ផ្សោតទន្លេមេគង្គ នៅអន្លង់ឈើទាល ខេត្តស្ទឹងត្រែង ជាប់ព្រំដែនកម្ពុជា-ឡាវ បានផុតពូជហើយ បន្ទាប់ពីសត្វផ្សោតមួយក្បាលចុងក្រោយបង្អស់ បានងាប់កាលពីថ្ងៃទី១៥ ខែកុម្ភៈ។ ការផុតពូជទាំងស្រុងនូវផ្សោតទន្លេមេគង្គ នៅអន្លង់ឈើទាលនេះ គឺជាអ្វី ដែល អ្នកវិទ្យាសាស្ត្រធ្លាប់បានព្យាករទុកតាំងពីឆ្នាំ ២០១៦។
សត្វផ្សោតទម្ងន់ ១១០គីឡូក្រាមនេះ ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្សាយថា មូលហេតុងាប់ គឺបណ្ដាលមកពីស្បៃមង នៅរុំជាប់កន្ទុយរបស់វា ទើបធ្វើឱ្យផ្សោតនេះពិបាកផ្លាស់ទី និងចាប់ចំណី។

សារព័ត៌មានក្នុងស្រុក បានដកស្រង់សម្ដីរបស់អាជ្ញាធរខេត្តស្ទឹងត្រែងបញ្ជាក់ថា មន្ត្រីពាក់ព័ន្ធបានប្រទះឃើញថា ផ្សោតនេះមានជាប់មងនៅកន្ទុយ អស់រយៈពេលជាងមួយខែមកហើយ ប៉ុន្តែដោយសារគ្មានឧបករណ៍ និងបច្ចេកទេសគ្រប់គ្រាន់ ដើម្បីកាត់សរសៃមងចេញពីកន្ទុយផ្សោតបាន ទើបមន្ត្រីពាក់ព័ន្ធបានត្រឹមឃ្លាំមើលពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ផ្សោតនេះបានស្លាប់បាត់បង់ជីវិត។
រដ្ឋបាលជលផល និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) ធ្លាប់ចេញសេចក្ដីប្រកាសរួមគ្នា កាលពីខែតុលា ឆ្នាំ២០២១ ព្យាករថា ផ្សោតនៅអន្លង់ឈើទាល ព្រំប្រទល់កម្ពុជា និងឡាវ អាចនឹងត្រូវផុតពូជទាំងស្រុង ដោយសារអ្នកវិទ្យាសាស្ត្រសង្កេតឃើញថា ផ្សោតទាំងនេះរស់នៅដាច់ឆ្ងាយពីហ្វូងផ្សោតធំៗ ម្យ៉ាងវិញទៀតនៅអន្លង់ឈើទាល ប្រឈមនឹងបញ្ហាប្រែប្រួលរបបទឹកផ្នែកខាងលើនៃទន្លេមេគង្គ និងសកម្មភាពនេសាទជាដើម។ ក្រៅពីនេះ ផ្សោតខ្លះក៏បានងាប់ដោយសារ កត្តាអាយុផងដែរ។
រដ្ឋបាលជលផល ធ្លាប់កត់ត្រាចំនួនផ្សោតមេគង្គពេញវ័យ នៅអន្លង់ឈើទាលមានចំនួន ៨ក្បាលនៅឆ្នាំ២០០៧ ប៉ុន្តែនៅសល់ ៣ក្បាល នៅឆ្នាំ២០១៨ និងបន្តថយចុះ មកនៅត្រឹមមួយក្បាល នៅឆ្នាំ ២០២១ ហើយទើបតែផុតពូជទាំងស្រុង នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ នេះ។
បើទោះបីជាយ៉ាងណា នៅប្រទេសកម្ពុជា នៅសល់ ផ្សោតទន្លេមេគង្គប្រមាណ ៩០ក្បាល ដោយមិនរាប់បញ្ចូលទាំងកូនផ្សោតទើបកើតថ្មី ដែលកំពុងមានវត្តមាននៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។