងរកឃ្មុំជាដើម។
លោកថា អ្នកភូមិមានជំនឿថា ភ្នំនេះស័ក្តិសិទ្ធិ ហើយពួកគាត់តែងតែធ្វើពិធីសែនព្រេន និងគោរពបូជាជារៀងរាល់ឆ្នាំ ដើម្បីសុំសេចក្តីសុខចម្រើន ក៏ប៉ុន្តែនៅរយៈពេល ២ឆ្នាំចុងក្រោយ ចលនាទន្ទ្រានព្រៃធ្វើកម្មសិទ្ធិ កាន់តែរំកិលចូលដល់ជើងភ្នំក្រឡាពស់ បណ្តាលឱ្យបាត់បង់ដើមឈើធំៗជាបន្តបន្ទាប់។
លោក តន់ សាវឿន៖«ខ្ញុំទាំងអស់អ្នកភូមិ និងអ្នកស្រុកធ្លាប់រស់នៅតំបន់ហ្នឹងធ្លាប់រស់នៅ ដើរលេងរើសផ្លែសម្រម ឥលូវសុទ្ធតែមនុស្សនៅភ្នំហ្នឹង ផ្លែសម្រម គេកាប់រំលំខ្ទេចអស់ហើយ»។
ភ្នំក្រឡាពស់ មានផ្ទៃដីធំទូលាយ និងមានកម្ពស់ ៥០០ ម៉ែត្រ ជាភ្នំធំជាងគេក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង គឺជាអត្តសញ្ញាណ តំបន់ភូមិភាគឦសាន ដែលជនជាតិដើមភាគតិចមានទំនៀមទម្លាប់ និងគោរពអ្នកតាក្រឡាពស់។ ភ្នំក្រឡាពស់ មានល្អាងភ្នំសំបូរត្រីសាច់ សត្វក្ងោក ខ្ទីង ប្រើស ឈ្លូស និងជ្រូកព្រៃជាដើម កំពុងប្រឈមបាត់បង់ជម្រក ដោយសារសកម្មភាពកាប់ឈើខុសច្បាប់។
លោក តន់ សារឿន បន្ថែមថា អភិបាលស្រុក និងមេឃុំ បានដឹងព័ត៌មាន ពីសកម្មភាពបំផ្លាញព្រៃនៅតំបន់ភ្នំនេះដែរ ក៏ប៉ុន្តែពួកគាត់មិនអើពើចាត់វិធានការច្បាប់ ចំពោះអ្នកដែលកាប់រានទន្ទ្រានព្រៃនៅតំបន់នោះទេ។
លោកថា មកទល់ពេលនេះ ក្រុមជនជាតិចាម យ៉ាងហោចណាស់ ២០០គ្រួសារ បានទៅសង់ខ្ទម ឬផ្ទះតូច ជាង ៣០ខ្នង ដើម្បីកាប់រានដីព្រៃធ្វើជាកម្មសិទ្ធិ អស់រាប់រយហិកតារ កាន់តែរាលដល់តំបន់ជើងភ្នំដែលសំបូរដោយព្រៃស្រោង។
លោក តន់ សារឿន៖ «ទី១ ភ្នំក្រឡាពស់ និងភ្នំគល់ សុទ្ធតែចាម មិនដឹងពីណាពីណីទេ?យើងមិនស្គាល់មុខទេ ។ យើងព្រួយបារម្ភសុទ្ធតែក្មេង ក៏វាព្រួយបារម្ភដែរ វាកើតមកឃើញភ្នំ ស្រឡះអស់ហើយព្រៃឈើ ឥលូវភ្នំហ្នឹងស្រឡះចែស។ ព្រួយបារម្ភគេកាប់ព្រៃ បាត់កន្លែងតំបន់ស័ក្ដិសិទ្ធិ របស់គោរពបូជា អ្នកភូមិហ្នឹង រាល់ថ្ងៃ ក៏កាន់អ្នកតាក្រឡាពស់ហ្នឹងដែរ»។
ជនជាតិដើមភាគតិចព្នងម្នាក់ទៀត រស់នៅឃុំតាឡាត លោក សាន ងាន ឱ្យដឹងថា ព្រៃឈើនៅតំបន់ថ្មបាក់ និងតំបន់ភ្នំគល់ ជាប់នឹងភ្នំក្រឡាពស់ត្រូវគេកាប់អស់ទាំងស្រុង ហើយបទល្មើសព្រៃឈើនេះ កំពុងរាលដាល ដល់តំបន់ភ្នំក្រឡាពស់។ លោកថា ប្រសិនបើព្រៃនៅតំបន់ជើងភ្នំ ជម្រាលភ្នំ និងខ្នងភ្នំត្រូវគេកាប់អស់ នឹងបាត់បង់ជម្រកសត្វព្រៃ រួមទាំង អត្តសញ្ញាណជនជាតិដើមព្នង។
លោកអំពាវនាវឱ្យអាជ្ញាធរខេត្តស្ទឹងត្រែង កំណត់តំបន់ភ្នំក្រឡាពស់ ជាតំបន់ការពារធម្មជាតិ បម្រើវិស័យទេសចរណ៍ ព្រោះទីនោះ នៅសល់ដើមឈើធំៗច្រើន ប្រភេទគគីរ ផ្ដៀក ជ័រចុង និងកកោះជាដើម មានទេសភាពស្រស់ស្អាតទាក់ទាញភ្ញៀវទេសចរ។
លោក សាន ងាន៖ «ភ្នំក្រឡាពស់វាមានព្រៃក្រាស់ ដើមឈើធំៗកាប់អត់អស់ មួយៗចង់ក្លាយជាឧកញ៉ា កាប់អត់អស់។ ខ្ញុំជាពលរដ្ឋនៅហ្នឹង ដើរមិនសព្វព្រៃហ្នឹងផង ត្រូវនៅតាមក្រលៀនៗថ្មសំបូរហ្មង នៅហ្នឹង»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង សុំការបំភ្លឺរឿងនេះ ពីប្រធានមន្ទីរទេសចរ ខេត្តស្ទឹងត្រែងលោក អ៊ន់ ប៉ោសឿន បាននៅឡើយទេ នៅថ្ងៃទី២៦ ឧសភា ដោយទូរស័ព្ទហៅចូលតែគ្មានអ្នកលើក។
ចំណែកអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង មានប្រសាសន៍ថា អាជ្ញាធរបានចាត់វិធានការទប់ស្កាត់ បទល្មើសព្រៃឈើ ដែលប្រព្រឹត្តឡើងដោយពលរដ្ឋចំណូលស្រុករួចហើយនៅតំបន់នោះ ផ្អែកតាមគោលការណ៍ណែនាំ របស់គណៈបញ្ជាការឯកភាពខេត្ត។
លោកថា រដ្ឋបាលខេត្តគាំទ្រចំពោះការចូលរួម របស់ពលរដ្ឋក្នុងការការពារធនធានធម្មជាតិ និងបង្កើតតំបន់ទេសចរធម្មជាតិ ដើម្បីអភិរក្សព្រៃឈើ ហើយលោកក៏ស្នើឱ្យពលរដ្ឋទាំងអស់ ត្រូវឈប់កាប់រានព្រៃខុសច្បាប់ជាបន្ទាន់។
លោក ម៉ែន គុង៖ «ទាក់ទងករណីស្នើសុំរបស់ពលរដ្ឋនៅមូលដ្ឋាន យើងនឹងទទួលយកសំណូមពរនានា តែយើងពិនិត្យមើលលទ្ធភាពនៃការសិក្សា ព្រោះការរៀបចំគម្រោងអភិវឌ្ឍន៍នីមួយៗ ទាមទារថវិកា ព្រោះគម្រោងអភិវឌ្ឍន៍នីមួយៗ វាទាមទារថវិកាផងដែរ។ ឯកភាព និងគាំទ្រចំពោះការចូលរួម របស់បងប្អូនពលរដ្ឋ ចំពោះការការពារធនធានធម្មជាតិ»។
ជុំវិញរឿងនេះ មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាន នៃសមាគមអាដហុក (Adhoc) លោក ប៉ែន ប៉ុណ្ណារ៍ សង្កេតឃើញថា អាជ្ញាធរបន្តធ្វេសប្រហែសច្រើន ក្នុងការទប់ស្កាត់ បទល្មើសព្រៃឈើក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ធ្វើឱ្យពលរដ្ឋអស់ជំនឿចិត្ត និងបារម្ភពីវិនាសកម្មព្រៃឈើនៅកៀកនឹងភូមិឋានពួកគាត់។
លោកយល់ថា អាជ្ញាធរគួរតែចុះទប់ស្កាត់បទល្មើសព្រៃឈើទាំងនេះ និងកំណត់តំបន់អភិរក្សនៅជុំវិញភ្នំក្រឡាពស់ ឱ្យច្បាស់លាស់ ដើម្បីប្រយោជន៍បរិស្ថាន និងជីវភាពពលរដ្ឋ។
លោក ប៉ែន ប៉ុណ្ណារ៍៖ «ក្រោយមកទៀត យើងឃើញថា មានការប្ដេជ្ញារបស់ក្រសួងបរិស្ថាន ក្នុងការពារព្រៃឈើ បានយើងឃើញមានគម្រោងច្រើនណាស់ បម្រើពលរដ្ឋវិស័យទេសចរ។ ទុកព្រៃ រក្សាលំនឹងព្រៃឈើ សម្បទានហ្នឹងដើរច្រើន មានរូបភាពពលរដ្ឋទុកព្រៃ ដើម្បីឱ្យពលរដ្ឋរក្សាលំនឹងព្រៃឈើរបស់គាត់ ដើម្បីអាស្រ័យផល»។
កន្លងទៅ ក្រុមហ៊ុនបាតអាង នៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ បានកាប់ដើមឈើធំៗដូចជា នាងនួន បេង និងធ្នង់ជាដើម អស់ស្ទើរទាំងស្រុងនៅតំបន់ភ្នំក្រឡាពស់ ដើម្បីយកឈើ ធ្វើអាជីវកម្មទ្រង់ទ្រាយធំ និងដឹកលក់ទៅក្រៅប្រទេស។ មកទល់ពេលនេះ តំបន់នោះ នៅសល់ឈើច្រើនជាងគេប្រភេទ គគីរ កកោះ និងផ្ដៀក ជាដើម កំពុងទទួលរងការកាប់រំលំជាបន្តបន្ទាប់ ដើម្បីទន្ទ្រានយកដី ធ្វើជាកម្មសិទ្ធិបុគ្គល៕
កំណត់ចំណាំចំពោះអ្នកបញ្ចេញមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិ ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។