គណៈកម្មការសហគមន៍ព្រៃឈើភ្នំទទឹង ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត កំពុងព្រួយបារម្ភអំពីការរុករានទន្ទ្រានដីសហគមន៍បន្ថែមទៀត ក្រោយពេលឃើញមនុស្សមួយក្រុមបាននាំគ្នាចុះទៅពិនិត្យមើលទីតាំងដី ដែលមានការឈូសរានកាលពីលើកមុននោះ។ ទន្ទឹមនឹងនេះ ពួកគាត់ក៏មានការបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនផងដែរ ក្រោយពេលទទួលបានដំណឹងថា ភាគីដែលពួកគាត់បានប្ដឹងកាលពីលើកមុនរឿងកាប់រានដីព្រៃសហគមន៍នោះ កំពុងរៀបចំមេធាវីប្ដឹងបកលើពួកគាត់វិញ។ មន្ត្រីសិទ្ធិមនុស្សលើកទឹកចិត្តឱ្យសហគមន៍បន្តការតស៊ូទៅទៀត ព្រមទាំងអះអាងថា នឹងជួយផ្ដល់មធ្យោបាយផ្លូវច្បាប់គ្រប់បែបយ៉ាងដើម្បីជួយដល់សហគមន៍ឱ្យតតាំងក្តីរឿងនេះ។
តំណាងគណៈកម្មការសហគមន៍ព្រៃឈើភ្នំទទឹង លោក អ៊ុំ វិចិត្រ អះអាងថា ក្រុមជនល្មើសដែលបានកាប់រានទន្ទ្រានដីសហគមន៍ និងដែលពួកលោកបានប្តឹងទៅតុលាការកាលពីពេលកន្លងទៅនោះ បាននាំគ្នាចុះទៅដល់ទីតាំងដីសហគមន៍ជាថ្មីម្តងទៀត នៅក្រោយការបោះឆ្នោតកាលពីពេលថ្មីៗនេះ។ លោកបញ្ជាក់ថា ក្រុមជនទាំងនោះមានគ្នាជាង ១០នាក់ បានទៅដល់ទីតាំងដីដែលរងការឈូសរានទន្ទ្រានកាលពីលើកមុន ហើយលោកជឿជាក់ថា ក្នុងចំណោមអ្នកទាំងនោះក៏អាចមានមន្ត្រីជំនាញពាក់ព័ន្ធចូលរួមផងដែរ។ លោកព្រួយបារម្ភថា ក្រុមអ្នកទាំងនោះ អាចនឹងផ្ដើមសកម្មភាពរុករានទន្ទ្រានដីព្រៃសហគមន៍ជាថ្មីទៀតនៅពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីការប្ដឹងផ្ដល់របស់សហគមន៍កាលពីលើកមុន ត្រូវទទួលបរាជ័យ ដោយសារតុលាការខេត្តកំពត និងសាលាឧទ្ធរណ៍បានសម្រេចតម្កល់សំណុំរឿងទុកឥតចាត់ការ៖ «ក្រោយបោះឆ្នោតមិនបាន ៤ថ្ងៃ ស្រួលបួលផង ឃើញពពួកឈ្លើងសង្គមឈានចូលទឹកដីនេះ ដូចការគ្រោងទុក។ មេធាវីរបស់គេស្គាល់ខ្ញុំ ហើយក៏គេផ្តល់ព័ត៌មានមកឱ្យខ្ញុំថា "អ្នកឯងត្រៀមខ្លួនចូលគុក និងប្រឈមបញ្ហាឱ្យហើយទៅ ប្រសិនបើអ្នកឯងមិនបន្ទន់ឥរិយាបថប្រគល់ដីនេះ ឬក៏ហ៊ានប្រឆាំងនឹងទស្សនៈ" របស់គេ "អ្នកឯងត្រៀមខ្លួនទៅ" គេនិយាយអ៊ីចឹង»។
ក្រៅពីនេះលោកក៏ទទួលដំណឹងដែរថា ក្រុមឈ្មួញដីដែលគណៈកម្មការសហគមន៍ បានប្ដឹងផ្ដល់កាលពីលើកមុននោះ បានរៀបចំមេធាវីរួចស្រេចហើយ ដើម្បីប្ដឹងបកពួកលោក ហើយពួកគេបានគំរាមថា នឹងមិនឱ្យពួកលោករួចខ្លួនឡើយ ចំពោះការប្ដឹងផ្ដល់ពួកគេទៅតុលាការនោះ។ លោកបន្តថា ដោយសារការគំរាមកំហែងនេះ ធ្វើឱ្យគណៈកម្មការសហគមន៍មួយចំនួនមានការភ័យខ្លាច និងរារែក លែងចង់បន្តរឿងក្ដីក្ដាំនេះតទៅទៀតហើយ ហើយបច្ចុប្បន្ននៅសល់តែលោកម្នាក់ប៉ុណ្ណោះ ដែលត្រូវប្រឈមមុខដោយផ្ទាល់ជាមួយក្រុមឈ្មួញដីទាំងនោះ។ លោកអះអាងថា លោកមិនមានការរាថយឡើយចំពោះរឿងនេះ ព្រោះអ្វីដែលលោកធ្វើ គឺដើម្បីការពារទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋប៉ុណ្ណោះ ហើយប្រជាពលរដ្ឋរាប់រយគ្រួសារនៅក្នុងឃុំស្ទឹងកែវ ដែលជាអ្នកទទួលបានផលប្រយោជន៍ពីព្រៃសហគមន៍។លោកថ្លែងថាពួកគាត់នៅតែគាំទ្រសកម្មភាពរបស់លោកជានិច្ច៖ «គេនិយាយដល់ថ្នាក់ថា ក្រោយការបោះឆ្នោតប្រសិនបើគេមិនធ្វើអ្នកឯងទេ គេមិនមែនជាផ្កាយ ១ ផ្កាយ ២ រស់នៅស្រុកខ្មែរទេ។ អ្នកឯងត្រៀមខ្លួនចូលគុក ត្រៀមខ្លួនប្រឈមមុខនឹងផ្លូវតុលាការឱ្យហើយទៅ ប៉ុន្តែខ្ញុំយល់ថា ខ្ញុំការពារសម្បត្តិជាតិ ការពារភាពត្រឹមត្រូវ ប្រសិនបើអ្នកបំពានដោយកត្តាណាមួយ ពួកខ្ញុំជាប្រជាពលរដ្ឋ និងតំណាងប្រជាពលរដ្ឋ មិនខ្លាចនោះទេ»។
សហគមន៍ព្រៃឈើភ្នំទទឹង ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១០ ដោយមានការទទួលស្គាល់ពីអាជ្ញាធរខេត្តកំពត។ សហគមន៍នេះ មានផ្ទៃដី ១១៥ហិកតារ ស្ថិតក្នុងឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។ ធនធានរបស់សហគមន៍ព្រៃឈើនេះ រួមមាន សត្វព្រៃ និងព្រៃធម្មជាតិ ដូចជា ព្រៃឈើ និងព្រៃឫស្សី ជាដើម។ សហគមន៍ព្រៃឈើមួយនេះ ជាទីអាស្រ័យផលរបស់ប្រជាពលរដ្ឋរាប់រយគ្រួសារដែលរស់នៅក្នុងឃុំស្ទឹងកែវ និងតំបន់នៅជុំវិញនោះ។
ក៏ប៉ុន្តែព្រៃសហគមន៍មួយនេះបានរងការកាប់ទន្ទ្រានយកដីអស់ប្រហែល ១០ហិកតារ កាលពីឆ្នាំ ២០១៦កន្លងទៅ។ គណៈកម្មការសហគមន៍បានដាក់ពាក្យប្ដឹងឈ្មួញដីម្នាក់ឈ្មោះ ពេជ្រ គឿន និងបក្ខពួកទៅតុលាការ ទាក់ទងនឹងការរុករាន និងរំលោភយកដីព្រៃនេះ ក៏ប៉ុន្តែបណ្ដឹងនេះត្រូវបានតំណាងអយ្យការអមតុលាការខេត្តកំពត លោក ខៃ សម្ផស្ស សម្រេចតម្កល់រឿងទុកឥតចាត់ការ។ នៅខែមីនា ឆ្នាំ២០១៧ គណៈកម្មការសហគមន៍ក៏បានប្ដឹងសាទុក្ខករណីនេះទៅសាលាឧទ្ធរណ៍ ក៏ប៉ុន្តែក្រោយទន្ទឹងរង់ចាំអស់រយៈពេល ជាងមួយឆ្នាំ ពោលគឺនៅខែមេសា ឆ្នាំ២០១៨ នេះ មហាអយ្យកាអមសាលាឧទ្ធរណ៍បានសម្រេចរក្សាដីកាតម្កល់រឿងទុកឥតចាត់ការរបស់អយ្យការអមតុលាការខេត្តកំពត ទុកជាបានការដដែល។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ប៉ែន បុណ្ណារ៍ លើកទឹកចិត្តឱ្យគណៈកម្មការសហគមន៍ព្រៃឈើភ្នំទទឹងបន្តសកម្មភាពការពារព្រៃសហគមន៍របស់ខ្លួនបន្តទៅទៀត ដោយកុំមានការភិតភ័យ ចំពោះការគំរាមកំហែងរបស់ជនប្រព្រឹត្ត។ លោកអះអាងថា លោកកំពុងរៀបចំបណ្ដឹងបរិហារមួយដើម្បីដាក់ទៅអង្គការអយ្យការខេត្តកំពត នៅចុងខែសីហានេះ បន្ទាប់ពីពិភាក្សាគ្នារួចរាល់ជាមួយសហគមន៍។ បណ្ដឹងបរិហារនេះ គឺប្ដឹងមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធដែលបណ្ដែតបណ្ដោយឱ្យមានបទល្មើសឧក្រិដ្ឋកាប់រានដីព្រៃកើតឡើងក្នុងតំបន់ដែលខ្លួនគ្រប់គ្រង ហើយមិនចាត់វិធានការណ៍ ឬមិនរាយការណ៍ទៅតុលាការដើម្បីឱ្យមានចំណាត់ការលើបទល្មើសនេះ៖ «ខ្ញុំមានសេចក្ដីរីករាយដោយសហគមន៍យើងនៅបន្តការងាររហូតមកដល់ពេលនេះ ទោះបីជាមានការគំរាមកំហែងពីមន្ត្រីពាក់ព័ន្ធ និងអ្នកដែលរំលោភយកដីព្រៃសហគមន៍ក៏ដោយ ក៏គាត់នៅតែបន្តការតស៊ូ។ យើងមានគោលការណ៍ ទោះបីជាអ្នកពាក់ព័ន្ធឈប់ក៏ដោយ ក៏អាជ្ញាយុកាលនៃបទល្មើសឧក្រិដ្ឋមានដល់ ១៥ឆ្នាំ ដូច្នេះបើមិនទាន់ហួសអាជ្ញាយុកាលទេ យើងនឹងនៅបន្តដាក់បណ្ដឹងបរិហារគ្រប់ទីកន្លែង»។
មន្ត្រីសិទ្ធិមនុស្សរូបនេះកត់សម្គាល់ថា ការកាប់រានទន្ទ្រានដីព្រៃ និងដីបឹង ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនេះ បានកើតឡើងនៅគ្រប់ទីកន្លែងទូទាំងប្រទេស អស់រយៈពេលជាច្រើនឆ្នាំមកហើយ និងបានកើនឡើងគួរឱ្យព្រួយបារម្ភ ដោយសារការបើកដៃពីអាជ្ញាធរដែលទទួលបានសំណូក ឬផលប្រយោជន៍ពីជនល្មើស និងវប្បធម៌និទ្ទណ្ឌភាព ឬទម្លាប់ឱ្យជនល្មើសរួចទោសពីសំណាញ់ច្បាប់ ដែលកំពុងចាក់ឫសគល់យ៉ាងមាំក្នុងសង្គមខ្មែរ។ លោកជឿជាក់ថា ការដាក់បណ្ដឹងបរិហារឱ្យបានកាន់តែច្រើននឹងជួយជំរុញឱ្យមានការលុបបំបាត់អំពើនិទ្ទណ្ឌភាពនេះចេញពីសង្គមកម្ពុជា។
បណ្ដឹងបរិហារ គឺជាបណ្ដឹងប្រាប់ឱ្យដឹងនូវអំពើល្មើស ឬបទល្មើសអ្វីមួយក្នុងបំណងឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់ការតាមសមត្ថកិច្ចរបស់ខ្លួន ដែលច្បាប់បានកំណត់។ បុគ្គលគ្រប់រូប រួមទាំងអង្គការមិនមែនរដ្ឋាភិបាល អង្គការរដ្ឋ ឬរដ្ឋបរទេសនានា សុទ្ធសឹងតែអាចធ្វើបណ្ដឹងបរិហារបានទាំងអស់ ហើយក្រមព្រហ្មទណ្ឌមាត្រា ៥២៩ ចែងថា រាល់បុគ្គលណាដែលបានដឹងពីបទឧក្រិដ្ឋ ដែលអាចនឹងបង្ការ ឬបន្ថយអានុភាពរបស់បទល្មើសបាន ហើយមិនប្ដឹងបរិហារដល់អាជ្ញាធរតុលាការ ឬអាជ្ញាធរមានសមត្ថកិច្ចផ្សេងទៀត នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១ សែនទៅ ២ លានរៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។