កងរាជអាវុធហត្ថខេត្តក្រចេះ បានឃាត់រថយន្តធំ ឬហៅថារថយន្តយីឌុបពីរគ្រឿងដឹកឈើប្រណិតនៅកំណាត់ផ្លូវជាតិលេខ៧ ឋិតនៅឃុំគោលាប់ ស្រុកចិត្របុរី។ ទន្ទឹមនឹងនោះ សមត្ថកិច្ចបានឃាត់ខ្លួនតៃកុងរថយន្ត និងកម្មករ ៥នាក់ គ្រោងបញ្ជូនទៅមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីរៀបចំឯកសារបញ្ជូនទៅសាលាដំបូងខេត្តក្រចេះ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យដឹងនៅថ្ងៃទី២៣ ឧសភា ថា មន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ កំពុងស៊ើបអង្កេតបន្ថែមពីករណីឡានធំរបស់វៀតណាម ដឹកឈើប្រណិតឆ្លងកាត់ស្រុកចិត្របុរី ដើម្បីចាត់ការតាមផ្លូវច្បាប់។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ឲ្យដឹងថា លោកពុំទាន់ទទួលរបាយការណ៍លម្អិតជុំវិញករណីឃាត់រថយន្តធំពីរគ្រឿងសង្ស័យដឹកឈើខុសច្បាប់នេះនៅឡើយទេ ប៉ុន្តែលោកបានទទួលព័ត៌មានបឋមថា កម្លាំងអាវុធហត្ថបានឃាត់រថយន្តធំពីរគ្រឿងកាលពីយប់ថ្ងៃទី២២ ឧសភា៖ « គណៈកម្មការយើងកំពុងតែធ្វើ។ អាជ្ញាធរខេត្តក៏កំពុងធ្វើតាមគោលដៅ ព្រោះយើងអត់មានវិធានការអីផ្សេងក្រៅពីច្បាប់ទេ »។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ លោក សាន្ត ប៊ុនថាន មិនធ្វើអត្ថាធិប្បាយពីបញ្ហានេះនៅឡើយទេ នៅថ្ងៃទី២៣ ឧសភា ដោយលោកប្រាប់ថាកំពុងជាប់រវល់។ ប៉ុន្តែលោកប្រាប់អ្នកកាសែតក្នុងស្រុកថា អ្នកបើកឡាន និងអ្នកពាក់ព័ន្ធចំនួន ៥នាក់ ក្នុងនោះមានជនជាតិវៀតណាម ម្នាក់ កំពុងឃុំខ្លួនបណ្ដោះអាសន្ននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ។ លោកសន្និដ្ឋានជំហានដំបូងថា បរិមាណឈើក្នុងរថយន្តធំនោះប្រហែលជាង ៥០ម៉ែត្រគូបជាឈើប្រណិតប្រភេទធ្នង់ មានមុខកាត់ ២តឹក ប្រវែងជាង ២ម៉ែត្រ គ្រោងដឹកជញ្ជូនទៅប្រទេសវៀតណាម តាមច្រកព្រំដែនអន្តរជាតិដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ពលរដ្ឋរស់នៅខេត្តក្រចេះ ថ្លែងសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា ជនសង្ស័យចំនួន ៥នាក់ដែលសមត្ថកិច្ចឃាត់ខ្លួន បានឆ្លើយសារភាពថា ឈើទាំងនេះជាឈើរបស់ឈ្មួញជនជាតិវៀតណាម ឈ្មោះ ហេង សំនៀង ហៅយាយ ព្រឿង រស់នៅសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ លោកថា ឈ្មួញជនជាតិវៀតណាម នោះជាឈ្មួញរកស៊ីឈើដុះស្លែក្នុងខេត្តនេះ ដែលគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានឡោមព័ន្ធឃ្លាំងឈើឈ្មួញរូបនោះ និងបានបញ្ជូនសំណុំរឿងទៅតុលាការកាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦៖ « យោងតាមការសាកសួរ រថយន្តទាំងពីរគ្រឿងជារថយន្តរបស់ ហេង សំនៀង ហៅយាយ ព្រឿង ដែលគេស្គាល់ថាជាមេឈ្មួញធំប្រចាំខេត្តស្ទឹងត្រែង ឆ្លងកាត់ខេត្តក្រចេះ ឆ្ពោះទៅខេត្តត្បូងឃ្មុំ ដើម្បីលក់នៅប្រទេសវៀតណាម »។
មន្ត្រីអង្កេតជាន់ខ្ពស់ផ្នែកដីធ្លី និងធនធានធម្មជាតិនៃសមាគមអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ទទូចឲ្យសមត្ថកិច្ចស្រាវជ្រាវរកអ្នកពាក់ព័ន្ធដឹកជញ្ជូនឈើឆ្លងដែនទៅក្រៅប្រទេស ដើម្បីអនុវត្តច្បាប់។ លោកអំពាវនាវឲ្យសមត្ថកិច្ចកម្ពុជា និងសមត្ថកិច្ចវៀតណាម បង្កើនសហប្រតិបត្តិការស្រាវជ្រាវរកប្រភពអ្នកពាក់ព័ន្ធដឹកជញ្ជូនឈើទៅក្រៅប្រទេស ផ្អែកតាមបទបញ្ជាប្រមុខរដ្ឋាភិបាល៖ « ត្រូវតែទាមទារឲ្យសមត្ថកិច្ចស្រាវជ្រាវរកអ្នកនៅពីក្រោយ ដែលអាចធ្វើឲ្យដឹកឈើទៅក្រៅប្រទេសបានសម្រេច។ វាមិនមែនអ្នកចេញផុត ហើយត្រូវរួចខ្លួនទេ ព្រោះច្បាប់មានអាជ្ញាយុកាល។ អ្នកដែលពាក់ព័ន្ធ អ្នកដែលសមគំនិតត្រូវតែមានទោសទាំងអស់គ្នា »។
កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ ប្រធានក្រុមការងាររបស់គណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ដឹកនាំដោយលោក ហ៊ុន សុគន្ធថាវី ប្រាប់អ្នកកាសែតក្នុងស្រុកថា ក្រុមការងារលោកបានផ្ទៀងផ្ទាត់ឈើរបស់ជនជាតិវៀតណាម ឈ្មោះ ហេង សំនៀង ហៅយាយ ព្រឿង ឃើញឈើល្មើសច្បាប់ជាង ៣០ម៉ែត្រគូប ស្មើ ៤០២ដុំ ជាប្រភេទឈើធ្នង់។ បន្ទាប់មក ឈ្មួញជនជាតិវៀតណាម នោះក៏បានរត់គេចខ្លួនមួយរយៈ។ មកទល់ពេលនេះ ឈ្មួញរូបនោះកំពុងរស់នៅខេត្តស្ទឹងត្រែង នៅឡើយ។
ពលរដ្ឋរស់នៅក្រុងស្ទឹងត្រែង អះអាងថា ដំណើរការនៃសិប្បកម្មកែច្នៃគ្រឿងសង្ហារិមរបស់ជនជាតិវៀតណាម ឈ្មោះ យាយ ព្រឿង ឋិតក្នុងសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង កំពុងដំណើរការ ពុំមានការទប់ស្កាត់ ទោះបីគណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ កំពុងចុះបំពេញភារកិច្ចនៅខេត្តភាគឦសានក្តី។ ទន្ទឹមនឹងនេះ ឈ្មួញរូបនោះត្រូវគេស្គាល់ថា ស្និទ្ធនឹងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តនេះ ជាពិសេសមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ។
មកទល់ពេលនេះ ជនសង្ស័យ ៥នាក់ ក្នុងនោះជនជាតិវៀតណាម ម្នាក់ កំពុងឃុំខ្លួនបណ្ដោះអាសន្ននៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។