សង្គម​ស៊ីវិល​ពិភាក្សា​សេចក្ដី​ព្រាង​ចុងក្រោយ​ពី​ក្រម​ធនធាន​ធម្មជាតិ​មុន​បញ្ជូន​ឲ្យ​ស្ថាប័ន​រដ្ឋ

ដោយ ជាតិ ចំណាន
2017.11.27
តឹក វណ្ណារ៉ា ៦២២ នាយក​វេទិកា​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO Forum) លោក តឹក វណ្ណារ៉ា ថ្លែង​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្ដីពី​សេចក្ដី​ព្រាង​គោលការណ៍​ណែនាំ​ថ្នាក់​តំបន់​ស្ដីពី​ការ​វាយ​តម្លៃ​ហេតុផល​ប៉ះពាល់​បរិស្ថាន នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។
Photo: RFA

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សហគមន៍​ជនជាតិ​ដើម​ភាគតិច ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល បាន​ជួប​ពិភាក្សា​គ្នា ទៅលើ​សេចក្ដី​ព្រាង​ចុងក្រោយ​នៃ «​ក្រម​ធនធាន​ធម្មជាតិ និង​បរិស្ថាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា» ដើម្បី​ឈាន​ទៅ​ពិនិត្យ​អនុម័ត​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ពេល​ដ៏​ឆាប់។

វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា រួម​សហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ ៥០ អង្គភាព បាន​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ ដើម្បី​ពិនិត្យ​ទៅលើ​សេចក្ដី​ព្រាង ក្រម​ធនធាន​ធម្មជាតិ និង​បរិស្ថាន ជា​លើក​ចុង​ក្រោយ មុននឹង​ដាក់​ជូន​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ឬ​រដ្ឋាភិបាល​ពិនិត្យ​កែ​លម្អ និង​អនុម័ត។ សិក្ខាសាលា​នេះ មាន​រយៈ ២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៧ ដល់​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នា​ភោជនីយដ្ឋាន​ទន្លេបាសាក់​២។

នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា លោ តឹក វណ្ណរ៉ា ឲ្យ​ដឹង​ថា សិក្ខាសាលា​នេះ បាន​ផ្ដល់​ឱកាស​ឲ្យ​សហគមន៍​នានា ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍ របស់​រដ្ឋាភិបាល បាន​ជួប​ពិភាក្សា​គ្នា​លម្អិត ជាមួយ​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល វិទ្យាស្ថាន​ស្រាវជ្រាវ ក្រុម​អ្នកច្បាប់ តំណាង​សហគមន៍​នានា និង​តំណាង​ជនជាតិ​ដើម​ភាគតិច​ជាដើម បាន​ចូលរួម​ពិភាក្សា​គ្នា​លម្អិត ទៅលើ​សេចក្ដី​ព្រាង​ចុងក្រោយ នៃ​ក្រម​ធនធានធម្មជាតិ និង​បរិស្ថាន​នេះ។

ចំណែក​មន្ត្រី​អង្កេត​ជាន់ខ្ពស់​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែន​ករុណា បាន​កត់​សម្គាល់​ថា ថ្វី​ត្បិត​ពេលនេះ រដ្ឋាភិបាល មិនបាន​ផ្ដល់​សិទ្ធិ​វិនិយោគ​ជាថ្មី ទៅ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍ​បែប​ណា​ក្ដី ក៏​ប៉ុន្តែ​វិវាទ​ចាស់ៗ ដែល​ផ្ដើម​ពី​ការ​ផ្ដល់​សិទ្ធិ​វិនិយោគ ទៅ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍ លើ​វិស័យ​មួយ​ចំនួន ដែល​បាន​ធ្វើ​សកម្មភាព​ប៉ះពាល់​ដល់​ប្រយោជន៍ របស់​សហគមន៍​តាម​មូលដ្ឋាន​មួយ​ចំនួន ពិសេស​សហគមន៍​ជនជាតិ​ដើម​ភាគតិច គឺ​រដ្ឋាភិបាល មិនទាន់​ដោះស្រាយ​បញ្ចប់​ជម្លោះ​នេះ​ទេ។

លោក ករុណា បង្ហាញ​ទស្សនៈ​ថា សេចក្តី​ព្រាង​ចុងក្រោយ នៃ​ក្រម​ធនធានធម្មជាតិ និង​បរិស្ថាន​កម្ពុជា ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ ៥០​ស្ថាប័ន បាន​ចូលរួម​ពិភាក្សា​គ្នា​ចុងក្រោយ មុន​នឹង​ដាក់​ឆ្លង​ទៅ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជរដ្ឋាភិបាល​ពេលនេះ នឹង​មិន​មាន​ប្រសិទ្ធភាព​ច្រើន​ទេ៖ «ជា​ធម្មតា​ជា​គោល​ការ​ច្បាប់ គឺ​យើង​ត្រូវ​ចុះ​ស្រាវជ្រាវ ដើម្បី​ស្វែងរក​នូវ​ផល​ប៉ះពាល់​ទាំង​បរិស្ថាន និង​ទាំង​ប្រជាពលរដ្ឋ ឬ​ជាមួយ​មនុស្ស​ហ្នឹង​ជាមុន។ ហើយ​ប្រសិនបើ​ការ​ចុះ​ស្រាវជ្រាវ​រក​ឃើញ​បញ្ហា ឬ​មាន​ផល​ប៉ះពាល់​ទាំងអស់​ហ្នឹង បាន​ច្បាស់​លាស់​ហើយ ត្រូវតែ​រក​ដំណោះស្រាយ​ជា​មុនៗ បន្ត​ដំណើរ​ការ​ឲ្យ​ក្រុមហ៊ុន​សម្បទាន​ទាំងអស់​ហ្នឹង។ ប៉ុន្តែ​កន្លងមក​យើង​ឃើញ​ថា ដំណោះស្រាយ​ទាំងអស់​របស់​រដ្ឋាភិបាល ជាមួយ​ក្រុមហ៊ុន គឺ​មិន​ទាន់​បាន​ឆ្លើយតប​ទៅ​នឹង​បញ្ហា របស់​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​នោះ​ទេ។ ហេតុ​ដូច្នេះ​ហើយ បានជា​ធ្វើ​ឲ្យ​ទំនាស់​ចេះតែ​កើតឡើង​រហូតមកដល់​ពេលនេះ រវាង​ក្រុមហ៊ុន ជាមួយ​ប្រជាពលរដ្ឋ ហើយ​ដំណោះស្រាយ​តែងតែ​មាន​ភាព​យឺតយ៉ាវ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ»

ទោះជា​បែបនេះ​ក្ដី លោក តឹក វណ្ណ​រ៉ា នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ស្ដីពី​កម្ពុជា រំពឹង​ថា សិក្ខាសាលា​ពិគ្រោះ​យោបល់ ដែល​មាន​អ្នក​រង​ផល​ប៉ះពាល់ បាន​ចូលរួម​ពិភាក្សា​រួមគ្នា​ជាមួយ​ក្រុម​អ្នកច្បាប់​ពេលនេះ អាច​នឹង​ប្រមូល​ធាតុ​ផ្សំ និង​ការ​ចូល​ជា​មតិយោបល់​បន្ថែម​ពី​ស្ថាប័ន​ស្រាវជ្រាវ ពិសេស​សហគមន៍​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍ នឹង​ជួយ​ឲ្យ​សេចក្តី​ព្រាង​ចុងក្រោយ នៃ ក្រម​ធនធានធម្មជាតិ និង​បរិស្ថាន​នៅ​កម្ពុជា» កាន់​តែ​មាន​ប្រសិទ្ធភាព។

ទន្ទឹម​គ្នា​នេះ លោក តឹក វណ្ណ​រ៉ា រំពឹង​ថា សេចក្ដី​ព្រាង​ក្រម​ធនធានធម្មជាតិ និង​បរិស្ថាន​នេះ នឹង​ទទួល​បាន​ការ​គាំទ្រ​ជា​បន្ត​ទៀត​ពី​ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន ពិសេស​រដ្ឋាភិបាល ហើយ​ឈាន​ទៅ​អនុម័ត​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។