ពលរដ្ឋ​អះអាង​ថា​មាន​ការ​បញ្ជូន​គ្រឿង​ចក្រ​បន្ថែម​ទៅ​ឈូស​ដី​ព្រៃ​តំបន់​អភិរក្ស​នៅ​បាត់ដំបង

ដោយ វ៉ែន សុមេធ
2017-12-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​គ្រឿងចក្រ​ដែល​គេ​ឈូស​ឆាយ​ទន្ទ្រាន​ព្រៃ​អភិរក្ស​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត នៅ​ចំណុច​ជាប់​ព្រំដែន​ដែន​កម្ពុជា-ថៃ នា​ច្រក ៤០០ នៃ​ឃុំ​សំឡូត ស្រុក​សំឡូត ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១១ ធ្នូ ឆ្នាំ​២០១៧។
សកម្មភាព​គ្រឿងចក្រ​ដែល​គេ​ឈូស​ឆាយ​ទន្ទ្រាន​ព្រៃ​អភិរក្ស​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត នៅ​ចំណុច​ជាប់​ព្រំដែន​ដែន​កម្ពុជា-ថៃ នា​ច្រក ៤០០ នៃ​ឃុំ​សំឡូត ស្រុក​សំឡូត ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១១ ធ្នូ ឆ្នាំ​២០១៧។
Photo provided

ប្រជា​ពលរដ្ឋ​នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង អះអាង​ថា ករណី​ឈូស​ឆាយ​ដី​ព្រៃ​នៅ​តំបន់​ព្រៃ​អភិរក្ស​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត កាន់​តែ​មាន​សកម្មភាព​ច្រើន​ឡើង។ ការ​អះអាង​នេះ ក្រោយ​ពេល​ពួកគេ​ចុះ​ទៅ​ឃើញ​មាន​ការ​នាំ​គ្រឿងចក្រ​ចូល​ទៅ​ឈូស​ឆាយ​បន្ថែម​ទៀត​ដោយ​ពុំ​ទាន់​មាន​ការ​ទប់​ស្កាត់​នៅ​ឡើយ។  អភិបាល​ខេត្ត​បាត់ដំបង បញ្ជាក់​ថា បាន​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​ករណី​នេះ​ជា​បន្ទាន់​ហើយ។

ពលរដ្ឋ​នៅ​តំបន់​ព្រំដែន​នៃ​ស្រុក​សំឡូត លើក​ឡើង​ថា ក្រោយ​ពេល​រាយការណ៍​ផ្សាយ​ព័ត៌មាន​ស្ដីពី​ការ​ឈូស​ឆាយ​ដី​ធ្វើ​ជា​កម្មសិទ្ធិ​​នៅ​តំបន់​អភិរក្ស​ព្រៃឈើ​ប្រើប្រាស់​ច្រើន​យ៉ាង គឺ​មិន​បាន​ធ្វើ​ឱ្យ​សកម្មភាព​ល្មើស​ច្បាប់​នោះ​ថយ​ចុះ​ឡើយ។ ផ្ទុយ​ទៅ​វិញ សកម្មភាព​ឈូស​ឆាយ​កាន់​តែ​មាន​ច្រើន​ជាង​មុន។ ជាក់ស្ដែង​មាន​គ្រឿងចក្រ​ចូល​ទៅ​ឈូស​ឆាយ​ដី​ព្រៃ​ភ្នំ តំបន់​អភិរក្ស នៅ​ក្បែរ​ច្រក ៤០០ ព្រំដែន​កម្ពុជា-​ថៃ ​រហូត​ដល់​ទៅ ៤​គ្រឿង​នៅ​ថ្ងៃ​ទី​១១ ខែ​ធ្នូ។

ប្រជា​ពលរដ្ឋ​នៅ​ស្រុក​សំឡូត សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ខែ​ធ្នូ ថា ទំហំ​នៃ​ការ​ឈូស​ឆាយ​ដី​ព្រៃភ្នំ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន គឺ​អស់​ប្រមាណ ១​ហិកតារ។ ពលរដ្ឋ​រូប​នេះ​អះអាង​ទៀត​ថា ការ​ឈូស​ឆាយ​នោះ គឺ​អាច​មាន​មន្ត្រី​តុលាការ​ខេត្ត​បាត់ដំបង ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ថែម​ទៀត​ផង។ ពលរដ្ឋ​ដដែល​បារម្ភ​ថា តំបន់​អភិរក្ស​ព្រៃឈើ​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត​ នឹង​វិនាស​ហិនហោច​ប្រសិន​បើ​អាជ្ញាធរ​មិន​អាច​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ។

ទាក់ទង​បញ្ហា​នេះ អភិបាល​ខេត្ត​បាត់ដំបង លោក ងួន រតនៈ មាន​ប្រសាសន៍​ថា ខាង​លោក​បាន​ទទួល​ព័ត៌មាន​នេះ​ហើយ ព្រម​ទាំង​បាន​បញ្ជូន​មន្ត្រី​ជំនាញ​ដើម្បី​ស្រាវជ្រាវ​ជា​បន្ទាន់​ថែម​ទៀត​ផង។ លោក​បញ្ជាក់​ទៀត​ថា ប្រសិនបើ​រក​ឃើញ​ថា សកម្មភាព​ឈូស​ឆាយ​នោះ​ខុស​ច្បាប់​ប្រាកដ​មែន នឹង​ចាត់​វិធានការ​តាម​ច្បាប់ ដោយ​មិន​គិត​ថា អ្នក​ប្រព្រឹត្ត​នោះ​មាន​អំណាច ឬ​មាន​ខ្នង​ប៉ុណ្ណា​ទេ៖ «បាទ!បាន​ទទួល​ដំណឹង​ថា មាន​ការ​ទន្ទ្រាន​ខ្លះ។ អ៊ីចឹង​ខ្ញុំ​ក៏​មាន​ការ​ប្រជុំ​គណៈ​បញ្ជាការ​ឯកភាព ក៏​បាន​ដាក់​ផែនការ​ឱ្យ​មន្ត្រី​សមត្ថកិច្ច​ហ្នឹង​គាត់​ចុះ​ទៅ ពីព្រោះ​តំបន់​នោះ​ជា​តំបន់​ការពារ​ធនធាន​ធម្មជាតិ​មួយ​​របស់​ក្រសួង​បរិស្ថាន នៅ​ក្នុង​ខេត្ត​បាត់ដំបង»

សកម្មភាព​គ្រឿងចក្រ​ដែល​គេ​ឈូស​ឆាយ​ទន្ទ្រាន​ព្រៃ​អភិរក្ស​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត នៅ​ចំណុច​ជាប់​ព្រំដែន​ដែន​កម្ពុជា-ថៃ នា​ច្រក ៤០០ នៃ​ឃុំ​សំឡូត ស្រុក​សំឡូត ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១១ ធ្នូ ឆ្នាំ​២០១៧។
សកម្មភាព​គ្រឿងចក្រ​ដែល​គេ​ឈូស​ឆាយ​ទន្ទ្រាន​ព្រៃ​អភិរក្ស​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត នៅ​ចំណុច​ជាប់​ព្រំដែន​ដែន​កម្ពុជា-ថៃ នា​ច្រក ៤០០ នៃ​ឃុំ​សំឡូត ស្រុក​សំឡូត ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១១ ធ្នូ ឆ្នាំ​២០១៧។ Photo provided

តំបន់​ការពារ​ព្រៃ​ឈើ​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត មាន​ផ្ទៃដី​ប្រមាណ ៤​ម៉ឺន​ហិកតារ គឺ​មួយ​ផ្នែក​ស្ថិត​នៅ​ខេត្ត​ប៉ៃលិន និង​ស្រុក​សំឡូត ខេត្ត​បាត់ដំបង។

តំបន់​នេះ ជា​ជំនួយ​អភិរក្ស​ឧបត្ថម្ភ​ដោយ​តារា​ភាពយន្ត​ល្បីឈ្មោះ​ហូលីវូដ (Hollywood) របស់​អាមេរិក ឈ្មោះ អែនជេលីណា ចូលី (Angelina Jolie) ដែល​អភិរក្ស​ដោយ​អង្គការ អិម.ជេ.ភី (MJP)។

របាយការណ៍​របស់​អង្គការ អិម.ជេ.ភី បង្ហាញ​ថា នៅ​ឆ្នាំ​១៩៩៣ ចំនួន​ផ្ទៃ​ដី​ព្រៃ​ឈើ​នៅ​តំបន់​អភិរក្ស​ប្រមាណ ៦​ម៉ឺន​ហិកតារ ហើយ​ផ្ទៃ​ដី​មួយ​ចំនួន​បាន​បាត់​បង់​ដោយសារ​ការ​កាប់​ព្រៃ​ឈើ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ខុស​ច្បាប់​ប្រមាណ ៣០០​ហិកតារ​ក្នុង​មួយ​ឆ្នាំ។ បច្ចុប្បន្ន ព្រៃ​ឈើ​ដែល​នៅ​សេសសល់​មាន​ប្រមាណ ៤​ម៉ឺន​ហិកតារ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី លើក​ឡើង​ថា តំបន់​មួយ​នេះ បើ​និយាយ​តាម​ផ្លូវ​ច្បាប់ គឺ​ជា​ដែន​គ្រប់គ្រង ឬ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋ​ដែល​មាន​មន្ត្រី​តាម​ស្ថាប័ន​ពាក់ព័ន្ធ​នីមួយៗ ជា​អ្នក​មើល​ការ​ខុស​ត្រូវ ហើយ​មិន​អាច​បុគ្គល​ណា​ម្នាក់​យក​ធ្វើ​ជា​កម្មសិទ្ធិ​បាន​ទេ។ លោក​ថា មន្ត្រី​ដែល​មាន​តួនាទី​ទប់ស្កាត់​ការ​ទន្ទ្រាន​ព្រៃឈើ​តំបន់​អភិរក្ស​បែរ​ជា​ឃុបឃិត​​បំផ្លិចបំផ្លាញ​ទៅ​វិញ​នោះ គឺ​ជា​អំពើ​ផ្ទុយ​ទៅ​នឹង​ការ​ប្ដេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល៖ «ប្រឆាំង​រដ្ឋាភិបាល​ ព្រោះ​រាជរដ្ឋាភិបាល​បាន​ប្ដេជ្ញា​ប្រឆាំង​ឧក្រិដ្ឋកម្ម​ព្រៃ​ឈើ ប្រឆាំង​ឧក្រិដ្ឋកម្ម​ផ្សេងៗ​​ទៀត បែរ​នាំ​គ្នា​បំផ្លិចបំផ្លាញ អ៊ីចឹង​មាន​ន័យ​ថា កំពុង​ប្រឆាំង​រាជរដ្ឋាភិបាល ហើយ​អ្នក​ទាំង​អស់​នេះ​ត្រូវ​មាន​ទោស»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​អនុវត្ត​ច្បាប់​ឱ្យ​បាន​ស្មើ​ភាព​គ្នា ជៀសវាង​អនុវត្ត​បាន​ចំពោះ​តែ​ពលរដ្ឋ​ក្រីក្រ ទន់​ខ្សោយ ហើយ​មន្ត្រី​ធំៗ និង​មាន​អំណាច ឬ​ជន​ល្មើស​ដែល​ជាប់​ពាក់ព័ន្ធ មន្ត្រី​ខិលខូច​មួយ​ចំនួន​ដែល​បាន​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ​ទ្រង់ទ្រាយ​ធំ បែរ​ជា​គ្មាន​ការ​ផ្ដន្ទាទោស។ ការ​អនុវត្ត​ច្បាប់​ដែល​មាន​ស្តង់ដារ​ពីរ​បែប​នេះ លោក​ថា មិន​មែន​ជា​ប្រទេស​នីតិរដ្ឋ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល