ព្រះសង្ឃខេត្តឧត្ដរមានជ័យដែលស្រលាញ់ព្រៃឈើចំនួន ៤អង្គ និងប្រជាពលរដ្ឋចំនួន ៣នាក់ នៅរសៀលថ្ងៃទី២១ មីនា ចុះល្បាតព្រៃសង្ឃរុក្ខវ័នស៊ើបអង្កេតរកឈ្មោះជនល្មើស ដែលលួចទន្ទ្រានព្រៃយកដីអស់ជាង ៣០០ហិកតារ ដើម្បីដាក់ប្ដឹងទៅតុលាការផ្ដន្ទាទោសតាមច្បាប់។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា បញ្ហានេះអាជ្ញាធរត្រូវស្រាវជ្រាវចាប់ជនល្មើសផ្ដន្ទាទោសទៅតាមច្បាប់ឲ្យបានឆាប់ ដើម្បីកុំឱ្យពួកគេលួចទន្ទ្រានដីព្រៃតំបន់ការពារយកធ្វើជាកម្មសិទ្ធិនៅថ្ងៃក្រោយទៀត។
ប្រធានការពារព្រៃឈើសង្ឃរុក្ខវ័នខេត្តឧត្ដរមានជ័យ ព្រះតេជព្រះគុណ ប៊ុន សាលួត មានថេរដីកា ឲ្យដឹងនៅថ្ងៃទី២១ មីនាថា ជនល្មើសបានលួចកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃការពាររបស់ព្រះអង្គប្រហែល ១ខែហើយ ដោយសារព្រះអង្គជាប់រវល់ទៅល្បាតព្រៃសង្ឃរុក្ខវ័ននៅទីតាំងផ្សេងទើបអាក់ខានចុះល្បាតព្រៃនៅទីតាំងដែលជនល្មើសលួចទន្ទ្រាន។ ព្រះអង្គបន្តថា ព្រៃឈើដែលគេលួចកាប់ស្ថិតក្នុងភូមិបាក់នឹម និងភូមិកូនដំរី សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ហើយហិនហោចអស់ព្រៃប្រហែល ៣០០ហិកតារ។ ព្រះសង្ឃបន្ថែមទៀតថា ជនល្មើសដែលលួចទន្ទ្រានព្រៃសង្ឃរុក្ខវ័ននោះ សង្ស័យជាទាហានកងពលតូចលេខ៤២ ឈ្មោះ ស៊ន វ៉ាន់ អាជ្ញាធរភូមិ និងប្រជាពលរដ្ឋ។ ទោះជាយ៉ាងណាព្រះអង្គបញ្ជាក់ថា សព្វថ្ងៃប្រជាពលរដ្ឋបានសហការជាមួយព្រះអង្គចុះស៊ើបអង្កេតរកឈ្មោះជនល្មើសឲ្យបានជាក់លាក់ ដើម្បីដាក់ប្ដឹងទៅតុលាការផ្ដន្ទាទោសតាមច្បាប់៖ «កន្លែងយើងជោគជ័យគិតថាបាន ១០០ភាគរយហើយ អីចឹងពេលមកឃើញគេកាប់ផ្លាញកន្លែងថ្មីនេះវាលំបាក ហើយគិតឃើញដល់ពួកគាត់ដែលមិនទាន់ដាក់ចូលក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន គាត់នៅជារតនៈរុក្ខា ហើយគណៈកម្មការគាត់មានបញ្ហាជាមួយពួកទាហាន កន្លែងដីពួកគាត់មិនដែលចូលទៅដល់បានទេ ព្រោះមានការគំរាមកំហែង អីចឹងដល់ពេលដាក់ជាដែនជម្រកសត្វព្រៃ អាត្មាទៅប្រធានសហគមន៍បានអាត្មាចុះត្រួតពិនិត្យមើលទៅឃើញថា វាគួរឱ្យអាណោចអាធ័មសោកស្ដាយ។ ប៉ុន្តែទោះបីជាយ៉ាងណា អាត្មាព្យាយាមស្រាវជ្រាវរកឈ្មោះនោះ ដើម្បីដាក់បណ្ដឹងហើយ យើងនឹងរកថវិកាទៅជីកដីបិទកុំឱ្យបង្កសកម្មភាពទៀត » ។
អាស៊ីសេរីមិនអាចទាក់ទងទាហានកងពលតូចលេខ៤២ លោក ស៊ន វ៉ាន់ ដើម្បីឆ្លើយតបបញ្ហានេះបានទេនៅថ្ងៃទី២១ មីនា។
ប៉ុន្តែលោក ស៊ន វ៉ាន់ បានផ្ដល់សម្ភាសន៍ឲ្យសារព័ត៌មានក្នុងស្រុកថា លោកមិនបានទៅទន្ទ្រានដីព្រៃដូចការចោទប្រកាន់ឡើយ។
ប្រធានមន្ទីរបរិស្ថានខេត្តឧត្ដរមានជ័យ លោក ភួង លីណា មានប្រសាសន៍ប្រាប់អាស៊ីសេរីថា ផ្ទៃដីដែលជនល្មើសទើបតែទន្ទ្រានថ្មីៗ នោះ មានប្រមាណពី ៧០ ទៅ ១០០ហិកតារ គឺមិនមែន ៣០០ហិកតារដូចការលើកឡើងរបស់ព្រះសង្ឃនោះទេ។ លោកបន្តថា អាជ្ញាធរខេត្តបានប្រជុំដោះស្រាយបញ្ហានេះរួចហើយ ដោយសម្រេចរឹបអូសយកដីនោះឲ្យស្ថិតនៅក្នុងដែនព្រៃការពារដូចដើមវិញ ដោយមិនឲ្យជនណាយកទៅធ្វើជាកម្មសិទ្ធិនោះ៖ «ប៉ុន្តែខ្ញុំបានលើកហើយក្នុងគ្រប់គ្រងការប្រើប្រាស់ដីនៅក្នុងតំបន់នោះ វាកើតមានបញ្ហាតាំងពីមុនដាក់ជាជម្រកសត្វព្រៃ។ ដូច្នេះបានជាមន្ទីរ ក៏ដូចសហគមន៍បានព្យាយាមរាល់ថ្ងៃនេះ គឺសិក្សាអំពីសាវតារដី សិក្សាអំពីការគ្រប់គ្រងដីថា តើដីដែលមានការកាន់កាប់អាស្រ័យផលនៅក្នុងតំបន់នោះតើគេកាន់កាប់គេអាស្រ័យផលតាំងពីពេលណាមក ? ។ ប៉ុន្តែសម្រាប់ការរុករានថ្មីមិនអនុញ្ញាតជាដាច់ខាត។ បើមាន គឺជំរុញទៅការអនុវត្តច្បាប់ហើយ » ។
លោកបន្តថា បើទោះពីជាអាជ្ញាធរមិនទាន់ចប់ជនល្មើសបានក៏ដោយ ក៏ប៉ុន្តែប្រសិនបើមានជនណាម្នាក់ទៅកាន់កាប់ដីនោះ គឺអាជ្ញាធរនឹងហៅពួកគេទៅអប់រំណែនាំឲ្យធ្វើកិច្ចសន្យាឈប់កាប់ព្រៃឈើបន្តទៀត។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តឧត្ដរមានជ័យ លោក ស្រី ណារ៉េន លើកឡើងថា បញ្ហានេះអាជ្ញាធរត្រូវចាត់វិធានការតាមច្បាប់ទៅអ្នកប្រព្រឹត្តឲ្យបានឆាប់ ដោយមិនត្រូវលើកលែងឲ្យពួកគេរួចខ្លួនជាដាច់ខាត ពីព្រោះការបណ្ដែតបណ្ដោយធ្វើឲ្យជនល្មើសមិនខ្លាចច្បាប់ ហើយនាំគ្នាលួចទន្ទ្រានព្រៃយកធ្វើជាកម្មសិទ្ធិនៅតំបន់ផ្សេងទៀត ធ្វើឲ្យហិនហោចសម្បត្តិធនធានធម្មជាតិរបស់រដ្ឋ៖ «ខ្ញុំសូមថាចាត់វិធានការដាក់បណ្ដឹងទៅតុលាការជាបន្ទាន់ទៅ យើងអត់ពិបាករកទេអ្នកដែលកាប់ព្រៃនោះ ពីព្រោះជនល្មើសមិនមែនអ្នកឆ្ងាយទេ។ ដូច្នេះយើងអាចស្រាវជ្រាវហើយដាក់បណ្ដឹងនឹងទៅមិនបាច់រង់ចាំអីទេ ដើម្បីឲ្យមានវិធានការទាន់ពេលវេលា បើចាំដល់គេកាប់អស់ព្រៃ ហើយបានដាក់បណ្ដឹងក្រោយខ្ញុំថា រឿងនេះ គឺយឺតហើយ ពីព្រោះបទល្មើសវាកើតហើយយើងនៅតែរង់ចាំ គឺមិនអាចទប់ស្កាត់បទល្មើសបានទេ » ។
ព្រៃសង្ឃរុក្ខាវ័នមានផ្ទៃដីជាង ៣ម៉ឺនហិកតារ ស្ថិតអន្លង់វែង ស្រុកសំរោង និងស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ។ របបក្រុងភ្នំពេញបានដាក់បញ្ចូលព្រៃមួយនេះជាដែនជម្រកសត្វព្រៃកាលពីខែមេសា ឆ្នាំ២០១៨។ ព្រះតេជគុណ ប៊ុន សាលួត មានថេរដីកាឲ្យដឹងថា ជាទូទៅអ្នកដែលការពារព្រៃនេះសកម្មរួមមានព្រះសង្ឃឧត្ដរមានជ័យ និងប្រជាពលរដ្ឋ ដែលស្រលាញ់ព្រៃឈើ និងមានការចូលរួមពីមន្ទីរបរិស្ថានខេត្តខ្លះដែរ។ ព្រះអង្គបន្តថា ផលវិបាកនៃការការពារព្រៃ ដោយសារកម្លាំងអ្នកការពារមានគ្នាតិចមិនគ្រប់គ្រាន់សម្រាប់ការពារ ដែលធ្វើឲ្យមានការឆកល្វែងមិនអាចចុះល្បាតឲ្យបានគ្រប់កន្លែង និងខ្វះការចូលរួមសហការពីអាជ្ញាធរក្នុងមូលដ្ឋាន។
លោក ស្រី ណារ៉េន កត់សំគាល់ថា ព្រៃសង្ឃរុក្ខវ័ន គឺជាព្រៃឈើដែលជាជម្រកសត្វព្រៃសំបូរឈើច្រើនជាងគេក្នុងខេត្តឧត្ដរមានជ័យ។ លោកថា ព្រៃសហគមន៍ជាច្រើនកន្លែងផ្សេងទៀតក្នុងខេត្តជាប់ព្រំដែនថៃមួយនេះត្រូវបានជនល្មើសលួចកាប់បំផ្លាញយកដីធ្វើជាកម្មសិទ្ធិស្ទើរក្លាយទៅជាទីវាលអស់ទៅហើយ។ លោកបន្តថា បញ្ហានេះកើតឡើយដោយសារអាជ្ញាធរអនុវត្តច្បាប់ធូររលុង ដែលជាហេតុធ្វើឲ្យអ្នកប្រព្រឹត្តមិនខ្លាចច្បាប់ ហើយចេះតែនាំគ្នាទន្ទ្រានព្រៃជាបន្តបន្ទាប់ ដូច្នេះបញ្ហាព្រៃសង្ឃរុក្ខាវ័ន អាចនឹងហិនហោចក្នុងពេលដ៏ខ្លីខាងមុខ ប្រសិនបើអាជ្ញាធរពាក់ព័ន្ធនៅតែមិនអើពើអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងទៅលើជនល្មើសដូចពេលមុនៗ នោះ៕

ឈើមូល ដែលជនមិនស្គាល់មុខកាត់រំលំ នៅក្នុងព្រៃឈើសង្ឃរុក្ខវ័នខេត្តឧត្ដរមានជ័យពេលដែលព្រះសង្ឃ និងមន្ត្រីសង្គមស៊ីវិល ចុះល្បាតឃើញ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨។ រូបថត៖ ព្រះសង្ឃឯករាជ្យខេត្តបាត់ដំបង
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។