ក្រុមយុវជនបារម្ភពី​វិនាសកម្ម​ព្រៃសហគមន៍​ក្បាលខ្លានៅខេត្តកំពង់ធំ

0:00 / 0:00

ក្រុមយុវជន ​និង​សកម្មជន​ការពារ​ព្រៃឈើ​អះអាង​ថា​ អាជ្ញាធរ​ខេត្តកំពង់ធំ​បាន​បណ្តែត​បណ្តោយ​ឱ្យ​កើត​មាន​សកម្មភាព​កាប់​រាន​ព្រៃ​សហគមន៍​ទ្រង់​ទ្រាយ​ធំ ដែល​ធ្វើ​ឱ្យ​វិបត្តិ​ព្រៃឈើ​កាន់​តែ​រីក​ធំ​ឡើង​ពិបាក​ដោះស្រាយ​។​ ការ​លើក​ឡើង​នេះ ​ក្រោយពី​ពួកគេ​បាន​ចុះ​សិក្សា​ស្រាវជ្រាវ​ ពី​ស្ថានភាព​ព្រៃ​សហគមន៍​ក្បាលខ្លា​ក្នុង​ខេត្ត​កំពង់ធំ ​កាល​ពី​សប្ដាហ៍​មុន​។

ក្រុម​យុវជន​ និង ​សកម្មជន​ការពារ​ព្រៃឈើ ​សង្កេត​ឃើញ​ថា​ សកម្មភាព​កាប់​រានទន្ទ្រាន​ដីព្រៃ​សហគមន៍​ បាន​ក្លាយ​ជា​ទម្លាប់​ពេញ​និយម​មួយ ​បន្ទាប់ពី​សកម្មភាព​​កាប់​​ឈើ​​មាន​តម្លៃ ​ធ្វើ​អាជីវកម្ម​ និង​ការ​ដាក់​អន្ទាក់​ចាប់​សត្វ​ព្រៃ​ខុសច្បាប់​។ ​ពួកគេ​បារម្ភថា​ ប្រសិនបើ​រដ្ឋាភិបាល ​និង​អាជ្ញាធរខេត្ត​នេះ ​មិន​រក​មធ្យោបាយ​ដោះស្រាយ​បញ្ចប់​បញ្ហា​ទាំង​នេះ​ទេ ​ព្រៃ​អភិរក្ស​គ្រប់​តំបន់​ នឹង​ហិនហោច​បន្តិច​ម្តងៗ​ជា​រៀង​រាល់​ថ្ងៃ​។

មន្ត្រី​សម្របសម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក អូត ឡាទីន ប្រាប់​វិទ្យុ​អាស៊ីសេរី ​នៅ​ថ្ងៃ​ទី១៤ ខែ​មីនា ថាព្រៃ​សហគមន៍​ក្បាលខ្លា ​មាន​ផ្ទៃ​ដី​ជិត​ ២ ​ពាន់​ហិកតាកំពុង​ឋិត​ក្នុងភាព​មិន​ច្បាស់លាស់ ​ក្នុង​ការ​គ្រប់គ្រង ​និង​ការដោះស្រាយ​។ ​លោក​ចោទ​ថា​ ទម្លាប់​អាក្រក់​របស់​អាជ្ញាធរ​ គឺ​ពន្យារ​ពេល​មិន​ដោះស្រាយ ​បទល្មើស​ព្រៃឈើ​ ដែល​ក្រុម​ជនល្មើស​ទើបតែ​កាប់​រាន​ព្រៃ​ថ្មីៗ ​ហើយ​បែរ​ជា​រង់ចាំ​រហូត​ដល់​ដំណាំ​ស្វាយ​ចន្ទីរ ​និង​ដំណាំ​ផ្សេង​ទៀតរីក​ធំ​ឡើង ​ទើប​ដោះស្រាយ៖ «ពេល​បញ្ហា​កើតឡើង​ដំបូង​អត់​ព្រម​កម្រើក ​អត់​ព្រម​ដោះស្រាយ​ ដល់​ពេល​បញ្ហា​កាន់​តែ​រីកធំ​ មាន​ការ​លំបាក​ដោះស្រាយ ​ហើយ​ផ្ដេកផ្ដួល​បណ្ដែត​បណ្ដោយ​តាម​ហ្នឹង​ទៅ​។ ​សម្រាប់​ព្រៃ​កាន់​តែ​រេចរឹល ​ហើយ​ទឹកចិត្ត​អ្នក​ការពារ​ព្រៃឈើ ​ព្រៃ​កាន់​តែ​តូច​ទៅ ​ធ្វើ​ឱ្យ​គាត់​បាក់​ទឹក​ចិត្ត​ដែរ​ ក្នុង​ការពារ​ព្រៃ»។

​កាល​ពី​សប្តាហ៍​មុន​ ក្រុម​យុវជន​ ២៨​នាក់ ​មក​ពី​រាជ​ធានី​ភ្នំពេញ ​បាន​ចុះស្រាវជ្រាវ ​និងសិក្សា​ពី​ស្ថានភាព​ព្រៃសហគមន៍​ក្បាលខ្លា​រយៈ​ពេល​ ៥​ ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ទី៤ ​ដល់​ថ្ងៃ​ទី​៨ ​មីនា។​ បេសកកម្ម​នេះ ​ពួកគេ​រក​ឃើញបទល្មើស​កាប់​រាន​ដីព្រៃ​សហគមន៍ ​និង​សកម្មភាព​កាប់​ឈើ​មាន​តម្លៃ ​ក្នុង​ដែន​អភិរក្ស​នេះ​អស់​ជា​ច្រើន​ហិកតា ដោយ​ជំនួស​មក​វិញ​នូវ​ដំណាំ​ស្វាយ​ចន្ទីរ ​និង​ដំណាំ​ផ្សេងៗ​ទៀត។​ ក្រុម​យុវជន​ថា ​ប្រជា​សហគមន៍ ​កំពុង​វាស់វែង​ ទំហំ​ព្រៃសហគមន៍​ដែល​ទើប​តែ​កាប់​ទន្ទ្រាន​​រយៈ​ពេល​ជាង​ ២ ​ខែ​ចុង​ក្រោយ​នេះ ​ដើម្បី​ធ្វើ​របាយការណ៍ ​ជូន​មន្ត្រី​ជំនាញ​ដោះស្រាយ​។

ប្រធានព្រៃសហគមន៍ក្បាលខ្លាលោក វង់ សាន​ បានថ្លែងប្រាប់ក្រុមយុវជនថា ព្រៃ​សហគមន៍​នេះ ​ផ្ដល់​ប្រយោជន៍​ដល់​ពលរដ្ឋ​ចំនួន​ពីរ​ភូមិ គឺ​ភូមិ​ស្រែចង់ និង​ភូមិ​ក្បាលខ្លានៃឃុំសណ្តាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ លោកថា ប្រយោជន៍​ព្រៃនេះ តាម​រយៈ​មុខ​របរ​ប្រពៃណីរបស់​ពលរដ្ឋ ដូចជា​ រក​វល្លិ ជ័រ ផ្ដៅ រក​ឃ្មុំ បេះ​ផ្សិត​ក្ងោក​​លក់ និង​ចាប់​អា​ពីង​លក់​នៅ​ពេល​ទំនេរ។ លោកបារម្ភ​ថា ​ប្រសិន​បើ​បញ្ហា​ប្រឈម​ទាំងឡាយ​គ្មានការ​ដោះស្រាយ​ពី​អាជ្ញាធរ​ឱ្យ​ច្បាស់​លាស់​ទេ​ចលនា​កាប់​ព្រៃ​រាន​យក​ដី​នឹង​កាន់​តែ​ធំ​ឡើង ​ហើយ​ព្រៃ​នឹង​កាន់​តែ​រួមតូច​។

វិទ្យុអាស៊ីសេរី​មិន​ទាន់​អាច​សុំការ​បំភ្លឺ​រឿង​នេះ​ ពី​អភិបាល​ស្រុក​សណ្តាន់លោក ​ឡុង គីស៊ឹង ​និង ​អភិបាលខេត្ត​កំពង់ធំលោក ​ងួន រតនៈ ​បាន​នៅ​ឡើយ​ទេ ​នៅ​ថ្ងៃ​ទី១៤ ​ខែមីនា ​ដោយ​ទូរសព្ទ​ហៅ​ចូលច្រើន​ដង ​តែ​គ្មាន​អ្នកលើក​។

សកម្មជន​ការពារ​ព្រៃឈើ ​ខេត្តកំពង់ធំ​លោក ​ហឿន សុភាព ​មាន​ប្រសាសន៍​ថា ​ការ​រកឃើញរបស់​ក្រុម​យុវជន ​ជារឿង​ត្រឹមត្រូវ ​ព្រោះ​អាជ្ញាធរ​ធ្វេស​ប្រហែស​ច្រើន​ ក្នុងការ​អភិរក្ស​ព្រៃឈើ។​ លោកថា​ ទម្លាប់​មិន​ល្អ​មួយ​ទៀត គឺ​អាជ្ញាធរ​តែងតែ​ប្រើ​លេស​ឆ្លើយ​ដោះសារ​ ដែល​ជាហេតុ​លើក​ទឹក​ចិត្ត​ឱ្យ​ក្រុមជន​ល្មើស ​បន្ត​បំផ្លាញ​ព្រៃឈើ ​ដោយ​គ្មាន​ទោសពៃរ៍​៖ «រឿង​អាក្រក់​មួយ ​នៅ​ពេល​ដែល​ក្រុម​យុវជន ​គាត់​ស្រាវជ្រាវ​បាន​ហើយ​ រៀប​ចំដាក់​ពាក្យ​បណ្តឹង​ទៅ​ខាង​ អាជ្ញាធរ ​និង​សមត្ថកិច្ច​ តែ​អាជ្ញាធរ​មាន​ហេតុផល ​យក​លេស​ថា ​ចេះ​ចុះ ពន្យារ​ពេល​ដល់​ក្រុម​ទាំង​អស់​នោះ​។ ​នៅតែ​លើក​ទឹក​ចិត្ត​ឱ្យ​ក្រុម​បំផ្លាញ ​កាប់​បំផ្លាញ​បន្ថែម​ទៀត​»។

ព្រៃ​សហគមន៍​ក្បាលខ្លា មាន​ទំហំ​ជិត ២​ពាន់​ហិកតា (១៨០០) ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០០៦ ដោយ​ទទួល​ស្គាល់​ពី​ក្រសួងកសិកម្ម កាលពីឆ្នាំ២០១៥។

ប្រជាសហគមន៍ស្រមៃថា ប្រសិនបើ​​ព្រៃ​សហគមន៍នេះ ក្លាយ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ ​ពលរដ្ឋ​ចំនួនពីរ​ភូមិ ​នឹង​មាន​ជីវភាព​ធូរធា ​កាត់​បន្ថយ​សកម្មភាព​ល្មើសច្បាប់​ផ្សេងៗ​ និងជួយការពារ​គម្រប​ព្រៃឈើ​នៅ​កម្ពុជាល្អប្រសើរ ​ទប់ទល់​នឹងបម្រែបម្រួល​អាកាសធាតុ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។