មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងមន្ត្រីអាវុធហត្ថខេត្តកំពង់ស្ពឺបានរកឃើញឈើប្រភេទតាសេក និងសុក្រំចំនួន ៥៧ដើម ឫស្មើនឹង ១០ម៉ែត្រគូប ដែលជនសង្ស័យដឹកមកលាក់ទុក នៅចំណុចស្ទឹងអញ្ជា ក្នុងភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់។ សមត្ថកិច្ចបានប្រមូលឈើទាំងនោះទៅរក្សាទុកនៅ ស្នាក់ការរដ្ឋបាលព្រៃឈើស្រុកឱរ៉ាល់ នៅរសៀលថ្ងៃទី១៤ តុលា។
ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ លោក ជា ហ៊ាន ប្រាប់អាស៊ីសេរីថា ឈើដែលសមត្ថកិច្ចឃាត់ចាប់នោះ ឋិតនៅក្បែរចម្ការរបស់លោក ខន សុខុន នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ហើយមកទល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់វែកមុខ ជនសង្ស័យឱ្យមកទទួលខុសត្រូវតាមច្បាប់នៅឡើយទេ។ លោកជា ហ៊ាន សង្ស័យថា បទល្មើសព្រៃឈើនៅតែកើតមាន ដោយសារមានការបើកដៃ និងឃុបឃិតគ្នាពីសំណាក់មន្ត្រីឧទ្យានុរក្សដែលប្រចាំការនៅតំបន់នោះ៖ «តាមពិតបទល្មើសព្រៃឈើ អត់មានការថយចុះទេ នៅតែបន្តធ្វើសកម្មភាពដដែល ដោយសារតែ អត់អនុវត្តច្បាប់លើមន្ត្រីពុករលួយ។ ប្រសិនបើអនុវត្តច្បាប់ យកច្បាប់ប្រឆាំងអំពើពុករលួយ ទៅលើបុគ្គលអនុវត្តច្បាប់ គឺថា បទល្មើសថយ។ បង្ក្រាបរាល់ថ្ងៃនេះ អនុវត្តតែជនប្រព្រឹត្តបទល្មើសព្រៃឈើ រីឯមន្ត្រីពុករលួយអត់អនុវត្ត គឺបទល្មើសអត់ថយទេ » ។
មន្ត្រីសង្គមស៊ីវិលរូបនេះ រកឃើញថា សកម្មភាពកាប់ផ្ដួលឈើធំៗ និងដឹកជញ្ជូនឈើចេញ ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលឋិតនៅចន្លោះខេត្តកោះកុង ពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ នៅតែកើតមាន ដោយលួចលាក់។ លោកយល់ថា មន្ត្រីបរិស្ថានដែលឈរជើងតាមគោលដៅនីមួយៗ នៅតែគ្មានឆន្ទៈអនុវត្តច្បាប់ព្រៃឈើ និងការពារធនធានធម្មជាតិ ដែលនៅសេសសល់ចុងក្រោយឱ្យច្បាស់លាស់នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។