ទីតាំង​កាប់​ឈើ​ផលិត​ជ័រ​ទឹក​មួយ​ត្រូវ​បាន​រក​ឃើញ​នៅ​ព្រៃ​បម្រុង​ទុក​របស់​រដ្ឋ​នៅ​មណ្ឌលគិរី

0:00 / 0:00

សហគមន៍​ព្នង​ភូមិ​ឡៅកា សង្កាត់​សុខដុម ក្រុង​សែនមនោរម្យ និង​មន្ត្រី​អង្គការ​អាដហុក (ADHOC) ខេត្ត​​មណ្ឌលគិរី រក​ឃើញ​ឈើ​មូល​ដែល​សហគមន៍​អភិរក្ស​សម្រាប់​ទុក​ជា​ឈើ​ច្បោះ​ដង​ជ័រទឹក​លក់​ចិញ្ចឹម​​ជីវិត​រាប់​រយ​ដើម ត្រូវ​បាន​គេ​កាប់​ធ្វើ​អាជីវកម្ម​រំលោភ​ទៅ​លើ​សិទ្ធិ​គ្រប់គ្រង និង​អាស្រ័យ​ផល​ព្រៃឈើ​របស់​ជនជាតិ​ដើម​ភាគតិច។

គល់​ឈើ​ប្រមាណ ៣០​គល់ និង​ឈើ​មូល​ជាង ២០​ដើម ដែល​គេ​កាប់​ថ្មីៗ ត្រូវ​បាន​សហគមន៍​ភូមិ​ឡៅកា សង្កាត់​សុខដុម និង​មន្ត្រី​អង្គការ​អាដហុក រក​ឃើញ​ជា​វត្ថុតាង​បទល្មើស​ព្រៃឈើ​ដែល​សហគមន៍​​បាន​ប្ដឹង​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ទប់ស្កាត់។

​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មករា សមាជិក​សហគមន៍​ឡៅកា ១០​នាក់ និង​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​អាដហុក ពីរ​​នាក់ បាន​ធ្វើ​ដំណើរ​ចូល​ព្រៃ​ដែន​បម្រុង​ទុក​អចិន្ត្រៃយ៍​របស់​រដ្ឋ​នា​សង្កាត់​សុខដុម ស្ថិត​នៅ​ចម្ងាយ​ជាង ១០​គីឡូម៉ែត្រ​ពី​ក្រុង​សែនមនោរម្យ ចំណុច​អូរចុងចារ ដើម្បី​ប្រមូល​វត្ថុតាង​ជាក់ស្ដែង​ទាក់ទិន​ជន​​ល្មើស​កាប់​យក​ឈើ​មូល​ជាដើម​ច្បោះ​របស់​សហគមន៍​រក្សា​ទុក​ប្រកប​របរ​ដង​ជ័រ​ទឹក។

មន្ត្រី​សម្របសម្រួល​អង្គការ​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា កត់សំគាល់​ថា ដើម​​ច្បោះ​ជា​ប្រភេទ​ឈើ​ត្រាច គគីរ ប្រមាណ ៣០​ដើម ត្រូវ​គេ​កាប់​រំលំ ដើម​ខ្លះ​ត្រូវ​គេ​អារ​ច្រៀក​ជា​ឈើ​​ជ្រុង​នាំ​ចេញ​អស់ នៅ​សល់​តែ​គល់ និង​ចំនៀរ​ឈើ​ដោយ​ឡែក​ឈើ​មូល​ប្រមាណ ២០​ដើម បន្សល់​​នៅ​ក្នុង​ព្រៃ​មិន​ទាន់​អារ​ច្រៀក​នៅ​ឡើយ។

លោក​ថា នេះ​ជា​វត្ថុតាង​ដែល​ដែល​មន្ត្រី​អាដហុក រក​ឃើញ​នេះ​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ដើម​ច្បោះ​ជា​ច្រើន​កន្លែង​ទៀត ដែល​គេ​កាប់​ក្នុង​ព្រៃ​របស់​រដ្ឋ​នេះ៖ «ពិត​ជា​មាន​ការ​កាប់​មែន ឃើញ​កាប់​មែនៗ។ ការ​កាប់​នេះ គ្រាន់​តែ​ចោះ​យក​ឈើ​សំខាន់ៗ ធំៗ។ ការ​កាប់​នេះ ពិត​ដូច​ចំនួន​គាត់​អះអាង។ យើង​ស្រង់​រូបភាព​ធម្មតា គេ​មិនមែន​កាប់​មួយ​កន្លែង​ទេ គឺ​​គេ​ចោះ​ពិនិត្យ​ជាក់ស្ដែង ព្រៃស្រោង​សុទ្ធសាធ»

ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច​ព្នង ភូមិ​ឡៅកា អ្នកស្រី ផ្លឹក ណាវី ប្តឹង​ទាមទារ​សំណង​ដើម​ច្បោះ​ផលិត​ជ័រ​ទឹក​ដែល​សមាជិក​សហគមន៍​ក្នុង​ភូមិ​ជាមួយ​គ្នា​កាប់​លក់​ទៅ​ឲ្យ​ឈ្មួញ​ក្នុង​មួយ​ដើម ១​លាន​រៀល។

ជន​សង្ស័យ​ដែល​មាន​ឈ្មោះ​ក្នុង​ពាក្យ​ប្ដឹង​រួម​មាន​ឈ្មោះ ច្រើង ខែន មែវ ចន្ថា ញាន ថៃ និង​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ឈ្មោះ​តា សឿន។ អ្នកស្រី​ចាត់​ទុក​សកម្មភាព​កាប់​ដើម​ច្បោះ អ្នក​ភូមិ​​ថា ជា​ការ​បំផ្លាញ​ព្រៃឈើ​ដែល​អ្នក​ភូមិ​អភិរក្ស​សម្រាប់​អាស្រ័យ​ផល និង​ជា​ព្រៃ​អភិរក្ស​សម្រាប់​សុំ​ចុះ​បញ្ជី​ជា​ព្រៃ​ត្រៀម​បម្រុង​សហគមន៍។

ទាក់ទិន​បញ្ហា​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី លោក វង សុកសិរី បញ្ជាក់​នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ថា ស្ថាប័ន​លោក​បាន​ទទួល​របាយការណ៍​នេះ​ហើយ និង​កំពុង​​រៀបចំ​ចុះ​ទៅ​ពិនិត្យ​ទីតាំង​នោះ​នៅ​ថ្ងៃ​ស្អែក។ លោក​ថា ដើម​ឈើ​ក្នុង​ដែន​ព្រៃ​បម្រុង​ទុក​អចិន្ត្រៃយ៍​គឺ​ជា​ធនធាន​ធម្មជាតិ​ដែល​រដ្ឋ​ការពារ ហេតុ​នេះ​សហគមន៍​មិន​មាន​សិទ្ធិ​លក់ ឬ​កាប់​ធ្វើ​អាជីវកម្ម​បាន​​ឡើយ៖ «ព្រោះ​ដើម​ឈើ​ជា​ជា​របស់​រដ្ឋ គាត់​អាច​អាស្រ័យ​ផល​បាន អ្នក​លក់​ក៏​ខូច​អ្នក​កាប់​ក៏​ខុស​ដែរ។ របាយការណ៍​មក​ដល់​ហើយ​ចាំ​ស្អែក​ខ្ញុំ​ទៅ​មើល»

​តាម​ការ​គ្រោង​ទុក​មន្ត្រី​អាដហុក និង​រៀបចំ​ឯកសារ​អន្តរាគមន៍ និង​ពាក្យ​បណ្ដឹង​សហគមន៍ រួម​នឹង​រូបថត​ដែល​ជា​វត្ថុតាង​បទល្មើស​ព្រៃឈើ​នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ជូន​ស្ថាប័ន​ពាក់ព័ន្ធ និង​ស្ថាប័ន​អយ្យការ​សាលាដំបូង​ខេត្ត​ស៊ើបអង្កេត​ករណី​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។