សហភាពអឺរ៉ុប និងអង្គការការពារសិទ្ធិមនុស្សអន្តរជាតិ បានថ្កោលទោសចំពោះការផ្ដន្ទាទោស និងចាប់ខ្លួនទៅលើសកម្មជនបរិស្ថានទាំង១០នាក់។ ពូកគេចាត់ទុកករណីនេះថា ជាការបង្ក្រាបទៅលើសំឡេងរិះគន់ និងជាការកាត់ទោសបែបនយោបាយ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (HRW) ថា អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត គឺដូចគ្នានឹងឪពុកលោកដែលនៅតែ ព្រងើយកន្តើយនឹងការអំពាវនាវរបស់អ្នកជំនាញអង្គការសហប្រជាជាតិ ឱ្យដោះស្រាយចំពោះការបិទលំហសេរីភាពទៅលើសង្គមស៊ីវិល និងអ្នកការពារសិទ្ធិមនុស្ស។
រីឯអង្គការលើកលែងទោសអន្តរជាតិ(Amnesty International) ថា ការកាត់ទោសនេះគឺជាការវាយប្រហារដ៏អាក្រក់មួយទៀតទៅលើសង្គមស៊ីវិលកម្ពុជា។ អង្គការសិទ្ធិមនុស្សអន្តរជាតិនេះទាមទារឱ្យអាជ្ញាធរកម្ពុជាត្រូវតែដោះលែងអ្នកការពារបរិស្ថានទាំងនេះជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។
ចំណែកសហភាពអឺរ៉ុបថាពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃការធ្វើទុក្ខបុកម្នេញ និងការចាប់ខ្លួនអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា។ សហភាពអឺរ៉ុបថា សាលក្រមចុងក្រោយលើសកម្មជនបរិស្ថានមាតាធម្មជាតិគឺជាបញ្ហាដែលគួរឱ្យព្រួយបារម្ភ។
ដោយឡែកអង្គការផ្ដល់ពានរង្វាន់ រ៉ាយឡាយលីហ៊ូត (Right Livelihood) បានថ្កោលទោសការកាត់ទោសនេះ ហើយពួកគេក៏មានការព្រួយបារម្ភផងដែរចំពោះការខ្វះព័ត៌មានបច្ចុប្បន្នទាក់ទងនឹងកន្លែងឃុំខ្លួនរបស់សកម្មជនប្រាំនាក់ ដែលទីតាំងរបស់ពួកគេនៅមិនទាន់ដឹងនៅឡើយទេ។ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) របស់ចក្រភពអង់គ្លេសបានលើកឡើងក្នុងអត្ថបទសារព័ត៌មានថា ការប្រកាសសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញទៅលើសកម្មជនចលនាមាតាធម្មជាតិទាំង ១០នាក់ឱ្យជាប់ពន្ធនាគារពី៦ ទៅ៨ឆ្នាំនេះ គឺកើតឡើងស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ដែលបានឡើងកាន់អំណាចកាលពីឆ្នាំមុន បន្ទាប់ពីការគ្រប់គ្រងរយៈពេលជាច្រើនទសវត្សរ៍របស់ឪពុកលោក គឺលោក ហ៊ុន សែន។
ចំណែកទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេសមួយទៀតឈ្មោះប៊ីប៊ីស៊ី (BBC) ថា ការកាត់ទោសលើសកម្មជនបរិស្ថានទាំងនេះធ្វើឱ្យមានការរិះគន់ថា ជាការកាត់ទោសបែបនយោបាយ។ សារព័ត៌មាននេះបន្ថែមថា ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ២០១៣ មក អង្គការមាតាធម្មជាតិបានធ្វើយុទ្ធនាការប្រឆាំងនឹងគម្រោងបំផ្លាញបរិស្ថាន និងបានចោទជាសំណួរជាច្រើនទៅកាន់រដ្ឋាភិបាលអំពីរបៀបដែលធនធានធម្មជាតិត្រូវបានគ្រប់គ្រងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍។ វីដេអូរបស់សកម្មជនចលនាមាតាធម្មជាតិបានដើរតួយ៉ាងសំខាន់ក្នុងការបង្ហាញព័ត៌មាននានាអំពីបញ្ហាបរិស្ថាននៅលើបណ្ដាញសង្គមហ្វេសប៊ុកដែលទទួលបានអ្នកតាមដានជិតកន្លះលាន (៤៥៧.០០០)។ សារព័ត៌មានដដែលនេះថាដោយសារតែសកម្មភាពការពារបរិស្ថានរបស់ពួកគេនេះ ទើបរដ្ឋាភិបាលធ្វើការចោទប្រកាន់ទៅលើសកម្មជនទាំងនេះថាពួកគេបានកេងចំណេញពីការធ្វើការងារបរិស្ថាន។ សកម្មជនបរិស្ថានទាំងនេះបន្តចូលរួមរិះគន់ទៅលើការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ដែលធ្វើឱ្យមានការអនុវត្តច្បាប់មិនស្មើភាពគ្នាចំពោះក្រុមហ៊ុន ក្រុមឧកញ៉ាខុសពីពលរដ្ឋ។
រីឯភ្នាក់ងារសារព័ត៌មាន ឌឹ ហ្គាឌៀន (The Guardian) របស់អង់គ្លេសមួយទៀតថា សកម្មជនចលនាមាតាធម្មជាតិត្រូវបានគេកោតសរសើរចំពោះយុទ្ធនាការប្រកបដោយជោគជ័យក្នុងការទប់ស្កាត់ការសាងសង់ទំនប់វារីអគ្គិសនីដឹកនាំដោយក្រុមហ៊ុនចិននៅជ្រលងភ្នំអារ៉ែង ក្នុងខេត្តកោះកុង ដែលគំរាមកំហែងដល់សហគមន៍ជនជាតិដើមភាគតិច និងប្រភេទសត្វកម្រជាច្រើន។ ពួកគេក៏បាន ចូលរួមបញ្ចប់ការបំផ្លាញបរិស្ថាន និងអំពើពុករលួយជាញឹកញាប់ដូចជា អាជីវកម្មនាំចេញខ្សាច់ពីមាត់សមុទ្រនៃខេត្តកោះកុងជាដើម។
ទូរទស្សន៍អាល់ចាហ្សារ៉ា (Al Jazeera) របស់ប្រទេសកាតា(Qatar) លើកឡើងថា កន្លងមកមានការប៉ះទង្គិចគ្នារវាងអ្នកការពារ និងអ្នកកេងប្រវ័ញ្ចធនធានធម្មជាតិ ហើយនេះ គឺជាបញ្ហាដ៏ចម្រូងចម្រាសមួយក្នុងកម្ពុជាជាយូរមកហើយ ដោយអ្នកការពារបរិស្ថានត្រូវបានគំរាមកំហែង ចាប់ខ្លួន និងសម្លាប់ក្នុងមួយរយៈទសវត្សរ៍កន្លងមក។ សារព័ត៌មាននេះថា ចាប់ពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០១៥ ព្រៃឈើចម្បងមួយភាគបីរបស់ប្រទេសកម្ពុជាដែលជាប្រភេទជីវចម្រុះរបស់ពិភពលោក និងជាកន្លែងផលិតកាបូនដ៏សំខាន់ត្រូវបានបំផ្លាញ ហើយការបាត់បង់គម្របដើមឈើបានកើនឡើងលឿនជាងកន្លែងផ្សេងទៀតនៅក្នុងពិភពលោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។