ក្រុមហ៊ុន​ចិន​កាយ​កម្ទេច​ភ្នំ​នៅ​ខេត្តកំពង់ស្ពឺ ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​ពលរដ្ឋ

0:00 / 0:00

ភ្នំ​ធម្មជាតិ​យ៉ាង​ហោច​ណាស់​ចំនួន ៥កន្លែង ដែល​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​ក្នុង​ខេត្តកំពង់ស្ពឺ កំពុង​ទទួល​រង​ការ​កាយ​កម្ទេច ដើម្បី​យក​ថ្ម​ធ្វើ​អាជីវកម្ម ធ្វើ​ឱ្យ​ខូច​រូបរាង​ដើម ពី​សំណាក់​ក្រុមហ៊ុន​ចិន។

ពលរដ្ឋ​ធុញ​ទ្រាន់ ចំពោះ​ការ​រំខាន​ដោយសារ​សំឡេង​បំផ្ទុះ​ថ្ម និង​ផល​ប៉ះពាល់​សុខភាព​ នៅ​ពេល​រថយន្ត​ដឹក​ថ្ម ហុយ​ធូលី​ដី។

បើ​យើង​ធ្វើ​ដំណើរ​ពី​រាជ​ធានី​ភ្នំពេញ តាម​ផ្លូវ​ជាតិ​លេខ៤ ឆ្ពោះ​ទៅ​ខេត្ត​កំពង់ស្ពឺ ដល់​ចំណុច​ស្រុក​ភ្នំស្រួច ក្នុង​ឃុំ​តាំងស្យា មាន​ភ្នំ​តូច​ធំ​ជា​ច្រើន នៅ​អម​សង​ខាង​ផ្លូវ រំលេច​សោភ័ណ​ធម្មជាតិ​ដ៏​ស្រស់​បំព្រង។ ក៏ប៉ុន្តែ​ទេសភាព​ដ៏​ស្រស់​ទាំង​នេះ កំពុង​បាត់​បង់​សម្រស់​ជា​បន្ត​បន្ទាប់ ដោយសារ​ភ្នំ​មួយ​ចំនួន​កំពុង​ទទួល​រង​ការ​បាត់បង់ ភ្នំ​ខ្លះ​ត្រូវ​គេ​កាយ​ខូច​រូបរាង ខ្លះ​ផត​កំពូល និង​ភ្នំ​ខ្លះ​ទៀត ខូច​មួយ​ចំហៀង។

ពលរដ្ឋ​ត្អូញត្អែរ​ថា អាជីវកម្ម​រំលាយ​ភ្នំ​ទាំង​នេះ មិន​ត្រឹម​តែ​ប៉ះពាល់​សម្រស់​ធម្មជាតិ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ប៉ះពាល់​សុខភាព​អ្នកភូមិ និង​រំខាន​ដោយសារ​សំឡេង​បំផ្ទុះ​ថ្ម​ខ្លាំងៗ ផង។

ពលរដ្ឋ​រស់​នៅ​ភូមិ​តាំងស្យា ឃុំតាំងស្យា លោក ហេន ពៅ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៧ សីហា​ថា អាជីវកម្ម​កាយ​ភ្នំ​ទាំង​នេះ ធ្វើ​ឡើង​ជាង ៦ឆ្នាំ​មក​ហើយ ធ្វើ​ឱ្យ​ភ្នំ​យ៉ាង​ហោច​ណាស់​ចំនួន៥ នៅ​ក្បែរ​ផ្ទះ​របស់​លោក​ខូចខាត​អស់។

លោក​ថា កុមារ​ងាយ​ប្រឈម​បញ្ហា​សុខភាព នៅ​ពេល​ពួក​គាត់​ធ្វើ​ដំណើរ​ទៅ​រៀន ដោយសារ​ឡាន​ដឹក​ថ្ម​ភ្នំ​ជា​ច្រើន​គ្រឿង បើក​តាម​ផ្លូវ​ហុយ​ធូលី​ដី និង​មាន​កុមារ​ខ្លះ​ទៀត កើត​ជំងឺ​សួត។

លោក ហេន ពៅ៖ «ថ្លង់​រឿង​ផ្លូវ​ជង្ហុក ឡាន​ម៉ោង ៣ ព្រឹក​ភ្ញាក់​មិន​សូវ​បាន​សម្រាន្ត​ដែរ»។

ពលរដ្ឋ​ម្នាក់​ទៀត លោក សរ ប៊ុនសុង ថ្លែង​ថា កន្លង​ទៅ​អ្នកភូមិ​ធ្លាប់​លើក​គ្នា​តវ៉ា ដោយ​ស្នើ​អាជ្ញាធរ​ឃុំ​ឱ្យ​ដោះ​ស្រាយ​បញ្ហា​នេះ​ដែរ តែ​គ្មាន​បាន​ផល​ឡើយ។ លោក​ថា អ្នកភូមិ​រស់​នៅ​លំបាក​វេទនា ដោយសារ​ធូលី​ដី​ហុយ​ខ្លាំង​ពេក តែ​ពួក​គាត់​ខាំមាត់​សង្កត់​ចិត្ត ស៊ូទ្រាំ​នឹង​បញ្ហា​ប្រឈម​ទាំង​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ព្រោះ​ខ្លាច​អ្នក​មាន​អំណាច​ធ្វើ​បាប ប្រសិន​បើ​ងើប​តវ៉ា។

លោក សរ ប៊ុនសុង៖ «កូន​ខ្ញុំ​ដេក​កូន​តូច នៅ​មិន​កើត​ដី​ហុយ​ញ៉ុក នៅ​មិន​ស្រួល គ្រាន់​ផ្ទះ​បី​ថ្ងៃ​បោស​ម្ដង ហុយ​ជុក»។

ភ្នំ​ធម្មជាតិ​ចំនួន ៥ ដែល​ក្រុមហ៊ុន​ចិន​ឈ្មោះ រ៉ែ តាសាំង, ក្រុមហ៊ុន ខាងឆឹង ចៀនភូចាយ ក្រុមហ៊ុន​សឺនហួរ កិនថ្ម (ឈ្មោះ​អក្សរ​ចិន​គ្មាន​អង់គ្លេស) និង​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ទៀត​ ដែល​ពលរដ្ឋ​មិន​ស្គាល់​ឈ្មោះ កំពុង​ធ្វើ​សកម្មភាព​កាយ​យក​ថ្ម ដើម្បី​ធ្វើ​អាជីវកម្ម។ ភ្នំ​ទាំង​នោះ​រួមមាន ភ្នំ​គ្រលាក់ ភ្នំរាក់ស្វាយ ភ្នំគងព្រីង ភ្នំជ្រុង​ត្រសក់ និង​ភ្នំរាំងពេល។

វិទ្យុ​អាស៊ី​សេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​តំណាង​ក្រុមហ៊ុន​ចិន​ទាំង​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី៧ សីហា។ រីឯ​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា ក៏​មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ ដោយ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​តែ​គ្មាន​អ្នក​លើក។

ចំណែក​អភិបាលខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង មាន​ប្រសាសន៍​ថា ពលរដ្ឋ​អាច​ប្ដឹង​ទៅ​អាជ្ញាធរ ដើម្បី​ឱ្យ​មន្ត្រី​ជំនាញ​ធ្វើ​អន្តរាគមន៍​ដោះស្រាយ​រឿង​នេះ ប្រសិន​បើ​អាជីវកម្ម​កាយ​ភ្នំ​ប៉ះពាល់​ពួកគាត់។

លោក​បញ្ជាក់​ថា លោក​នឹង​ចាត់​ឱ្យ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​រឿង​នេះ បើ​រក​ឃើញ​ថា មាន​ក្រុមហ៊ុន​ណាមួយ ធ្វើ​អាជីវកម្ម​គ្មាន​ច្បាប់​អនុញ្ញាត អាជ្ញាធរ​នឹង​បិទ​ការដ្ឋាន​ចោល។

លោក វ៉ី សំណាង៖ «អភិវឌ្ឍន៍​ប្រទេស​វា​ត្រូវ​យក​នេះ យក​នោះ​ដើម្បី​ឱ្យ​ធ្វើ ព្រោះ​យើង​ត្រូវ​សង់​ផ្ទះ សង់​សាលា​រៀន មន្ទីរ​ពេទ្យ ផ្លូវ បើ​ប៉ះ​ពាល់​បងប្អូន បងប្អូន​ត្រូវ​រាយការណ៍​ទៅ​អ្នក​ធ្វើ​អាជីវកម្ម ឱ្យ​គាត់​ធ្វើ​ផ្លូវ។ មិន​ឱ្យ​ក្រុមហ៊ុន​បំផ្ទុះ​ថ្ម ខ្ទាត​ថ្ម​ត្រូវ​ដំបូល​ផ្ទះ អត់​បាន​ទេ»។

ពលរដ្ឋ​ភាគ​ច្រើន​មាន​មន្ទិល និង​ស្ដាយ​ភ្នំ​ធម្មជាតិ​ទាំង​នេះ ប៉ុន្តែ​ពួក​គាត់​មិន​ហ៊ាន​ងើប​តវ៉ា និង​រិះគន់​អាជ្ញាធរ ដោយ​ចំហ​ទេ។ អាជីវកម្ម​កាយ​ភ្នំ​ទាំង​នេះ ប្រើប្រាស់​រថយន្ត​ដឹក​ថ្ម​យ៉ាង​ហោច​ណាស់ ១០០គ្រឿង​ក្នុង​មួយ​ថ្ងៃ រួម​ទាំង​គ្រឿង​ចក្រ​ជា​ច្រើន​គ្រឿង​ទៀត កំពុង​មមាញឹក​កាយ​កម្ទេច​ភ្នំ ធ្វើ​ឱ្យ​ខូច​ផ្លូវ​ដោយ​អន្លើ ហុយ​ដី និង​សំឡេង​កិន​ថ្ម រំខាន​ពលរដ្ឋ​ទាំង​យប់​ថ្ងៃ។

ជុំវិញ​រឿង​នេះ អ្នក​សម្រប​សម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត ពន្យល់​ថា គ្រប់​គម្រោង​អភិវឌ្ឍន៍​ទាំង​អស់ មុន​នឹង​វិនិយោគ ត្រូវ​វាយ​តម្លៃ​ហេតុផល​ប៉ះពាល់​បរិស្ថាន​ត្រឹមត្រូវ ក៏​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ក្រុមហ៊ុន​ភាគ​ច្រើន​មិន​អនុវត្ត​ដូច្នេះ​ទេ គ្មាន​តម្លាភាព និង​ធ្វើ​របាយការណ៍​លំៗ ដោយ​មាន​ការ​ធ្មេច​ភ្នែក​ពី​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ ធ្វើ​ឱ្យ​ប៉ះពាល់​បរិស្ថាន និង​រំខាន​ពលរដ្ឋ៖

លោក វណ្ណ សុផាត៖បើ​ធ្វើ​មិន​ត្រឹមត្រូវ​ទេ តាម​នីតិវិធី​ ក្រសួង​បរិស្ថាន​គេ​អត់​ទទួល​យក​ទេ តែ​បច្ចុប្បន្ន​ក្រុមហ៊ុន​មួយ​ចំនួន​ចេះ​តែ​ធ្វើ​បាន អីចឹង​បាន​ថា​ ការ​ធ្វើ​របាយការណ៍​គ្មាន​ភាព​ច្បាស់​លាស់ និង​គ្មាន​តម្លាភាព ទាក់ទង​ការ​ធ្មេច​ភ្នែក​របស់​អាជ្ញាធរ​ ក្រុមហ៊ុន​ធ្វើ​បាន​តាម​ចិត្ត ប៉ះពាល់​ធនធាន​ធម្មជាតិ និង​ពលរដ្ឋ។

ពលរដ្ឋ​បន្ថែម​ថា សកម្មភាព​កាយ​ភ្នំ​ធ្វើ​អាជីវកម្ម ពុំ​មែន​កើត​មាន តែ​លើ​ភ្នំ​ទាំង ៥​នេះ​ទេ មាន​ភ្នំ​ធម្មជាតិ​ជាច្រើន​ទៀត​ក្នុង​ខេត្ត​កំពង់ស្ពឺ ក៏​ទទួល​រង​ការ​ជីក​កកាយ​ថ្ម ធ្វើ​អាជីវកម្ម​ខូច​រូបរាង​ដើម បាត់បង់​សោភ័ណ​ភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។