សកម្មជន​ការពារ​ព្រៃឡង់​ខេត្ត​កំពង់ធំ​ថា​បទល្មើស​ព្រៃឈើ​ថយ​ចុះ

0:00 / 0:00

បណ្ដាញ​ការពារ​ព្រៃឡង់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ អះអាង​ថា បទល្មើស​កាប់ និង​ដឹក​ជញ្ជូន​ឈើ​នៅ​ក្នុង​តំបន់​ព្រៃឡង់ ថយ​ចុះ​ក្នុង​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ។ ពួកគេ​លើក​ឡើង​ថា ការ​ថយ​ចុះ​អាច​ដោយសារ​តំបន់​ព្រៃឡង់ ត្រូវ​បាន​ដាក់​ជា​តំបន់​ជម្រក​សត្វព្រៃ ឬ​តំបន់​ព្រៃ​ការពារ ហើយ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​បាន​ដាក់​កម្លាំង​មួយ​ចំនួន​នៅ​តាម​តំបន់​គោលដៅ ដែល​មាន​សកម្មភាព​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​ជាដើម ។

បើ​ទោះ​បី​ជា​សកម្មភាព​កាប់ និង​ដឹក​ជញ្ជូន​ឈើ​នៅ​ក្នុង​តំបន់​ព្រៃឡង់ ថយ​ចុះ​ក្នុង​មួយ​រយៈពេល​ក្រោយ​នេះ​ក៏ដោយ ប៉ុន្តែ​សកម្មជន​ការពារ​ព្រៃឡង់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ស្នើ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ជួយ​ពង្រឹង​សកម្មភាព​ចុះ​ល្បាត​នៅ​ក្នុង​តំបន់​ព្រៃ​មួយ​នេះ​បន្ថែម​ទៀត ហើយ​ត្រូវ​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង និង​ដាក់​កម្លាំង​ឱ្យ​បាន​ច្រើន​ជាដើម។

សកម្មជន​ការពារ​ព្រៃឡង់ ខេត្ត​កំពង់ធំ លោក ហឿន សុភាព មាន​ប្រសាសន៍​ថា បណ្ដាញ​សហគមន៍​ព្រៃឡង់ កត់សម្គាល់​ថា បទល្មើស​បាន​ថយ​ចុះ​បន្តិច​ហើយ ទាំង​ការ​កាប់​ឈើ និង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ។ លោក​បញ្ជាក់​ថា រាល់ដង​នៅ​ពេល​បណ្ដាញ​ការពារ​ព្រៃ​ឡង់​ចុះ​ល្បាត​ម្តងៗ តែង​ឮ​សំឡេង​រណា​អារ​ឈើ​ទ្រហឹង​ពេញ​ព្រៃ ព្រមទាំង​មាន​ភស្តុតាង​អារ​ឈើ​ថ្មីៗ​ជា​ច្រើន​ទៀត។ បន្ថែម​ពី​នេះ នៅ​ពេល​យប់​វិញ តែង​ឃើញ​គោយន្ត​ច្នៃ​ដឹក​ឈើ​ចេញ​ពី​ព្រៃ និង​ពេល​ថ្ងៃ​ឃើញ​គោយន្ត​ជា​ច្រើន​បើក​សម្រុក​ចូល​ក្នុង​ព្រៃ។ ប៉ុន្តែ​ការ​ចុះ​ល្បាត​កាលពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៣ ខែ​មិថុនា គឺ​មិន​ឃើញ​មាន​សកម្មភាព​ទាំង​នោះ​ទៀត​ឡើយ។

លោក​បញ្ជាក់​ថា ការ​ថយ​ចុះ​នេះ ក្រោយ​ពេល​តំបន់​ព្រៃឡង់ ត្រូវ​បាន​ដាក់​ជា​តំបន់​ជម្រក​សត្វព្រៃ និង​មាន​មន្ត្រី​បរិស្ថាន​ចុះ​បោះ​ទី​តាំង​នៅ​តាម​តំបន់​គោលដៅ ពិសេស​តំបន់​មាន​ការ​កាប់ និង​ដឹក​ឈើ​ចេញ៖ «នៅ​ពេល​ឃើញ​ចំណាត់​ការ​របស់​ក្រសួង​បរិស្ថាន ដែល​គាត់​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ជម្រក​សត្វព្រៃ​នៅ​តំបន់​ព្រៃឡង់ យើង​សប្បាយ​ចិត្ត​ហើយ។ ប៉ុន្តែ​យើង​នៅ​តែ​ចូលរួម​ក្នុង​ការ​ចុះ​ល្បាត​ក្នុង​ការ​ចុះ​ទប់ស្កាត់»

​សកម្មជន​ដដែល​បង្ហាញ​អារម្មណ៍​រីករាយ​នៅ​ពេល​បទល្មើស​ថយ​ចុះ ប៉ុន្តែ​ពួកគាត់​ចង់​ឃើញ​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ បង្កើន​ការ​ចុះ​យាមល្បាត​បន្ថែម​ទៀត ពិសេស​នៅ​តាម​ច្រក​តូចៗ ដែល​មន្ត្រី​ជំនាញ​មិន​បាន​ដាក់​កម្លាំង​ល្បាត​ទៅ​ដល់។

កាល​ពី​ថ្ងៃ​ទី​៩ ឧសភា រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​សម្រេច​ដាក់​តំបន់​ព្រៃឡង់ ដែល​គ្រប​ដណ្ដប់​លើ​ខេត្ត​ចំនួន​៤ រួម​មាន​ខេត្ត​ព្រះវិហារ ខេត្ត​កំពង់ធំ ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង ជា​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​លើ​ទំហំ​ផ្ទៃ​ដី​ជាង ៤៣​ម៉ឺន​ហិកតារ (៤៣១.៦៨៣)។ ក្រសួង​បរិស្ថាន​មាន​សមត្ថកិច្ច​រៀបចំ និង​គ្រប់គ្រង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ ដោយ​សហការ​ជាមួយ​ក្រសួង ឬ​ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល​ដែនដី​ខេត្ត​ទាំង​បួន ដើម្បី​ធានា​កិច្ច​ការពារ​បរិស្ថាន ការ​អភិរក្ស​ជីវចម្រុះ និង​ការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​និរន្តរភាព។

ទាក់ទង​បញ្ហា​នេះ​ដែរ អភិបាល​ស្រុក​សណ្ដាន់ លោក ឡង គីសឺង មាន​ប្រសាសន៍​ថា បទល្មើស​កាប់ និង​ដឹក​ជញ្ជូន​ឈើ​តំបន់​ព្រៃ​ការពារ​ធ្លាក់​ចុះ ពុំ​មែន​ដោយសារ​រដូវ​នេះ​ជា​រដូវ​ភ្លៀង​ធ្លាក់​នោះ​ទេ ប៉ុន្តែ​ដោយសារ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ខិតខំ​ការពារ​ដើម្បី​ឱ្យ​ស្រប​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល៖ «ដោយ​មាន​កម្លាំង​ចុះ​ទប់ស្កាត់​ពី​សំណាក់​គណៈ​មេបញ្ជាការ​ឯកភាព​ស្រុក។ ជា​រួម​ខ្ញុំ​ជឿ​ថា មិន​អាច​ថយ​ចុះ​មួយ​រយ​ភាគរយ​ទេ ប៉ុន្តែ​ក៏​មាន​ច្រក​ខ្លះ​ដែល​ខ្ញុំ​ចុះ​មិន​ដល់​ច្រក​របៀង​ខ្លះ​មួយ​ចំនួន​ដែល​ជា​ច្រក​គេច​ពី​សមត្ថកិច្ច»

​អភិបាល​ស្រុក​ដដែល​ប្ដេជ្ញា​ចិត្ត​ថា នឹង​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ដើម្បី​ចុះ​ល្បាត​តំបន់​ព្រៃឡង់ បន្ថែម​ទៀត ពិសេស​នៅ​តាម​ច្រក​តូចៗ ធ្វើ​យ៉ាង​ណា​ទប់ស្កាត់​មិន​ឱ្យ​មាន​បទល្មើស​ខុស​ច្បាប់​កើត​មាន​នៅ​តំបន់​ព្រៃ​ការពារ​មួយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។