សមត្ថកិច្ច​ចាប់ខ្លួន​មនុស្ស​ពីរ​នាក់​ករណី​ដាក់​អន្ទាក់​ចាប់​សត្វ​ស្លាប​ដ៏​កម្រ​នៅ​កំពង់ឆ្នាំង

អាជ្ញាធរ​មាន​សមត្ថកិច្ច​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​១៣ មិថុនា បាន​ចាប់ខ្លួន​មនុស្ស​២​នាក់​ក្រោយពី​បាន​ដាក់​អន្ទាក់​ចាប់​សត្វ​ននាលខ្យង ដែល​ជា​ប្រភេទ​សត្វ​កម្រ​ជិត​ផុត​ពូជ​ចំនួន​៥​ក្បាល​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង។

សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា ពួកគេ​ទាំងពីរ​នាក់​រស់នៅ​ស្រុក រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង។ សមត្ថកិច្ច​កំពុង​សាកសួរ​មុន​នឹង​សម្រេច​បញ្ជូន​ទៅ​តុលាការ។

សត្វ​ននាល​ខ្យង​ទាំង​៥​ក្បាល​នៅ​រស់​រាន​មាន​ជីវិត​នៅឡើយ សមត្ថកិច្ច​កំពុង​រក្សាទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង។

មន្ត្រី​សម្របសម្រួល​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​កំពង់ឆ្នាំង​លោក ស៊ុំ ចាន់គា មាន​ប្រសាសន៍​ថា សកម្មភាព​ដាក់​អន្ទាក់​ចាប់​សត្វ​ស្លាប​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង បាន​កើត​ឡើង​ដោយសារតែ​ប្រជាពលរដ្ឋ​ក្រីក្រ និង​គ្មាន​មុខរបរ​ពិតប្រាកដ៖ «វា​ជា​រឿង​មួយ​ដែល​ពិបាក​ដែរ​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​មិន​ដឹង​ថា អាហ្នឹង​ជា​បទល្មើស​ទេ។ ការ​ចាប់​សត្វ​ស្លាប​កម្រ​ហ្នឹង​មិនមែន​គាត់​មិន​ដឹង​ទេ។ ប៉ុន្តែ​ប្រហែលជា​ដោយសារ​ក្រពះ នៅ​ពេល​ជីវភាព​គាត់​ធ្លាក់​ដុនដាប​ទៅ​គឺ​គាត់​រក​ហើយ»។

អាស៊ីសេរី​មិន​អាច​ទាក់ទង​អធិការ​នគរបាល​ក្រុង​កំពង់ឆ្នាំង​លោក ឆាយ ខែមរ័ត្ន បាន​ទេ​ដោយសារតែ​លោក​មិន​លើក​ទូរស័ព្ទ។

អង្គការ​អភិរក្ស​សត្វ​ព្រៃ​កម្ពុជា​បាន​រក​ឃើញ​សត្វព្រៃ​ចំនួន ១៦​ប្រភេទ ជិត​ផុត​ពូជ​នៅ​កម្ពុជា​ដែល​រួមមាន​សត្វ ទោស​ថ្ពាល់​លឿង សត្វ​ខ្ទីង ត្រ​យ៉ង​យក្ស រមាំង ខ្លារខិន ទន្សោង ដំរីព្រៃ ស្វា​កន្ទុយ​ស ខ្លា​ពពក ខ្លាធំ ក្ងោក ខ្សឹប ត្រដក់​ធំ ភេ​រោម​ច្រមុះ ត្មាត និង សត្វ​ត្រ​យ៉ង​ចង្កំ​កស។ ចំណែក​ឯ​សត្វ ននាលខ្សង គឺជា​ប្រភេទ​សត្វ​កម្រ​ដែល​ត្រូវ​ការពារ។

ដោយឡែក សមត្ថកិច្ច​ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១២ មិថុនា បាន​ចាប់ខ្លួន​មនុស្ស​ម្នាក់​ដោយសារ​សម្លាប់​សត្វ​ស្វា​កន្ទុយ​ស ជា​ប្រភេទ​សត្វ ជិត​ផុត​ពូជ​ដែរ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ជា​កសិករ​រស់នៅ​ក្នុង​ភូមិ​ស្វាយរៀង ឃុំ​តាឡាត ស្រុក​សេសាន​ឈ្មោះ ណាំ យ៉ុន អាយុ​៣៥​ឆ្នាំ បាន​ប្រើ​កាំភ្លើង​ខ្យល់​បាញ់​សម្លាប់​ស្វា​កន្ទុយ​ស ជា​ប្រភេទ​ស្វា​ផិត​ផុត​ពូជ កាលពី​ថ្ងៃ​ទី​១២ ខែ​មិថុនា។

អាជ្ញាធរ​ខេត្ត​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​ជនសង្ស័យ និង​វត្ថុ​តាង​ឱ្យ​មន្ត្រី​បរិស្ថាន​ដើម្បី​បន្ត​នីតិវិធី​។ ស្វា​កន្ទុយ​ស​ជា​ប្រភេទ​ស្វា​ពានរ វា​រស់នៅ​ភាគ​ខាងកើត​ទន្លេ​មេគង្គ នៃ​តំបន់​ខ្ពង់រាប​ខាងកើត និង​ឦសាន​ប្រទេស​កម្ពុជា។

ស្វា​ប្រភេទ​នេះ ក៏​មាន​រស់នៅ​ប្រទេស​តាម​បណ្ដោយ​ទន្លេ​មេគង្គ ដូចជា​ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ។

សហភាព​អន្តរជាតិ​សម្រាប់​ការ​អភិរក្ស​ធម្មជាតិ (International Union for Conservation of Nature) បាន​ដាក់​បញ្ចូល​ពពួក​ស្វា​ប្រភេទ​នេះ ចូល​ទៅ​ក្នុង​បញ្ជី​ក្រហម ដែល​ជា​បញ្ជី​ប្រភេទ​សត្វ​ដែល​ជិត​ផុត​ពូជ​នៅ​ក្នុង​ពិភពលោក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។