ព្រះមហាក្សត្រ​អំពាវនាវ​ឱ្យ​បញ្ឈប់​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ

0:00 / 0:00

សកម្មជន និង​អ្នកឃ្លាំមើល​បរិស្ថាន ព្រមទាំង​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា អ្នក​កាប់​បំផ្លាញ​ព្រៃឈើ​នៅតែ​បន្ត​មាន ទោះបី​ព្រះមហាក្សត្រ​ទ្រង់​អំពាវនាវ​ឱ្យ​បញ្ឈប់​នូវ​សកម្មភាព​ទាំងនេះ​ក្ដី​។ ពួកគាត់ ស្នើ​ឱ្យ​រដ្ឋាភិបាល​សហការ​ជាមួយ​សកម្មជន​ការពារ​ព្រៃឈើ ជាពិសេស​នៅ​តាម​សហគមន៍​នីមួយៗ​ដើម្បី​ការពារ​ព្រៃ​ទាំងនោះ​ឱ្យ​មាន​ប្រសិទ្ធភាព និង​លុបបំបាត់​ការ​ជួញដូរ​ឈើ​ខុសច្បាប់។

​ព្រះមហាក្សត្រ ព្រះបាទ​នរោត្តម សីហមុនី នៅ​ថ្ងៃទី​៩ ខែ​កក្កដា បាន​យាង​ជា​ព្រះរាជ​អធិបតី​ក្នុង​ពិធី​រុក្ខទិវា ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​នៅ​ភូមិ​សំបួរមាស ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្តបាត់ដំបង​។ ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី​ក្រុម​មន្ត្រី​កំពូល​នៃ​រដ្ឋាភិបាល​ដែរ ដូចជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​ប្រធាន​រដ្ឋសភា​លោក ហេង សំរិន ជាដើម។

ព្រះមហាក្សត្រ បាន​អំពាវនាវ​ឱ្យ​ដល់​ព្រះសង្ឃ អាជ្ញាធរ វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​គ្រប់រូប ចូលរួម​ដាំ​ដុះ ការពារ​ព្រៃឈើ ហើយ​ត្រូវ​ចូលរួម​បញ្ឈប់​ការ​កាប់​រាន​ដី​ព្រៃ និង​ការ​កាប់​ឈើ​ខុសច្បាប់ និង​ការ​បរបាញ់​គ្រប់​រូបភាព​។ ព្រះអង្គ​មាន​ព្រះរាជ​បន្ទូល​ទៀត​ថា ការ​ដាំ​ឈើ និង​រុក្ខជាតិ​គ្រប់​ប្រភេទ គឺជា​ការ​វិនិយោគ​បៃតង លើ​ធម្មជាតិ​ដែល​ផ្ដល់​ពហុ​ប្រយោជន៍​សម្រាប់​មនុស្សជាតិ​អស់​គ្នា សត្វ និង​ភព​ផែនដី​។ ក្រៅ​ពី​នេះ ព្រះអង្គ​ក៏​មាន​ព្រះរាជ​បន្ទូល​អរគុណ​ដល់​ប្រទេស​ជា​មិត្ត អង្គការ ជាតិ​-​អន្តរជាតិ​នានា​ដែល​បាន​យកចិត្តទុកដាក់​ចូលរួម​ជួយ​ដល់​ការងារ​ដាំ​ដើមឈើ ការ​ថែរក្សា និង​ការពារ​ធនធាន​ព្រៃឈើ​-​សត្វព្រៃ​នៅ​កម្ពុជា៖ «ខ្ញុំ​ព្រះករុណាខ្ញុំ សូម​អំពាវនាវ​ចំពោះ​ព្រះសង្ឃ អាជ្ញាធរ​ដែនដី វិស័យ​ឯកជន និង​បងប្អូន​ជនរួមជាតិ​នៅ​ទូទាំង​ប្រទេស សូម​ព្រះ​មេត្តា និង​មេត្តា​ដាំ​ដើមឈើ​គ្រប់​ប្រភេទ ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ ម្យ៉ាងទៀត សូម​បងប្អូន​ជនរួមជាតិ ជួយ​ទប់ស្កាត់​និង​បញ្ឈប់​ការ​កាប់​ឈើ ការ​កាប់​រាន ដុត ឈូស​ឆាយ​ដី​ព្រៃ ការ​បរបាញ់ ការ​ដាក់​អន្ទាក់​ចាប់​សត្វព្រៃ​ដោយ​ខុសច្បាប់ ហើយ​ចូលរួម​ថែរក្សា ការពារ​ព្រៃឈើ ជាពិសេស​ភ្លើង​ឆេះ​ព្រៃ»។

សកម្មជន​និង​អ្នកឃ្លាំមើល​បរិស្ថាន រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល គាំទ្រ​ចំពោះ​ព្រះរាជសារ​អំពាវនាវ​របស់​ព្រះមហាក្សត្រ ប៉ុន្តែ​ពួកគាត់ ពិនិត្យ​ឃើញ​ថា សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ដើម្បី​ធ្វើជា​អាជីវកម្ម​នៅតែ​បន្ត​មាននៅ​ក្នុង​ពេល​បច្ចុប្បន្ន ជាពិសេស​ជួញដូរ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម។

សកម្មជន​បរិស្ថាន​ចលនា​មាតា​ធម្មជាតិ​លោក លី ចន្ទ្រដារ៉ាវុធ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ស្ថានភាព​ព្រៃឈើ​នៅក្នុង​ប្រទេស​កម្ពុជា​កំពុង​ទទួល​រង​គ្រោះ​ខ្លាំង​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ តាមរយៈ​ការ​កាប់បំផ្លាញ​ជា​ប្រព័ន្ធ​ដោយ​គ្មាន​ការ​ហាមឃាត់​ពី​អាជ្ញាធរ​។ លោក​បន្ត​ថា ភាគច្រើន​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​ទាំងនោះ តែងតែ​រួចខ្លួន​ពី​សំណាញ់​ច្បាប់ ទោះបី​មាន​របាយការណ៍​ឬ​ភស្តុតាង​បង្ហាញថា​ពួកគេ​កំពុង​បំផ្លាញ​ធនធានធម្មជាតិ​។ លោក​បន្ថែម​ថា ការ​ដាំ​ដើមឈើ​នៅក្នុង​ថ្ងៃ​រុក្ខ​ទិវា មិន​អាច​ជួយសង្គ្រោះ​ព្រៃឈើ​ដែល​បាន​បាត់បង់​ទៅ​អស់​រាប់​ម៉ឺន​ហិកតារ​បាន​នោះ​ឡើយ​។ ផ្ទុយទៅវិញ​គឺ​មានតែ​រដ្ឋាភិបាល​សហ​ការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល និង​ធ្វើ​ការ​ឱ្យ​ជិតស្និទ្ធ​ជាមួយ​សកម្មជន​ការពារ​ព្រៃឈើ​ប៉ុណ្ណោះ ទើប​អាច​រក្សា​ព្រៃ​ដែល​នៅ​សេសសល់​នោះ​ឱ្យ​បាន​គង់វង្ស៖ «ជាពិសេស​គួរ​បើក​លំហ​សិទ្ធិ​សេរីភាព​ឱ្យ​ប្រជាជន​នៅ​តាម​មូលដ្ឋាន សហគមន៍​នៅ​តាម​តំបន់​ព្រៃ​នីមួយៗ​ហ្នឹង​អាច​ចូល​ការពារ​ព្រៃឈើ​ឡើងវិញ ធ្វើការ​ល្បាត​ព្រៃ​ឡើងវិញ មិនអាច​រឹតត្បិត​សិទ្ធិ​ពួកគាត់​ទេ ព្រោះ​កាលណា​យើង​មិន​ឱ្យ​គាត់​ការពារ​ព្រៃ​របស់​គាត់ ហ្នឹងហើយ​ជា​ចន្លោះប្រហោង ដែល​ឱ្យ​ឈ្មួញ​ហ្នឹង អាច​រកស៊ី​កាប់​បំផ្លាញ​ព្រៃឈើ​បាន​យ៉ាង​ស្រួល​ដោយមាន​ការប្រព្រឹត្ត​អំពើពុករលួយ​ជាមួយ​មន្ត្រី​មួយចំនួន​ដែល​នៅ​មូលដ្ឋាន​ហ្នឹង»។

ចំណែក​អ្នកឃ្លាំមើល​បរិស្ថាន លោក សាន់ ម៉ាឡា ឱ្យ​ដឹង​ដែរ​ថា បទល្មើស​ព្រៃឈើ​ក្នុង​ប្រទេស​នៅតែ​បន្ត​មាន ព្រោះ​មានការ​សហការ​គ្នា​រវាង​ឈ្មួញ​រកស៊ី ជាមួយនឹង មន្ត្រី​ធំៗ ព្រមទាំង​អាជ្ញាធរ​តាម​មូលដ្ឋាន​។ លោក​បន្ត​ថា ទោះបី​ការ​ដាំ​ដើមឈើ​នៅក្នុង​ថ្ងៃ​រុក្ខទិវា​មាន​អត្ថន័យ​ជ្រាលជ្រៅ​យ៉ាងណាក្ដី ក៏​មិនអាច​សង្គ្រោះ​ព្រៃឈើ​ពី​ឈ្មួញ​ដែល​នៅតែ​បន្ត​រកស៊ី​កាប់​ព្រៃ​បាន​នោះ​ឡើយ​។ ជាមួយ​គ្នា​នេះ លោក​ស្នើ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ជាពិសេស​ក្រសួង​បរិស្ថាន​ឱ្យ​គិតគូរ និង​អនុវត្ត​ច្បាប់​ទៅលើ​ជន​បំផ្លាញ​ព្រៃឈើ​ទាំងនោះ​ឱ្យ​មាន​ប្រសិទ្ធភាព ស្របតាម​ការ​អំពាវនាវ​របស់​ព្រះ​មហាក្សត្រ៖ «ព្រះអង្គ​បាន​បង្ហាញ​ពី​ទឹក​ព្រះទ័យ​នៅក្នុង​ការ​ស្រឡាញ់ នៅក្នុង​ការ​ចង់​ឱ្យ​ប្រជាពលរដ្ឋ​យើង​អភិរក្ស​និង​ថែរក្សា​ធនធាន​ព្រៃឈើ​ឱ្យ​បាន​ល្អ​ប្រសើរ​ដែរ។ ដូច្នេះ​អាជ្ញាធរ​រដ្ឋ​ក៏ដូចជា​ក្រសួង​បរិស្ថាន ត្រូវតែ​អនុវត្ត​តួនាទី​ឱ្យ​បាន​ល្អ​ប្រសើរ មិន​អ៊ីចឹង​ទេ​ខ្ញុំ​គិតថា​អង្គ​ព្រះមហាក្សត្រ​លោក​ក៏​អាច​នឹង​មិន​សប្បាយ​ព្រះ​ហឫទ័យ​ដែរ បើសិន​ជា​បទល្មើស​ព្រៃឈើ​របស់​យើង​ចេះតែ​កើត​មាន​ជា​រៀងរាល់ថ្ងៃ​បែប​នេះ»។

ទាក់ទិន​នឹង​រឿង​នេះ វិទ្យុ​អាស៊ីសេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​លោក នេត ភក្ត្រា បាន​នៅ​ឡើយ​នោះ​ទេ នៅ​ថ្ងៃទី​សៅរ៍​នេះ។

ជុំវិញ​រឿង​នេះ​ដែរ ប្រធាន​ផ្នែក​កម្មវិធី និង​តស៊ូ​មតិ នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​(CYN) លោក ហេង គីមហុង លើកឡើង​ថា អត្ថន័យ​នៅក្នុង​ថ្ងៃ​រុក្ខទិវា​គឺ​ប្រាប់​ឱ្យ​ប្រជាពលរដ្ឋ​ចេះ​ថែរក្សា​ការពារ និង​ដាំ​ដើមឈើ​កាន់តែ​ច្រើន​បន្ថែម​ទៀត​។ ប៉ុន្តែ​លោក​ថា ការ​ដាំ​កូនឈើ​ដែល​នៅ​តូចៗ​បែបនេះ ពិតជា​មិនអាច​ជំនួស​នូវ​គុណប្រយោជន៍​ឈើ​ធំៗ​ដែល​បាន​បាត់បង់​នោះ​ឡើយ​។ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវតែ​អនុវត្ត​ច្បាប់​ដែល​មាន​ស្រាប់​ទៅលើ​ឈ្មួញ​និង​អ្នក​កាប់​រុករាន​ព្រៃ​ខុសច្បាប់​ទាំងនោះ ព្រមទាំង​មាន​វិធានការ​ការពារ​ព្រៃឈើ​ឱ្យ​មាន​ប្រសិទ្ធភាព ស្របតាម​អត្ថន័យ​ថ្ងៃ​រុក្ខទិវា៖ «មួយ​ដើម​ដូចគ្នា​ឧទាហរណ៍​ថា យើង​កាប់​មួយ​ដើម​ដាំ​មួយ​ដើម ដើមឈើ​ដែល​មាន​អាយុ​រាប់​សិប​ឆ្នាំ​វា​មាន​សមត្ថភាព​ស្រូប​គីឡូ ឬក៏​រាប់​សិប​តោន​ដើម្បី​ធានា​បរិយាកាស​ស្អាត​នៅ​លើ​ភព​ផែនដី​។ ប៉ុន្តែ យើង​ដាំ​កូនឈើ​តូច​មួយ​អ៊ីចឹង​មិន​គ្រប់គ្រាន់​ទេ​។ ការ​ដាំ​កូនឈើ​ជា​និមិត្តរូប​ក៏​ពិតមែន ប៉ុន្តែ​គួរតែ​រក្សា​អា​ធំ​ដែរ រក្សា​ព្រៃឈើ​ឱ្យ​គង់វង្ស ទន្ទឹម​នឹង​ជាមួយនឹង​ការ​កាប់បំផ្លាញ​ព្រៃឈើ​នេះ»។

បើ​តាម​របាយការណ៍​របស់​អ្នកឃ្លាំមើល​ព្រៃឈើ​រក​ឃើញ​ថា ក្រុម​ឧកញ៉ា​មួយចំនួន ជា​ឈ្មួញ​រកស៊ី​ឈើ​ធំៗ និង​ជា​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋាភិបាល នៅតែ​បន្ត​រកស៊ី​កាប់​ឈើ​យ៉ាង​សស្រាក់សស្រាំ​ដដែល ព្រមទាំង​គ្មាន​ចំណាត់ការ​ច្បាប់​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​នោះ​ទេ​។ ពួក​អ្នកឃ្លាំមើល​ថា គឺ​រដ្ឋាភិបាល​ផ្ទាល់​តែម្ដង ដែល​តែងតែ​ចេញមុខ​ការពារ​អ្នក​ជួញ​ឈើ​ខុសច្បាប់ របស់​ក្រុម​ឧកញ៉ា និង​ក្រុមហ៊ុន​ឯកជន​ទាំងនោះ។

លើស​ពី​នេះ ពួកគេ​នៅតែ​ឃើញ​មាន​អាជីវកម្ម​ឈើ​ខុសច្បាប់​រីក​រាលដាល​ខ្លាំង​ជាង ១០ ឆ្នាំ​ចុងក្រោយ រហូត​មក​ទល់​ពេលនេះ​មិនទាន់​បញ្ឈប់​នៅឡើយ ក្រោម​ពាក្យ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​រដ្ឋាភិបាល​បាន​ផ្តល់​ឱ្យ​ក្រុមហ៊ុន​ឯកជន​ជាច្រើន​នៅ​ជុំវិញ​ព្រៃ​អភិរក្ស​នៅ​ខេត្ត​ឦសាន ខេត្ត​កំពង់ធំ ក្រចេះ និង​ខេត្ត​ព្រះវិហារ។

របាយការណ៍​ថ្មី​ចុងក្រោយ​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) រក​ឃើញ​ថា ការ​កាប់​ឈើ​ខុសច្បាប់​ក្នុង​តំបន់​ព្រៃ​ការពារ​ធម្មជាតិ បង្កើត​ឱ្យ​មាន ជា​ការ​រំលោភ​សិទ្ធិមនុស្ស និង​លុបបំបាត់​ទំនៀមទម្លាប់​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា​។ អង្គការ​ដដែល​បញ្ជាក់​ថា​នៅ​កម្ពុជា​មានការ​កាប់​បំផ្លាញ​ព្រៃឈើ​ខ្ពស់​ជាងគេ​នៅ​លើ​ពិភពលោក ក្នុង​រយៈពេល ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ ដោយ​បាន​បាត់បង់​ព្រៃឈើ​ប្រមាណ ៦៤% នៃ​គម្រប​ព្រៃឈើ ចាប់​តាំង​ពី​ឆ្នាំ​២០១១ រហូត​បច្ចុប្បន្ន ក្នុង​នោះ​គម្រប​ព្រៃឈើ​ទំហំ ៦.២៧១​ហិកតារ ឋិត​ក្នុង​ដែន​ជម្រក​សត្វ ព្រៃ​ឡង់ និង​ព្រៃ​ព្រះ​រកា ត្រូវ​បាន​កាប់​បំផ្លាញ នៅ​ក្នុង​ឆ្នាំ​២០២១៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។